មនុស្ស 10 ចំណុច ដែលមិនគួររាប់អានជាមួយ

0
264

មនុស្សទាំងអស់ មិនមែនសុទ្ធតែល្អត្រឹមត្រូវ និងគួរនៅរស់នៅក្បែរទេាំអស់ទេ ព្រោះមានអ្នកខ្លះក៏អាចទាញ ឬដឹកនាំឱ្យយើងកើតគំនិតអវិជ្ជមាន គ្រោះថ្នាក់ និងបរាជ័យដោយវិធីណាមួយដែរ ប្រសិនបើយើងមិចអាចទប់ទាល់បាន។ សូមអានមនុស្សទាំង 10ចំណុច ដែលមិនគួររាប់អានជាមួយ៖

  1. មនុស្សខ្ជិល 

មនុស្សដែលខ្ជិលក្នុងខ្លួនហើយ គ្មានប្រយោជន៍អ្វីគួររស់នៅក្បែរទេ ព្រោះគ្មានមួយកង់ណារឹងសោះឡើយ។ ដូច្នេះមានតែទាញយើងឱ្យកាន់តែអាក្រក់ឡើង​ ថែមទាំងពឹងពាក់ដល់យើងឥតឈប់ឈរមិនខានទេ ដោយសារតែមនុស្សខ្ជិលជាបន្ទុកដល់ធំបំផុតសម្រាប់សង្គមមនុស្ស។ បើអ្នកដឹងថាខ្លួនខ្ជិលត្រង់ចំណុចណា ចូរប្រញាប់កែតម្រូវឡើងវិញ បើសិនមិនចង់បាត់បង់មិត្តភក្តិ និងមនុស្សនៅជុំវិញខ្លួន ព្រោះគេនឹងចាកចេញពីយើងទាល់តែអស់។

2. អ្នកលេងល្បែង

បើមានមិត្តភក្តិ ជាអ្នកញៀននឹងល្បែង ខ្មោចល្បែងចូលខ្លួនហើយ គួរតែជៀសចេញពីគេ ប្រយ័ត្នគេនាំទុក្ខដល់យើងថែមទៀត។ មនុស្សញៀនល្បែង គ្មានអនាគតទេ ដូច្នេះមិនគួរតនៅក្បែរគេឡើយ ព្រោះស្រួលមិនស្រួលគេអាចមកខ្ចីលុយយើង​ឬលួចលុយយើងទៅលេងល្បែងក៏ថាបាន។

៣. អ្នកញៀនគ្រឿងញៀន 

មនុស្សដែលញៀនថ្នាំគឺ ជាមនុស្សមិនគួរនៅជិតជាដាច់ខាត ព្រោះគេអាចនឹងអូសទាញយើងឱ្យទៅប្រើប្រាស់គ្រឿងញៀនជាមួយគេបាននៅពេលណាមួយ។ ដូច្នេះត្រូវតែគេចចេញពីមិត្តភក្តិណា ដែលញៀនថ្នាំ ឬប្រើប្រាស់គ្រឿងញៀនទាំងនោះ ម្យ៉ាងវិញទៀត បើសិនដឹងថាគេញៀនថ្នាំ ឬប្រើប្រាស់គ្រឿងញៀនគួរតែណែនាំឱ្យគេឈប់ប្រើប្រាស់ ឬក៏ឱ្យគេទៅកែប្រែខ្លួននៅមណ្ឌលផ្តាច់គ្រឿងញៀនក៏បានដែរ បើស្រឡាញ់មិត្តភក្តិ។

៤. មនុស្សប្រមឹក

បើសិនគ្រួសារតែផឹកស្រាយូរម្តង គេមិនដែលហៅថាមនុស្សប្រមឹកទេ។ មនុស្សប្រមឹក ទាល់តែផឹកស្រា ទាំងថ្ងៃទាំងយប់ ស្រវឹងខួប គ្មានពេលសម្រាក គ្មានពេលរកសុីអ្វីទាំងនោះ ទើបគេហៅថាមនុស្សប្រមឹក។ ដូច្នេះបើសិនមានមិត្តភក្តិណាពូកែផឹកស្រាពេក ក៏មិនគួរសេពគប់ជាមួយដែរ ព្រោះគេអាចនាំយើងឱ្យផឹកសុីខាតពេលវេលារកសុី និងលុយកាក់ជាច្រើនរបស់យើងថែមទៀត។

៥. អ្នកដែលមានមុខរបរមិនពិតប្រាកដ

អ្នកដែលគ្មានមុខរបរពិតប្រាកដ យើងពិបាកនឹងទុកចិត្តគេណាស់ ដោយសារតែគេមិនអាចទុកចិត្តបាន គ្មានការងារជាក់លាក់ក្នុងសង្គម មិនដឹងថាគេជាចោរឬជាមនុស្សល្អផង។ ដូច្នេះបើមានមិត្តថ្មី គួរតែសុើបឱ្យដឹងពីអាជីពរបស់គេជាអ្វី ហើយការងាររបស់គេសុច្ចរិតឬទេ? ស្រួលមិនស្រួលអាចជាចោរអី មិនទាញយើងចូលគុកជាមួយគេហើយទេ?

៦. អ្នកចូលចិត្តដើរលេងច្រើន

នៅពេលដែលមនុស្សដើរលេងច្រើន ប្រាកដជាត្រូវចំណាយអស់ច្រើន និងខាតពេលច្រើន។ ដូច្នេះបើយើងអ្នកធ្វើការងារ មិនមែនជាកូនសេដ្ឋីអីទេ ចូរកុំសេពគប់នឹងមនុស្សដែលគ្មានការងារធ្វើ ចូលចិត្តដើរលេងច្រើន ចាយលុយឪពុកម្តាយអី ព្រោះពួកគេមិនដែលខ្វល់នឹងរឿងលុយកាក់ទេ តែយើងបើសិនធ្វើដូចពួកគេនឹងត្រូវដាច់បាយមិនខាន។ ជាពិសេសបំផ្លាញពេលវេលារបស់យើងអស់ច្រើនទៀតផង។

៧. គ្មានភាពក្លាហា

បើមនុស្សយើងគ្មានភាពក្លាហានទេ ធ្វើអ្វីក៏មិនអាចសម្រេចបានដែរ​ មិនថាតែការងាររកសុី ឬធ្វើកិច្ចការអ្វីទេ។ ដូច្នេះភាពក្លាហាននេះ សំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា បើសិនមិត្តភក្តិយើងគ្មានភាពក្លាហានទេ ឧទាហរណ៍ថា យើងមានរឿងអ្វីមួយគេនឹងរត់ចោលយើងមិនខាន។ ដូច្នេះហើយ បើសិនទុកមនុស្សក្បែរខ្លួនគ្មានភាពក្លាហាន គ្មានប្រយោជន៍អ្វីទេ អាចនឹងនាំទុក្ខដល់យើងថែមទៀត។

៨. ក្លាហានជ្រុល 

សេចក្តីក្លាហានចែកចេញជាពីរ ក្លាហានត្រូវកាលៈទេសៈ (ហ៊ានជម្នះឧបសគ្គ) និងក្លាហានខុសកាលៈទេសៈ (អួតក្អែងក្អាង)។ ដូច្នេះបើសិនមានមិត្តភក្តិ ឬមនុស្សក្បែរខ្លួនយើងគាត់ក្លាហានពេក ថ្ងៃណាមួយអាចនឹងជាំមុខ បែកមាត់ដោយសារតែគាត់យកមកឱ្យមិនខានទេ។ អ្នកក្លាហានពិតប្រាកដ គេក្លាហានក្នុងការងារ ដោះស្រាយបញ្ហា និងឧបសគ្គ មិនមែនជាសេចក្តីក្លាហានក្នុងការកាប់ចាក់គ្នានោះទេ។

៩. មនុស្សអាងអំណាច

មនុស្សមួយចំនួន ពេលមានអំណាចក្នុងដៃ តែងតែអួតក្អែងក្អាងដូចជាស្តេចទើបឡើងគ្រងរាជថ្មីៗ បើសិនយើងនៅជាមួយគេ មិននៅឱ្យគេជិះជាន់ហើយទេ? ដូច្នេះជៀសឱ្យឆ្ងាយពីមនុស្សដែលពោរពេញដោយអំនួតក្នុងខ្លួន ព្រោះគេមិនអាចនៅគ្រងរាជបានយូរទេ អំណាចច្បាស់ជាប្រែប្រួល។ ធម្មតាទេ បើយើងរស់នៅក្បែរមនុស្សគេមានអំណាច គេនឹងប្រើយើងវិលក្បុងមិនខាន ជាពិសេសមនុស្សដែលអួតអាងពីអំណាចនេះតែម្តង។

១០. មនុស្សគំនិតអវិជ្ជមាន

មនុស្សគ្មានគំនិតវិជ្ជមាន មិនបាច់នៅក្បែរគេទេ ព្រោះឆាកជីវិតរបស់គេមិនអាចជោគជ័យឡើយ។ ចំពោះមនុស្សដែលគ្មានមហិច្ឆតា គ្មានថ្ងៃអាចឡើងបានខ្ពង់ខ្ពស់ និងល្អប្រសើរឡើយ។ ដូច្នេះបើរស់នៅជិតមនុស្សអវិជ្ជមាន យើងនឹងក្លាយជាមនុស្សវិជ្ជមានដែរ ប្រៀបបាននឹងទំនាញផែនដីអ៊ីចឹង។ បើយល់ល្អ ចាកចេញកាន់តែលឿនកាន់ទេល្អ មនុស្សអវិជ្ជមានគ្មានលទ្ធផលល្អទេ៕

អត្ថបទដោយ៖ មនោ វិជ្ជា 

 

ចែករំលែក
អត្ថបទ​មុនស្រាគឺថ្លៃ តែមនុស្សគឺថោក
អត្ថបទ​បន្ទាប់7 ចំណុច ដែលមិនគួរស្រឡាញ់នារីប្រភេទនេះធ្វើជាភរិយា
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here