ជីវប្រវត្តិអ្នកប្រាជ្ញខ្មែរ អ្នកព្រះភិរម្យភាសាអ៊ូ ហៅ “ក្រមង៉ុយ” ដែលពូកែវោហារសាសព្ទកំណាព្យអប់រំជាច្រើនដល់កូនចៅខ្មែរ

0
1794

អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ “អ៊ុក អ៊ូ” ហៅ “ង៉ុយឬក្រមង៉ុយ” កើតនៅ គ.ស ១៨៦៥ ត្រូវនឹង ព.ស ២៤០៨ នៅភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោក នាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជាចៅពញា ធម្មធារា។ ចៅពញាអ៊ុក ជាប់សាច់ ញាតិនឹងម្ចាស់ប៉ុក។ មាតាលាកនាម អៀង ជាបុត្រី របស់ចៅពញាម៉ុក មេឃុំ ស្ពានថ្ម ស្រុកជាមួយគ្នា។ មាតា​និងបិតា លោកជាកូនទីពីរនៅក្នុងគ្រួសារ។ កាលនៅពីវ័យ កុមារ លោកបានរៀនសូត្រលេខនព្វន្ដអក្សរសាស្រ្ដនៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែក ចាន ក្នុង​ស្រុក កំណើតរបស់លោក។

កុមារ អ៊ុក អ៊ូ ជាក្មេងម្នាក់ឧស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរ នៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាកសិក្ខាបទ រួចទៅបម្រើមាតាបិតា​ ហើយ​​បានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះ​​​​​មានអាយុបាន ២១​ឆ្នាំ លោកបានបំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែល ដោយមានឧបជ្ឈាយ៍នាមសាស់ និងលោកគ្រូសូត្រស្ដាំនាមជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុស្សាវនៈ។ ភិក្ខុអ៊ូ បានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃ បីដកដំបូងក្នុងសំណាក់លោកគ្រូអាចារ្យទិត្យនៅវត្តអង្គបឹងចក។​​ បន្ទាប់មកលោក ស្វែងរករៀនវិបស្សនាកម្មដ្ឋាន​ក្នុងសំណាក់លោកអាចារ្យច្រើនកន្លែងទៀត។  លោកបានគង់នៅក្នុងផ្នួសជាភិក្ខុបាន ៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយ លោកបាន លាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ។ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុក របស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផង ជាស្មៀនផង។ ដល់ពេលសុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាកសិករធម្មតា។

លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃ់ចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំងគតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះភ្លេង និងជាអ្នកចំរៀងខ្សែដៀវយ៉ាងចំណានធ្វើឱ្យកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយគេនិយមហៅលោកថា ភិរម្យង៉ុយ។ លោកភិរម្យង៉ុយមានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរ ទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។​ ពេលលោកសូត្រកំណាព្យ លោកតែង ដេញខ្សែដៀវកំដរ។ ខ្សែដៀវគាត់អាចដោះចេញពីគ្នា ហើយតម្លើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើប្រាស់វា។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនឹងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែរួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពីរោះ។

ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែង​ត្រូវ បានប្រជាជនអញ្ជើញឱ្យទៅច្រៀង ឬទេសនាក្នុងពេលមានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេប៉ុន្ដែដោយសេចក្ដី គោរពស្រលាញ់ ប្រជាជនតែងប្រមូលបច្ច័យស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀតពេលនោះដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុ​សង្ឃ អំពីបញ្ហផេ្សងៗ ដែល ទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុង ពេលនោះមកធ្វើជាប្រធានបទ ដើម្បីយកមកច្រៀងមានដូចជា៖

  • អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ និងទាំងអ្នកបួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជារាស្ត្រខ្មែរ
  • អំពីការបាត់បង់ឫឯករាជ្យ និង អត្ថភាពខ្មែរ
  • អំពីការរេចរឹលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ ៘

កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ “ក្រមង៉ុយ” នេះបានឮខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះស៊ីសុវត្ថិ បានត្រាស់ហៅ លោកឱ្យចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យនឹងថ្វីមាត់របស់គាត់ណាស់ ទើបអនុញ្ញាតឱ្យលោកចូលបម្រើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ» ប៉ុន្ដែដោយនៅពេលនោះ មានក្រុមរាជវាំងម្នាក់ មានឈ្មោះអ៊ូដែរ ទើបហ្លួងស៊ីសុវត្តិទ្រង់ត្រាស់ឱ្យហៅថា «ង៉ុយ» វិញ ដើម្បីកុំឱ្យភន់ច្រលំគ្នា។ ដូច្នេះបានជាលោកមានឈ្មោះមួយទៀតថា ង៉ុយ ឬ ក្រមង៉ុយ រៀងដរាបមក។

កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃថែមទៀត។ ស្ដេចសៀមក្រុមព្រះទម្រង់រាជានុភាព និងលោកសីដេស ជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេល​​ប្រគំភ្លេងទទួលភ្ញៀវបរទេសនោះ អ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀម បានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យភាសាង៉ុយទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀមអស់រយៈពេល ៣ខែ ហើយបានទទួលសេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជា ភិរម្យភាសា «ផៃរ៉ោះលឿកឺន»​ និងប្រទានឡេវអាវ ប្រាក់ឌួង ព្រមទាំងប្រាក់និងវត្ថុ ផ្សេងៗទៀតជាច្រើន។ មានដំណាលថាក្នុងពេល ធ្វើដំណើរត្រលប់ពីប្រទេសសៀម វិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះនៅខេត្ដបាត់ដំបងមានអ្នកចម្រៀង​មាត់ឯកម្នាក់ឈ្មោះភិរម្យយូ។ ដោយឮល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោក ភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូ បានសួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិរម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់ឱ្យខ្ញុំឆ្លើយត្រង់ ឬឱ្យឆ្លើយកុហក?» ភិរម្យយូ ថាបើសួរត្រង់ត្រូវតែឆ្លើអោយត្រង់ ភិរម្យង៉ុយក៏ឆ្លើយ កែដោះសារថាមានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅ មានចំងាយផ្លូវប៉ុណ្ណេះទៀត បើភិរម្យយូ មិនជឿត្រូវទៅមើលចុះ!។ ភិរម្យយូព្រមទទួលជឿហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់ តើមានប៉ុន្មានគីឡូ? បើទៅតាមទន្លេសាបវិញតើមានប៉ុន្មានគីឡូ?» ភិរម្យយូក៏ទាល់ឆ្លើយ មិនរួចហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូយ៉ាងច្រើន ថាកន្លែងធ្លាប់ទៅមកហើយ ជាប្រទេសរបស់ខ្លួន​ឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែង មិនដែលទៅបើទោះជាខ្ញុំកុហកក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យង៉ុយបង្អាប់ទាល់តែភិរម្យយូរទាល់ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបងបានប្រគល់រង្វាន់នៃជ័យជម្នះដល់ ភិរម្យង៉ុយ គឺសេះស ១ក្បាល និងប្រាក់សុទ្ធ ៤០០រៀល ទៀត។ ដូច្នេះហើយបាន ជាអ្នកច្រៀងនានាមានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំងនិងថ្វីមាត់លោកឡើយ។ មានតែជំទប់សាន់នៅឃុំភ្លើងឆេះរទេះស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិនិងជាដៃគូរបស់គាត់ ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនិងលោកបាន។ ពេលអ្នកចម្រៀងទាំងពីរនេះទៅច្រៀង នៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗ បានភ្លូកទៅស្ដាប់យ៉ាងច្រើនកុកករ។

នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួប​ លោកស្រីស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកវិជ្ជាស្ថាន ពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ ១៩៣០ អ្នកស្រីនាយកសុំឱ្យព្រះភិរម្យ ភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់បែបរង្វើលៗ ដើម្បីឱ្យអ្នកប្រាជ្ញ នៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅ ពេលនោះអ្នកស្រីស៊ុយ ហ្សាន បានឱ្យលោកនូវប្រាក់ ១រៀល ជានិមត្ដរូបនៃការស្រឡាញ់វប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរ​អង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។ ពុទ្ធសាសនបណ្ឌិតបានចាត់ចែងបោះពុម្ពស្នាដៃរបស់លោកជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។

តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើង រកឃើញរហូតដល់សព្វថ្ងៃមាន៖

  • ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២២ ។
  • ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២៣ ។
  • សេចក្ដីរំលឹកដាស់តឿន «បទពាក្យ៧» ឆ្នាំ១៩៣១៤ ។
  • ច្បាប់ប្រដៅទូន្មានប្រុសស្រី «បទពាក្យ៧» មិនដឹងកាលបរិច្ឆេទ៥ ។
  • បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត» គ្មានកាលបរិច្ឆេទ ។

ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងជាច្រើនទៀតដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗបានចាត់ទុកថាជាស្នាដៃរបស់ អ្នកភិរម្យភាសាអ៊ូដែរ គឺចមៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចមៀងស្រី ប្រុស…។

ជីវិតគ្រួសារ

អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ ៦នាក់ សុទ្ធតែប្រុសទាំងអស់រួមាន៖

  • ឈ្មោះ អ៊ូ ដូង
  • ឈ្មោះ អ៊ូ ចេង
  • ឈ្មោះចា
  • ឈ្មោះ​ចិន
  • ឈ្មោះចុង
  • ឈ្មោះចេវ

ក្នុងចំណោមកូនគាត់ទាំង ៦នាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលមានទេព្យកោសល្យ ខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះ គឺកូនទី៥ ដែលគេនិយមហៅថា “អាចារ្យចុង”។ មានព័ត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារ ល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮ​ឈ្មោះថា “នាយស្លឹក”។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងបង្ហាញខ្លួនគាត់ថា «ស្រុកខ្ញុំនៅឯលិច ពោចិនតុង កូនអាចារ្យចុងចៅអាចារ្យង៉ុយ»។

អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦ កើត ខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំដោយជំងឺទល់លាមក។ សង្គមបរិយាកាស នៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)។ នៅក្នុងរយៈពេលជាង ៧០ ឆ្នាំនេះ នៅ ប្រទេសកម្ពុជាគេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយមានវិបរិត ទូទាំងប្រទេសទាក់ទងដល់គ្រប់វិស័យរបស់សង្គម និងប៉ះពាល់ដល់ភាពរស់នៅ របស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិសេរីភាព និងអ្វីៗ ដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈជាម្ចាស់ប្រទេស ចាប់ពី ឆ្នាំវគ គ.ស ១៨៨៤(១) គឺក្នុងពេលដែលពួកអាណានិគមបារាំងបានប្រើអំណាចរំលោភទាំងកំរោល មក លើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈ ជាប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យក កម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។

ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវ គ្រប់វិស័យទៅតាមប្រព័ន្ធគ្រប់គ្រងបារាំងទាំងខាងរដ្ឋបាលទាំងខាងសេដ្ឋកិច្ច សង្គម កិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖

  • មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយ ត្រួតត្រាប្រទេសខ្មែរ
  • មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បីងាយដកហូតពន្ធដារ
  • មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
  • ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម ហៅថា Tresor unique du Royaume (៣)
  • ការផ្សព្វផ្សាយវប្បធម៌និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេស រាប់តាំងពីអក្សរ ភាសា សីលធម៌រស់នៅ សំលៀកបំពាក់សិល្បៈ ភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើង នៅ ប្រទេសអឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើទឹកដីរបស់យើង ប៉ុន្ដែផល វិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជាដោយសារប្រទេស កម្ពុជាជាប្រទេសអាណានិគមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយ ដោយសារ បារាំងធ្វើសង្រ្គាមនៅអឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗ អោយ ធ្វើទាហាន ហើយមួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទា ហានខ្មែរមួយចំនួនបានពលីនៅលើសមរភូមិដោយឥត​មានស្គាល់ឈ្មោះ និងស្រុក កំណើតរបស់គេឡើយ (៤)។

   ប្រជាជនដែលនៅក្នុងស្រុកត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុមព័ទ្ធសេដ្ឋ កិច្ចពីខាងក្រៅដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) បណ្ដាលអោយមាន ទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើងហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្ស សត្វ និងឧករណ៍សំភារៈសព្វសារពើ ដើម្បីយកទៅ​ចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូល ពន្ធដារលើទំនិញ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិតបណ្ដាល មកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃ រៀង រាល់ថ្ងៃ។ ទន្ទឹមនិងព្រឹត្ដិការណ៍ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរ លក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃបន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នង ប្រជាជនខ្មែរដែលភាគច្រើនជាកសិករមិនសូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដ ទាំងខាងលេខនព្វន្ដ។


(១) – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯករាជ្យ (La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះ នរោត្ដសីហនុ បានរៀបរាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញាឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដ បន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាល ព្រះនរោត្ដម ភាគខាងចុង។

(២) – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញទៅមក ដោយយកទំនិញប្ដូរនិងទំនិញយកមាស ទៅប្ដូរក៏មាន (សៀវភៅ Le Cambodge បោះពុម្ពផ្សាយេដោយក្រសួងឃោសនាការនៃរាជរដ្ឋា ភិបាលកម្ពុជាភ្នំពេញ ឆ្នាំ​១៩៦២) កំណត់ហេតុស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien-Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ​ ១៥៩៥ ក្នុងរដ្ជកាល ព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាល ព្រះអង្គឌួង ទើបមានការបោះប្រាក់ចាយសាជាថ្មី ក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…

(៣) – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នៅក្នុងឆ្នាំ ១៨៩១ សូម អានឯកសារមហាបុរសខ្មែរ។

(៤) – កាលពីមុនឆ្នាំ ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាល សួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំដែក ដែលគេនិយមហៅថារូបពី។ រូប សំណាកនោះ បារាំងបានសាងដើម្បីឧទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលីជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើង កាន់អំណាច រូប សំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here