រឿងរ៉ាវ និងប្រវត្តិទាក់ទងនឹងពិធីបុណ្យគ្រិស្មាស “បុណ្យណូអែល”

0
224
បុណ្យណូអែល (Noël) ដែលគេនាំគ្នាប្រារព្វជារៀងរាល់ឆ្នាំនេះ យកលំនាំតាមបែបអាមេរិកាំង និងជាបុណ្យ​សាំង នីកូឡា (Saint Nicolas) តាមបែបអ៊ឺរ៉ុប។ នៅអាមេរិក «លោកតាណូ​អែល» មានឈ្មោះថា «សានតា ក្លូស (Santa Claus – ឈ្មោះ​ហៅតាម សំនៀងរបស់ជនជាតិហូឡង់)» ហើយបានចេញជារូបរាងឡើង នៅ​សតវត្ស​ទី១៩។ នៅក្នុងប្រទេស​​បារាំង គេទើបនឹងចាប់​ផ្ដើមនិយាយខ្លាំងពី «លោកតាណូអែល» នៅកណ្ដាលសតវត្ស​ទី២០ ​ប៉ុណ្ណោះ។ ការងារ​​​របស់ «សានតា ក្លូស ឬ លោកតា​ណូអែល» គឺគាត់ដើរចែកអំណោយ ទៅគ្រប់កូន​ក្មេង​ណា​ដែល​ស្លូត​បូត ត្រឹម​ត្រូវ នៅក្នុង​​រាត្រី​បុណ្យ​ថ្ងៃទី២៤ ចូលមក​ថ្ងៃ​ទី ២៥ធ្នូ ជារៀងដរាប។
ប្រវត្តិ​«លោកតា​ណូអែល» នៃ​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រិស្មាស

លោកតាណូអែល ក៏ត្រូវបានគេប្រារព្វ យករូបរាងតាម ជូលេនីស (Julenisse) មនុស្សតូចល្អិតមាន​ពុក​មាត់​ស ពាក់​មួកវែងស្រួចចុង របស់​ជនជាតិ​អ៊ឺរ៉ុបខាងជើង (ស៊ុយអែដ និងណ័រវេស)  ដែលដើរយកអំណោយ ចែកឲ្យ​​កូនក្មេងនៅពេល​បុណ្យ កណ្ដាលរដូវធ្លាក់ទឹកកក។

តែបើទោះជាការនិទានតៗគ្នា មានយ៉ាងច្រើនសម្បូរបែប ពីរូបរាង “លោកតាណូអែល” យ៉ាងណាក៏ដោយ ក៏ពេលនេះ គេបានចាត់​ទុក​ជា​ទូទៅ​​ថា ​”លោកតាណូអែល” ជាមនុស្ស​ចាស់​ចិត្ត​ល្អ​ម្នាក់ មានពុកមាត់សរវែង ស្លៀកពាក់ខោអាវក្រាស់ ពណ៌​ក្រហម និងមាន​ជាយពណ៌ស។ គាត់រស់នៅតំបន់ខាងជើងនៃផែនដី គ្រប​ដណ្ដប់​ដោយ​ព្រិល និងដើរចែក​អំណោយ​​​ឲ្យ​​ដល់​ក្មេងៗ។ លោកតាណូអែល មានយានជំនិះមួយ អាចហោះបាន និងចូលចែក​អំណោយ​​ តាម​បំពង់​​ផ្សែងនៃចង្ក្រាន​កម្ដៅ តាម​លំនៅឋាននីមួយៗ។

ប្រវត្តិរបស់ សាំង នីកូឡា Saint Nicolas ឬ “លោកតាណូអែល”

Image result for Saint Nicolas

ដើមកំណើត របស់ «លោកតាណូអែល» ជាសាំង នីកូឡា (Saint Nicolas – បុព្វជិក ឈ្មោះ នីកូឡា) ដែលជា​បុព្វជិក​​​ពិត​ម្នាក់ ក្នុងសាសាគ្រឹស្តិ៍ ដែលមាន​ជីវិត​រស់នៅ​តាំងពី សតវត្សទី៣ នៅក្បែរនឹងទីក្រុង អានតាលីយ៉ា​ (Antalya) ក្នុង​ផ្នែកខាង​ត្បូង នៃប្រទេសទួរគីសព្វថ្ងៃ។ តាមគម្ពីដែលបានសរសេរទុក  បុព្វជិក​ឈ្មោះ នីកូឡា នេះបានជួយ​សង្គ្រោះ​ជីវិត កុមារ​បាន៣នាក់។ ចាប់តាំងពីសតវត្សទី១៦មក វីរភាពរបស់បុព្វជិក ត្រូវបាន​គេ​លើក​យកមកនិយាយ ឡើងវិញយ៉ាង​ច្រើន តាមរយះតួអង្គនៃព្រេងកថាទាំងឡាយ ដូចយ៉ាងតួអង្គ​របស់បុព្វជិក ហ្វូអេតារ (Fouettard) ដែល​បាន​ប្រើ​រំពាត់ខ្សែរតី វាយ​បីសាច​កុមារ​ជាច្រើននាក់ជាដើម។

Image result for ប្រវត្តិបុណ្យណូអែលនៅទ្វីបអ៊ឺរ៉ុប ជំនឿដែលនិយាយ​ទាក់ទងនឹងរដូវ​ធ្លាក់​ទឹកកក បានកើតមាន តាំងពីយូរយារណាស់​មកហើយ។ ដើម្បី​​បញ្ជៀស​ការភិតភ័យ​ទល់នឹងអន្ធការ ទំនៀម​ទំលាប់​សាសនាចម្រុះមួយ បានប្រាប់ឲ្យមនុស្សវ័យក្មេងៗ ជា​ច្រើន​នាក់ ចាប់ដៃបន្តគ្នា និងដើរពីផ្ទះមួយ ទៅផ្ទះមួយទៀត ដើម្បីសុំការដាក់ទាន។ នៅពីមុខ​ក្បួននេះ មាន​មនុស្ស​ចាស់​ម្នាក់ ជាអ្នកដឹកនាំ ហើយ​គេបានហៅឈ្មោះគាត់ ថា«ណូអែល»។ ឈ្មោះនេះ បានលេចលឺឡើង​ នៅ​នៃ​អ៊ឺរ៉ុប​ខាង​លិច ជា​ពិសេសនៅក្នុងប្រទេស​បារាំង នៅក្រោយសតវត្សទី១២។

នៅក្នុង​យុគសម័យ​កណ្ដាល ព្រះវិហារ​កាតូលីក (ពីបូរីវ៉ាទីកង់) មានបំណង​ចង់អោយ​គេជំនួស តួអង្គតំណាងសាសនា​ចម្រុះ​នេះ ជា​បុព្វជិក​ នៃសាសនាគ្រឹស្តិ៍វិញ។ ដូច្នេះ​ហើយ វាត្រូវចំនឹងប្រវត្តិរឿង របស់បុព្វជិក​ នីកូឡា ខាងលើនេះតែម្ដង ដែល​​ចាប់ពីពេលនោះមក បានក្លាយទៅជាបុព្វជិកមួយរូប ក្នុងប្រវត្តិសាស្ត្រ ថាជាអ្នកការពារ​ ទៅ​ដល់កុមារ​ទាំង​ឡាយ។​ គេបានជ្រើសរើសយក ថ្ងៃទី៦ ខែធ្នូ ក្នុងរដូវធ្លាក់ទឹកកក ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំលឹកពីបុព្វជិក​រូប​នេះ និងបានសាងរូប​តំណាង​ អោយបុព្វជិក ជាបុរសចំណាស់ មាន​ពុកមាត់វែង (…)។

នៅក្នុងសម័យកាល​នៃកំណែរទម្រង់ ពួកអ្នកកាន់សាសនាគ្រឹស្ត៍ និកាយប្រូតេស្តង់ បានបោះបង់ចោលតួអង្គ បុព្វជិក នីកូឡា ហើយបានដាក់ជំនួសវិញ នូវ​«កូនរបស់ព្រះយេស៊ូ (ក្រុមប្រូតេស្ដង់ ជឿថាព្រះយេស៊ូ មានបុត្រ)»។ នៅប្រទេសហូឡង់ បុព្វជិក នីកូឡា ត្រូវបានជំនួសដោយតួអង្គ​មួយទៀត ពាក់កណ្ដាលជាជនសមញ្ញ មានឈ្មោះថា «សានតា ក្លូស»។ នៅ​សតវត្សទី១៨ ចក្រភព​អាឡឺម៉ង់ បាន​បង្កើត​ឡើងនូវ របៀបរបបរស់នៅ និងច្បាប់ទំលាប់ នៃ«ភាពកណ្ដាលមិន​ប្រកាន់​សាសនា» ហើយ​បានជំនួស​គ្រប់​តួ​អង្គ​ទាំង​អស់ខាងលើ ដោយនិមិត្តរូបចាស់បូរាណមួយរបស់ខ្លួន ដែល​មាន​លក្ខណៈ​​ ដូច​ទៅ​នឹង​តួអង្គ ក្នុងរឿងព្រេងនិទាន។

ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក បានយកទំលាប់របស់ប្រទេសហូឡង់ ដើម្បីប្រារព្ធពិធីបុណ្យខាងលើ ដោយ​សារ​នៅក្នុងសតវត្ស​ទី១៨ ពួក​ជនជាតិ​ហូឡង់ ប្រកបដោយឥទ្ធិពល បានបង្កើតទីក្រុងមួយឈ្មោះ «អាម​ស្ទែ​ដាម​ថ្មី» (ប្ដូរជាទីក្រុង«ញ៉ូយក» នៅពេលក្រុមអង់គ្លេស ទៅគ្រប់គ្រង)  ហើយបានប្រារព្ធបុណ្យ «សានតា ក្លូស» នេះជាហូរហែ រហូតធ្វើឲ្យពិធីបុណ្យ មានប្រជាប្រិយភាពកាន់តែខ្លាំង។ គោលបំណងរបស់បុណ្យ «សានតា ក្លូស» គឺចង់ឧទ្ទិស និង​ចង់ឲ្យរង្វាន់ទៅកុមារទាំងឡាយណា ដែលស្លូតបូត ត្រឹមត្រូវ និងស្ដាប់បង្គាប់ តែដាក់​ពិន័យ​ទៅលើ កុមារណាដែល​ខិល​ខូច។

ក្នុងឆ្នាំ១៨២២ អ្នកផ្សាយសាសនាម្នាក់ ឈ្មោះ ក្លេមេន ក្លាគី ម័រ បានផ្សាយកំណាព្យមួយ និយាយពី«ការមក​លេង​របស់ បុព្វជិក នីកូឡា» ដែលបាន​រៀបរាប់​ពីចរិក របស់បុព្វជិកនេះ ថាមានចិត្តល្អ ជក់ខ្សៀរ និង​ញញឹម​រាក់​ទាក់។ កំណាព្យនេះ បានក្លាយជាគោលសំខាន់មួយទៀត សម្រាប់បកស្រាយ​ ពីពិធីបុណ្យខាងលើ ក្នុង​សម័យ​កាល​ទំនើប។ កំណាព្យ​របស់​អ្នកផ្សាយ​សាសនា ត្រូវបានកាសែតសង់ទីនែល (Sentinel) នៃទីក្រុងញ៉ូយក យក​ទៅ​ផ្សព្វផ្សាយ​នៅថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ១៨២៣ ហើយត្រូវបានកាសែតផ្សេងទៀត ដកស្រង់ផ្សាយបន្ត​បន្ទាប់ និង​ក្រោយ​មក មានការ​បកប្រែ​ ចេញ​ទៅ​ជាច្រើន​ភាសា ​នៅទូទាំងពិភពលោក។

ចំណែកឯប្រទេសអង់គ្លេស បាន​ទទួល​យក​បុណ្យ​នេះមកប្រារព្ធ ចាប់ពីឆ្នាំ​១៨៥០​មក​។ រីឯប្រទេស​បារាំងវិញ នៅតែស្មោះស្ម័គ្រ នឹងទំនៀមទំលាប់ ​នៃតួអង្គ​«លោកតា​ណូអែល» ​របស់ខ្លួនដដែល។ តែបុណ្យ«ណូអែល» ​បាន​ចាប់​ផ្ដើម​មាន​ប្រជាប្រិយភាពខ្លាំង គឺរាប់ចាប់តាំង ពីក្រោយសង្គ្រាមលោក​លើកទីពីរ ពោលគឺបន្ទាប់ពី​កងទ័ពអាមេរិក ចូលមកជួយប្រទេសបារាំង ក្នុងការ​បណ្ដេញកងទ័ព​​អាល្លឺម៉ង់ ឲ្យចេញ​ពីប្រទេស។

ចំពោះ​ថ្ងៃទី២៥ ខែធ្នូនេះ វាជាការកំណត់ផ្សេងមួយទៀត ដើម្បីរំលឹកពីថ្ងៃចាប់កំណើតព្រះយេស៊ូ គ្រឹស្ដ៍ ដោយ​​យោង​ទៅលើអត្ថបទសរសេរទុក នៅ​ក្នុង​ព្រះគម្ពី អេវ៉ង់ជីល ( Évangiles) របស់បុព្វជិក លុច និង ម៉ាទីជើ។ ប៉ុន្តែថ្ងៃនេះ មិនមាន​ទំនាក់ទនងអ្វី នឹងតួអង្គ ឬរូបរាងតំណាងរបស់«លោកតាណូអែល» ដែល​បើតាមការរៀបរាប់ខាងលើ ជា​ពិធីបុណ្យដែល​ត្រូវបានប្រារព្ធ នៅ​មុន​ថ្ងៃ​ទី២៥ ខែធ្នូនោះឡើយ។

នៅពេលបច្ចុប្បន្ន មានប្រទេសជាច្រើនផ្សេងទៀត ដែលមិនមានទំនៀមទំលាប់បែបសាសនាគ្រឹស្ត៍ ដូចយ៉ាង​ប្រទេស​ចិន កូរ៉េខាងត្បូង ឬជប៉ុនជាដើម បានកំណត់យកថ្ងៃទី ២៥ធ្នូ ដើម្បី​ធ្វើបុណ្យ «សានតា ក្លូស» ឬ«សាំង នីកូឡា» ឬ«លោកតា​ណូអែល» ហើយ​ពួកគេ​បាន​តុបតែងផ្ទះសម្បែង ឬទីក្រុង ដើម្បីជាឱកាស ចែកចាយ​អំណោយ ឬរង្វាន់​ទៅ​ឲ្យ​ផងគ្នា បរិភោគអាហារ​ឆ្ងាញ់ៗ ជា​លក្ខណៈ​សប្បាយជួបជុំគ្រួសារ៕ (មនោរម្យ)

សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here