ត្រូវយល់ដឹងអំពី “សង្គ្រាមត្រជាក់” តើវាមានដំណើរការដូចម្តេចខ្លះ?

2
713

«សង្គ្រាមត្រជាក់» (ភាសាអង់គ្លេស​៖ Cold War) គឺជា​ជម្លោះដែល​កើតឡើង​ដោយ​ភាពតានតឹង និង​ការប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និងសហភាព​សូវៀត ព្រមទាំង​សម្ព័ន្ធមិត្ត​រៀងៗខ្លួន​ចាប់តាំងពី​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៤០ ដល់​ដើម​ទសវត្ស​ឆ្នាំ​១៩៩០​។ ក្នុងកំឡុង​​ពេលនេះ ភាគី​នៃ​កំពូល​មហាអំណាច (Super Powers) ទាំងពីរ​បាន​ស្ដែងឡើង​នូវ​បក្សសម្ព័ន្ធ​យោធា មធ្យោបាយ​ឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ឧស្សាហ​កម្ម​​កម្រិតខ្ពស់ និងការប្រកួតប្រជែង​ផ្នែក​បច្ចេកវិជ្ជា (ដូចជា ការប្រកួតប្រជែង​ផ្នែក​អវកាសជាដើម)។ កំពូល​មហាអំណាច​ទាំងពីរ បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុង​ការការពារ ការរត់ប្រណាំង​សព្វាវុធ និង​សង្គ្រាម​ដោយប្រយោល​ជាច្រើន​ទៀត​។

ពាក្យ “សង្គ្រាមត្រជាក់” ត្រូវ​បាន​ប្រើ​ជាលើកដំបូង ដើម្បី​អធិប្បាយ​អំពី​ភាពតានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ រវាង​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ដែល​ត្រូវ​បាន​សន្មត​ដោយ​លោក ប៊ែរណារដ៍ បារុច (Bernard Baruch) ហិរញ្ញាធិការី​អាមេរិក និង​ជា​ទីប្រឹក្សា​ប្រធា​នាធិប​​តី​​។ នា​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​១៩៤៧ លោក បារុច​បាន​ផ្លែង​នៅ​រដ្ឋការ៉ូលីណា​ខាងត្បូង (South Carolina) ថា​៖ “យើង​មិន​អនុញ្ញាត​ឲ្យ​គេ​បំភាន់​យើង​បាន​ទេ​។ យើង​សព្វថ្ងៃនេះ​កំពុងតែ​ស្ថិតនៅ​ចំកណ្ដាល​នៃ​សង្គ្រាមត្រជាក់” ។ ជនកុម្មុយនិស្ត វ៉លធ័រ លីបម៉ាន់ (Walter Lippmann) ក៏​បាន​ប្រើ​ពាក្យ​នេះ​ផងដែរ ជាមួយ​ការបោះពុម្ព​ផ្សាយ​នូវ​សៀវភៅ​របស់​គាត់​នៅ​ឆ្នាំ​១៩៤៧ មាន​ចំណងជើង​ថា “សង្គ្រាមត្រជាក់” ។

ពុំ​មាន​មតិ​ឯកភាព​គ្នា​ឡើយ ក្នុង​ចំណោម​អ្នកប្រវត្តិសាស្ត្រ​ជាច្រើន​ចំពោះ​ចំណុច​ចាប់ផ្ដើម​នៃ​”សង្គ្រាមត្រជាក់”​។ ខណៈដែល អ្នកប្រវត្តិសាស្ត្រ​ភាគច្រើន​កំណត់​ថា​វា​បាន​ចាប់ផ្ដើម​ឡើង​ក្រោយពី​ការបញ្ចប់​​សង្គ្រាមលោកលើកទី២​ភ្លាម ចំណែក​អ្នកប្រវត្តិសាស្ត្រ​ខ្លះ​ទៀត បាន​ប្រកែក​ថា​វា​បាន​ចាប់ផ្ដើម​ឡើង​មុន​សង្គ្រាមលោកលើកទី១ ហៀប​នឹង​បញ្ចប់​មកមេ៉្លះ ថ្វីបើ​ភាពតានតឹង​រវាង​ចក្រភពរុស្ស៊ី និងចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិក តាំងតែពី​ពាក់កណ្ដាល​សតវត្ស​ទី​១៩​។ ភាព​មិន​ចុះសម្រុងគ្នា​នៃ​មនោគមវិជ្ជា​រវាង​កុម្មុយនិស្តនិយម និងមូលធននិយម បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩១៧ នៅពេល​ដែល​សហភាព​សូវៀត បាន​ចាប់បដិសន្ធិ​ឡើង​ពី​បដិវត្តន៍​នៅ​រុស្ស៊ី ជា​រដ្ឋកុម្មុយនិស្ត​ទី១ លើ​ពិភពលោក​។ លទ្ធផល​នេះ បាន​បណ្ដាលឲ្យ​ទំនាក់ទំនង​រវាង​រុស្ស៊ី-អាមេរិក ទទួល​រង​នូវ​កង្វល់​រយៈពេល​វែង សម្រាប់​មេដឹកនាំ​ប្រទេស​ទាំងពីរ​។

ព្រឹត្តិការណ៍​ជាច្រើន បាន​ផ្ដល់​នូវ​ភាពមន្ទិលសង្ស័យ និង​ភាព​មិន​ទុកចិត្ត​គ្នា​ទៅវិញទៅមក រវាង​សហរដ្ឋអាមេរិក និងសហភាព​សូវៀត។ ដូចជា​៖ ការប្រឆាំង​របស់​ពួកបុលសេវិក​ចំពោះ​មូលធននិយម, ការដកខ្លួន​របស់​រុស្ស៊ី​ចេញពី​សង្គ្រាមលោកលើកទី១ តាមរយៈ​សន្ធិសញ្ញា​ប្រេស្ត-លីតូវស្ក​​ជាមួយ​អាល្លឺម៉ង់, សហរដ្ឋអាមេរិក​បាន​ធ្វើអន្តរាគមន៍​ក្នុង​សង្គ្រាមស៊ីវិល​នៅ​រុស្ស៊ី ដោយ​ផ្ដល់​ការគាំទ្រ​ដល់​កងទ័ពស ហើយនិងសហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ទទួលស្គាល់​សហភាព​សូវៀត​រហូតដល់​ឆ្នាំ​១៩៣៣​។ ព្រឹត្តិការណ៍​ផ្សេងទៀត​នៅក្នុង​កំឡុង​ពេល​អន្តរសង្គ្រាម អាស្រ័យ​ទៅ​នឹង​បរិយាកាស​នៃ​ភាព​មិន​ទុកចិត្ត​គ្នា​ទៅវិញទៅមក​នេះ​ឯង​។ សន្ធិសញ្ញា​រ៉ាប៉ាឡូ (Treaty of Rapallo) និងកតិកាសញ្ញា​ម៉ូឡូតូវ-រីបេនត្រុប (Molotov–Ribbentrop Pact) ជា​ឧទាហរណ៍​ពីរ​គួរឲ្យ​កត់សម្គាល់​។

អ្នក​ប្រវត្តិសាស្រ្ត​មាន​ការ​យល់ឃើញ​ផ្សេងៗ​គ្នា ជុំវិញ​ដំណើរ​​​ដើមហេតុ ដែល​បង្ក​ឲ្យ​មាន​សង្រ្គាមត្រជាក់ ដោយ​អ្នក​ខ្លះ​យល់ថា​ សង្រ្គាមត្រជាក់​បាន​ចាប់ផ្តើមដុះពន្លកឡើង នៅ​ក្រោយ​សង្រ្គាម​លោកលើកទី២ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​យល់ថា ឫសគល់​នៃ​​ការ​ប្រឈមមុខ​ដាក់​គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត បាន​ចាប់មាន​ឡើង តាំង​ពី​មុន​សង្រ្គាម​លោកលើកទី២ គឺ​ចាប់តាំង​ពី​​ឆ្នាំ​១៩១៧ នៅ​ពេល​ដែល​ក្រុម​កុម្មុយ​និស្ត​​រុស្ស៊ី ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​ស្តេច​ត្សារ៍ ដណ្តើម​អំណាច​យក​មក​កាន់កាប់ រួចហើយ​បង្កើត​ជា​សហភាព​សូវៀត ដែល​ជា​រដ្ឋ​កុម្មុយនិស្ត។

បដិវត្តន៍​ខែ​តុលា ឆ្នាំ​១៩១៧ គឺ​ជា​ចំណុច​របត់​ដ៏សំខាន់​មួយ នៅ​ក្នុង​ទំនាក់ទំនង រវាង​រុស្ស៊ី និង​មហាអំណាច​លោក​ខាងលិច ដែល​ធ្លាប់​តែ​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា នៅ​ក្នុង​សង្រ្គាម​លោកលើកទី១។

ភ្លាមៗ​ក្រោយ​ពី​បក្ស​កុម្មុយនិស្ត​ឡើងកាន់​អំណាច សហភាព​សូវៀត​បាន​ដកខ្លួន​ចេញ​ពី​សង្រ្គាម​លោកលើកទី១ ដោយ​បាន​ទៅចរចា​​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អាល្លឺម៉ង់ ហើយ​ទុក​ឲ្យ​សម្ព័ន្ធមិត្ត​លោកខាងលិច​​ច្បាំង​តទល់​នឹង​អាល្លឺម៉ង់​តែម្នាក់ឯង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​មហាអំណាច​លោកខាងលិច ជាពិសេស សហរដ្ឋ​អាមេរិក​ ចាប់ផ្តើម​មិន​ទុកចិត្ត​នឹង​​សហភាព​សូវៀត ដោយ​គេ​គិត​ថា ក្រុម​កុម្មុយនិស្ត​សូវៀត គឺ​ជា​​បក្ខពួក​​របស់​អាល្លឺម៉ង់។ ការមិនទុកចិត្ត​នេះ កើតមាន​កាន់តែ​ខ្លាំង ក្រោយ​ពី​គេ​មើលឃើញ​ថា លេនីន ដែល​ជា​មេដឹកនាំ​ក្រុម​កុម្មុយនិស្ត​សូវៀត ហើយ​ដែល​ពីមុន​ធ្លាប់​តែ​រស់នៅ​និរទេសខ្លួន នៅ​ក្នុង​ប្រទេស​ស្វ៊ីស អាច​​វិលត្រឡប់​ចូលទៅ​ក្នុង​ប្រទេស​​រុស្ស៊ី ដើម្បី​រៀបចំ​ធ្វើ​បដិវត្តន៍ គឺ​ដោយសារ​តែ​មាន​ការ​ជួយជ្រោមជ្រែង​​ពី​សំណាក់​អាល្លឺម៉ង់។

ម្យ៉ាងទៀត ​មហាអំណាច​លោកខាងលិច និង​សហភាព​សូវៀត មាន​ចំណុច​ខ្វែងគ្នា​ដ៏​ធំមួយ គឺមនោគមន៍វិជ្ជា​នយោបាយ។ មហាអំណាច​លោកខាងលិច​ប្រកាន់​យក​នូវ​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ និង​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដែល​ជា​​របប​នយោបាយ​​ផ្ទុយ​គ្នា​ទាំងស្រុង ​ពី​សហភាព​សូវៀត ដែល​ប្រកាន់​យក​នូវ​​របបនយោបាយ និង​សេដ្ឋកិច្ច ​​តាមបែប​កុម្មុយនិស្ត​ផ្តាច់ការ ហើយ​មិនចូលចិត្ត​របបមូលធននិយម​តាមបែប​លោកខាងលិច។ លើស​ពីនេះ​ទៅទៀត នៅ​ឆ្នាំ​១៩១៩ បក្ស​កុម្មុយនិស្ត​សូវៀត​​បាន​បង្កើត​​អង្គការ​អន្តរជាតិ​មួយ ឈ្មោះ​ថា Comintern (Communist International) ក្នុងគោលដៅ​​ផ្សព្វផ្សាយ​លទ្ធិ​កុម្មុយនិស្ត​នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រជែង​ជាមួយ​នឹង​លទ្ធិ​មូលធននិយម​លោក​ខាងលិច។

ទាំងនេះ​ហើយ​ជា​ពន្លក​នៃ​ការ​ប្រឈមមុខដាក់គ្នា រវាង​សហភាព​សូវៀត និង​មហាអំណាច​លោកខាងលិច។​ នៅ​ក្រោយ​សង្រ្គាម​លោកលើកទី១ សហភាព​សូវៀត​ត្រូវ​បាន​គេ​ផាត់ចេញ​ពី​ក្នុង​ចំណោម​ប្រទេស​ឈ្នះ​សង្រ្គាម។ សូវៀត​មិនមាន​ចំណែក​ក្នុងការ​ចរចា​សន្ធិសញ្ញា​ក្រុង​វែរសៃ (Versailles)។ សូវៀត​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​សង្គម​ប្រជាជាតិ។ សូវៀត​ក៏​ចិញ្ចឹម​ចិត្ត​ខឹង​នឹង​ប្រទេស​លោកខាងលិច ដែល​មិន​ចាត់ទុក​ខ្លួន​ជាប្រទេស​មហាអំណាច​មួយ​នឹង​គេនោះ។

នៅ​ក្នុង​សង្រ្គាម​លោក​លើកទី២ សហភាព​សូវៀត និងសហរដ្ឋ​អាមេរិក​បាន​សហការគ្នា ក្នុងការ​ច្បាំង​ទល់​នឹង​អាល្លឺម៉ង់ ក៏ប៉ុន្តែ ការ​សហការគ្នា​នេះ​​ត្រូវ​ធ្វើឡើង​ដោយសារ​តែ​កាលៈទេសៈ​តម្រូវ​តែ​ប៉ុណ្ណោះ ​មិនមែន​ធ្វើឡើង​ក្នុង​លក្ខណៈ​ជា​មិត្តភាព​នឹងគ្នា​នោះទេ។ សហភាព​សូវៀត និង​សហរដ្ឋ​អាមេរិក​សហការគ្នា ក្នុង​សង្រ្គាម​លោកលើកទី២ គឺ​ដោយសារ​តែ​​នៅ​ពេលនោះ ​ប្រទេស​ទាំងពីរ​មាន​សត្រូវ​រួមគ្នាគឺមេដឹកនាំអាល្លឺម៉ង់ ​ហ៊ីត្លែរ ប៉ុន្តែធាតុពិតទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ គឺ​ជា​ទំនាក់ទំនង​ដែល​ប្រកបទៅដោយ​ភាព​តានតឹង និង​ការ​មិនទុកចិត្ត​គ្នាប៉ុណ្ណោះ។

សន្និសីទ​ទីមួយ ធ្វើឡើងនៅ​ក្នុង​ស្ថានទូត​សូវៀត ប្រចាំ​ទីក្រុង​តេហេរ៉ង់ (អ៊ីរ៉ង់) ពីថ្ងៃ​ទី២៨ វិច្ឆិកា ដល់​ថ្ងៃ​ទី១ធ្នូ ឆ្នាំ​១៩៤៣ ដែល​ត្រូវ​បាន​គេ​ហៅជាទូទៅ​ថា “សន្និសីទ​ក្រុង​តេហេរ៉ង់”។ នៅ​ក្នុង​សន្និសីទ​នេះ លោក​ Franklin Roosevelt ប្រធានាធិបតី​អាមេរិក លោក​ Winston Churchill នាយករដ្ឋមន្រ្តី​អង់គ្លេស និង​លោក​ស្តាលីន លេខាបក្ស​កុម្មុយនិស្ត​សូវៀត ជជែក​គ្នាអំពី​យុទ្ធសាស្រ្ត​វាយបក​ទៅលើ​ហ៊ីត្លែរ ដោយ​កងទ័ព​សូវៀត​វាយលុក​ពី​ទិស​ខាងកើត ចំណែក​កងកម្លាំង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​វាយលុក​ពី​ទិស​ខាងលិច។ ជាថ្នូរ​នឹង​កិច្ចសហប្រតិបត្តិការ​នេះ ប្រមុខដឹកនាំ​អាមេរិក​ និង​អង់គ្លេស​បាន​​យល់ព្រម​តាម​ការ​ទាមទារ​របស់​​ស្តាលីន​ដែល​ចង់​កាន់កាប់​តំបន់​អឺរ៉ុប​ខាង​កើត នៅ​ក្រោយ​ពេល​ទទួល​ជ័យជម្នះ​លើ​ហ៊ីត្លែរ។ សម្ព័ន្ធមិត្ត​លោក​ខាងលិច​ក៏​បាន​ព្រមព្រៀង​ផងដែរ​ ឲ្យ​សូវៀត​កាត់​យក​ដែនដី​​មួយផ្នែក​ខាងកើត​របស់​ប៉ូឡូញ ដោយ​កាត់​យក​ដី​អាល្លឺម៉ង់​មួយ​ផ្នែក​ទៅ​ឲ្យ​ប៉ូឡូញ​​ជា​ជំនួសវិញ។

នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៤៥ (ថ្ងៃ​ទី៤ ដល់ថ្ងៃ​ទី១១) នៅ​ពេល​ដែល​កងកម្លាំង​សម្ព័ន្ធមិត្ត​កំពុងតែ​មាន​ប្រៀប​លើ​កងទ័ព​អាល្លឺម៉ង់​នៅ​សមរភូមិ​ខាង​លិច ហើយ​កងទ័ព​សូវៀត​បាន​ចូល​កាន់កាប់​តំបន់​អឺរ៉ុប​ខាងកើត​បាន​មួយ​ផ្នែក​ធំ​ លោក Franklin Roosevelt, Winston Churchill និង​ស្តាលីន បាន​ជួបគ្នា​ជាលើកទី២ នៅ​ក្នុង​សន្និសីទ​ក្រុង​យ៉ាល់តា (តំបន់​គ្រីមេ) ដោយផ្តោត​ជា​ពិសេស​លើ​ការ​គ្រប់គ្រង​ប្រទេស​អាល្លឺម៉ង់​នៅ​ក្រោយ​សង្រ្គាម។

មេដឹកនាំ​ទាំងបី​បាន​ព្រមព្រៀង​គ្នា​ពុះចែក​ប្រទេស​អាល្លឺម៉ង់​ជា ៤ចំណែក ដើម្បី​ចែក​គ្នា​កាន់កាប់ គឺ​អាមេរិក​កាន់កាប់​មួយ​ចំណែក អង់គ្លេស​មួយ​ចំណែក សូវៀត​មួយ​ចំណែក ហើយ​ចំណែក​ទី៤ ត្រូវ​បាន​ទៅ​បារាំង។ ទីក្រុង​ប៊ែរឡាំង ដែល​ជា​រដ្ឋធានី​របស់​អាល្លឺម៉ង់ ហើយ​ដែល​ស្ថិត​នៅ​ក្នុង​ចំណែក​ដែនដី​ក្រោម​ការ​គ្រប់គ្រង​របស់​សហភាព​សូវៀត​ក៏​ត្រូវ​បែងចែក​ជា ៤​ចំណែក​​ផងដែរ។

ការ​បែងចែក​ដែនដី​គ្នា​កាន់កាប់​ក្រោយ​សង្រ្គាម ត្រូវ​បាន​មេដឹកនាំ​អាមេរិក អង់គ្លេស និង​សូវៀត​បន្ត​ធ្វើ នៅ​ក្នុង​សន្និសីទ​លើកទី៣ នៅ​ទីក្រុង​ប៉តស្តាំ (Potsdam) ក្បែរ​រដ្ឋធានី​ប៊ែរឡាំង ពីថ្ងៃ​ទី១៧​ ខែ​កក្កដា ដល់​ថ្ងៃទី២ ​​ខែ​សីហា ឆ្នាំ​១៩៤៥។

នៅ​ក្រោយ​ពេល​ដែល​សង្រ្គាម​លោកលើកទី២​ត្រូវ​បញ្ចប់ តំបន់​អឺរ៉ុប​ត្រូវ​ពុះ​ខណ្ឌ​ចែក​ជា​ពីរ គឺ​អឺរ៉ុប​ខាង​កើត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សូវៀត​កុម្មុយនិស្ត និង​អឺរ៉ុប​ខាងលិច​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក។ អាល្លឺម៉ង់​ណាហ្ស៊ី​​ ដែល​ជា​សត្រូវរួម​​ត្រូវ​ដួលរលំ សហភាព​សូវៀត និង​សហរដ្ឋ​អាមេរិក​ក៏​បង្វែរ​ពី​ការ​សហការគ្នា ទៅជា​ការ​ប្រកួតប្រជែង​គ្នា ដើម្បី​បង្កើន​ឥទ្ធិពល​រៀងៗខ្លួន ដែល​បង្ក​ឲ្យ​មាន​ការ​ប្រណាំង​ប្រជែង​ផ្នែក​សព្វាវុធ ទាំង​គ្រឿង​សព្វាវុធ​ធម្មតា និង​អាវុធ​នុយក្លេអ៊ែរ ការ​ប្រណាំងប្រជែង​គ្នា​តាំង​ពី​លើ​ផែនដី​​រហូត​ដល់​ទី​អវកាស ព្រម​ទាំង​ការ​រុកគួន​គ្នា​បង្កើត​ឲ្យ​មាន​ជា​សង្រ្គាម​ស៊ីវិល​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន នៅ​ទូទាំង​ពិភពលោក។

ទោះបីជា​សហរដ្ឋអាមេរិក និងសហភាព​សូវៀត បាន​រួមគ្នា​ប្រឆាំង​ប្លុក​មហាអំណាច​អាប់ស៊ីស (Axis Powers) ក្នុងកំឡុង​សង្គ្រាមលោកលើក​ទី​​២​។ ប្រទេស​ទាំងពីរ បាន​ខ្វែងគំនិត​គ្នា​យ៉ាង​ស្រួចស្រាល់ លើ​ប្រធានបទ​ជាច្រើន ទាំង​ក្នុងពេល និង​ក្រោយពេល​សង្គ្រាម ជាពិសេស​ក្រោយពេល​ចប់​សង្គ្រាមលោកលើកទី២​។ សង្គ្រាម​បាន​បំផ្លិចបំផ្លាញ និង​ធ្វើឲ្យ​មហាអំណាច​ខ្លះ​បាន​ធ្លាក់ចុះ មានតែ​សហរដ្ឋអាមេរិក និងសហភាព​សូវៀត ប៉ុណ្ណោះ​ដែល​បាន​ក្លាយទៅជា​កំពូល​មហាអំណាច​ទាំង​វិស័យ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងនយោបាយ​។ នៅក្នុង​ការបែកបាក់​នៃ​ពិភពលោក​នេះ ប្រទេស​ជាច្រើន​បាន​ងាកទៅរក​ប្លុក​មួយ​ក្នុងចំណោម​កំពូល​មហាអំណាច​ទាំងពីរ (ក្រោយមក ចលនា​មិន​ចូលបក្សសម្ព័ន្ធ​ត្រូវ​បាន​បង្កើតឡើង​នៅ​កំឡុង​​ទសវត្ស​ឆ្នាំ​១៩៦០)​។ ការប្រកួតប្រជែង ក្នុងកំឡុង​ពេល​នៃ​សង្គ្រាម​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ដំបូង​នៅ​ទ្វីបអឺរ៉ុប ក្រោយមក​នៅ​គ្រាប់​តំបន់​ទាំងអស់​នៃ​ពិភពលោក ដូច​ដែល​សហរដ្ឋអាមេរិក បាន​ខិតខំ​ទប់ស្កាត់​ការរីករាលដាល និង​កាត់បន្ថយ​ឥទ្ធិពល​នៃ​លទ្ធិកុម្មុយនិស្ត និងដឹកនាំ​សម្ព័ន្ធមិត្ត​ជាច្រើន ជាពិសេស​នៅ​អឺរ៉ុបខាងលិច និង​មជ្ឈិមបូព៌ា​។ នៅគ្រាដែល សហភាពសូវៀត​បាន​ផ្គត់ផ្គង់​ដល់​ចលនា​បដិវត្តន៍​កុម្មុយនិស្តនៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​អឺរ៉ុបខាងកើត អាមេរិកឡាទីន និង​អាស៊ីអាគ្នេយ៍​។

ភាព​តានតឹង និង​ការមិនទុកចិត្ត​គ្នា​នេះ ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ តាមរយៈ​សន្និសីទ​ធំៗ​ចំនួន៣ ដែល​​មេដឹកនាំ​អាមេរិក អង់គ្លេស និង​សហភាព​សូវៀត បាន​បើក​ធ្វើ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២។

ការឡើងកាន់តំណែង​របស់​លោក Harry Truman គឺ​ជា​របត់​ថ្មី​មួយ នៅ​ក្នុង​ទំនាក់ទំនង រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ដោយសារ​តែ​លោក Truman គឺ​ជា​អ្នក​ដែល​មាន​គំនិត​ស្អប់​កុម្មុយនិស្ត​បំផុត គឺ​ដូចគ្នា​នឹង​ស្តាលីន ដែល​ស្អប់​ពួក​មូលធននិយម​យ៉ាងនោះដែរ។ លើសពីនេះ​ទៅទៀត ប្រមុខដឹកនាំ​អាមេរិក និង​សូវៀត មាន​គោលដៅ​ផ្ទុយគ្នា​ទាំងស្រុង​ចំពោះ​អាល្លឺម៉ង់។ អាមេរិក​ចង់​ឃើញ​អាល្លឺម៉ង់​ក្លាយ​ជា​ប្រទេស​មួយ​រឹងមាំឡើងវិញ ដើម្បី​អាច​ជា​ដៃគូ​ពាណិជ្ជកម្ម​នឹងគ្នា។ ចំណែក​ឯ​សូវៀតវិញ​ចង់​ជាន់​​អាល្លឺម៉ង់​ឲ្យ​កាន់តែ​ធ្លាក់​ទន់ខ្សោយ ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​យក​ធ្វើ​ជា​តំបន់​ទ្រនាប់​ទប់ទល់​នឹង​មហាអំណាច​លោកខាងលិច។

នៅ​ដើមឆ្នាំ​១៩៤៦ មន្រ្តី​ទូត​អាមេរិក​ម្នាក់​ប្រចាំ​ទីក្រុង​ម៉ូស្គូ ឈ្មោះ​ថា Georges Kennan បាន​ផ្ញើ​តេឡេក្រាម​ដ៏វែងមួយ ទៅវ៉ាស៊ីងតោន ដោយ​បាន​សរសេរ​លម្អិត​ អំពី​យុទ្ធសាស្រ្ត​ដែល​អាមេរិក​គួរដាក់ចេញ​ចំពោះ​សហភាព​សូវៀត។ នៅ​ក្នុង​តេឡេក្រាម​នេះ លោក Georges Kennan បាន​លើកឡើង​ថា សហភាព​សូវៀត​បច្ចុប្បន្ន​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ចលនានយោបាយមួយ ដែល​មាន​ជំនឿ​យ៉ាងងប់ងល់​ថា សហភាព​សូវៀត​ និង​សហរដ្ឋ​អាមេរិក នឹង​មិន​អាច​ឈរនៅ​ជាមួយគ្នា​បាន​ជាដាច់ខាត។ ដូច្នេះ សហរដ្ឋ​អាមេរិក​មិនមាន​ជម្រើសអ្វី​ក្រៅតែ​ពីការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​រយៈពេល​វែងមួយ ដោយ​ប្រើ​គ្រប់មធ្យោបាយ ដើម្បី​រាំងខ្ទប់​​ការ​រីកសាយ​ភាយ​នៃ​ឥទ្ធិពល​កុម្មុយនិស្ត​សូវៀត។

យុទ្ធសាស្រ្ត ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ តាម​ភាសា​អង់គ្លេស​ថា « Containment » ត្រូវបាន​លោក​​ប្រធានាធិបតី​​អាមេរិក Harry Truman ឯកភាព​តាម ហើយនៅ​ឆ្នាំ​១៩៤៧ លោក​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​សភា​ពេញ​អង្គ​ថា អាមេរិក​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​​នូវ​នយោបាយ​មួយ គឺ​អាមេរិក​ត្រូវ​តែ​ចេញមុខ​ជួយ​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​កៀបសង្កត់​ពី​ប្រទេស​ក្រៅ។ នៅ​ពេល​នោះ​ហើយ ដែល​លោក Harry Truman បាន​ស្នើសុំ​ឲ្យ​សភា​ផ្តល់​លុយ​ចំនួន ៤០០លាន​ដុល្លារ ដើម្បី​យក​ទៅ​ជួយ​តួកគី និង​ក្រិក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្លុក​សូវៀត។

សន្ទុរកថា​របស់​លោក Harry Truman ​នៅ​ចំពោះ​សភា​​អាមេរិក ត្រូវបាន​គេ​ដាក់ឈ្មោះ​ថា​ជា « Truman Doctrine » ហើយ​ឆ្នាំ​១៩៤៧ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​កំណត់យក​​ជា​ចំណុច​ចាប់ផ្តើម​នៃ​សង្រ្គាម​ត្រជាក់ ដែល​បាន​អូសបន្លាយ​ពេល​អស់រយៈពេល​ជាង ៤ទសវត្សរ៍។

សង្រ្គាម​ត្រជាក់​បាន​ចាប់​ផ្ទុះឡើង​ជាផ្លូវការ នៅ​ឆ្នាំ​១៩៤៧ ជាមួយ​នឹង​ « Truman Doctrine » ហើយ​បិទបញ្ចប់ នៅ​ឆ្នាំ​១៩៩១ ជាមួយ​នឹង​ការ​ដួលរលំ​នៃ​សហភាព​សូវៀត។ នៅ​ក្នុងរយៈពេល​ជាង ៤០ឆ្នាំ​នេះ សង្រ្គាមត្រជាក់​ត្រូវបាន​គេ​បែងចែក​ជា​ច្រើន​ដំណាក់កាល។

នៅ​ដំណាក់កាល​ដំបូង ការប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​ផ្តោត​តែ​ទៅលើ​តំបន់​អឺរ៉ុប ជាមួយ​នឹង​ការ​បង្កើត​ “វាំងននដែក” ពុះចែក​តំបន់​អឺរ៉ុប​ជាពីរ គឺ​អឺរ៉ុប​ខាង​កើត​ ស្ថិតក្រោម​ឥទ្ធិពល​សូវៀត និង​អឺរ៉ុប​ខាងលិច​ស្ថិត​ក្រោម​ឥទ្ធិពល​អាមេរិក។ ប្រទេស​អាល្លឺម៉ង់​ក៏​ត្រូវ​បាន​ពុះចែក​ជា​ពីរ​ប្រទេស​ផងដែរ គឺ​អាល្លឺម៉ង់​ខាងកើត​គ្រប់គ្រង​ដោយ​កុម្មុយនិស្ត និង​អាល្លឺម៉ង់​ខាងលិច​​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

យុគសម័យ​នៃ​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​នុយក្លេអ៊ែរ​បាន​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​១៩៤៩ នៅ​ក្រោយ​ពេល​ដែល​សហភាព​សូវៀត​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​ប្រកបដោយ​ជោគជ័យ ហើយ​បិទបញ្ចប់​ភាព​ជា​មហាអំណាច​នុយក្លេអ៊ែរ​ផ្តាច់មុខ​របស់​សហរដ្ឋ​អាមេរិក។

នៅ​ដំណាក់​កាល​បន្ទាប់មក​ទៀត សង្រ្គាមត្រជាក់​បាន​ចាប់ផ្តើម​រីករាល​ចេញ​ពីតំបន់​អឺរ៉ុប ទៅ​ជា​សង្រ្គាម​ត្រជាក់​ពិភពលោក ជាមួយ​នឹង​ជ័យជម្នះ​របស់​ចលនា​កុម្មុយនិស្ត​ម៉ៅសេទុង​នៅ​ចិន និង​ការ​ផ្ទុះ​សង្រ្គាម​កូរ៉េ ពី​ឆ្នាំ​១៩៥០​ ដល់​ឆ្នាំ​១៩៥៣។

នៅ​ក្រោយ​ឆ្នាំ​១៩៥៣ ក្រោយ​ពេល​ដែល​ស្តាលីន​​ទទួលមរណភាព ទំនាក់ទំនង​ រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​​មាន​ការ​ប្រែប្រួល មាន​ចុះ​មានឡើង ពេលខ្លះ​ក៏​ធូរស្រាល ហើយ​ពេលខ្លះ​ក៏​តានតឹង ជាពិសេស នៅ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម មុននឹង​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំងបំផុត​​ស្ទើរតែ​ផ្ទុះ​ជា​សង្រ្គាម​នុយក្លេអ៊ែរ នៅ​ក្នុង​អំឡុង​វិបត្តិ​មីស៊ីល​គុយបា នៅ​ឆ្នាំ​១៩៦២។

នៅ​ក្រោយ​វិបត្តិ​មីស៊ីល​គុយបា សង្រ្គាម​ត្រជាក់​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មីមួយ​ទៀត គឺ​សហភាព​សូវៀត និង​ចិន ដែល​សុទ្ធសឹង​ជា​មហាអំណាច​កុម្មុយនិស្ត​បាន​បែកបាក់គ្នា ហើយ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​ក៏​មាន​ភាព​ធូរស្រាល​ច្រើន នៅ​ក្នុង​ដំណាក់កាល​មួយ ដែល​គេច្រើន​ហៅ​តាម​ភាសា​បារាំង​ថា « Détente »។

នៅ​ឆ្នាំ​១៩៧៩ នៅក្រោយ​ពេល​ដែល អាមេរិក និង​សូវៀត​បាន​លូកដៃ​ចូល​អន្តរាគមន៍ ក្នុង​សង្រ្គាម​ស៊ីវិល​ នៅ​អាហ្វហ្កានីស្ថាន ដំណាក់កាល​ធូរស្រាល (ឬ Détente) ក៏​ត្រូវ​បញ្ចប់ ហើយ​សង្រ្គាមត្រជាក់​ក៏​ចាប់ពុះកញ្ជ្រោលឡើងវិញ។

នៅ​ឆ្នាំ​១៩៨៥ លោក​មីកាអ៊ីល ហ្កូបាឆូវ (Makhail Gorbachev) បានឡើងកាន់អំណាច​ជា​លេខាបក្ស​កុម្មុយនិស្ត ហើយ​បាន​រៀបចំ​ធ្វើ​កំណែទម្រង់​បើក​ចំហ​ទាំង​ខាង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច គឺ​កំណែទម្រង់ ដែល​គេ​ហៅថា ប៉េរេស្ត្រយកា (Perestroika) និង​ហ្ក្លាស្នូស្ត (Glasnost)។ នៅ​ឆ្នាំ​១៩៨៨ សូវៀត​បាន​ប្រកាស​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន ហើយ​លោក​ហ្កូបាឆូវ​បាន​ប្រកាស​បិទបញ្ចប់​នយោបាយ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ក្នុង​ប្លុក​សូវៀត ហើយ​​បើក​សិទ្ធិសេរីភាព​ឲ្យ​បណ្តា​ប្រទេស​​​នៅ​អឺរ៉ុប​ខាងកើត​អាច​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង។

ចាប់ពីពេលនោះមក ចលនា​បះបោរ​ប្រឆាំង​នឹង​របបកុម្មុយនិស្ត​ក៏​បាន​ផ្ទុះឡើង​នៅ​ពាសពេញ​អឺរ៉ុប​ខាងកើត ​រដ្ឋាភិបាល​រណប​សូវៀត​ក៏​ចាប់ផ្តើម​ដួលរលំ​ម្តងមួយៗ ហើយ​នៅ​ចុង​ឆ្នាំ​១៩៨៩ ជញ្ជាំងក្រុង​ប៊ែរឡាំង ដែល​ខណ្ឌ​ចែករវាង​ដែនដី​កុម្មុយនិស្ត និង​ដែនដី​លោកខាងលិច ត្រូវ​ដួលរលំ។ ការដួលរលំ​នៃ​ជញ្ជាំងប៊ែរឡាង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជានិមិត្តរូប​នៃ​ការ​បិទបញ្ចប់ “វាំងននដែក” ដែល​​ខណ្ឌចែក​តំបន់​អឺរ៉ុប​ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២។

នយោបាយ​បើក​ចំហ​របស់​​​លោក​ហ្កូបាឆូវ​មិន​ត្រឹមតែ​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​របបកុម្មុយនិស្ត នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​ប៉ុណ្ណោះទេ សូម្បីតែ​នៅ​ក្នុង​សហភាព​សូវៀត​ខ្លួន​ឯង​ក៏​ត្រូវ​រង្គោះរង្គើ​ផងដែរ ដោយ​បណ្តា​រដ្ឋ​ជាសមាជិក​ចាប់ផ្តើម​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សហព័ន្ធ រួច​ហើយ​ក៏​បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​​​ជា​ប្រទេស​ឯករាជ្យ​ម្តងមួយៗ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក គឺ​លីទុយអានី អេស្តូនី និង​ឡេតូនី។ នៅទីចុងបំផុត សហភាព​សូវៀត​ក៏​ត្រូវ​ដួលរលំ​​បាត់រូប នៅ​​ឆ្នាំ​១៩៩១ ហើយ​សង្រ្គាម​ត្រជាក់​ក៏​ត្រូវ​បិទបញ្ចប់​ជាផ្លូវការ៕

ប្រភពដោយ៖ សំខាន់ កែសម្រួលដោយ៖ មនោ វិជ្ជា 

2 យោបល់

  1. ចម្រើនពរលោក/លោកស្រី!
    តើលោក/លោកស្រី សុខទុក្ខយ៉ាងណាដែរ?
    អាត្មាភាព សូមសេចក្តីអនុគ្រោះរៀបរាប់ដូចខាងក្រោម។
    អាត្មាភាពព្រះនាម ជួន ជឿន គង់នៅវត្តនួនមណីរាម (វត្តថាន់), សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ។
    អាត្មាមានចំណាប់អារម្មណ៍នឹងអត្ថបទរបស់លោក/លោកស្រីខាងលើជាខ្លាំង ដោយមានការបកស្រាយងាយស្រួលដល់ការសិក្សា ហើយក៏ពេញចិត្តនឹងការអានផងដែរ ប៉ុន្តែដោយអាត្មាភាព ពិបាកក្នុងការអានអត្ថបទតាមកុំព្យូទ័រ ឬទូរស័ព្ទ ដោយហេតុមានប្រមាណប៉ុណ្ណេះ អាត្មាសូមការអនុគ្រោះពីសំណាក់លោក/លោកស្រីនឹងបានបោះពុម្ពជាសៀវភៅ សម្រាប់សិក្សា។ តើលោក/លោកស្រីយល់សេចក្តីនេះយ៉ាងណាដែរ? អាត្មានឹងរងចាំការឆ្លើយតបតាមរយៈFacebook: ជួន ជឿន ឬក៏ស្វែងរកFacebookជាលេខទូរស័ព្ទក៏បាន 0925239527 ឬតាមរយៈE’mail: chuonchoeurn@gmail.com ។ សូមអរគុណ

    ដោយការរាប់អាន

  2. សូមបញ្ជាក់លេខទូរស័ព្ទក្នុងការស្វែងរកឈ្មោះតាមFacebookម្តងទៀតដោយពីមុនគឺខុសក្បាលប្រព័ន្ទ។

    Facebook: 0965239527 ឬ ជួន ជឿន

    អាត្មានឹងរង់ចាំការឆ្លើយតប

ឆ្លើយ​តប​

Please enter your comment!
Please enter your name here