ការប្រើប្រាស់ដំណកឃ្លា នៅក្នុងភាសាខ្មែរក្នុងសម័យបច្ចេកវិទ្យា

0
1857

បន្ទាប់ពីមានការជជែកវែកញែករកហេតុផល គុណសម្បត្តិ គុណវិបត្តិ ផលប៉ះពាល់វិជ្ជមាន និង អវិជ្ជមាន នៃការសរសេរមួយពាក្យដកឃ្លាមួយ ប៉ុន្មានថ្ងៃនេះរួចមក យើងបានរកឃើញថា ផលប៉ះពាល់អវិជ្ជមាន នៃការសរសេរបែបនោះមានច្រើនលើសលប់ ដែលមិនអាចទទួលយកបាន ។ ផលប៉ះពាល់អវិជ្ជមានធំៗ​ មានដូចខាងក្រោម៖

Image result for កែវ ចន្ទបូរណ៍១. ផ្ទុយពីក្បួនដំណកឃ្លាក្នុងភាសាខ្មែរ ដែលកំណត់ដោយក្រុមបណ្ឌិត​អក្សរសាស្ត្រខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
២. ផ្ទុយពីរបៀបសរសេរភាសាខ្មែរ តាំងពីបូរាណកាលមក (គ្មានសិលាចារិកណាមួយដែលសរសេរបែបនោះឡើយ)។
៣. ធ្វើឲ្យឃ្លាតចាកអត្ថន័យនៃពាក្យខ្មែរ ដោយដកឃ្លាទាំងមិនដឹងថាពាក្យណាជាពាក្យសមាស ឬ ពាក្យណាជាពាក្យទោល ឧទាហរណ៍ ក្រូច ឆ្មារ, សកល លោក, ការ អភិវឌ្ឍ, ចំណេះ ដឹង ។ល។
៤. ធ្វើឲ្យបែកបាក់ឯកភាពជាតិក្នុងការប្រើប្រាស់ភាសាខ្មែរ និងធ្វើឲ្យមាន​ក្រុមសរសេរដាច់និងសរសេរជាប់ ហើយធ្វើឲ្យរវល់តែឈ្លោះប្រកែកគ្នា លែងមានពេលគិតពីការអភិវឌ្ឍ ឬស្រាវជ្រាវអ្វីថ្មីៗបន្ថែមទៀត។
៥. នឹងត្រូវម្ចាស់នៃភាសាដែលសរសេរដាច់ ដូចជាបារាំង អង់គ្លេស ជាដើម​ថាខ្មែរលួចកម្មសិទ្ធិបញ្ញារបស់ភាសាគេ ដោយចម្លងតាមលំនាំភាសាគេ ។ល។

ចំពោះផលចំណេញវិញ ក្រុមនោះបានលើកឡើងថា វាងាយស្រួលប្រើប្រាស់ជាមួយនឹងកម្មវិធីមួយចំនួននៅលើកុំព្យូទ័រដែលផលិតដោយជនជាតិលោកខាងលិច ដែលមិនស្គាល់ភាសាខ្មែរ ។ ចុះខ្មែរប៉ុន្មាននាក់ដែលកំពុងប្រើប្រាស់កម្មវិធីទាំងនោះ? តើកម្មវិធីទាំងនោះផ្តល់ផលចំណេញអ្វីខ្លះដល់ពលរដ្ឋខ្មែរ?

ផ្ទុយមកវិញ ក្រុមអ្នកឯកទេសបច្ចេកវិទ្យាព័ត៌មានដ៏ច្រើន មានលោក ដាញ់ ហុង ព្រះមហាភរិម្យ និង លោក ទេព សុវិចិត្រ ជាដើម សុទ្ធតែបានអះអាងដូចៗគ្នាថា វាគ្មានបញ្ហាអ្វីឡើយក្នុងការសេរជាប់នៅលើបច្ចេកវិទ្យាព័ត៌មាន ទាំងការសេរ Code ឬ Rendering ។ បច្ចុប្បន្ន មានកម្មវិធីជាច្រើន​ សុទ្ធតែស្គាល់ភាសាខ្មែរ ស្គាល់វាគ្យសព្ទភាសាខ្មែរ ដោយពុំចាំបាច់សរសេរមួយពាក្យដកឃ្លាមួយឡើយ ។

Image result for អក្សរខ្មែរ
សិលាចារិកអំពីអក្សរសាស្រ្ត​ខ្មែរ

ក្រៅពីការសរសេរមួយពាក្យដកឃ្លាមួយ ក្រុមរបស់លោកស្រី កែវ ចាន់បូណ៌ ក៏កំពុងព្យាយាមសរសេរបំផុសបំផុលឲ្យអ្នកដែលជឿ និង ទទួលផលប្រយោជន៍ពីក្រុមខ្លួនសរសេរតាម និង បានពោលសរសើរថាស្រួលអាន ស្រួលសរសេរជាដើម ថែមទាំងបានលើករឿងនិទានផ្តេសផ្តាស បន្តុះបង្អាប់ដល់បុព្វបុរសខ្មែរ និង បានដាក់ការសង្ស័យថាប្រាសាទអង្គរវត្តមិនមែន​បុព្វបុរសខ្មែរជាអ្នកសាងសង់ទៀតផង ។

Image may contain: 1 person
លោក ភួង ភិរម្យ

អំពើទាំងនេះ គឺជាចេតនាបំផ្លាញវប្បធម៌ បេតិកភណ្ឌ និងភាសាជាតិយ៉ាងពិតប្រាកដ ។ ខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងដាច់ខាត ចំពោះចេតនាអាក្រក់របស់ក្រុមលោកស្រី កែវ ចាន់បូណ៌ចាប់ពីថ្ងៃនេះតទៅ ។ សូមសាធារណជនទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស មេត្តាពិចារណាតាមការគួរ។

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧
អ្នកខ្វល់ខ្វាយពីអក្សរសាស្ត្រជាតិ
ភួង ភិរម្យ

អត្ថបទដកស្រង់ពី៖ លោក ភួង ភិរម្យ

សម្រួលដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗជាច្រើនទៀត។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here