ឆាវឆាវ៖ អត្ថបទល្អមួយ ស្មើនឹងកងទ័ពជាង ១សែននាក់

1
1065

សម័យស្តេចហាន ដែលមាន ឆាវឆាវ ជាឧបរាជគ្រប់គ្រងរាជការ ថ្វើបើគ្រានោះវាច្របូកច្របល់ដោយសង្គ្រាមបង្ហូរឈាមគ្នាក៏ពិតមែន តែសង្គមនិងរាជការហានមានសភាពល្អប្រសើរជាងការគ្រប់គ្រងរបស់ឧបរាជមុន តុងជ័រ ដែលក្តោមអំណាចទាំងអស់ និងមានចិត្តចង់ឡើងសោយរាជ្យទៀត។ ចំពោះ ឆាវឆាវ វិញគឺខុសគ្នា ដោយសារតែឆាវឆាវ មិនចង់ឡើងធ្វើស្តេចទេ ហើយក៏មិនចង់ធ្វើជាចោរលួចជាតិ តែគេគ្រាន់តែទុកស្តេចជាបក្សីទេពដែលនៅក្នុងទ្រុងមាសប៉ុណ្ណោះ។

ឈិនលីង ជាកំពូលអ្នកសរសេរអត្ថបទនៅសម័យនោះ ដែលបម្រើការឱ្យយានសាវ ដែលជាមេទ័ពធំបីជំនាន់រាប់តាំងពីជីតាមកដល់គេមក។ គេបានទទួលបញ្ជាពីម្ចាស់យានសាវ ដើម្បីឱ្យសរសេរអត្ថបទវាយប្រហារជនក្បត់ជាតិ ឆាវឆាវ ដែលមនុស្សជាច្រើនច្រណែនគេផង ស្អប់គេផង តែមិនអាចធ្វើអ្វីគេបាន។ ប៉ុន្តែចំណែកយានសាវ វិញមានកងទ័ពកាន់នៅក្នុងដៃជាង ៧០ម៉ឺននាក់ ស្មើនឹង ៧សែននាក់ ដែលឆាវឆាវ មានមួយភាគដប់ប៉ុណ្ណោះ។ នៅក្នុងអត្ថបទវាយប្រហារជនក្បត់នោះ ប្រើធ្វើឱ្យឆាវឆាវ អានហើយបែកញើសជោកខ្លួននិងជាពីជំងឺឈឺក្បាលភ្លាមៗ ប្រៀបបាននឹងឱសថទិព្វចុះមកពីលើមេឃអ៊ីចឹង។ គេបានហៅកូនរបស់គេមកអានកំពូលអត្ថបទនោះ រួមមាន ឆាវភី និង ឆាវជឺ (ជាម្ចាស់កំណាព្យប្រាំពីរជំហានល្បីសុះសាយនៅសម័យកាលក្រោយពីឆាវឆាវ ទទួលមរណៈភាពផងដែរ)។ ឆាវឆាវ ពោលថា «តើពេលណាពួកឯងអាចសរសេរអត្ថបទដ៏អស្ចារ្យនេះបាន? អត្ថបទនេះតែមួយ ស្មើនឹងកងទ័ពជាង ១សែននាក់»។ អត្ថន័យក្នុងកំពូលអត្ថបទនោះរៀបរាប់បានយ៉ាងល្អឥតខ្ចោះ ដោយដៀមដាប និងជេរប្រមាថត្រកូលឆាវតាំងពីជីដូនជីតារហូតដល់កូនរបស់ឆាវឆាវទៀត អានហើយបើមិនខឹងទេ មានតែចម្លែក និងលាយឡំដោយអត្ថន័យម៉ឺងម៉ាត់បំផុត ដែលធ្វើឱ្យមនុស្សជាច្រើនកោតសរសើរអត្ថបទនេះគ្រប់ៗគ្នា ថែមទាំងក្រោធខឹងនឹងអំពើឃោរឃៅរបស់ឆាវឆាវផង។

ហេតុអ្វីបានជាអត្ថបទមួយនោះ ស្មើនឹងកងទ័ពជាង ១សែននាក់?

នៅក្នុងអត្ថបទនោះបានបង្កប់កងទ័ពរាប់សែននាក់ (រាស្ត្រ) ឱ្យក្រោកឡើងប៉ះបោរនឹងឆាវឆាវ ដែលជាជនអាក្រក់ក្បត់ជាតិ ចាប់ស្តេចគម្រាមអស់ពួកសម្តេចទាំងឡាយ ធ្វើឱ្យប្រជារាស្ត្រ​ក្តៅក្រហាយគ្រប់គ្នា។ ដូច្នេះហើយ ឈិនលីង ត្រូវបានឆាវឆាវ ខឹងផង ស្រឡាញ់ផង និងចង់ប្រើប្រាស់គេផង…។ ក្រោយពីបញ្ចប់សង្គ្រាម ដោយឆាវឆាវ យកឈ្នះលើយានសាវ ហើយ កំពូលអ្នកសរសេរអត្ថបទឈិនលីង ត្រូវបានឆាវឆាវ តែងតាំងជាអ្នកប្រាជ្ញខាងសរសេរអត្ថបទ ហើយរូបគេមិនបាចធ្វើអ្វីឡើយ គ្រាន់តែបិទផ្ទះសរសេរតែអត្ថបទរួចយកឱ្យឆាវឆាវ អានក៏បានប្រាក់ខែរាជ្យការដោយស្រួល។

មូលហេតុដែលឆាវឆាវ ធ្វើបែបនេះមានបីយ៉ាង៖

១. គេពេញចិត្តនឹងសមត្ថភាពរបស់អ្នកសរសេរអត្ថបទនេះ និងចង់អានឱ្យបានរាល់ថ្ងៃ។

២. ពេលដែលគេអានហើយ ធ្វើឱ្យគេសប្បាយចិត្តជាងខ្លាំង រហូតធ្វើឱ្យជំងឺរបស់គេធូរស្រាលម្តងរួចមកហើយ។

៣. ទម្លាប់របស់ឆាវឆាវ មិនអាចទុកឱ្យអ្នកមានសមត្ថភាពទៅបម្រើការឱ្យអ្នកផ្សេងក្រៅពីគេឡើយ។ ដូច្នេះការទុកគេឱ្យនៅខាងខ្លួនគឺ ជារឿងដែលមានប្រយោជន៍ចំពោះគេខ្លាំងណាស់។

សរុបជារួមមកវិញ អ្នកដែលមានសមត្ថភាពចេះដឹង គេអាចយកជក់សម្លាប់មនុស្សបានដោយងាយបំផុត និងមិនឱ្យឃើញឈាមទៀតផង។ ដូច្នេះចូរកុំមើលស្រាលសត្រូវរបស់ខ្លួនឱ្យសោះ មិនថាគេជាជនសាមញ្ញ ឬជាអ្នកសិក្សាទន់ខ្សោយក៏ដោយ ព្រោះថាអ្វីដែលមុតស្រួចជាងគេបំផុតគឺ ចំណេះដឹងតែមួយគត់៕

អត្ថបទដោយ៖ មនោ វីជ្ជា 

ការ​បំភ្លឺមួយ​

  1. […] នៅសម័យបុរាណកាលចិន ពេលសង្គ្រាមធំរវាង ឆាវឆាវ និង យានសាវ បានបញ្ចប់ អ្នកដែលជោគជ័យគឺជាឆាវឆាវ។ ប៉ុន្តែក្រោយពីភាពជោគជ័យលើសមរភូមិហើយ ឆាវឆាវ ក៏បានប្រមូលធនធានជាច្រើនទៀតពីយានសាវ រួមមានដូចជា៖ ក្រុងរបស់យានសាវ ផ្ទះសម្បែកដ៏ធំស្កឹមស្កៃ កងទ័ពស្បៀង មានប្រាក់ ទ្រព្យសម្បត្តិជាច្រើន រួមនឹងអ្នកសិក្សាជាច្រើននាក់ទៀត តែនៅគ្រានោះ អ្នកដែលឆាវឆាវ ពេញចិត្តជាងគេបំផុតគឺមានតែ ឈិនលីង តែម្នាក់គត់ ព្រោះតែគេជាមនុស្សម្នាក់គត់ដែលសរសេរសំបុត្រវាយប្រហារជនក្បត់ឆាវឆាវ ហើយនៅពេលនោះដែរ ឆាវឆាវអានចប់សំបុត្ររបស់ ឈិនលីង ភ្លាម គេស្រាប់តែបែកញើញជោកក្បាល ជំងឺឈឺក្បាលរបស់គេក៏បានជាសះស្បើយវិញភ្លាមមួយរំពេច។ អានអត្ថបទរបស់ឈិនលីង ចុចទីនេះ […]

ឆ្លើយ​តប​

Please enter your comment!
Please enter your name here