ជីវប្រវត្តិរបស់ Albert Einstein អ្នកប្រាជ្ញខាងវិទ្យាសាស្ត្រដ៏ល្បី​នៅ​ក្នុង​សតវត្សរ៍​ទី២០ រហូតដល់បច្ចុប្បន្ន

1
313
លោក​អាល់ប៊ែរ អាញ់ស្តាញ់ (Albert Einstein) អ្នក​ប្រាជ្ញ​ដ៏ល្បី​នៅ​ក្នុង​សតវត្សរ៍​ទី២០

អាល់ប៊ែរ អាញ់ស្តាញ់ ធ្លាប់​ជា​ក្មេង​រៀន​មិន​បាន​លទ្ធផល​ល្អ រហូត​​​ត្រូវ​​សាលា​ដេញចេញ តែ​បាន​ក្លាយ​ជា​អ្នកវិទ្យាសាស្រ្ត​ដែល​ទទួល​រង្វាន់​ណូបែល​ខាង​រូបវិទ្យា, ជា​សកម្មជន​សន្តិភាព​និយម តែ​បាន​បង្កើត​ទ្រឹស្តី ដែល​នាំ​ទៅដល់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​អាវុធ​ប្រល័យលោក…។ នេះ​គឺ​ជា​ប្រវត្តិ​នៃ​ដំណើរ​ជីវិត​របស់​អ្នក​ប្រាជ្ញ​ដ៏​ធំបំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត ចាប់តាំង​ពី​ក្រោយ​សម័យកាល ​អ៊ីសាក់ ញូតុន

អាល់ប៊ែរ អាញ់ស្តាញ់ កើតនៅថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ១៨៧៩ នៅ​ទីក្រុង​អ៊ូម (Ulm) ប្រទេស​អាល្លឺម៉ង់ តែ​ធំដឹងក្តី​​នៅ​ក្នុង​ទីក្រុង​មុយនិច។ អនាគត​អ្នក​ប្រាជ្ញ​ដ៏ល្បី​មួយ​នេះ កើតមក​មិនមាន​លក្ខណៈពិសេស​អ្វី​ឲ្យ​លើស​ពី​ក្មេង​ដទៃ​ទៀត​នោះទេ គឺ​មានតែ​ផ្ទុយ​ទៅវិញ។ អាញ់ស្តាញ់​ជា​ក្មេង​ដែល​ក្រ​ចេះនិយាយ​ រហូត​ធ្វើ​ឲ្យ​ឪពុកម្តាយ​ព្រួយបារម្ភ​ខ្លាំង ហើយ​នាំ​យក​ទៅ​ជួប​គ្រូពេទ្យ។ ទាល់តែ​ដល់​អាយុ​ ៣ ទៅ ៤ឆ្នាំ ទើប​អាញ់ស្តាញ់​ចេះនិយាយ។

នៅវ័យកុមារ នៅ​ក្នុងពេល​ដែល​ក្មេងៗស្របាលគ្នា​នៅ​សម័យនោះ ចូលចិត្ត​លេង​ច្បាំងគ្នា អាញ់ស្តាញ់វិញ ចូលចិត្ត​លេង​សង់ផ្ទះ ជាពិសេស សង់ផ្ទះ​ជាច្រើន​ជាន់​ដោយ​ប្រើ​សន្លឹកបៀរ ហើយ​​ចូលចិត្ត​នៅ​តែឯង អង្គុយ​សញ្ជប់សញ្ជឹង និង​ស្រមើស្រមៃ។ នៅ​ក្នុង​ការស្រមើស្រមៃ​នេះ អាញ់​ស្តាញ់​ចូលចិត្ត​គិត​ពី​អ្វីៗ​ដែល​ហួស​ពី​ការ​មើលឃើញ​ដោយ​ភ្នែក, ពី​អ្វីៗ​ដែល​គេ​ពិបាក​នឹង​ពន្យល់ ហើយ​ក្រោយមក ទម្លាប់​គិតស្រមើស្រមៃ​នេះ​ក៏ក្លាយ​ទៅ​ជា​វិធីសាស្រ្ត​មួយ ក្នុងការ​សិក្សា​ស្រាវជ្រាវ​របស់​អាញ់ស្តាញ់។ វិធីសាស្រ្ត​សិក្សា​ដែល​គេ​ឲ្យឈ្មោះ​ថា “ការធ្វើ​ពិសោធន៍​ដោយ​គិត​ក្នុងចិត្ត” (Thought Experiment)។

គ្រឿងលេង​មួយ​ទៀត ដែល​ទាក់ទាញ​អារម្មណ៍​អាញ់ស្តាញ់​យ៉ាងខ្លាំង​ដែរ​​កាល​ពី​ក្មេង គឺ​ត្រីវិស័យ ដែល​អាញ់ស្តាញ់​បាន​ទទួល​ជា​អំណោយ​​ពី​ឪពុក តាំង​ពី​ពេល​មាន​អាយុ​ទើប​នឹង​បាន ៤ ទៅ ៥ឆ្នាំ។ អាញ់ស្តាញ់​មាន​ការ​ចម្លែក​ក្នុងចិត្ត​យ៉ាងខ្លាំង នៅពេល​ដែល​មើលឃើញ​ទ្រនិចត្រីវិស័យ​តែងតែ​ចង្អុល​ទៅ​ទិសដៅមួយ​ជាប់ជានិច្ច គឺ​ទិស​ខាងជើង។ អាញ់ស្តាញ់​សាកល្បង​គ្រប់មធ្យោបាយ ដោយ​យក​ត្រីវិស័យ​ទៅដាក់​ពី​កន្លែងមួយ ទៅ​កន្លែងមួយ ទាំង​ដាក់​ផ្កាប់ ឬ​ផ្ងា ឬក៏​ចាប់បង្វិល​យ៉ាងណា ក៏​​​ទ្រនិច​របស់​វា​នៅតែត្រឡប់​មក​រក​កន្លែង​ដើម គឺ​ចង្អុល​ទៅ​ទិស​ខាងជើង។ អាញ់ស្តាញ់​ឆ្ងល់​ខ្លាំងណាស់ ក៏​សួរ​ទៅ​ឪពុក​ថា តើ​ហេតុអ្វី​បាន​ជា​ទ្រនិច​ត្រីវិស័យ​តែងតែ​ចង្អុល​ទៅ​ទិសតែមួយ​បែបនេះ? ឪពុក​របស់​អាញ់ស្តាញ់​បាន​ពន្យល់​ថា ផែនដី​យើង គឺ​ប្រៀបបាន​នឹង​ដែកឆក់​ដ៏ធំមួយ ដែល​មាន​កម្លាំង​ម៉ាញេទិក​ទាញ​ទ្រនិច​ត្រីវិស័យ​ឲ្យ​ចង្អុល​ទៅ​ទិស​ខាងជើង។ អាញ់ស្តាញ់​កាន់តែ​មាន​ភាព​អស្ចារ្យ​ក្នុងចិត្ត​​ខ្លាំងឡើង​ថែមទៀត នៅពេលដែល​ដឹង​ថា នៅជុំវិញ​ខ្លួនយើង​មាន​កម្លាំង​ដ៏​ចម្លែក​មួយ ដែល​យើង​មើល​មិនឃើញ តែ​មាន​ឥទ្ធិពល​អាច​បង្វិល​ទ្រនិច​ត្រីវិស័យ​បាន។

អនុស្សាវរីយ៍​ជាមួយ​នឹង​ត្រីវិស័យ​បាន​បន្ត​ដក់ជាប់​ក្នុង​គំនិត​របស់​អាញ់ស្តាញ់ រហូត​ដល់​វ័យ​ចំណាស់​ក៏​លោក​នៅតែ​ចងចាំ ហើយ​បានសរសេររំឭក​ថា គឺ​ចេញ​ពី​ត្រីវិស័យ​នេះហើយ​ ដែល​ធ្វើ​ឲ្យ​លោក​មាន​គំនិត​ដក់​ជាប់មក​រហូត​ថា នៅ​ពី​ខាង​ក្រោយ​អ្វីៗ​ដែល​យើង​មើល​ឃើញ​ដោយ​ភ្នែក គឺ​មាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​យើង​មើល​មិនឃើញ។

ក្រៅពី​កម្លាំង​ម៉ាញេទិក នៅ​មាន​កម្លាំង​អរូបិយមួយទៀត ដែល​ទាក់ទាញ​អារម្មណ៍​អាញ់ស្តាញ់​តាំងពី​ក្មេងមក​ដែរ គឺ​អគ្គិសនី។ ឪពុក​របស់​អាញ់ស្តាញ់ គឺ​ជា​​វិស្វករ ហើយ​រួម​ជាមួយ​នឹង​ឪពុកមា​របស់​អាញ់ស្តាញ់ ពួកគាត់​បាន​បង្កើត​​ជា​សហគ្រាស​មួយ ដែល​មាន​ជំនាញ​ខាង​គ្រឿងអគ្គិសនី។ អាញ់ស្តាញ់​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​ចរន្ត​អគ្គិសនី… វាជា​របស់​ដែល​គេ​មិនអាច​មើល​ឃើញ តែ​មាន​អំណាច​ខ្លាំងអស្ចារ្យ ហើយ​ក្នុងពេល​ជាមួយគ្នា ក៏​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់។ អាញ់ស្តាញ់​ក៏​មាន​ចម្ងល់​យ៉ាងច្រើន​ផងដែរ​ទាក់ទង​នឹង​អគ្គិសនី ដោយ​​ចោទជា​​សំណួរ​យ៉ាងច្រើន​ មិនចេះចប់​មិនចេះហើយ ចំពោះ​ឪពុក និង​ឪពុកមា។ តើ​អគ្គិសនី​ធ្វើឡើង​ពី​អ្វី? ​មាន​ល្បឿនលឿន​ប៉ុណ្ណា? តើ​គេ​មាន​វិធី​អាច​មើល​វាឃើញ​ដែរទេ? ។ល។ និង​ ។ល។

អាញ់ស្តាញ់​កើតក្នុង​ត្រកូល​ជ្វីហ្វ តែ​មិនមែន​ជា​អ្នក​គោរពប្រតិបត្តិ​តាម​សាសនា​និង​ទំនៀមទម្លាប់​ជ្វីហ្វ​នោះទេ។ មិនត្រឹមតែ​ប៉ុណ្ណោះ អាញ់ស្តាញ់​ត្រូវ​បាន​ឪពុកម្តាយ​ចុះឈ្មោះ​ឲ្យ​ចូលរៀន​នៅ​សាលាបឋមសិក្សា​កាតូលិក​ ដោយ​យល់ថា ជា​សាលា​ដែល​មាន​គុណភាព។

ការសិក្សា​របស់​អាញ់ស្តាញ់​​នៅ​ថ្នាក់​បឋមសិក្សា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​គ្មាន​ចោទជា​បញ្ហា​អ្វីនោះទេ។ ក៏ប៉ុន្តែ អ្វីៗ​ចាប់ផ្តើម​ប្រែប្រួល នៅ​ពេល​ចូល​ថ្នាក់​អនុវិទ្យាល័យ។ គ្រូរបស់​អាញ់ស្តាញ់​មិនចូលចិត្ត​អាញ់ស្តាញ់​ដែល​ចូលចិត្ត​សួរដេញដោល​ច្រើន​ហួសហេតុ ហើយ​ជាពិសេស គឺ​សួរ​ពី​រឿង​ដែល​ហួស​ពី​កម្មវិធី​សិក្សា ឬ​ក្រៅកម្មវិធី​សិក្សា។ ចំណែក​ឯ​អាញ់ស្តាញ់​វិញ ក៏​មិនចូលចិត្ត​​សាលា៖​ មិនចូលចិត្ត​ទាំង​​ការ​តម្រូវ​ឲ្យ​ស្លៀកពាក់ឯកសណ្ឋាន និង​វិន័យតឹងតែង​ដូច​សាលាទាហាន, មិនចូលចិត្ត​ទាំង​បរិយាកាស​ជុំវិញ ដោយសារ​តែ​អាញ់ស្តាញ់​មាន​គំនិត​ខុសគេ មានចំណាប់អារម្មណ៍ និង​ចំណូលចិត្ត​ខុសគេ ពិបាក​ក្នុងការ​រាប់អានមិត្ត និង​ជាពិសេស គឺ​អាញ់ស្តាញ់​មិនចូលចិត្ត​ការ​បង្រៀន ដែល​តម្រូវ​ឲ្យ​មាន​ការ​អាន និង​​ទន្ទេញចាំមាត់ និង​ទាមទារ​ឲ្យ​សិស្ស​​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្តីបង្រៀន​របស់​គ្រូ ដោយ​មិន​បើក​ចំហ​ឲ្យ​មាន​ការចោទសួរ ឬ​ជជែកដេញដោល។

បន្តិចម្តងៗ អាញ់ស្តាញ់​ក៏​មាន​ការ​សោះល្វើយ​ក្នុងការ​រៀនសូត្រ លើកលែងតែ​មុខវិជ្ជា​មួយ ដែល​អាញ់ស្តាញ់​​ចូលចិត្ត​ជាងគេ គឺ​គណិតវិទ្យា ដោយសារ​តែ​វា​ជា​មុខវិជ្ជាមួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ត្រិរិះពិចារណា ហើយ​មិនចេះតែ​អាន និង​ទន្ទេញចាំមាត់។

នៅពេល​អាញ់ស្តាញ់​មាន​អាយុ ១៦ឆ្នាំ ដោយសារ​តែ​មុខ​ជំនួញ​របស់​ឪពុក ក្រុមគ្រួសារ​របស់​អាញ់ស្តាញ់​​បាន​រើចេញ​ពី​អាល្លឺម៉ង់​ទៅ​រស់​នៅ​អ៊ីតាលី​ ក៏ប៉ុន្តែ ឪពុក​របស់​អាញ់ស្តាញ់​ដែល​មាន​ក្តីស្រមៃ​ចង់​ឲ្យ​កូន​ក្លាយ​ជា​វិស្វករ​ ក៏​បាន​ទុក​ឲ្យ​អាញ់ស្តាញ់​បន្ត​ការ​រៀនសូត្រ​នៅ​ទីក្រុង​មុយនិច​តែម្នាក់ឯង។

ការបែកពី​ក្រុមគ្រួសារ​បាន​ធ្វើ​ឲ្យ​អាញ់ស្តាញ់​មាន​ភាពកណ្តោចកណ្តែង ហើយរួម​ជាមួយ​នឹង​ការ​មិនចូលចិត្ត​សាលា​ស្រាប់ អាញ់ស្តាញ់​ក៏​រៀន​លែងចូល ហើយ​ជារឿយៗ តែងតែ​​រង​ទណ្ឌកម្ម ដោយ​ការ​ធ្វើ​ល្មើស​នឹង​វិន័យសាលា។ អាញ់ស្តាញ់​មាន​ផ្នត់គំនិត​មួយ​ថា ការ​ស្តាប់​តែ​តាម​បញ្ជាគ្រូ ឬ​គោរព​តាមតែ​​វិន័យ​ដោយមិនគិតពិចារណា វា​គឺ​ជា​សត្រូវ​ដ៏ធំបំផុត​​នៃ​ការស្វែងរក​សេចក្តីពិត។​​ នៅទីបំផុត អាញ់ស្តាញ់​ក៏​ត្រូវគេ​បណ្តេញ​ចេញ​ពី​សាលា​ឈប់​ឲ្យ​រៀន​តទៅទៀត។

ការបណ្តេញចេញ​ពី​សាលា បើទោះបីជាសាលា​ដែល​អាញ់ស្តាញ់​មិនចូលចិត្ត តែ​វា​ជា​បទពិសោធន៍​ដ៏ជូរចត់​មួយ សម្រាប់​អាញ់ស្តាញ់។ អាញ់ស្តាញ់​ខឹង​នឹង​គ្រូ ព្រមទាំង​​មានភាព​អាម៉ាស់ និង​ខកចិត្ត​ចំពោះ​ខ្លួនឯង ដែល​ទទួលបរាជ័យ​​នៅ​សាលា។ ក៏ប៉ុន្តែ នៅក្នុងពេល​ជាមួយគ្នា អាញ់ស្តាញ់​ក៏​សប្បាយចិត្ត​ដែរ… សប្បាយចិត្តនឹង​​បាន​ទៅ​រស់នៅ​ជួបជុំ​គ្រួសារ​នៅ​អ៊ីតាលី៕

ប្រភពដោយ៖ វិទ្យុបារាំង (RFI) កែសម្រួលដោយ៖ មនោ វិជ្ជា 

ការ​បំភ្លឺមួយ​

  1. […] មិត្តអ្នកអានទាំងអស់គ្នាធ្លាប់បានអានអត្ថបទ ដែលចុះផ្សាព្វផ្សាយដោយ គេទំព័រចំណេះដឹង អំពីជាប្រវត្តិរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រ​រូបវិទ្យាដ៏ល្បីរូបនេះម្តងរួចមកហើយ តែថ្ងៃនេះដែរ យើងនឹងបង្ហាញជូនបន្ថែមអំពីការកែប្រែពីភាពបរាជ័យឲ្យក្លាយជាឱកាសវិញរបស់ អាញ់ស្តាញ់ ។ […]

ឆ្លើយ​តប​

Please enter your comment!
Please enter your name here