ប្រវត្តិរឿងរ៉ាវជូរចត់ជាច្រើនរបស់ស្ថាបនិក Apple លោក Steve Jobs ទម្រាំតែមានថ្ងៃនេះ

0
367

Apple គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏​ធំមួយ ប្រចាំ​ប្រទេស​មហា​អំណាចអាមេរិក ក្នុង​ចំណោមក្រុម​ហ៊ុន​ធំៗ មួយ​ចំនួន​ទៀតដែល​ត្រូវ​បានបង្កើត​ឡើង​ដោយមនុស្ស​បីនាក់។ មាន​ដូចជា លោក Steve Jobs, Steve Wozniak និង Ronald Wayne ដោយមានអ្នកដែលដឹកនាំធំជាងគេនោះ គឺលោក Steve Jobs (1976-2011) រួចបន្តមក គឺលោក Tim Cook (បច្ចុប្បន្ននេះ)។ ចំពោះសមិទ្ធផល ដែលក្រុមហ៊ុនមួយនេះ បានបង្កើតតាំងពីដំបូង រហូតមកដល់ពេលនេះ មានដូចជា iPhone, iPad, iPod Touch, Macbook, Apple TV, Apple Watch និងមានជាច្រើនទៀត ដែលសុទ្ធតែត្រូវបាន​ទទួលការគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក រួមមានប្រទេសកម្ពុជាយើងផង​ដែរ។

Cover

ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើង នៅថ្ងៃទី ០1 ខែមេសា ឆ្នាំ 1976។ ដែលកាលនោះ មិនទាន់បាន ដាក់​បញ្ចូល​ជាក្រុមហ៊ុននោះទេ ហើយអ្វីដែល Apple ផ្តោតសំខាន់នៅពេលនោះគឺបង្កើត និងលក់កុំព្យូទ័រផ្ទាល់ខ្លួន ដែលកុំព្យូទ័រត្រូវបានបង្កើតឡើងដំបូងគេនោះ ត្រូវបានអោយឈ្មោះថា Apple I។ នៅឆ្នាំ 1977 ថ្ងៃទី 03 ខែមករា Apple ទើបត្រូវបាន បង្កើតឡើង ជាក្រុមហ៊ុនកុំព្យូទ័រ មួយតែម្តង ដែលមាន​ឈ្មោះ​ផ្លូវ​ការថា Apple Computer, Inc.។ បន្ទាប់មកក៏បានប្តូរទៅជា Apple, Inc. វិញ នៅថ្ងៃទី 09 ខែមករា ឆ្នាំ 2007 ដើម្បីប្តូរគោលការណ៍ថ្មីរបស់ក្រុមហ៊ុនវិញ។ នៅឆ្នាំ 1977 ថ្ងៃទី 16 ខែមេសា ក្រុមហ៊ុន Apple បាន​បញ្ចេញកុំព្យូទ័រ ជំនាន់ថ្មីមួយទៀត ដែលមានឈ្មោះថា Apple II ក៏ប៉ុន្តែអ្នកដែលបានបង្កើតវានោះ គឺ​ជាលោក Steve Wozniak តែម្នាក់ឯងទេ មិនមានការចូលរួមពីអ្នកទាំងពីរនោះឡើយ។

1

នៅខែឧសភា ឆ្នាំ 1980 បន្ទាប់ពីបានបញ្ចេញកុំព្យូទ័រ ជំនាន់ទី 2 Apple បានបញ្ចេញកុំព្យូទ័រ ជំនាន់​ថ្មី​មួយទៀត ហៅថា Apple III ដើម្បីប្រកួតប្រជែងជាមួយនឹង ក្រុមហ៊ុន IBM និង Microsoft។ ក៏ប៉ុន្តែកុំព្យូទ័រនាពេលនោះ គឺគេនៅប្រើ Command នៅឡើយទេ ហេតុដូចនេះហើយ នៅឆ្នាំ 1982 លោក Steve Jobs ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Apple នោះ បាននឹកឃើញគំនិតមួយឡើង ដោយ​ចង់​បង្កើតកុំព្យូទ័រ មួយដែលប្រើប្រាស់ ជាមួយនឹង Graphical User Interface (GUI) ដែលនឹងអនុញ្ញាតិអោយ​អ្នក​ប្រើប្រាស់ ប្តូរពីការប្រើប្រាស់តាមរយៈ ការវាយ Command មកជា ការចុចដោយប្រើប្រាស់ Mouse ទៅលើ icon វិញ (ដូចសព្វថ្ងៃនេះ)។

នៅឆ្នាំ 1984 Apple បានសម្រេចភាពជោគជ័យ ដំបូងធំមួយ ដោយបាន បញ្ចេញលក់កុំព្យូទ័រ ដែលប្រើ​ប្រាស់ GUI មានឈ្មោះថា Macintosh។ ពេលនោះ Macintosh មានភាពល្បីនិងលក់ដាច់គ្រាន់បើ តែ​មិនសូវខ្លាំងណាស់ណាទេ ព្រោះតែវា មានតម្លៃថ្លៃខ្លាំងពេក និងSoftwares សម្រាប់ប្រើប្រាស់មានការ​កំណត់។

2

តមកឆ្នាំ 1985 ដោយសារតែឥទ្ធិពលរបស់ John Sculley ដែលជាដៃគូរដ៏ស្និទ្ធិបំផុតរបស់ Steve Jobs នោះ ទើបធ្វើអោយ លោកត្រូវបានគេតែងតាំងជា នាយកប្រតិបត្តិថ្មីបន្ទាប់ពី លោក Jobs ដូចនេះ រាល់​ការ​សម្រចចិត្ត គឺត្រូវតែធ្វើ ទៅតាមគោលដៅ របស់​លោក John Sculley។ ក៏ប៉ុន្តែនៅកាលនោះ លោក Jobs មិនបានគាំទ្រ នឹងគោលការណ៍​របស់លោក John Sculley នោះទេ ព្រោះថាគោល​ការណ៍​ដែលលោក John Sculley បានគ្រោងនោះ គឺចង់ទម្លាក់តម្លៃកុំព្យូទ័រ​អោយថោកជាងមុន ដើម្បីទាក់​ទាញអតិថិជនអោយកាន់តែច្រើន ជាហេតុធ្វើអោយលោក Jobs មិនពេញចិត្តឡើយ។ នេះហើយជាមូលហេតុ​មួយ ធ្វើអោយលោក John Sculley ដកដំណែងលោក Steve Jobs ចេញពីក្រុមហ៊ុន Apple តែម្តង។ មិន​យូរ លោក Jobs បានលាឈប់ពីក្រុមហ៊ុន Apple រួចក៏បានបង្កើតក្រុមហ៊ុន ថ្មីមួយទៀតឈ្មោះថា NeXT Inc. នៅឆ្នាំដែលលោកបានលាឈប់ពី Apple នោះតែម្តង។

3

តមកទៀតប្រហែលជាប៉ុន្មានឆ្នាំ ដែលការដឹកនាំមិនមែនជាលោក Steve Jobs នោះធ្វើអោយក្រុមហ៊ុន​ធំ​ប្រចាំ សហរដ្ឋអាមេរិកមួយនេះធ្លាក់ចុះតែម្តង។ នៅឆ្នាំ 1991 លោក Steve Jobs ត្រូវបានគេអញ្ជើញ​មកធ្វើការអោយក្រុមហ៊ុន Apple ម្តងទៀត។ តែត្រឹមតែតួនាទីជាអ្នកព្រឹក្សាតែប៉ុណ្ណោះ ហើយក្នុងឆ្នាំ​ដ​ដែល Apple ក៏បានបញ្ចេញ កុំព្យូទ័រស៊េរីថ្មី មួយម៉ូឌែលទៀតផងដែរ ដែលមានឈ្មោះថា PowerBook។ ក្រោយមកដោយសារតែ ឃើញពីការរីកចម្រើន ដែលបានពីការណែនាំរបស់ Steve Jobs ទើបលោក ត្រូវបានគេអោយឡើងជានាយកប្រតិបត្តិសាជាថ្មី។

រហូតមកដល់ឆ្នាំ 2001 ត្រូវនឹងថ្ងៃទី 19 ខែឧសភានោះ Apple បានសម្ភោធ ហាង Apple Retail Store ដំបូងគេបង្អស់ ដែលមានទីតាំងនៅក្នុងរដ្ឋ កាលីហ្វញ៉ា។ បន្ទាប់មក នៅថ្ងៃទី 23 ខែតុលា ឆ្នាំ​ដដែល Apple បានបង្ហាញ ឧបករណ៍ចាក់ចម្រៀងមួយ មានឈ្មោះថា iPod portable Digital Audio Player។ នេះគឺជារឿងជោគជ័យ ដ៏ធំមួយទៀត របស់ Apple ដែលបានសម្រេចការលក់ ឧបករណ៍​ចាក់​តន្រ្តី​នេះ ដល់ទៅ 100 លានគ្រឿង ក្នុងរយៈ 6ឆ្នាំ។ ក្រោយមកនៅឆ្នាំ 2003 iTune Store ក៏បានលេចរូបរាងឡើងផងដែរ។

4

នៅឆ្នាំ 2005 ថ្ងៃទី ០6 ខែមិថុនា ក្នុងព្រឹត្តិការណ៍ Worldwide Developers Conference (WWDC 2005) លោក Steve Jobs ក៏បានណែនាំ កុំព្យូទ័រស៊េរីថ្មីមួយគ្រឿង ហៅថា Mac Computer ហើយរំលងមកមួយ​ឆ្នាំ គាត់ក៏បានណែនាំកុំព្យូទ័រ ចំនួន 2 គ្រឿងបន្ថែមទៀត ដូចជា Macbook Pro និង iMac។ ពេល​នោះ​ហើយដែល Macbook បានចាប់កំណើតឡើងមកដល់សព្វថ្ងៃនេះតែម្តងទៅ។

នៅឆ្នាំ 2007 ថ្ងៃទី 29 ខែមិថុនា Steve Jobs បានបង្ហាញ iPhone ដំបូងគេបង្អស់ទៅកាន់មហាជន ហើយ​ដែល​នោះហើយជាស្មាតហ្វូន iPhone ជំនាន់ដំបូងគេដែរ។ នៅឆ្នាំ 2008 ក្នុងព្រឹត្តិការណ៍ WWDC 2008 Apple បានណែនាំ ទូរស័ព្ទជំនាន់ថ្មីទៀតគឺ iPhone 3G ដែលមានទំហំ មេម៉ូរី ត្រឹមតែ 8GB ប៉ុណ្ណោះ តែក្រោយៗមក ក៏មានបន្ថែមនូវជម្រើស មួយចំនួនទៀត ដូចជាទំហំ 16GB និង 32GB។ ក្នុងឆ្នាំ 2009 iPhone 3GS ក៏បានលេចឡើង ហើយក៏ជាពេលដំបូងដែរ ដែល iPhone វើសិន S នេះបានលេចរូបរាងឡើង។

5

នៅឆ្នាំ 2010 Apple បានផលិត និងបង្ហាញ iPhone ជំនាន់ថ្មីមួយទៀតគឺ iPhone 4 ហើយមិនតែ​ប៉ុណ្ណោះ ក៏មាន ឧបករណ៍ដ៏ធំមួយ ព្រមទាំងឧបករណ៍ ចាក់តន្រ្តីប៉ុន្មានប្រភេទ បន្ថែមទៀតផងដែរ ដែល​ត្រូវ​បានផលិតចេញមក ក្នុងឆ្នាំតែមួយ ក្នុងនោះគឺជា iPad ដែលមានអេក្រង់ទំហំ 9.7 អ៊ីញ តែមិនមានកាមេរ៉ា​ភ្ជាប់​មកជាមួយទេ និង iPod Nano, iPod Shuffle និង iPod Touch ជំនាន់ដំបូងគេបង្អស់។ អាច​និយាយ​បានថា នេះជាជោគជ័យដ៏ធំមួយទៀត ព្រោះថា ត្រឹមតែសប្តាហ៍ដំបូង iPad នេះ ត្រូវបាន​លក់​អស់​ដល់​ទៅ 500,000 គ្រឿងឯណោះ។

នៅឆ្នាំ 2011 មុននឹងដែល Steve Jobs បានទទួលមរណៈភាព គាត់បានដាក់បង្ហាញមុខងារមួយ ហៅថា iCloud ដែល​ប្រើ​ប្រាស់ សម្រាប់រក្សាទុក ទិន្នន័យដូចជា រូបភាព វីដេអូ ចម្រៀង និងឯកសារផ្សេងៗទៀត ដោយមាន​ការ​ភ្ញាក់​ផ្អើល។ (សូមបញ្ជាក់ថា កាលនោះមិនទាន់មានបញ្ហាធ្ងន់ធ្ងរអីទេ គ្រាន់តែត្រូវផ្អាកពីការងារ ដើម្បី​សម្រាក ហើយចំណែកឯ ក្រុមហ៊ុន គឺលោក Tim Cook ជាអ្នកដឹកនាំបណ្តោះអាសន្នសិនប៉ុណ្ណោះ)។

6

នៅថ្ងៃទី 24 ខែសីហា ឆ្នាំ 2011 ដោយសារតែជំងឺកាន់តែធ្ងន់ធ្ងរឡើង ទើប Steve Jobs បានផ្ទេរ ក្រុម​ហ៊ុន Apple ទៅអោយលោក Tim Cook ជាអ្នកដឹកនាំបន្ត។ នៅថ្ងៃទី 04 ខែតុលា ឆ្នាំ 2011 ទូរស័ព្ទដៃ iPhone 4S ក៏បានបង្ហាញខ្លួនឡើងមកផងដែរ ហើយនេះក៏ជាសមិទ្ធផល ចុងក្រោយបង្អស់របស់​លោក Steve Jobs ដែលបានធ្វើការបង្កើតឡើង។ លោកបាមទទួលមរណៈភាព នៅថ្ងៃទី 05 ខែតុលា ឆ្នាំ 2011។

ចាប់តាំងពីនោះមក ក្រុមហ៊ុន Apple ត្រូវបានគេទទួលស្គាល់ កាន់តែខ្លាំងឡើង និងបានដាក់បង្ហាញ ផលិត​ផលជាបន្តបន្ទាប់ទៀត មានដូចជា៖ iPhone 5/5S/5C/6/6 Plus/6S/6S Plus/Phone SE, iPad Mini/2/3/4, iPad Air & iPad Air 2, iPod Touch/3G/4G/5G/6G, Macbook, Apple TV, Apple Watch, iMac….។

មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple ត្រូវបានគេអោយឈ្មោះថា ជាក្រុមហ៊ុនដែលធំជាងគេ​ ដែលមាន​តម្លៃ​ដល់​ទៅ 700 Billion ដុល្លារ មានបុគ្គលិកធ្វើការពេញម៉ោង ចំនួន 115,000 នាក់ និងហាង Apple Retail Store សរុបចំនួន 475 ហាង នៅចំនួន 17 ប្រទេសលើសកលលោក៕

ប្រភពដោយ៖ Cambo Report កែសម្រួលដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here