ប្រវត្តិសង្ខេបរបស់អ្នកប្រាជ្ញខុងជឺ និងទស្សនៈដឹកនាំរដ្ឋប្រកបដោយគុណធម៌

1
1989

ខុងជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹងសូក្រាត នៅប្រទេសក្រិចដែរ។ តាមពិតឈ្មោះ
របស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ​ មានពូជធារមកពីរាជវង្ស‍‍ «ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រង ប្រទេសចិន នាសម័យរដ្ឋកាលចូវ ។ ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិស​ពាយ័ព្យទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម។​​ រីឯសមាជិកគ្រួសារដែលរួច ផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ» ទៅ។

ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស ក្នុង​ទីងងឹតនៃកំហែង ថ្មភ្នំមួយនៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោក
មានៃសន្តតិវង្សលូ។ នៅថ្ងៃដែលខុងជឺចាប់កំណើត មានអព្ពូតហេតុចម្លែកគួរឲ្យកត់សម្គាល់គឺផ្ទុះភ្នំភ្លើង រន្ទះរញ្ជួយភ្នំភ្លើង។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេងតែមកម៉េ្លះ គាត់រស់ក្នុងភាពទីទល់ក្រ។ លុះបានអាយុ ២០ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រីជន ជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះលី។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ បានក្លាយ ជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជាពិសេសខាងវិជ្ជាពេទ្យ។ ខុងជឺ ចេះទស្សន៍ទាយ ជាអ្នកបង្ហាត់ បង្រៀនឲ្យប្រជាជនចិនចេះសែនព្រេនដូនតាតាមលក្ខណៈនេះគាត់ជាអាចារ្យពេលមាន អាពាហ៍ពិពាហ៍ និងវិធីបុណ្យ ផ្សេងៗ ផងដែរ។ កិត្តិនាមរបស់ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយពេលនោះទស្សនវិជ្ជារបស់ខុងជឺ ក៏ចាប់រីកដុះដាល ត្រូវបានគេនាំគ្នាប្រសិទ្ធិនាមឲ្យគាត់ថា «ជូ» មានន័យថា «បណ្ឌិត» ចាប់ពី ពេលនោះមក។

នៅអាយុ៤៩ឆ្នាំ ខុងជឺត្រូវបានព្រះមហាក្សក្យ តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង។ ខុងជឺបានផ្សព្វផ្សាយទស្សនវិជ្ជា របស់គាត់គ្រប់ទិសទីពាសពេញ ប្រទេសចិន ក្នុងគោលបំណងឲ្យប្រជាជនចិនស្គាល់យល់ដឹងនូវតំលៃរបស់ខ្លួន និងចង់កែរប្រែ របៀបអប់រំសីលធម៌ តែត្រូវមហាក្សត្រលូជំនាស់។ ដោយវិបត្តិនយោបាយ ខុងជឺ បានភៀសខ្លួន ពីស្រុកមួយ ទៅស្រុក មួយអស់រយៈពេល ១៣ឆ្នាំ។ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ ក្នុងជន្មាយុ ៧០ឆ្នាំ។ ខុងជឺ បានផ្សព្វផ្សាយទស្សនវិជ្ជា របស់គាត់អស់រយៈពេលជាច្រើនឆ្នាំ ក្នុងស្រុកចិនទាំងមូល ព្រមទាំងបើកង្រៀនដល់សាវ័កទៀតផង ។

ខុងជឺ មិនគ្រាន់តែជាគ្រូបង្ហាត់ក្បួនខ្នាតប៉ុណ្ណោះទេ  គាត់ថែមទាំងជាអ្នកដឹកនាំប្រជាជនឲ្យអនុវត្តន៍នូវទំនៀមទំលាប់ចាស់
ឲ្យរីកចម្រើនឡើងវិញ។  ​គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស ទឹកជក់ខ្មៅដុសថ្នាំសម្រាប់សរសេរ និងឲ្យចេះ
សែនព្រេនដូនតារាល់ឆ្នាំ តាំងពីសម័យខុងជឺមកដល់សព្វថ្ងៃ។ គាត់រស់បាន ៣ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយហើយបាន
ទទួលមរណភាព ក្នុងឆ្នាំ ៤៧៩ មុន គ.ស ។

ស្នាដៃទស្សនវិជ្ជារបស់ខុងជឺ

ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា «លាវយី» មានន័យថា សិល្បៈទាំង ៦ ជាសិល្បៈ សេរីមាន គោលដៅស្វែងរកនូវ
សេរីភាព ក្នុងនយោបាយនិងសេដ្ឋកិច្ច ។

ទស្សនវិជ្ជាទាំងរបស់ខុងជឺគឺ

គម្ពីរឈ្មោះយី= និយាយ ពីការផ្ទេរកម្មសិទ្ធិ និងផ្ទេរមរតក ។

គម្ពីរឈ្មោះចេ=ជាកំណាព្យនិទាន សម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ ។

គម្ពីរឈ្មោះលី= និយាយ ពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ ។

គម្ពីរឈ្មោះយ៉ូ= និយាយ ពីបទភ្លេង និងចម្រៀងបណ្តែតអារម្មណ៍ ។

គម្ពីរឈ្មោះជូ=និយាយ ពីប្រវត្តិសាស្រ្ត និងពង្សាវតា នៃប្រទេសចិន ។

គម្ពីរឈ្មោះឈូស៊ាវគម្ពីរនិទាឃរដូវ=និយាយ ពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់ សន្តតិវង្សលូ ។

ចំពោះទស្សនវិជ្ជា ខុងជឺ បានឲ្យតម្លៃទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គមមានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ។ មនុស្សប្រភេទ ទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន។ ចំណែកមនុស្ស ប្រភេទទីពីរ ជាប្រភេទមនុស្សសាមញ្ញ ដែលសុខចិត្តលះបង់យុត្តិធម៌កិត្តិយស ដើម្បីស្វែងរកគុណប្រយោជន៍ផ្ទាល់ខ្លួន។

ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម៖

១.មនុស្សធម៌

ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិតក្នុងសភាពបែបណាក៏ដោយ។ ខុងជឺមើលឃើញ “សង្រ្គាម” ជាប្រភពនៃអមនុស្សធម៌។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្សធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ពចាប់​ឈ្លើយសង្រ្គាមមកកាត់ដៃកាត់ជើងបោះទៅលើចុងលំពែង ចាប់មនុស្សយកទៅ ស្រុះទឹកក្តៅ ដូច​ជាស្រុះមាន់ គាបក្បាលពិរុទ្ធជនឲ្យស្លាប់ដោយទារុណកម្ម ។ល។ អំពើទាំងនេះ សុទ្ធសឹងជាអំពើអមនុស្សធម៌។

២. យុត្តិធម៌

ខុងជឺ មើលឃើញយុត្តិធម៌ ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌នៅក្នុងគ្រួសារ។ ដំបូងឡើយយុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមកទើបវារាលដាលដល់សង្គម។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស។ ហេតុនេះដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើងជំហានទីមួយត្រូវធ្វើឲ្យមានយុត្តិធម៌នៅក្នុងគ្រួសារជាមុនសិន។ ខុងជឺ បានឈរលើទស្សនៈថា «កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ខ្លួន, ចំណែកមន្ត្រីត្រូវគោរពដល់ព្រះមហាក្សត្រ (ស្តេច) » ។

៣. សីលធម៌

ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម និងគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុង
គ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារ និងចំពោះមុខច្បាប់ផងដែរ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹងកំហុសដែលគេបានសាងឡើង។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោស ត្រូវតែហ៊ានធ្វើអត្តឃាតខ្លួនឯង។ ទស្សនៈរបស់លោកខុងជឺសង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗ ត្រូវមានស្មារតី អៀន ខ្មាស ត្រូវតែចេះយល់នូវអ្វីដែលត្រឹមត្រូវយុត្តិធម៌សម្រាប់ជីវិត» ។ ខុងជឺ បានបង្កើតសីលធម៌ មួយទៀតហៅថា «ជិន» មានន័យថា “ស្រលាញ់ អ្នកដទៃ” ដោយខុងជឺ មានបំណងចង់ឲ្យអ្នកសិក្សា ស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។

៤. ទស្សនៈអប់រំរបស់ខុងជឺ៖

  • ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
  • ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលទុកថាជាបទពិសោធន៍ដោយដៃពីរ ។
  • អំពើណាដែលអ្នកមិនចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។
  • អំពើណាដែលអ្នកស្រលាញ់ចង់បាន ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើនោះទៅអ្នកដទៃជាមុនសិន ។
  • អំពើណាដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀសវាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។
  • បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេចឲ្យផុតពីទុក្ខទោសនោះឲ្យបានមុនទុក្ខទោសនោះ មកដល់ ។
  • បើធ្វើប្រយោជន៍ហើយ​ សូមកុំរំលឹកគុណទាំងនោះ នៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ​ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។
  • ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។
  • អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍លើមនុស្សដែលនៅក្រោម
    បង្គាប់អ្នកឲ្យសោះ ។

គុណធម៌របស់ខុងជឺ

គុណធម៌របស់ខុងជឺ គឺសំដៅលើចិត្តមេត្តា ករុណា និងភាពត្រឹមត្រូវ។ លោកថា «មនុស្សម្នាក់ៗនៅក្នុងសង្គម សុទ្ធតែមានកាតព្វកិច្ចដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវប្រកបដោយសីលធម៌ និងភាព
ត្រឹមត្រូវ»។ នេះទើបហៅថា «គុណធម៌»។ តែបើគេធ្វើកិច្ចការទាំងឡាយដោយគ្រាន់តែពិចារណា ប៉ុន្តែខ្វះសីលធម៌
នោះសកម្មភាព​របស់ពួកគេនឹងក្លាយទៅជាសកម្មភាពមិនត្រឹមត្រូវ និងខ្វះគុណធម៌។ មួយវិញទៀត ខុងជឺ ចាត់ទុក
ថា «ការគ្រប់គ្រងដោយគុណធម៌ មានលក្ខណល្អប្រសើរជាងគ្រប់គ្រងដោយច្បាប់» ។

គាត់រំពឹងថា ការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាចដំណើរការទៅរួច ថែមទាំងឈានទៅសម្រេចផ្លែផ្កាទៀតផង។ ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រងធ្វើសង្គមឲ្យមានសណ្តាប់ធ្នាប់និងជីវភាពរុងរឿង។ ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន។ មនុស្សដែលមានទឹកចិត្តល្អ លុះត្រាតែមានឆន្ទៈស្មោះត្រង់ និងមានការអប់រំល្អ។ នៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយជីវភាពគ្រួសាររបស់ពួកគេក៏ត្រូវបានគ្រប់គ្រងល្អដែរ។ បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ នាំឲ្យជីវភាពសង្គមឬប្រទេសជាតិ មានសណ្តាប់ធ្នាប់។ លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមានសន្តិភាព។ ខុងជឺយល់ថា ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ លុះត្រាតែនៅក្នុងសង្គមនោះ មានការប្រតិបត្តិត្រឹមត្រូវ នូវអ្វីដែលគាត់ហៅថា «ការកែតម្រូវឲ្យត្រឹមត្រូវតាមឈ្មោះ» នោះជាមុនសិន។ នេះមានន័យថា «ម្នាក់ៗត្រូវតែស្គាល់ឈ្មោះកាតព្វកិច្ច និងតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់»។ ខ្លឹមសារសំខាន់នោះស្ថិតនៅត្រង់ថាអ្នកគ្រប់គ្រង គឺជាអ្នកគ្រប់គ្រង។ រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តី ឪពុកគឺឪពុក កូនគឺកូន ។ល។ គ្រប់ឈ្មោះទាំងអស់ គឺសុទ្ធតែឋានៈ មានកាតព្វកិច្ច តួនាទី និងមុខងារ ខុសៗគ្នា។ បើឈ្មោះណាមួយបំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកនោះមិនអាចក្លាយទៅជាបុគ្គលដ៏ល្អតាមឋានៈនោះឡើយ។ ឧទាហរណ៍ថា៖ បើអ្នកដឹកនាំ គ្រប់គ្រងគេមិនខ្វល់ខ្វាយចំពោះវិជ្ជាឬវិធីដឹកនាំគ្រប់គ្រងនោះទេ ទោះបីជាអ្នកនោះមានប្រជាប្រិយភាពប៉ុណ្ណាក៏ដោយ ក៏គេនោះមិនអាចជាអ្នកដឹកនាំដ៏ល្អបានដែរ។

ដូច្នេះហើយឃើញថា ទស្សនៈនយោបាយរបស់ខុងជឺ ពិតជាបានរួមវិភាគទានយ៉ាងធំសម្បើម ក្នុងការរុញច្រានទ្រឹស្តី
នយោបាយ បែបទស្សនវិជ្ជា ដែលមានសីលធម៌ឲ្យមានភាពរីកដុះដាលឡើង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅមកជួយរៀបចំ និងដោះស្រាយបញ្ហាក្នុងសង្គមមនុស្សទេ។ តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាក្នុងសង្គមមនុស្សទៅវិញ៕

អត្ថបទយោង៖ Cambodiapiece កែសម្រួលដោយ៖ មនោ វិជ្ជា 

ការ​បំភ្លឺមួយ​

  1. […] ខុងជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចបុរាណដែរ។ ឈ្មោះពិត របស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ​ មានពូជធារមកពីរាជវង្ស‍‍ «ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិននាសម័យរដ្ឋកាលចូវ។ ដោយសារសង្រាមវាយលុកពីកុល សម្ព័ន្ធចូវ ស្ថិតនៅទិស​ពាយ័ព្យទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម។​​ រីឯសមាជិកគ្រួសារដែលរួចផុតពី សេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ» រហូតទៅ។ […]

ឆ្លើយ​តប​

Please enter your comment!
Please enter your name here