ជីវប្រវត្តិកវីមុខចាស់ រហស្សនាមថា “បា៉កកាខ្មែរ” ឬ “Khmer Pen” លោក ឡឹក ជំនោរ

0
219

ជីវប្រវត្តិសង្ខេប 

លោក ឡឹក ជំនោរ បានកើតនៅក្នុងគ្រួសារ ត្រកូលកសិករមួយ នៅភូមិគរ៍ ឃុំ ចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុកនាម ឡឹក សំខាន់ បច្ចុប្បន្ន ជាមន្ត្រី នៅ មន្ទីរសាធារណការ ខេត្តស្វាយរៀង។ ចំណែក ម្តាយ នាម ពៅ សន ជា កសិករ។ លោក ជំនោរ មាន កំណើត នៅ ថ្ងៃ ២១ មីនា ១៩៨០ ក្រោយភ្លើងសង្គ្រាម ប្រល័យពូជសាសន៍ បានរលត់ទៅ។ កាលនៅកុមារភាព ជំនោរ ជាក្មេងម្នាក់ ដែលឯកោ ព្រោះថាម្តាយត្រូវចេញរកទទួលទាន ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់ដល់គ្រួសារ ពុំមានពេលថែទាំកូនឲ្យបានដិតដល់ឡើយ។ ចំណែក លោកឪពុក ត្រូវចេញទៅធ្វើការនៅទីរួមខេត្ត មួយសប្តាហ៍ ទើបមកផ្ទះម្តង។ ដូច្នេះបន្ទុកគ្រួសារ ត្រូវធ្លាក់ទៅលើ ម៉ែទទួលខុសត្រូវទាំងស្រុង។ ជំនោរ ជាកូនច្បងគេ មានប្អូនស្រី មួយនាក់។

ប្រវត្តិការសិក្សា ការចូលរួមក្នុងសង្គម និងសិល្បៈ

ជំនោរ បានចូលរៀនថ្នាក់ទី១ នៅឆ្នាំ១៩៨៧។ លោកបានប្រឡងបញ្ចប់ ថ្នាក់បឋមសិក្សានៅឆ្នាំ១៩៩១ បានចូលរៀន នៅថ្នាក់ទី៦(ថ្មី) នៅអនុវិទ្យាល័យ ត្រពាំងរុន ឃុំចន្ត្រី , បានប្រលងបញ្ចប់ មធ្យមសិក្សា បឋមភូមិ ដោយជោគជ័យ នៅឆ្នាំ១៩៩៤ , បានបន្តការសិក្សា នៅ វិទ្យាល័យ រមាសហែក ស្រុក រមាសហែក បានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៨។ ក្រោមមក ជំនោរ ក៏ចេញទៅបន្តការសិក្សា នៅសាលាគរុកោសល្យ ភូមិភាគព្រៃវែង ខាងជំនាញ គ្រូអក្សរសាស្ត្រខ្មែរ និងសីលធម៌ពលរដ្ឋ នៅឆ្នាំ២០០០។

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០០ ជំនោរ បានចូលមកបង្រៀន អក្សរសាស្ត្រខ្មែរ នៅវិទ្យាល័យ រមាសហែក។ នោះជាថ្ងៃដំបូងនៃជីវិតគ្រូបង្រៀន ហើយ ជំនោរ បានឈរក្បែរក្តារខៀន បង្ហាត់បង្ហាញ ពីជំនាញអក្សរសាស្ត្រខ្មែរ ដល់ក្មេងៗ អាយុស្របាលៗ ខ្លួនឯង។ ម៉ោងនោះហើយ ដែលជំនោរ បានសម្រេចចិត្តទទួលខ្លួនជាវិស្វករព្រលឹងជួយខាបសណ្តំវិញ្ញាណ បណ្តុះកូនខ្មែរ ជាច្រើនរូប ឲ្យបានជោគជ័យ និងស្រឡាញ់ភាសាខ្មែរ រហូតដល់សព្វថ្ងៃនេះ ពួកគេជាច្រើនបានក្លាយជាគ្រូបង្រៀនក៏មាន។

ជីវិតជាគ្រូបង្រៀន មិនបានធ្វើឲ្យជំនោរ រស់នៅ​សុខស្រួលឡើយ គឺរមែងមានកង្វះខាត​ជានិច្ច។ លោកជំនោរ ត្រូវចេញទៅ ប្រកប របរពីរផ្សេងទៀត ដើម្បីរកប្រាក់លើកស្ទួយ ជីវិតឲ្យប្រសើរជាងមុនក្នុងអាជីពជាជាងថតរូប ជាជាងគំនូរ ស្លាកយីហោ និង ជាជាង ក្បាច់ចម្លាក់ស៊ីម៉ង់យ៉ាងស្ទាត់ជំនាញ។ ស្នាដៃទាំងនោះ នៅមានសេសសល់ រហូតមកដល់សព្វថ្ងៃ ដូចជា នៅ គ្រប់ មន្ទីរគណបក្សប្រជាជន គ្រប់ឃុំ ក្នុងស្រុករមាសហែក ស្រុកស្វាយទាប ស្រុករំដួល សាលាបក្សខេត្តស្វាយរៀង និងស្លាកសាលារៀនមួយចំនួនទៀត។

ការផ្ទេរចំណេះដឹង

លោកជំនោរ បានប្រឡងជាប់អាហារូបករណ៍ ថ្នាក់ឧត្តមសិក្សា ទៅសិក្សានៅសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០០៣។ ថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៣ លោកជំនោរ ក៏បានទៅដល់សាកលវិទ្យាល័យ ជាតិឡាវ នៅទីក្រុង វៀងចន្ទន៍ ប្រទេសលាវ។ លោកបាន តស៊ូអស់រយៈពេល ប្រាំមួយឆ្នាំពេញ នៅប្រទេសឡាវ ដោយបានក្រេបជញ្ជក់ នូវចំណេះវិជ្ជា ផ្នែកអក្សរសាស្រ្តឡាវ និងបាលីសំស្ក្រឹត ល្មមបរិបូរណ៌។ នៅទី២១ ខែមីនា ឆ្នាំ២០០៨ លោកជំនោរ បានទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរមួយ រហូតប៉ះពាល់ ដល់ខួរក្បាល ត្រូវទទួលវះកាត់ជាអាសន្ន។ នៅរយៈពេលនោះ លោកជំនោរ បានបាត់បង់ការចងចាំ ប្រមាណ ៣០ភាគរយ។ ជីវិតរបស់លោកជំនោរនាពេលនោះ ប្រៀបបាននឹងមនុស្សម្នាក់ ដែលមានតែ សំបកខ្លួន និងការឈឺចុកចាប់ នៅក្នុងរាងកាយតែបុណ្ណោះ ព្រោះលោកត្រូវទទួលរងពិការភាព ដោយស្លាប់ម្ខាងខ្លួន (ម្តងម្កាល) គ្មានវិធីព្យាបាលអ្វីប្រសើរ ក្រៅពីការរង់ចាំ។ លោក បានរស់នៅ ទាំងលំបាកជាមួយភាពត្រជាក់ នៃអាកាសធាតុ ប្រទេសលាវ តែលោកបានព្យាយាមធ្វើតាមគម្រោងព្យាបាល របស់វេជ្ជបណ្ឌិតឡាវ ចំនួនបីខែពេញតែពុំបានទទួលលទ្ធផលអ្វីប្រសើរឡើយ។ បីខែក្រោយមក លោកបានជម្រាបដំណឹងនេះ ទៅស្រុកខ្មែរតាមរលកសេវាទូរស័ព្ទ ព្រោះលោកមិនទាន់អាច ធ្វើដំណើរ​ឆ្ងាយបាន ដូចជាការរងសម្ពាធខ្ពស់ នៅក្នុង យន្តហោះ លើអាកាស ជាដើម។ ចៃដន្យ ស្នាមញញឹម និងក្តីស្រឡាញ់សណ្តោស ពីសំណាក់មិត្តភ័ក្ត្រ និងលោកគ្រូអ្នកគ្រូទាំងអស់ បានផ្តល់កម្លាំងចិត្ត​យ៉ាងមហិមា ដល់លោកជំនោរ ធ្វើឱ្យលោក ខំប្រឹងប្រែងជម្នះពិការភាព និងភាពឈឺចាប់ទាំងឡាយ ដោយទាមទារបង្ខំខ្លួនឱ្យទៅជួបគ្រូពេទ្យរៀងរាល់ពេល ដែលខ្លួនត្រូវការ មិនថាកណ្តាលអ​្រធាតឡើយ។

សំណាងល្អ ជីវិតថ្លៃ!!! មានលោកគ្រូពេទ្យ ដ៏ជំនាញម្នាក់ ទើបបញ្ចប់ការសិក្សា មកពីសហរដ្ឋ បានស្ម័គ្រសាកល្បង ព្យាបាល លោកជំនោរ តាមជំនាញថ្មី របស់លោក (ខួរក្បាលប៉ះទង្គិច) ដោយប្រើឱសថតូចៗ ប៉ុនៗឡេវអាវ តែ៣០គ្រាប់ យ៉ាងប្រសិទ្ធ។ ពេលនោះស្រាប់តែ លោកជំនោរ បានទទួលការស្រាកស្រាន្ត ពីរោគាកំណាចនោះមកវិញ។ ពេលនោះលោកអាចងើបដើរបាន ដោយខ្លួនឯងថ្វីបើការចងចាំរបស់លោក មិនទាន់វិលវិញ គ្រប់គ្រាន់នៅឡើយ។ លោកគ្រូពេទ្យ បានណែនាំបង្រៀន លោកជំនោរឲ្យប្តូរការសរសេរ ទិន្នានុលេខ ដែលធ្លាប់សរសេរ ៃម្ងម្តង មកសរសេរ បីថ្ងៃ ម្តង រួចហើយ មួយសប្តាហ៍ សរសេរម្តង ដោយព្យាយាមឲ្យខួរក្បាល វិលត្រឡប់ទៅគិតអ្វីៗ ដែលធ្លាប់បានធ្វើកន្លងមកឲ្យប្រឹងគិតប្រឹងសរសេរ ប្រឹងចងចាំ មកវិញ។ លោកជំនោរ បានសរសេរ ពិព័ណ៌នាអំពីអ្វីៗ ដែលខ្លួនលោកបានជួបប្រទះ នៅពេលធ្វើដំណើរតាមផ្លូវ មុនដល់មន្ទីរពទ្យ ហើយសរសេរបែបនោះ រហូតដល់ប្រដេញចេញជារឿងរ៉ាវផ្សេងៗ។

នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអាសាឍ ឆ្នាំជូត សំរិទ្ធិស័ក ព.ស.២៥៥២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស. ២០០៨ ជាថ្ងៃដ៏មហាប្រសើរ ដែលលោកជំនោរ បានទទួលឧប្បសម្បទា ជាភិក្ខុជោតធម្មោ ឡឹក ជំនោរ បានចំណាយ ពេលចាំព្រះវស្សា៣ខែ នៅព័ទ្ធសីមា វត្តចន្ទនារាម (វត្តចន្ត្រី ឃុំចន្រ្តី)។ នៅក្នុងបព្វភេទ ភិក្ខុ ជំនោរ បានកសាងសាលាបាលី ប្រកបដោយ ក្បាច់ស្រោបជុំវិញ ដោយ ទឹកដៃផ្ទាល់មួយខ្នង ក្នុងសំណាក់ ព្រះពុទ្ធសាសនា នៃអារាមនេះផងដែរ។ នៅថ្ងៃទី១៤ តុលា ឆ្នាំ២០០៨ ភិក្ខុជំនោរ បានលាចាកសិក្ខាបទ គម្រប់ចាំព្រះវស្សា ហើយបានត្រឡប់ទៅបន្តការសិក្សា នៅប្រទសេឡាវវិញ។ នៅកំឡុងរយៈពេលសិក្សានោះដែរ នៅមហាវិទ្យាល័យ អក្សរសាស្ត្រ មានបើកវគ្គបង្រៀន ជំនាញសរសេរ អត្ថបទភាពយន្ត, ឯកសារ, តែងនិពន្ធ, ដឹកនាំរឿង, សម្តែងល្ខោនលើឆាក និងថតវីដេអូ។ នៅក្នុងចំណោម និស្សិតបរទេសទាំងអស់ លោកជំនោរ ត្រូវបានជ្រើសរើសឲ្យចូលរៀន នៅឆមាសនោះដែរ។ ចាប់ពីពេលនោះមក លោកជំនោរ ក៏បាន ចាប់ផ្តើម សរសេររឿង ជាភាសាឡាវ ដើម្បីថតសាកល្បង រហូតអាចសរសេររឿងខ្លីៗបានខ្លះៗ។ ចំណងសាច់រឿងដំបូង ដែលលោក ចាប់ផ្តើមសរសេរ គឹរឿង មរតកឳពុក, ល្ខោនរឿង បរិញ្ញាជីវិត (កិច្ចការសាលា) ហើយរឿងបន្ទាប់ ដែលមិនមែនជា កិច្ចការសាលា គឺរឿង រាត្រីនៅវៀងចន្ទន៍។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ លោកជំនោរ បានបញ្ចប់ បរិញ្ញាបត្រភាសា និង អក្សរសាស្ត្រឡាវ ដោយជោគជ័យ ហើយវិលត្រឡប់មក ស្រុកកំណើតវិញ តែមិនបានវិលត្រឡប់ចូលបម្រើនៅក្នុងវិស័យ ជាសាស្ត្រាចារ្យទៀតទេ។ អំឡុងពេលរង់ចាំឯកសារដើម្បីបំពេញការងារ លោកជំនោរ បានដាក់ពាក្យប្រលងរៀនបន្ត។ បន្ទាប់មក លោកជំនោរ បានប្រលងជាប់ អាហារូបករណ៍ ទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅរាជាណាចក្រថៃ រយៈពេលជាងពីរឆ្នាំ គឺចំពេលដែល លោក កំពុងត្រូវការបំពេញ ចំណេះដឹងផ្នែកនេះសម្រាប់ សម្រាប់ការងារថ្នាក់ជាតិ​ម៉ោ្លះហើយ ក្រសួងក៏បានអនុញ្ញាតឲ្យ លោក ទៅបន្តការសិក្សា ដោយមោទនភាពខ្ពង់ខ្ពស់។

នៅខែកក្កដា ឆ្នាំ២០១១ លោកជំនោរ បានទទួលជ័យលាភី រង្វាន់អក្សរសិល្ប៍ នូ ហាច ផ្នែករឿងខ្លី ចំណាត់ថ្នាក់លេខ៣ ដោយរឿងនោះមានចំណងជើងថា “ជាងប៉ះកង់” ។

ខែមេសា ឆ្នាំ២០១២ លោកត្រូវបាន បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកកម្មវិធីសិក្សា និងការបង្រៀន ពីសាកលវិទ្យាល័យ, ប្រទេសថៃ [มหาวิทยาลัยราชภัฏศรีสะเกษ](MEd. In Curriculum and Instruction) និងកំពុងបន្តសិក្សាថ្នាក់មហាបរិញ្ញាបត្រ (Doctor Of Education) នៅ (Sisaket Rajabhat University, Thailand)

លោកឡឹក ជំនោរ ចាប់ផ្តើមដាក់ស្នាដៃពុម្ពអក្សរខ្មែរយូនីកូដ ជូនអ្នកប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០១១។ លោកឡឹក ជំនោរ បាន​មាន​គំនិតយកស្នាដៃឆ្លាក់អក្សរ និងច្នៃតួអក្សរខ្មែរ​ដែលបាន​រៀនចេះ​ពី​ឪពុក លោកគ្រូឈិត វ៉ាន់នី និង​លោកគ្រូខាត់ សាខន មកសិក្សាដាក់បញ្ចូលរចនាជា​ពុម្ព​អក្សរខ្មែរយូនីកូដអំឡុងឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន។ ក្រោយឆ្នាំ២០១៣ មកលោកបានទទួលការណែនាំ​ការរចនា​ពុម្ព​តាមស្តង់ដារពីលោកគ្រូ ដាញ់ ហុង បិតាពុម្ពអក្សរខ្មែរយូនីកូដដំបូងគេនៅលើពិភពលោក។ ទន្ទឹមនឹងកិច្ចការសិក្សានៅឯបរទេសមមាញឹក​នោះ លោកក៏បាន​ឆ្លៀតមកប្រទេសកម្ពុជាដើម្បីជួយណែនាំ​អ្នក​រចនាពុម្ព​មួយចំនួនផងដែរ។ ស្នាដៃពុម្ពអក្សរខ្មែរយូនីកូដប្លែកៗ ជាច្រើន​បាន​ដាក់ជូនប្រើសាធារណៈ និងក្រុមហ៊ុនរចនាមួយចំនួន ហើយពុម្ព​ដែល​ជាស្នាដៃរបស់លោក​ស្ថិតក្នុងត្រកូល Khmer Pen និង Kh P (ប៉ាកកាខ្មែរ) ជាដើម។ ទាញយកពុម្ពអក្សរខ្មែរយូនីកូដរបស់លោកឡឹក ជំនោរតាមរយៈតំណ៖ http://www.selapa.net/khmerfonts/ និង http://khmerword.blogspot.com ។

ស្នាដៃទាំងឡាយ របស់ លោក ឡឹក ជំនោរ 

  • ផ្នែករឿងខ្លី

១. រស្មីចុងក្រោយ ២. ម្សិលមិញ ៣. ទឹកភ្នែកម៉ែខ្ញុំ ៤. បរិញ្ញាជីវិត (ល្ខោនវេទី) ៥. ទិវាដួងចិត្ត ៦. គ្មានទេថ្ងៃស្អែក ៧. រំពឹង ៨. ព្រះគុណគ្រូ ៩. ក្តីសង្ឃឹមក្នុងសុបិន ១០. រាត្រីក្នុងសុបិន ១១. រាត្រីថ្ងៃចន្ទ្រ ១២. បេះដូងព័ណ៌ស ១៣. រាត្រីធ្លាប់មានចន្ទ្រា (ប្រលោមលោកខ្នាតខ្លី) ១៤. សល់តែទឹកភ្នែក ១៥. ស្នាមវាសនា (ប្រលោម​លោក​ខ្នាត​ខ្លី​) ១៦. មិត្តយុទ្ធជន ១៧. មរតកឪពុក (បោះពុម្ពក្នុងសៀវភៅប្រជុំរឿងខ្លី មន្តប៉ាកកាអ្នកនិពន្ធ) ១៨. រាត្រីនៅវៀងចន្ទន៍ (-ដ-) ១៩. សំណោកជីវិត (-ដ-) ២០. យប់មិញ (-ដ-) ២១. រទេះ និងគោ (-ដ-) ២២. ជាងប៉ះកង់ (ជ័យលាភីរង្វាន់អក្សរសិល្ប៍ នូ ហាច ឆ្នាំ២០១១) (-ដ-) ២៣. វាសនាបុប្ផាបីទង (-ដ-) ២៤. រាជនីម្ចាស់ដួងចិត្ត (ជ័យលាភីរង្វាន់ការបោះពុម្ពទស្សនាវដ្តី ឡានខាំ ប្រធានបទៈ “សំបុត្រស្នេហ៍របស់អ្នកនិពន្ធ” ឆ្នាំ២០០៩ នៅប្រទេសឡាវ ហើយត្រូវបានបញ្ចូលក្នុងប្រលោមលោករឿង សំបុត្រចុងក្រោយ)។ នៅខែមិថុនាឆ្នាំ២០១៦ រឿងខ្លី នទីស្នេហា (River of Love) ទទួលពានរង្វាន់ទន្លេមគង្គលើកទី៧ នៅទៅក្រុងគុនមិង ប្រទេសចិន (7th Menkong River Literature Award, Kunming Younan, China.)

  • ផ្នែកប្រលោមលោក

១. សំបុត្រចុងក្រោយ ២. សម្បថនៅជើងមេឃថ្មី ៣. សំណាងគ្មានម្ចាស់ ៤. ល្អងមាស ៥. កំណត់ហេតុស្នេហ៍៣៦៥ថ្ងៃ ៦. អប្សរាដួងចិត្តបង ៧. មរតកដួងចិត្ត ឬមរតកស្នេហ៍ខ្ញុំ (អត្ថបទភាពយន្ត) ៨. និស្ស័យស្នេហ៍ ៩. សំបុត្រស្នេហ៍អ្នកនិពន្ធ ១០. ពុះទ្រូងបំបែកទុកចែកជូនស្រី (បណ្តាប្រលោមលោកទាំងអស់ខាងលើពេលនេះមានមួយចំនួនធំ ត្រូវបានបាត់បង់ឯកសារ{ថាសរឹងផ្ទុកឯកសារខូច}។ អ្នកនិពន្ធកំពុងព្យាយាមសរសេរឡើងវិញ ហើយនឹងព្យាយាមដាក់នៅលើទីផ្សារនៅពេលឆាប់ៗខាងមុខនេះ…) សូមអធ្យាស្រ័យចំពោះកំហុសឆ្គង៕

កែសម្រួលដោយ៖ មនោ វិជ្ជា ប្រភពដោយ៖ km.wikipedia.org

ឆ្លើយ​តប​

Please enter your comment!
Please enter your name here