សង្គម​ស៊ីវិល​ជាង​១០០​ ស្នើ​រឲ្យដ្ឋាភិបាល​ឲ្យ​អន្តរជាតិ​ចូល​រួម​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

0
170

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើ​ដោយ​ទទូច​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ថា​សំណើ​របស់​សង្គម​ស៊ីវិល​ដែល​ចង់​ឲ្យ​អន្តរជាតិ​លូកដៃ​ស៊ើប​អង្កេត​ករណី​លោក កែម ឡី មិន​អាច​ធ្វើ​បាន​ឡើយ និង​ព្រមាន​សង្គម​ស៊ីវិល​ទាំង​នោះ​ថា កុំ​សន្និដ្ឋាន​ករណី​បាញ់​សម្លាប់ កែម ឡី ផ្ដេសផ្ដាស ប្រយ័ត្ន​ជាប់​គុក​ដូច​អ្នក​តាមដាន​សង្គម និង​នយោបាយ លោក គឹម សុខ។

១​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​ករណី​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នៅ​តែ​យល់​ថា យុត្តិធម៌​មិន​ទាន់​មាន​នៅ​ឡើយ​ចំពោះ​លោក កែម ឡី សាច់ញាតិ និង​សហការី​របស់​លោក កែម ឡី ព្រោះ​ការ​ស៊ើបអង្កេត​មិន​ទាន់​មាន​តម្លាភាព និង​មន្ទិលសង្ស័យ​ជា​ច្រើន​មិន​ទាន់​បកស្រាយ​នៅ​ឡើយ។

​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាគម​ចំនួន ១០៧​ស្ថាប័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ ខែ​កក្កដា ស្នើ​ដោយ​ទទូច​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។

​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ជា​សមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិល​ដែល​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​នេះ ឲ្យ​ដឹង​បន្ថែម​ពី​សេចក្ដី​ថ្លែងការណ៍​នេះ​ថា មាន​តែ​មធ្យោបាយ​ស៊ើប​អង្កេត​ឯករាជ្យ និង​មាន​ការ​ចូលរួម​ពី​អន្តរជាតិ​ទេ ទើប​អាច​រក​យុត្តិធម៌​ជូន​លោក កែម ឡី បាន។ លោក​យល់​ថា ប្រសិន​រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​ស៊ើបអង្កេត​ករណី​ឃាតកម្ម លោក កែម ឡី  ត្រូវ​តែ​ឲ្យ​មាន​ការ​ចូលរួម​ពី​អន្តរជាតិ ឬ​អង្គការ​សហប្រជាជាតិ៖ «នៅ​តែ​មាន​ក្ដី​សង្ឃឹម ប្រសិនបើ​រដ្ឋាភិបាល​នឹង​អាជ្ញាធរ​លោក​ឆន្ទៈ​ក្នុង​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​ករណី​លោក​បណ្ឌិត កែម ឡី»

​ក្រៅ​ពី​សំណូមពរ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។ ក្រុម​សង្គម​ស៊ីវិល​សំណូមពរ​ឲ្យ​ផ្ដល់​ភស្តុតាង​ពេញលេញ រាប់​ទាំង​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព ដែល​បង្ហាញ​ពី​ដំណើរ​រឿង​នៃ​ឃាតកម្ម​នេះ។

ទាក់ទង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា និង​ដែន​អធិបតេយ្យ​ក្នុង​នាម​ជា​រដ្ឋ​មួយ មិន​អាច​អនុញ្ញាត​ឲ្យ​​បរទេស​លូកដៃ​ស៊ើបអង្កេត​ករណី​លោក កែម ឡី បាន​ទេ។ លោក​ពន្យល់​ថា ការ​ធ្វើ​បែប​នេះ ស្មើ​នឹង​ដាក់​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​បរទេស​សា​ជា​ថ្មី៖ «យើង​ឯករាជ្យ​ហើយ​តើ ចាំបាច់​ទៅ​ពឹង​ពាក់​បរទេស​ឲ្យ​ជួយ​ស៊ើប​អង្កេត​អី​ទៀត? បាន​ន័យ​ថា អ្នក​ទាំង​អស់​គ្នា​ហ្នឹង​ចង់​ឲ្យ​កម្ពុជា ជា​ប្រទេស​ក្រោម​អាណានិគម​បរទេស»

​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជា​ច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក​ហៅ​ថា ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណា​មួយ​ក្ដី។

​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា គឺ​រយៈពេល ២​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ស្ដីពី «តើ​សែស្រឡាយ​មេដឹកនាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ?»។ លោក​ចូល​រួម​​បកស្រាយ​លើ​ប្រធានបទ​នេះ បន្ទាប់​ពី​មាន​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) លាតត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​នាយករដ្ឋមន្ត្រី ដើម្បី​ក្ដោបក្ដាប់​ជំនួញ សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ករណី​ឃាតកម្ម​បើ​អ្នក​ណា​ហ៊ាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ធ្វើ គឺ​ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ភ្លាម ដូចជា​ករណី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ជា​ឧទាហរណ៍។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ព្រមាន​អង្គការ​សង្គម​ស៊ីវិល​ថា កុំ​ចេះតែ​ប៉ាន់ស្មាន​លើ​ករណី​ឃាតកម្ម​លោក កែម ឡី ផ្ដេសផ្ដាស ប្រយ័ត្ន​ជាប់​គុក​ដូច​លោក គឹម សុខ៖ «យល់​អី​យល់​ទៅ កុំ​គិត​លើស​ហ្នឹង ប្រយ័ត្ន​ជាប់​គុក​ដូច គឹម សុខ»

​ដោយ​ឡែក​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា មាន​ហេតុផល​ពីរ​ដែល​រដ្ឋាភិបាល​មិន​ឲ្យ​អន្តរជាតិ​ចូលរួម​ស៊ើប​អង្កេត​សំណុំរឿង​បាញ់​សម្លាប់​លោក កែម ឡី។ លោក​ថា ការ​ដែល​និយាយ​ពី​ដែន​អធិបតេយ្យភាព​ប្រទេស​របស់​ខ្លួន​ជាង​រឿង​មួយ ប៉ុន្តែ​ហេតុផល​មួយ​ទៀត បើ​មាន​អន្តរជាតិ​ចូលរួម​ស៊ើប​អង្កេត នោះ​នឹង​ត្រូវ​គាស់​រំលើង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាគម​យល់​ថា បើ​ទោះ​វីដេអូ​ភស្តុតាង​បញ្ជាក់​ថា អាច​មាន​អ្នក​សមគំនិត​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម​នេះ​ក្ដី ប៉ុន្តែ​មាន​តែ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ម្នាក់​ប៉ុណ្ណោះ ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​សវនាការ​ខ្វះ​ការ​ជជីក​សួរ​ដេញ​ដោល​សាក្សី ឬ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ។ ប្រភព​ដដែល​យល់​ថា ប្រសិនបើ​គ្មាន​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​ករណី​បណ្ឌិត កែម ឡី ជំនឿ​ចិត្ត​របស់​សាធារណជន​លើ​ប្រព័ន្ធ​យុត្តិធម៌​នឹង​កាន់តែ​បាត់បង់​បន្ថែម​ទៀត៕

ប្រភពដោយ៖ RFI រៀបរៀងដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here