ការដឹកនាំសង្គមខ្មែរ ក្នុងរជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៧

0
2685

បរិស្ថានសង្គមខ្មែរនាសម័យនោះ គឺបរិស្ថានសង្គមមួយដែលស្ថិតក្រោយពីសង្គ្រាមរ៉ាំរ៉ៃ ធ្វើឲ្យប្រទេសជាតិខ្មែរមានការបែកបាក់ខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធ។ យើងអាចកត់សំគាល់ថា ព្រះរាជាណាចក្រកម្ពុជាក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺជាសហព័ន្ធដ៏ធំមួយដែលសហគមន៍នានា ត្រូវបានផ្សំផ្គុំឡើងដោយសង្គមតូចធំទំាងឡាយ ដែលក្នុងនោះមានកុលសម្ព័ន្ធមន-ខ្មែរ ដែលស្ថិតក្រោមការត្រួតត្រានៃអាជ្ញាធរខ្មែរ បានបំពេញតួនាទីមួយយ៉ាងសំខាន់ ។ ហេតុនេះហើយព្រះមហាក្សត្រខ្មែរបុរាណ ក្នុងការស្តារប្រទេសជាតិឡើងវិញ បានខិតខំប្រមែប្រមូលច្របាច់សហគមន៍ទាំងនោះ មិនថាខ្មែរខាងណាជាខាងណាឡើយ ដើម្បីជាមហាសាមគ្គី…….សាងសង់នូវមន្ទីរពេទ្យ….. ធម្មសាលា….. ប្រព័ន្ធធារាសាស្ត្រ និង ប្រាង្គប្រាសាទនានា។ ដែលក្នុងនោះត្រូវបញ្ចូលនូវការកាប់ឆ្ការព្រៃដើម្បីធ្វើចំការ ឬដាំស្រូវផងដែរ។

តាមរយៈសកម្មភាពនេះ ព្រះរាជាខ្មែរចង់បង្ហាញថា រដ្ឋខ្មែរជារដ្ឋមួយដែលមានអភិបាលកិច្ចល្អ ពុំអាចបំបែកបាន ហើយមានតែទង្វើនេះទេ ដែលអាចផ្តល់ចំពោះជនជាតិខ្មែរនូវឯកភាពជាតិ និងវឌ្ឍនភាពជាតិបាន។ ដូចព្រះរាជាមុនៗដែរ ព្រះបាទជ័យវរ្ម័នទ្រង់យល់ថា មានតែវិស័យគមនាគមន៍សាសនាតែប៉ុណ្ណោះទេ ដែលនាំមកនូវការឯកភាពជាតិបាន ដែលជាប្រភពមិនងាយរីងស្ងួតនៃវឌ្ឍនភាព។ អាស្រ័យហេតុដូចបានពោលខាងលើ យើងបានឃើញនូវសំណង់យ៉ាងច្រើនទូទាំងដែនដីខ្មែរបុរាណ។ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះបាទជ័យវរ្ម័នទី៧ ទំព័រប្រវត្តិសាស្ត្រជាតិបានឲ្យដឹងថា ព្រះអង្គបានសម្រេចនូវគោលដៅយ៉ាងពេញលេញ ដោយជោគជ័យជាស្ថាពរ។ គប្បីត្រូវរំលឹកឡើងវិញនៅទីនេះផងដែរថា នាសម័័យនោះ ជនជាតិខ្មែរពុំទាន់ប្រើនូវទង់ជាតិដូចសព្វថ្ងៃនោះទេ ដែលជាប្រពៃណីមានប្រភពចេញពីប្រទេសអឺរ៉ុប ក៏ប៉ុន្តែមានបញ្ញាត្តិចម្បង គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដែលមនុស្សក្នុងសង្គមបានអនុវត្តយ៉ាងហ្មត់ចត់ទៅហើយ។ ស្ថិតនៅលើមូលដ្ឋាននេះ ដោយប្រឈមមុខទៅនឹងវិបត្តិផ្ទៃក្នុងផង ព្រះអង្គបានព្យាយាមប្រមូលផ្តុំសង្គមខ្មែរក្នុងចក្រភពអង្គរ កុំឲ្យបែកបាក់គ្នាតទៅទៀត ដោយផ្សាភ្ជាប់នៃបាវចនា ជាតិ សាសនា និង ព្រះមហាក្សត្រ នេះឯង ។

ជាទូទៅទិដ្ឋភាពវប្បធម៌ក្នុងសម័យនោះ មានភាពរុងរឿងខ្ពង់ខ្ពស់ណាស់ បើយើងធ្វើការវិភាគលើចារឹកសាស្ត្រ និងបដិមាសាស្ត្រ។ នៅក្នុងភាពរុងរឿងផ្នែកវប្បធម៌នេះ នគរខ្មែរយើងបានស្គាល់នូវភាពលូតលាស់ផ្នែកអក្សរសិល្ប៍ អក្សរសាស្ត្រខ្លាំងណាស់ដែរ។ ខ្លឹមសារនៃអត្ថបទសិលាចារឹកបានបង្ហាញឲ្យយើងឃើញថា សង្គមខ្មែរនាអតីតកាល បានស្គាល់នូវសន្ទុះ និងដង្ហើមរស់ឡើងវិញ ក្រោយចម្បាំងរាំងជល់។ កម្រងអត្ថបទអក្សរសាស្ត្រដែលសរសេរជាភាសាសំស្ក្រឹត ឬភាសាសំស្ក្រឹតលាយនឹងភាសាខ្មែរ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ថ្វីត្បិតតែភាសាសំស្ក្រឹតនៅរក្សានូវឧត្តមភាពនៅឡើយ ក៏ប៉ុន្តែបន្តិចម្តងៗភាសាបាលីក៏បានឈានចូលមកប្រឡូកក្នុងសង្គមដែរ ។ មានន័យថាតាំងពីសតវត្សទី៧ នៃគ.ស ភាសាបាលីបានឈានជើងចូលបំពេញតំណែងតួនាទីជំនួសភាសាសំស្ក្រឹតទៅវិញ។ ការលើកតម្កើងនមស្ការព្រះពុទ្ធអង្គ ជាពិសេសព្រះអវលោកេស្វរៈ និងព្រះអាទិទេពនានា ដែលគេចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធគួរជាទីគោរពសក្ការៈបូជា ។ ហើយក្រៅពីអក្សរសិល្ប៍ដែលមានលក្ខណៈបែបព្រាហ្មនិយម ក៏មានរឿងបែបពុទ្ធនិយមផងដែរ ដែលតាមស្នាដៃទាំងនោះ យើងអាចដឹងយ៉ាងច្បាស់ថា គេតែងឡើងសម្រាប់សេចក្តីសង្ឃឹមរបស់គេ ពោលគឺសម្រាប់ពង្រឹងគោលគំនិតនៃអ្នកដឹកនំា ។ ដូចនេះតាមរយៈការសិក្សានៃផ្ទាំងសិលាចារឹកទាំងនោះ យើងអាចស្គាល់នូវប្រវត្តិវប្បធម៌ និងអារ្យធម៌របស់ជាតិយើង។ ប្រភពសិលាចារឹក ក៏បានបញ្ជាក់ថា ផ្នែកអក្សរសាស្ត្រខ្មែរ ក៏មានការរីកចំរើនគួរឲ្យមោទនភាពដែរ។ ព្រះនាងឥន្ទ្រទេវី ដែលជាព្រះរាជមហេសីរបស់ព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជាសាស្ត្រាចារ្យមួយយ៉ាងស្ទាត់ជំនាញ ក្នុងការបង្ហាត់បង្រៀនទស្សនៈវិជ្ជានៃលទ្ធិព្រះពុទ្ធសាសនា ក្នុងព្រះបរមរាជវាំងអង្គរធំ។ តាមខ្លឹមសារនៃសិលាចារឹក យើងក៏អាចដឹងទៀតថា ព្រះនាងឥន្ទ្រទេវី គឺជាកំពូលនារីខ្មែរប្រកបដោយស្វាមីភ័ក្ត្រចំពោះព្រះស្វាមី មានសីលធម៌ ព្រហ្មវិហារធម៌ និងគតិបណ្ឌិតយ៉ាងខ្ពង់ខ្ពស់បំផុត ។ ហើយម្យ៉ាងទៀត ព្រះនាងក៏ជាអ្នកស្នេហាជាតិ ក្នុងអតីតកាលគួរឲ្យយើងស្ញប់ស្ញែង និង គោរពដ៏ជ្រាលជ្រៅ៕

ប្រភពដោយ៖ Khemaravidya កែសម្រួលដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here