មនុស្សជំនាន់ខុសគ្នា ម៉េចនឹងអាចដឹកនាំគ្នាបាន

0
257

សម័យយើងនេះ គឺសម័យសរសេរសំបុត្រ ប្រើទូរសារ ប៉ឹងលើអ្នកយកការណ៍ ជនបង្កប់។ សម័យនេះសម័យស្វ័យប្រវត្តិ ពិភពលោកក្នុងកណ្តាប់ដៃយើង។

សម័យមុន គ្នាយើងចាស់ៗ ប្រឹងធ្វើការចង់ដាច់សរសៃកែងតស៊ូលំបាកគ្រប់ស្ថានភាព ដោយសារតែមនោសញ្ចេតនាមើលឃើញពីអនាគតកូនចៅជំនាន់ក្រោយ។ ចង់ស្រាវជ្រាវអ្វីមួយ តាមស្វែងរកសឹងតែអស់ គ្រប់បណ្ណាល័យក្នុងប្រទេស អាចឈានដល់ក្រៅប្រទេសទៀតក៏មាន។ សម័យនេះគេប្រើតែ ម្រាមដៃវាសចុះឡើងបន្តិច ស្អីក៏មាន។

សម័យមុន គ្នាយើងចាស់ៗ ធ្វើការមិនសូវខ្លាចក្តៅ ព្រោះបើខ្លាច ក៏មិនដឹងទៅរកម៉ាស៊ីនត្រជាក់មកពីណា រកអគ្គីសនីមកពីណា។ ធ្វើការចុះខេត្តម្តងៗ វាល់ខែទើបវិលវិញ ព្រោះផ្លូវក៏មិនសំបូរ យាន្តជំនិះក៏ពិបាក។

សម័យមុន គ្នាយើងចាស់ៗ ទោះនឿយទោះហត់ ក៏សុខកឹបទុកម្ហូប ឆ្ងាញ់អោយកូនអោយចៅ ខ្លួនឯងសុខចិត្តពងទារប្រៃ ត្រីងៀត។ សប្បាយចិត្តពេលឃើញក្មេងៗវាទៅរៀនស្លៀកពាក់ស្អាតៗ។

បង្កើតបានជំនាន់ថ្មីនេះ បានត្រឹមគេហៅយើងថា “មនុស្សចាស់” ហួសសម័យហើយ។ តែមិនតូចចិត្តទេ ព្រោះវាជាវដ្ដនៃអាយុ។

អ្នកដឹកនាំចាស់ៗ ល្មមរកទីសុខទៅ ទាន់នៅចុះបានដោយមិនចាំបាច់ជាន់បន្លា ចុះអោយហើយទៅ។ ក្រែងលរតែចង់ចុះមែនទែន ចុះលែងបាន។ ជំនាន់គ្នាគេថ្មីៗនេះ គេយល់តោងគ្នាជាប់ជាង គេដឹងគ្នាគេ ត្រជាក់ក្តៅជាង។ ការងារយើងចាស់ៗ បានត្រឹមចម្លងគេអោយផុត ជំនាន់យ៉ាប់យ៉ឺន បើទោះគេដឹងយើងមិនដឹងយើង ជារឿងកម្មផល។

ប្រយ័ត្នដូចរឿងនិទានដែលខ្ញុំបានអានប៉ះចំព្រឹកម៉ិញនេះ ដែលតំណាលថា៖

សត្វកង្កែបជាសត្វដែលអាចសម្របសីតុណ្ហភាពក្នុងខ្លួនវា ទៅនឹងសីតុណ្ហភាពនៅខាងក្រៅបានយ៉ាងជំនាញបំផុត។ ថ្ងៃមួយគេយកវាទៅត្រាំសាកល្បងក្នុងក្រឡកែវ ដែលមានដុតកំដៅពីខាងក្រោម។

ឃើញថាវាពិតជាអាចទ្រាំបានមែន រហូតដល់ទឹក ក្តៅហុយផ្សែងហើយ សត្វកង្កែបនៅតែមិនខ្ចីស្ទុះហក់ចេញទៀត។

លុះដល់ទឹកចាប់ផ្តើមពុះ សត្វកង្កែបហាក់ទ្រាំលែងបាន វាក៏ប្រវេប្រវា ចង់ហក់ចេញ។ តែមើលទៅយឺតពេលហើយ ព្រោះថាមពលរបស់វាទាំងប៉ុន្មានសុទ្ធតែប្រើដើម្បីសម្រួលសីតុណ្ហភាពក្នុងខ្លួនវា អោយស្របតាមកំដៅទឹកដែលកាន់តែក្តៅនោះទាំងអស់។ កង្កែបក៏ហក់ចេញមិនរួច ហើយស្លាប់ក្នុងទឹកពុះក្តៅនោះទៅ។

“ទាន់ទឹកនៅក្តៅល្មម ខ្លួននៅមានកំលាំង ហក់ចេញអោយហើយទៅ។”

ជាសារផ្តាំផ្ញើពីទេវតា ទៅកាន់អស់អ្នកកាន់អំណាចដែលដឹងខ្លួន ទាំងអស់។ តែវាមិនមែនជាទំនាយទេវតាទេ ព្រោះទេវតាគ្រាន់ជាអ្នកនាំពាក្យ អោយព្រហ្មលិខិតប៉ុន្នោះ៕

អត្ថបទ៖ ជូកឺ ខុងមីង l សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here