Abraham Lincoln ​ជាប្រធានាធិបតី​មួយរូប ដែល​លុបបំបាត់​ទាសភាព​នៅ​អាសរដ្ឋអាមេរិក

0
394

លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គេ​ចារ​ឈ្មោះ​​ថា​​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក។ លោក​គឺ​ជា​ប្រធានាធិបតី ដែល​បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​ឆ្លងកាត់​សង្រ្គាម និង​វិបត្តិ​ធម្មនុញ្ញ​ដ៏​ធំបំផុត​មួយ​ ក្នុង​ប្រវត្តិ​របស់​អាមេរិក ក៏ប៉ុន្តែរក្សា​បាន​នូវ​ភាព​រួបរួម​នៃ​បណ្តា​រដ្ឋ​អាមេរិក។ លោក​ក៏​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​ទុក​ផងដែរថា​ជា​ប្រធានាធិបតី ដែល​បាន​បិទបញ្ចប់​ការ​ប្រើ​មនុស្ស​ជា​ទាសករ នៅ​ក្នុង​ទឹកដី​អាមេរិក។

អាប្រាហាំ លីនកុន កើតនៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​១៨០៩ នៅ​ក្នុង​រដ្ឋ Kentucky។ ដោយសារ​ត្រូវ​ប្រឈមមុខ​នឹង​ជីវភាព​លំបាក​ក្នុង​គ្រួសារ និង​ការ​រើកញ្ជើ​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយ កុមារ​លីនកុន​មិនសូវ​ជា​បាន​ចូលរៀន​នៅ​សាលា​ច្រើន​នឹង​គេ​ទេ ក៏ប៉ុន្តែ ជា​ក្មេង​ដែល​មាន​ការ​ចេះដឹង​ច្រើន តាមរយៈ​ការ​ខិតខំ​រៀនសូត្រ​ដោយ​ខ្លួនឯង។

នៅ​ឆ្នាំ​១៨៣០ គ្រួសារ​លីនកុន​ផ្លាស់​ទីលំនៅ​ទៅ​នៅ​ក្នុង​រដ្ឋ​ Illinois ហើយ​អាប្រាហាំ ​លីនកុន​​ បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ រហូត​បាន​ជាប់ឆ្នោត​ជា​សមាជិក​សភា​​ក្នុង​​រដ្ឋ​ Illinois នៅ​ឆ្នាំ​១៨៣៤ នៅ​ក្នុង​វ័យ ២៥ឆ្នាំ។​ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​នយោបាយ​ ​ដែល​​មាន​ចក្ខុវិស័យ​ចង់​ឃើញ​សហរដ្ឋ​អាមេរិកពង្រឹង​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន​តាមរយៈ​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ជាជាង​​វិស័យ​កសិកម្ម។ ជា​អ្នក​នយោបាយ​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ទាសភាព ក៏ប៉ុន្តែ ក៏​មិន​ជំរុញ​ឲ្យធ្វើ​ច្បាប់​លុបបំបាត់​ទាសភាព នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះដែរ។

នៅ​ឆ្នាំ​១៨៣៦ លោក​អាប្រាហាំ លីនកុន ដែល​មិន​ធ្លាប់​ចូល​សាលា​ច្បាប់​ផងនោះ បាន​ប្រឡង​ជាប់​ជាមេធាវី ហើយ​ក្រោយ​មក បាន​ចាប់អាជីព​ជា​មេធាវី (មេធាវី​ដែល​ល្បីឈ្មោះ​ថា​ស្មោះត្រង់​ជាមួយ​នឹង​កូនក្តី) មុននឹង​បាន​ជាប់ឆ្នោត​ជា​សមាជិក​នៃ​សភា​សហព័ន្ធ (House of Representatives) នៅ​ឆ្នាំ​១៨៤៦។ នៅ​ពេល​ផុត​អាណត្តិ នៅ​ឆ្នាំ​១៨៤៩ លោក​អាប្រាហាំ លីនកុន ដែល​បាន​​សន្យា​ពីដំបូង​​ថា​​នឹង​កាន់តំណែង​តែ​មួយ​អាណត្តិ ក៏​បាន​ឈប់​ពី​តំណាងរាស្រ្ត ហើយ​វិលត្រឡប់​ទៅ​រដ្ឋ Illinois របស់​លោក​វិញ។

ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ក្រោយ​មក ការ​តស៊ូ​មតិ​ជុំវិញ​រឿង​ទាសករ ដែល​បាន​ផ្ទុះឡើង​​កាន់តែ​ខ្លាំង ក៏​បាន​ទាញ​លោក​អាប្រាហាំ លីនកុន ឲ្យ​វិលត្រឡប់​ចូល​មក​ក្នុង​ឆាក​នយោបាយ​ថ្នាក់​ជាតិ​ជាថ្មី​​ម្តងទៀត។ លោក​បាន​ចាកចេញ​ពី​គណបក្ស​ចាស់​របស់​លោក ហើយ​ទៅ​ចូល​រួម​ក្នុង​គណបក្ស​ថ្មី​មួយ ដែល​ទើប​នឹង​បង្កើត​ថ្មី ហើយ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ទាសភាព ​គឺ​គណបក្ស​សាធារណរដ្ឋ ហើយ​បាន​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ នៅ​ឆ្នាំ​១៨៥៨ ក៏ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ។

ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ ​លោក​អាប្រាហាំ លីនកុន នៅតែ​បន្ត​សកម្មភាព​ប្រឆាំង​នឹង​ទាសភាព តាមរយៈ​ការ​ធ្វើ​សេចក្តីថ្លែងការណ៍ សុន្ទរកថា និង​ការ​ចូលរួម​ក្នុងការ​ជជែក​តស៊ូ​មតិ​ជា​សាធារណៈ។ បន្តិចម្តងៗ កេរ្តិ៍​ឈ្មោះ​របស់​លោក​អាប្រា​ហាំ លីនកុន កាន់តែ​ល្បី​រន្ទឺ​ឡើង នៅ​ទូទាំង​សហរដ្ឋ​អាមេរិក គឺ​ល្បី​ទាំង​គោលគំនិត​ប្រឆាំង​នឹង​ទាសភាព ល្បី​ទាំង​ទេពកោសល្យ​ក្នុង​ការ​និយាយ។

នៅ​ខែ​ឧសភា ឆ្នាំ​១៨៦០ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​ជ្រើសរើស​ជា​បេក្ខជន​ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី។ ការ​បោះឆ្នោត ដែល​លោក​បាន​ទទួល​ជោគជ័យ​ ដោយ​យក​ឈ្នះ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ​។

នៅថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​១៨៦០ លោក​អាប្រាហាំ លីនកុន បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី១៦ នៃ​សហរដ្ឋ​អាមេរិក និង​ជា​ប្រធានាធិបតី​ដំបូង​បង្អស់ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ក៏ប៉ុន្ត នៅ​មិនទាន់​បាន​ស្បថ​ចូល​កាន់តំណែង​ផង វិបត្តិ​នយោបាយ​និង​ធម្មនុញ្ញ​ដ៏​ធំ​មិន​ធ្លាប់មាន កំពុង​រង់ចាំ​លោក​អាប្រាហាំ លីនកុន​ រួចជាស្រេច។

រដ្ឋ​ប៉ែក​ខាងត្បូង ដែល​សម្បូរ​ទាសករ បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​​​ម្តងមួយៗ ​ទៅ​បង្កើត​ជា​រដ្ឋ​សហព័ន្ធ​ថ្មី ដាច់ចេញ​ពី​សហរដ្ឋ​អាមេរិក។ ​នៅ​ខែ​មេសា ឆ្នាំ​១៨៦១ លោក​អាប្រាហាំ លីនកុន ដែល​ទើប​នឹង​ចូល​កាន់តំណែង​បាន​ត្រឹមតែ​មួយខែ ហើយ​ដែល​​​ពីមុន​មក​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​អំណាច​នីតិប្រតិបត្តិ​ទាល់តែ​សោះ​ ត្រូវប្រឈមមុខ​នឹង​សង្រ្គាម​ដ៏​ធំមួយ​​ក្នុង​ប្រវត្តិសាស្រ្ត​​អាមេរិក គឺ​សង្រ្គាម​ស៊ីវិល​ រវាង​រដ្ឋ​អាមេរិក​គ្នាឯង។

នៅ​ឆ្នាំ​១៨៦៣ នៅ​ក្នុងពេល​ដែល​សង្រ្គាម​ស៊ីវិល​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ លោក​អាប្រាហាំ លីនកុន បាន​ចេញក្រឹត្យ​មួយ ដោយ​សម្រេច​រំដោះ​ទាសករ​ទាំងអស់​ នៅ​ក្នុង​រដ្ឋ​ខាង​ត្បូង​ ឲ្យ​មាន​សេរីភាព។

ការ​រំដោះ​ទាសករ​ត្រូវ​ធ្វើឡើង​តែ​នៅ​ក្នុង​រដ្ឋ​ខាង​ត្បូង ដោយសារ​តែ​​លោក​អាប្រាហាំ លីនកុន មិនចង់​​ប៉ះពាល់​ទៅដល់​រដ្ឋ​មួយ​ចំនួន ដែល​សម្បូរ​ទាសករ​ដែរ ក៏ប៉ុន្តែ នៅ​ស្មោះស្ម័គ្រ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ហើយ​មិន​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​រដ្ឋ​ខាង​ត្បូង។

ម្យ៉ាងទៀត លោក​អាប្រាហាំ លីនកុន បាន​ព្យាយាម​ពន្យល់​ដល់​បណ្តា​រដ្ឋ​ខាងជើង​ថា សេចក្តីសម្រេច​រំដោះទាសករ​នេះ គឺ​ធ្វើឡើងក្នុងគោលដៅ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ឈ្នះ​សង្រ្គាម​លើ​រដ្ឋ​ខាង​ត្បូង ពីព្រោះ​ថា នៅពេលនោះ សេដ្ឋកិច្ច​របស់​បណ្តា​រដ្ឋ​ខាង​ត្បូង​ពឹងផ្អែក​ខ្លាំង​ទៅលើ​កម្លាំង​ទាសករ។ ដូច្នេះ បើ​គ្មាន​ទាសករ សេដ្ឋកិច្ច និង​កម្លាំង​ទ័ព​​របស់​ពួកគេ​ប្រាកដ​ជា​នឹង​ត្រូវ​ធ្លាក់​ចុះ​ទន់ខ្សោយ។

ក្រៅពីការ​សម្រេច​រំដោះទាសករ លោក​អាប្រាហាំ លីនកុន ក៏​បាន​អនុញ្ញាត​ផងដែរ​ឲ្យ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​អាច​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព។ ប្រជាជន​ស្បែក​ខ្មៅ​ក៏​បាន​នាំគ្នា​ពពាក់ពពូន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​សហរដ្ឋ​អាមេរិក ដើម្បី​ប្រយុទ្ធ​តទល់​នឹង​រដ្ឋ​ខាង​ត្បូង ដោយ​ពួកគេ​​​យល់ថា​ នេះ​គឺ​​ជា​សង្រ្គាម ដើម្បី​រំដោះ​ជនជាតិ​ស្បែក​ខ្មៅ​ពី​ទាសភាព។

ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​១៨៦៣ កងទ័ព​រដ្ឋ​ខាង​ជើង​បានយកជ័យជម្នះ​លើ​រដ្ឋ​ខាង​ត្បូង នៅ​តាម​សមរភូមិ​ធំៗ​ជាច្រើន។ នៅ​ក្នុង​អំឡុង​ពេលនោះ លោក​អាប្រាហាំ លីនកុន ចង់​ជំរុញ​ឲ្យ​ការ​លុបបំបាត់​ទាសភាព​ ដែល​គ្រាន់តែ​ជា​ក្រឹត្យ​របស់​ប្រធានាធិបតី ក្លាយ​ទៅជា​គោលការណ៍ ដែល​មាន​តម្លៃ​ជា​ច្បាប់​ធម្មនុញ្ញ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​សភា​​អាមេរិក​រៀបចំ​ធ្វើ​ច្បាប់ ដើម្បី​បញ្ចូល​ការ​លុបបំបាត់​ទាសភាព ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ ការ​ប៉ុនប៉ង​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ទទួលបរាជ័យ​ជាច្រើន​លើក ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ។

ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​លុបបំបាត់​ទាសភាព បាន​ក្លាយ​ជា​គោលនយោបាយ​ចម្បងមួយ​របស់​លោក​អាប្រាហាំ លីនកុន និង​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​១៨៦៤។ លោក​អាប្រាហាំ លីនកុន បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ទី២ ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​១៨៦៤ ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​សភា​សហព័ន្ធ​អនុម័ត រួចហើយ​បញ្ជូន​ទៅ​​ឲ្យ​សភា​នៃ​បណ្តា​រដ្ឋ​សមាជិក​ផ្តល់​សច្ចាប័ន។ វិសោធនកម្ម​នេះ​​បាន​ចូល​ជាធរមាន នៅ​ខែ​ធ្នូ ឆ្នាំ​១៨៦៥ ក្រោយ​ពី​ទទួល​សច្ចាប័ន​ពី​សំណាក់​រដ្ឋ​​ចំនួន ៣ភាគ៤។ ​ក៏ប៉ុន្តែ លោក​អាប្រាហាំ លីនកុន មិន​បាន​​ឃើញ​​ការ​​ចូល​ជាធរមាន​​នៃ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ទេ។

កាលពី​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ​១៨៦៥ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​កងទ័ព​រដ្ឋ​ខាង​ត្បូង​ត្រូវ​ទទួលបរាជ័យ និង​ប្រកាស​ចុះចាញ់​សង្រ្គាម លោក​អាប្រាហាំ លីនកុន​ ត្រូវ​បាន​អ្នកគាំទ្រ​រដ្ឋខាងត្បូង​ម្នាក់​លប​ធ្វើ​ឃាត នៅ​ក្នុង​ពេល​ដែល​លោក​កំពុង​អង្គុយ​មើល​ល្ខោន នៅ​ក្នុង​រោងល្ខោន​មួយ ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។

លោក​អាប្រាហាំ លីនកុន បាន​ទទួល​មរណភាព ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍​ឈ្មោះ​ជា​ប្រធានាធិបតី ដែល​បានដឹកនាំ​សហរដ្ឋ​អាមេរិក​​ឆ្លងកាត់​សង្រ្គាម​ផ្ទៃក្នុង​​ហែកហួរ​គ្នា​​មិនធ្លាប់មាន ក៏ប៉ុន្តែ រក្សា​បាន​នូវ​បូរណភាព​ទឹកដី និង​ការ​រួបរួម​​គ្នា​​ឡើងវិញ​នៃរដ្ឋ​សហព័ន្ធ។ ជា​ប្រធានាធិបតី ដែល​បាន​រំដោះ​ទាសករ​ស្បែក​ខ្មៅ​ឲ្យ​មាន​សេរីភាព ស្រប​ទៅតាម​សេចក្តីប្រកាស​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក ដែល​ចែង​ថា “​មនុស្ស​កើតមក​​មាន​សិទ្ធិសេរីភាព​ស្មើៗ​គ្នា”។ កាន់អំណាច​​ត្រឹមតែ​មួយ​អាណត្តិ ដែល​មាន ៤ឆ្នាំ ប៉ុន្តែ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​​អ្នកប្រវត្តិសាស្រ្ត​អាមេរិក​​ចាត់ទុក​ជា​ប្រធានាធិបតី​ដ៏​ល្អ​បំផុត ដែល​អាមេរិក​មិន​ធ្លាប់មាន ចាប់តាំង​ពី​ទទួល​ឯករាជ្យ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន៕

ប្រភពដោយ៖ សំខាន់ កែសម្រួលដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here