ប្រវត្តិសាស្ត្រ​ពិភពលោក៖ កំពូលអធិរាជសង្រ្គាមទាំង ៥រូប ដែលល្បីល្បីបំផុតក្នុងប្រវត្តិសាស្ត្រ​

1
2065
ពី​ឆ្វេងមក​ស្ដាំ ៖ សង់ស៊ីខាន់ - ជូលាស៊ីសា - ណាប៉ូឡេអុង​បូណាប៉ា និង​ហាន់​នី​បល

១. សង់ស៊ីខាន់ (Genghis Khan) (១១៦២ – ១២២៧)

ជា​អធិរាជ​នៃ​ចក្រភព​ម៉ុងហ្គោល៖ សង់ស៊ីខាន់​ជា​ប្រជារាស្ត្រ​សាមញ្ញ ហើយ​បាន​តាំង​ខ្លួន​ឯង​ជា​អធិរាជ (Emperor) ​ហើយ​បាន​អនុវត្ត​ន៍យោបាយ​វាតទី​និយម (expansionism)។ សង់ស៊ីខាន់ លើក​កងទ័ព​វាយ​យក​ប្រទេស (នគរ) និង​តំបន់​តូច​ធំ​ជា​ច្រើន យក​ទៅ​ដាក់​ក្រោម​ចំណុះ​របស់​ខ្លួន ហើយ​បាន​បង្កើត​ជា​ចក្រភព​ម៉ុងហ្គោលមួយ ​ដែល​មាន​វិសាលភាព​ធំ​រហូត​ដល់ ៣៣លាន​គីឡូម៉ែត្រ​ការ៉េ (ក្នុង​ដំណាក់កាល​រីក​ចម្រើន​បំផុត)។

សង់ស៊ីខាន់​ជា​មេទ័ព ដែល​ច្បាំង​មិន​ដែល​ចាញ់ នៅ​ក្នុង​គ្រប់​សមរភូមិ គឺ​លើក​ទ័ព​វាយ​តំបន់​ណា ត្រូវ​តែ​វាយ​យក​តំបន់​នោះ​ឲ្យ​ខានបាន។ សង់ស៊ីខាន់​ច្បាំង​យក​ទឹកដី សឹង​តែ​មួយ​ចំហៀង​ពិភពលោក យក​មក​គ្រប់គ្រង​ក្នុង​ដៃ។ លោក​ជា​មេទ័ព ដែល​មាន​ចិត្ត​កាច​សាហាវ សម្លាប់​មនុស្ស​ដូច​សត្វគ្មាន​បន្ធូរ​ដៃ​។ លោក​ទទួល​មរណភាព នៅ​ថ្ងៃ​ទី១៨ ខែសីហា ១២២៧ (អាយុ ៦៥ ឆ្នាំ)។ នៅ​ក្នុង​លោក​នេះ មាន​តែ​សង់ស៊ីខាន់​ម្នាក់​គត់ ដែល​មាន​ប្រវត្តិ​វាយ​យក​បាន​តំបន់​ត្រួតត្រា​ធំ​ជាង​មេទ័ព ឬ​មេដឹកនាំ​ណា​ទាំង​អស់​។ រឿង​ហួស​ចិត្ត​មួយ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ និង​ជា​ចំណុច​ខ្សោយ​របស់​អធិរាជ​សង្គ្រាម​រូប​នេះ គឺ​លោក​កើត «ជំងឺ​​ខ្លាច​សត្វ​ឆ្មា – ailurophobia»។

សង់ស៊ីខាន់ និង​ដៃជើង​របស់​លោក​បាន​បង្ក​វិនាសកម្ម​យ៉ាង​ធំធេង​សម្រាប់​មនុស្ស​ជាតិ ដែល​ជា​បច្ច័យ​នៃ​គំនិត​ឈ្លាន​ពាន​របស់​លោក ដោយ​ក្នុង​នោះ​មនុស្ស ៤០លាន​នាក់ ​បាន​ស្លាប់​ក្រោម​ស្នាដៃ​ និង​ការ​បញ្ជា​របស់​លោក។ ​សម្រាប់​មនុស្ស​ភាគច្រើន គេយល់​ថា​លោក​ជា​មនុស្ស​ឃោរឃៅ ចំណែក​នៅ​ក្នុង​ទស្សនៈ​ជា​រួម​របស់​ប្រទេស​ម៉ុងហ្គោលី គេ​ចាត់​ទុក​លោក​ជា​មហាបុរស និង​វីរបុរស​ជាតិ​របស់​គេ (Hero) និង​បាន​កសាង​រូប​សំណាក​ទុក​ជា​អនុស្សាវរីយ៍​ទៀត​ផង។

អធិរាជ Genghis Khan

២. អាឡិចសានដឺដឹហ្គ្រេត (Alexander the Great) (៣៥៦ – ៣២៣ មុន​គ្រិស្តសករាជ)

​អាឡិចសាន់ដឺ​ ជា​អធិរាជ​នៃ​ប្រទេស​ម៉ាសេដូនី (Macedonia) និង​បាន​វាយ​ពង្រីក​តំបន់​ត្រួតត្រា​ជាច្រើន​ទៀត ដោយ​លើក​ទ័ព​វាយ​យក​ចក្រភព​ពែក្ស (Persian Empire) និង​អេហ្ស៊ីប។ លោក​ជា​កូន​សិស្ស​​របស់​អារីស្តូត (Aristotle)។ ចក្រភព​ដែល​អធិរាជ​អាឡិចសាន់ដឺ​គ្រប់គ្រង លាត​សន្ធឹង​ចាប់ពី​តំបន់​មេឌីទែរ៉ាណេ (the Mediterranean) ធ្លាយ​ដល់​ព្រំដែន​ប្រទេស​ឥណ្ឌា។ ក្នុង​ព្រះជន្ម ១៨វស្សា អធិរាជ​​អង្គ​នេះ ក្លាយ​ជា​មេទ័ព​ដ៏​ល្បីល្បាញ​ខាង​បញ្ជា​ទ័ព​សេះ។ ព្រះអង្គ​បាន​សុគត​ក្នុង​ជន្មាយុ ៣២ឆ្នាំ ​ដោយ​ជំងឺ​គ្រុន​ចាញ់ (malaria)។ អាឡិចសាន់ដឺ ស្ថិត​ក្នុង​ចំណោម​អ្នក​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​ជោគជ័យ​ និង​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត។

អធិរាជ​អាឡិចសានដឺដឹហ្គ្រេត (Alexander the Great)

៣. ហាន់នីបល (Hannibal Barca) (២៤៧ – ១៨៣ មុន​គ្រិស្តសករាជ)

​លោក​ជា​មេទ័ព​ដ៏​ល្បីល្បាញ រហូត​ដល់​សូម្បី​អធិរាជ​សង្គ្រាម​ដទៃ​ទៀត​ដូច​ជា ​ណាប៉ូឡេអុង​បូណា​-ប៉ាត៍ ក៏​កោតសរសើរ​លោក​ដែរ។ លោក​ហាន់នីបល​បាន​ចិញ្ចឹមចិត្ត​តាំង​ពីណាពីណី​ដូច​ប៉ា​របស់​លោក​ដែរ គឺ​ប៉ុនប៉ង​វាយ​យក​ចក្រភព​រ៉ូម (Rome Empire) មក​ត្រួតត្រា​ក្នុង​ដៃ។ លក្ខណៈ​ពិសេស​របស់​ហាន់នីបល ត្រង់​លោក​មាន​សមត្ថភាព​ដឹកនាំ​កម្លាំង​ទ័ព​ដ៏​ច្រើន​មហិមា​ ចូល​ទន្ទ្រាន​តំបន់ឬ​នគរ​ណាមួយ។ ទ័ព​ទាំង​នោះ​​មាន​តាំង​ពី​ទ័ព​ដំរី ទ័ព​សេះ និង​ទ័ព​ថ្មើរជើង ហើយ​ធ្វើ​ដំណើរ​កាត់​ព្រៃភ្នំ​ក្រំ​ថ្ម កាត់​ជួរ​ភ្នំអាល់ (the Alps) ដើម្បី​ទៅ​វាយ​ចក្រភព​រ៉ូម។

 

មេទ័ព​ហាន់​នី​បល (Hannibal Barca)

៤- ជូលាស៊ីសា (Julius Caesar) (១០០ – ៤៤ មុន​គ្រិស្តសករាជ)

ជូលា​ស៊ីសា កើត​នៅ​ឆ្នាំ១០០ មុន​គ្រិស្តសករាជ នៅ​ទីក្រុង​រ៉ូម (Rome)។ តាំង​ពី​ក្មេង​រៀងមក ស៊ីសា​បាន​ចាក​ឆ្ងាយ​គ្រួសារ​ដើម្បី​ទៅ​បំពេញ​កាតព្វកិច្ច​យោធា នៅ​ទ្វីប​អាស៊ី និង​កោះ​ស៊ីស៊ីលី (Cilicia)។ ​ជូលាស៊ីសា ជា​មេដឹកនាំ​ផង និង​ជា​មេទ័ព​ផង នៃ​ចក្រភព​រ៉ូម ដោយ​លោក​បាន​តាំង​ខ្លួន​ឯង​ជា​មេដឹកនាំ​ផ្ដាច់​ការ​នៃ​ចក្រភព​រ៉ូម។ ថ្វីត្បិត​ជា​បុគ្គល​ដ៏​អង់អាច​ក្លាហាន ប៉ុន្តែ​លោក​មាន​ «ជំងឺ​ខ្លាច​សត្វ​ឆ្មា –  ailurophobia»។

មេទ័ព​ជូលាស៊ីសា (Julius Caesar)

៥- ណាប៉ូឡេអុង ​បូណាប៉ាត៍ (Napoleon Bonaparte) (១៧៦៩ – ១៩២១) អធិរាជ​នៃ​ប្រទេស​បារាំង

​ណាប៉ូឡេអុង​បូណាប៉ា ឬ​ណាប៉ូឡេអុង​ទី​មួយ មាន​ម្ដាយ​ឪពុក​ជា​ជនជាតិ​អ៊ីតាលី កើត​នៅ​លើ​កោះ គ័រស៊ីកា (Corsica) ប្រទេស​បារាំង។ លោក​ជា​អ្នក​ដែល​មាន​កោសល្យ​ខ្ពស់​ខាង​វិស័យ​យោធា ដោយ​ក្នុង​នោះ​ ត្រឹម​អាយុ​ជាង ២០ឆ្នាំ លោក​ប្រៀប​បាន​នឹង​មេទ័ព​ដែល​មាន​បទពិសោធន៍​ធ្វើ​សង្គ្រាម ៣០ទៅ៤០ឆ្នាំ។ លោក​ជា​អធិរាជ​បារាំង (Emperor of the French) ​ចាប់ពី​ឆ្នាំ១៨០៤ – ១៨១៤ និង​ជា​អធិរាជ​ម្ដង​ទៀត​ពី​ឆ្នាំ១៨១៥។

ណាប៉ូឡេអុង​ ជា​អធិរាជ​សង្គ្រាម​ដែល​ច្បាំង​មិន​សូវ​ចាញ់ ហើយ​ទើប​តែ​បាក់​លោង​ពេល​លើក​កង​ទ័ព​ជាង​កន្លះ​លាន​នាក់ វាយ​ចូល​ប្រទេស​រុស្ស៊ី ហើយ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​អាកាសធាតុ​ត្រជាក់​ពេក។ ក្រោយមក លោក​ទទួល​បរាជ័យ​ម្ដងទៀត នៅ​តំបន់​វាត់ថឺលូ (Waterloo)។ លោកធ្លាប់​លើក​កងទ័ព វាយ​ដល់​ប្រទេស​អេហ្ស៊ីប​ និង​ចក្រភព​រុស្ស៊ី ហើយ​ទី​បំផុត​បាន​ច្បាំង​ចាញ់​នៅ​តំបន់ «វាត់ថឺលូ – Waterloo» ហើយ​ត្រូវ​បាន​ពួក​អង់គ្លេស​បញ្ជូន​ទៅ​រស់​នៅ «កោះ​សាំងហេឡេណា – Saint Helena» ដែល​ស្ថិត​នៅ​ឆ្ងាយ​ដាច់​សង្វែង​កណ្ដាល​មហាសមុទ្រ​អាត្លង់ទិច (Atlantic Ocean) ជា​លក្ខណៈ​បំបរបង់​។ លោក​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ១៨២១ ក្នុង​ជន្មាយុ ៥១ឆ្ នាំ​ដោយ​ជំងឺ​មហារីក​ក្រពះ (stomach cancer)។

 


អធិរាជ​ណាប៉ូឡេអុង​បូណាប៉ាត៍ ឬ​ណាប៉ូឡេអុង​ទី​មួយ (Napoleon Bonaparte)

ប្រភពដោយ៖ Thebnews / BBC កែសម្រួលដោយ៖ មនោ វិជ្ជា

ការ​បំភ្លឺមួយ​

ឆ្លើយ​តប​

Please enter your comment!
Please enter your name here