កំពូលអាថ៌ដ៏ជោគជ័យ ទ្រព្យសម្បត្តិ និងសុភមង្គល ដែលកើតចេញពីសៀវភៅមួយក្បាល

0
129

សៀវភៅ​ The Secret (អាថ៌កំបាំង)​ គឺ​ជា​សៀវភៅ​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​លោក​ ដែល​លក់​ដាច់​ជាង ១៩លាន​ ក្បាល និង​ត្រូវ​បាន​បក​ប្រែ​ជាង​ ៤០ភាសា ទូទាំង​ពិភព​លោក​។ សៀវភៅ​នេះ​និពន្ធ​ដោយ​ អ្នក​ស្រី រ៉នដា (Rhonda Byrne)។ កាល​ពី​អតីតកាល​ជីវិត​របស់​អ្នក​ស្រី​ រ៉នដា ស្ថិតក្នុង​សភាព​អាប់​អួរ និង​ក្រ​លំបាក​ក្រៃ​លែង​។ ក្រោយ​អ្នក​ស្រី​បាន​ស្វែង​រក​ឃើញ​អាថ៌​កំបាំង​​មួយ​ ដែល​បង្កប់​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល ដែល​និពន្ធ​តាំង​ពី​ជាង​ ១​00ឆ្នាំ​ មុន​មកមេ៉្លះ​​។

Image result for Rhonda Byrneអ្នក​ស្រី​បាន​អនុវត្តន៍​តាម​រូបមន្ត​អាថ៌កំបាំង​នៅ​ក្នុង​សៀវភៅ​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ជីវិត​របស់​អ្នក​ស្រី​ប្រែ​ប្រួល​ទៅជា​​ភ្លឺ​​ស្វាងរុង​រឿង។ ដោយ​ហេតុថា​ ជីវិត​របស់​ខ្លួន​បាន​ពើប​ប្រសព្វ​នឹង​ជោគ​ជ័យ​ដោយ​ថា​តែខ្លួន​បាន​រក​ឃើញ​​អាថ៌កំបាំង​ដូច្នេះ​ ទើប ​អ្នក​ស្រី​ រ៉នដា បាន​ពុះ​ពារ​ស្រាវ​ជ្រាវ​ ចង​ក្រង​ឯកសារ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទូទាំង​ពិភព​លោក​​ឲ្យ​បាន​ដឹង​ពី​អាថ៌​​កំបាំង​នៃ​ចក្រវាឡដូច​អ្នក​ស្រី​ដែរ​។ អ្នក​ស្រី​បាន​រៀបចំ​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ​ ឈ្មោះ​ថា “The Secret” ដោយ​បញ្ចូល​នូវ​ទស្សនៈ​របស់​ជន​ល្បីៗ​ទាំង​នៅ​មាន​ជីវិត​ និង​បាត់​បង់​ជីវិត​ ដែល​បាន​ដឹង​អំពី​អាថ៌កំបាំង​ដ៏​មហិមា​នេះ​។ ខ្សែ​ភាព​យន្ត​នេះ​ ទទួល​​បាន​ជោគ​ជ័យ​បំផុត​ (មុន​ការ​បោះ​ពុម្ពសៀវភៅ​)។  អ្នក​ស្រី​រ៉នដា ត្រូវ​បាន​ទស្សនាវដ្តី Time ចាត់​ក្នុង​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​បុគ្គល​កំពូល​ៗ​ទាំង​ ១០០ នាក់ ដែល​ជួយ​កែ​ប្រែ​ពិភព​លោក​។

សូម​ចូល​រួម​ពិចារណា​ គតិ​បណ្ឌិត​ក្នុង​សៀវភៅ​ “The Secret” ដូច​តទៅ​៖

«អ្នក​នឹង​ទទួល​បាន​អ្វី​ៗ​គ្រប់​យ៉ាង សុភមង្គល សុខភាព និង​ទ្រព្យសម្បត្តិ ប្រសិន​បើ​អ្នក​ដឹង​ពី​អាថ៌កំបាំង។ អ្នក​អាច​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ខ្លួន​ចង់​ធ្វើ និង​ទទួល​បាន​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​ចង់​បាន ប្រសិន​បើ​អ្នក​ដឹង​ពី​អាថ៌​កំបាំង​។ អាថ៌​កំបាំង​នោះ​គឺ​ច្បាប់​ទំនាញ​ (The Law of Attraction)។ មនុស្ស​យើង​គ្រប់​រូប​រស់​នៅ​ក្រោម​ច្បាប់​ទំនាញ​នេះ​តែ​មួយ​ដូច​គ្នា។ នេះ​គឺ​ជា​អាថ៌កំបាំង​ដ៏​មហិមា​នៃ​ជីវិត។ ច្បាប់​ទំនាញ​ចែង​ថា​ល្អ​រត់​រក​ល្អ ស​រត់​រក​ស ខ្មៅ​រត់​រក​ខ្មៅ ពោល​គឺ​នៅ​ពេល​អ្នក​គិត​ពី​រឿង​អ្វី​មួយ អ្នក​នឹង​ទាញ​រឿង​នោះ​ចូល​ក្នុង​ជីវិត​របស់​អ្នក។ គំនិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​មេដែក បើ​គេ​គិត​តែ​រឿង​អាក្រក់​ៗ​ គេ​នឹង​ទាញ​​រឿង​អាក្រក់​ៗ​បន្ថែម​ទៀត​ចូល​ក្នុង​ជីវិត​។ បើ​គេ​គិត​រឿង​ល្អ​ៗ គេ​នឹង​ទាញ​រឿង​ល្អ​ៗ​ចូល​ក្នុង​ជីវិត។ នៅ​ពេល​ដែល​គេ​គិត​រឿង​អ្វី​មួយ មាន​ន័យថា​គេ​កំពុង​បញ្ជូន​គំនិត​ទៅ​កាន់​ចក្រ​វាឡ ហើយ​គំនិត​ទាំង​នោះ​ទាញ​រឿង​ដូច​ៗ​គ្នា​នេះ​ចូល​ក្នុង​ជិវិត​។ រឿង​​គ្រប់​យ៉ាង​ដែល​កើត​ក្នុង​ជីវិត​របស់​យើង សុទ្ធ​តែ​ជា​លទ្ធផល​នៃ​ទំនាញ​ទាំងអស់ គឺ​យើង​ខ្លួង​ឯង​ដែល​ជា​អ្នក​ទាញ​វា​ឲ្យ​ចូល​មក​ក្នុង​ជីវិត​តាម​រយៈ​គំនិត​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​របស់​យើង»។

«មហា​បុរស​ល្បីៗ​ក្នុង​លោក​សុទ្ធ​តែ​ដឹង​ពី​អាថ៌កំបាំង​នេះ។ ទោះ​បី​អ្នក​ជា​នរណា​ក៏​ដោយ មក​ពី​ទី​ណា​ក៏​ដោយ អ្នក​នៅ​តែ​ស្ថិត​ក្រោម​ច្បាប់​ទំនាញ​ជានិច្ច ច្បាប់​ទំនាញ​ គឺជា​អ្នក​កំណត់​ឆាក​ជីវិត​របស់​អ្នក។ អ្នក​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​ច្បាប់​ទំនាញ​​នេះ​មាន​ចលនា​ឡើង ហើយ​អ្នក​ធ្វើ​បាន​តាម​រយៈ​គំនិត​របស់​អ្នក។ ច្បាប់​ទំនាញ​ឆ្លើយ​តប​ទៅ​នឹង​គំនិត​របស់​អ្នក​ជានិច្ច​ដោយ​មិនខ្វល់ថាអ្នក​គិត​ល្អ ​ឬ​អាក្រក់ ចង់​បាន ​ឬ​មិន​ចង់​បាន​ទេ។ ប្រសិនបើអ្នកគិតតែពីរឿងបំណុល រឿងភ័យខ្លាច អ្នក​បាន​បញ្ជូន​រលក​សញ្ញា​នេះ​ទៅ​កាន់​ចក្រវាឡ ហើយ​អ្នក​នឹង​ជួបតែ​រឿង​នេះ​កាន់​តែ​ច្រើនឡើង។ ច្បាប់​ទំនាញ​ដំណើរ​ការ​គ្រប់​ពេល​វេលា គ្រប់​មនុស្ស​ទាំងអស់។ នៅ​ពេល​ដែល​អ្នក​គិត​ពី​អ្វី​ដែល​អ្នក​ចង់​បាន ហើយ​ផ្តោត​ចំណាប់​អារម្មណ៍​ពេញ​ទំហឹង​លើ​វា ច្បាប់​​ទំនាញ​នឹង​ផ្តល់​ឲ្យ​អ្នក​តាម​បំណង​គ្រប់ពេល​។ បើ​អ្នក​គិត​ជាប់​ជានិច្ច​នូវ​ជីវិត​ស្តុកស្តម្ភ អ្នក​នឹង​ទទួល​បាន​ជីវិត​ស្តុកស្តម្ភ។ តើ​​ពិត​ជា​ងាយ​ដល់​ម្លឹង​​មែន​​ឬ? ចុះ​​ហេតុ​អ្វី​បាន​ជា​មនុស្ស​គ្រប់​រូប​មិន​អាច​រស់​នៅ​សម​ដូច​បំណង​បាន​? បញ្ហា​ស្ថិត​នៅ​ត្រង់​មនុស្ស​ភាគ​ច្រើន​យក​ពេល​គិត​តែ​អំពី​រឿង​ដែល​ពួកគេ​មិន​ចង់​បាន ច្រើន​ជាងយក​ពេល​ទៅ​គិត​ពី​​អ្វីដែលពួកគេចង់​បាន។ ច្បាប់​ទំនាញ ដំណើរ​ការ​ជានិច្ច ទោះ​បី​អ្នក​ជឿ​ឬ​មិន​ជឿ យល់​ឬ​មិន​យល់​ក៏​ដោយ។ រឿង​ដែល​អ្នក​កំពុង​គិត​នៅ​ពេល​នេះ គឺ​ជា​អ្នក​សាង​អនាគត​របស់​អ្នក។ អ្នក​សាង​ជីវិត​ខ្លួន​ឯង​ដោយ​គំនិត​ខ្លួន​ឯង។ ដាំ​ពូជ​អ្វី​បាន​ផល​ហ្នឹង​។​ គំនិត​របស់​អ្នក​ គឺ​ជា​គ្រាប់​ពូជ អ្នក​នឹង​ប្រមូល​ផល​ទៅ​តាម​គ្រាប់​ពូជ​ដែល​អ្នក​បាន​ដាំ​ដុះ»។

Related image
របៀបអនុវត្តន៍ច្បាប់ទំនាញ

ច្បាប់​ទំនាញ​ផ្តល់​ដល់​អ្នក​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ប្រាថ្នា។ វិធី​ប្រតិបត្តិ​ច្បាប់​ទំនាញ​ងាយ​បំផុត គឺ (១) ស្នើសុំ (២) ជឿជាក់ និង (៣) ទទួល​យក​។

១.ស្នើសុំ :ចូរ​ស្នើ​សុំ​ទៅ​ចក្រ​វាឡ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ ចូរ​ចំណាយ​ពេល​គិត​ឲ្យ​បាន​ច្បាស់​លាស់​បំផុត​ពី​បំណង​ប្រាថ្នា​របស់​ខ្លួន តើ​អ្នក​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​ក្នុង​ជីវិត​?​  ប្រសិន​បើ​បំណង​ប្រាថ្នា​របស់អ្នកមិនច្បាស់លាស់ទេ ចក្រវាឡ​មិនអាច​ផ្តល់​ឲ្យ​អ្នក​សម​តាម​បំណង​បាន​ទេ។ ចូរ​ស្នើ​សុំ​តែ​ម្តង​បាន​ហើយ អ្នក​មិន​ចាំបាច់​សុំ​ម្តង​ហើយ​ម្តង​ទៀត​ទេ។

២.ជឿជាក់ :បន្ទាប់​ពី​ស្នើ​សុំ​រួច​ហើយ ចូរ​ជឿ​ជាក់​ថា​អ្នក​ទទួល​បាន​សម​ដូច​បំណង​។ ចូរ​ជឿ​ដោយ​សទ្ធា​ដាច់​ខាត។ ចូរ​មើល​ឃើញ​ថា​សេចក្តី​ប្រាថ្នា​ក្លាយ​ជា​ការ​ពិត។ ចក្រវាឡ​នឹង​ចាប់​ផ្តើម​កែ​សម្រួល​ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​របស់​ទាំង​នោះ​តាម​បំណង។ មនុស្ស​ភាគ​ច្រើន មិន​ព្រម​បើក​ចិត្ត​ហ៊ាន​ប្រាថ្នា​ទៅ​តាម​បំណង​ខ្លួន​ទេ ព្រោះ​ខ្លួន​មើល​មិន​យល់​​ថា​វា​នឹង​កើត​ឡើង​ដូច​ម្តេច​កើត  ។ អ្នក​មិន​ចាំបាច់​ចង់​ដឹង​ថា​វា​នឹង​ដំណើរការ​ដូចម្តេច​ទេ ហើយ​អ្នក​ក៏​មិន​ចាំបាច់​ដឹង​ថា​ចក្រវាឡ​​នឹង​រៀបចំ​យ៉ាង​ណា​ដែរ​។ ចូរ​ទុក​កិច្ចការ​នេះ​ឲ្យ​ចក្រវាឡ​ជា​អ្នក​សម្រេច។ បើ​អ្នក​នៅ​តែ​សង្ស័យ​មិន​អស់​មិន​ហើយ​ដូច្នេះ សទ្ធា​របស់​អ្នក​នឹង​ថយ។ ច្បាប់​ទំនាញ​ប្រៀប​បានដូច​ជា​កញ្ចក់​ប្រសិន​បើ​អ្នក​សង្ស័យ​ថា​មិន​សម​តាម​បំណង  អ្នក​នឹង​ទាញ​យក​តែ​ភាព​មិន​សម​បំណង​ចូល​មក​ក្នុង​ជីវិត​បន្ត​ទៀត។

៣.ទទួល​យក :ចូរ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ។ អារម្មណ៍​រីករាយ​បញ្ជាក់​ថា​អ្នក​កំពុង​ស្ថិត​នៅ​លើ​គន្លង​ជាមួយ​ចក្រវាឡ ហើយ​អ្នក​សម​នឹង​ទទួល​បាន​វត្ថុ​ដែល​ខ្លួន​ប្រាថ្នា។ ចូរ​ទទួល​យក​ដោយ​រីករាយ​នៅ​ពេល​វត្ថុ​ដែល​ខ្លួន​ប្រាថ្នា​បាន​មក​ដល់​ដៃ​ខ្លួន​ដូច​បំណង៕

នៅមានរឿងរ៉ាងអាថ៌កំបាំងលម្អិតជាច្រើនទៀតនៅក្នុងសៀវភៅនោះ “The Secret” ដូច្នេះកុំភ្លេចរកអាន ក្រែងសមតាមបំណងរបស់អ្នក ជោគជ័យ សុខភាព និងសុភមង្គល៕

អត្ថបទកដស្រង់៖ salarean.com

កែសម្រួលដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here