តើពាក្យ​ «ខ្មែរ​ក្រហម» មានប្រភពមកពីណា និងប្រើដើម្បីអ្វីខ្លះ?

0
1185
ពួកក្រុមខ្មែរក្រហម បានធ្វើទុកបុកម្នេញដល់ប្រជាជនឯង និងសម្លាប់មនុស្សអស់ជាង ២លាននាក់។ ប៉ុន្តែពាក្យនេះ ប្រើសំដៅលើអ្វីឲ្យចំ នៅមិនទាន់មានអ្នកអាចបកស្រាយបាននៅឡើយទេ។ ដូច្នេះ សូមឈ្វេងយលបន្ថែមតាមទស្សនៈរបស់មនុស្សម្នាក់ដូចខាងក្រោម៖
Image result for Khmer RougeImage result for Khmer Rougeតើអ្វីទៅជាខ្មែរក្រហម?
ទស្សនៈទី១
ពេលដែលខ្ញុំនិយាយ «ខ្មែរក្រហម» ខ្ញុំចង់និយាយអំពី «អង្គការ» បង្កើតឡើងដោយ ប៉ុល ពត ហើយនិងជនទាំងឡាយដែលរួមចំណែកក្នុងអង្គការនោះ។ ឥឡូវ ប៉ុល ពត ស្លាប់បាត់ទៅហើយ ហើយអង្គការរបស់ខ្លួនក៏ត្រូវធ្វើឲ្យរលំរលាយ ឬអាចនិយាយបានថាត្រូវបានប្រែក្លាយឲ្យទៅជាអង្គការផ្សេងជាច្រើន។ ខ្ញុំចង់និយាយថា ដូចជាអ្នកដឹកនាំនយោបាយ និងកូនទាហានដែលធ្លាប់ចូលរួមចំណែកនៅក្នុងអង្គការនោះ ជាពិសេស ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យរបស់ អៀង សារី និងប្រជាជនដែលរស់នៅអន្លង់វែង និងអ្នកដែលគាំទ្រពួកទាំងអស់នោះ។
(ក្រេក អ៊ិចឆេសាន់)

ទស្សនៈទី២
ខ្ញុំព្យាយាមមិនប្រើពាក្យ «ខ្មែរក្រហម» ព្រោះពាក្យនេះមានន័យទូលំទូលាយពេកហើយជាពាក្យឥតប្រយោជន៍។ ខ្ញុំចូលចិត្តប្រើពាក្យថា «កម្ពុជាប្រជាធិបតេយ្យ» និងបក្សកុម្មុយនីស្តកម្ពុជា។ ខ្ញុំគិតថា សមាជិកភាពរបស់បក្សគឺជាចំណុចសំខាន់ សម្រាប់បែងចែកន័យនៃពាក្យនេះឲ្យ បានច្បាស់។ ពាក្យ «ខ្មែរក្រហម» ធ្វើឲ្យមានការភ័ន្តច្រឡំជាមួយបញ្ហាផ្សេងៗទៀត។
(ដេវីដ ឆេនដល័រ)

ទស្សនៈទី៣
ពាក្យថា «ខ្មែរក្រហម» ជាពាក្យដែលបង្កើតឡើងដោយ «សម្តេចសីហនុ»។ នៅក្នុងសុន្ទរកថាមួយគួរឲ្យជក់ចិត្តនាពាក់កណ្តាលទសវត្សរ៍ឆ្នាំ៦០ ព្រះអង្គបានហៅខ្មែរកុម្មុយនីស្ត និងក្រុមឆ្វេងនិយមថា ដែលជាពាក្យបារាំងប្រែមកថា «ខ្មែរក្រហម»។ នៅពេលជាមួយគ្នានោះដែរ ព្រះអង្គបានហៅពួកដែលគាំទ្ររដ្ឋាភិបាលសហរដ្ឋអាមេរិកថាជា «ពួកខ្មែរខៀវ»។ ប៉ុន្តែគួរឲ្យសោកស្តាយសារព័ត៌មានមួយ ពិសេសគឺសារព័ត៌មានអង់ក្លូសាក់សុងតែម្តង នៅតែប្រើពាក្យថា «ខ្មែរក្រហម»។ ពាក្យនេះមិនមែនជាពាក្យត្រឹមត្រូវជាក់លាក់ឡើយ សម្រាប់ហៅចលនាបក្សកុម្មុយនីស្តកម្ពុជា ហើយក៏មិនមែនពាក្យដែលសម្តេច សីហនុ ប្រើនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ៦០ដែរ។ ពេលដែលខ្ញុំស្ថិតនៅប្រទេសចិន ខ្ញុំតែងតែមានបញ្ហាទាំងជាមួយជនជាតិចិន ព្រមទាំងជាមួយពួកខ្មែរក្រហម នៅពេលដែលខ្ញុំប្រើពាក្យនេះ។ ពួកខ្មែរក្រហមស្អប់ពាក្យនេះណាស់ ហើយតែងតែហៅខ្លួនឯងថា «កម្ពុជាប្រជាធិបតេយ្យ»។
(ហូលីយ៉ូ ហៀលដ្រេស)

ទស្សនៈទី៤

ពាក្យ «ខ្មែរក្រហម» បម្រើផលប្រយោជន៍ស្មើគ្នារវាងអ្វីដែល «ស» និង អ្វីដែល «ខ្មៅ» នៅក្នុងប្រវត្តិសាស្ត្រ។ អាចថាវាមានពណ៌ប្រផេះ។ វាក៏ជាពាក្យដែលស្រពិចស្រពិលរវាងការពិតនិងការក្លែងបន្លំដែរ។ នៅក្នុងផ្លូវច្បាប់ពាក្យ «ខ្មែរក្រហម» មិនគួរត្រូវបានលើកយកមកប្រើប្រាស់ទេ ព្រោះដោយសារវាពុំបានធ្វើការកំណត់ជាផ្លូវការ និងពីភាពជាក់លាក់របស់វា។ ពាក្យថា «របបកម្ពុជាប្រជាធិបតេយ្យ» ឬ «បក្សកុម្មុយនីស្តកម្ពុជា» ឬ «គណៈកម្មាធិការមជ្ឈិមបក្សនៃបក្សកុម្មុយនីស្តកម្ពុជា» គួរតែត្រូវបានយកមកប្រើប្រាស់ជំនួសឲ្យពាក្យ «ខ្មែរក្រហម» នៅក្នុងផ្លូវច្បាប់ និងការពិភាក្សាជាផ្លូវការនានា។
(ឆាំង យុ)

ទស្សនៈទី៥
ពាក្យថា «ខ្មែរក្រហម» គឺគ្មានន័យទាល់តែសោះ ហើយគួរតែចៀសវាងប្រើពាក្យនេះនៅពេលណាដែលអាចធ្វើទៅបាន ហើយគួរតែត្រូវបានជំនួសដោយពាក្យអ្វីដែលច្បាស់ហើយចំៗជាងនេះ ឧទាហរណ៍ ពាក្យថា «សមាជិកនៃបក្សកុម្មុយនីស្តកម្ពុជា» «យុទ្ធជន» «កម្មាភិបាល» បក្សនៃរបបកម្ពុជាប្រជាធិបតេយ្យជាដើម៘ ពាក្យនេះត្រូវបានបង្កើតឡើង ដោយសម្តេច សីហនុ ដើម្បីហៅពួកឆ្វេងនិយមកម្ពុជា (និយាយឲ្យចំ គឺពួកកុម្មុយនីស្ត) ដែលក្នុងគំនិតព្រះអង្គផ្ទាល់ក្រុមនេះមិនចុះញ៉មជាមួយវៀតណាមឡើយ។ មានខ្មែរមួយក្រុមទៀតមានឈ្មោះថា «ខ្មែរវៀតមិញ» ក្រុមនេះប្រឆាំងនូវអ្វីដែលព្រះអង្គទ្រង់មានព្រះតម្រិះថាត្រឹមត្រូវ (ដូចជាអ្នកយោធានិយម អ្នកប្រជាធិបតេយ្យ៘)។ ពាក្យ «ខ្មែរក្រហម» បានក្លាយជាពាក្យ សម្រាប់សម្គាល់ការរំលោភបំពានដែលបង្ហាញពីសារជាតិប្រល័យពូជសាសន៍ ឬក៏យ៉ាងហោចណាស់ត្រឹមជាសារជាតិឃាតកម្មដែរ។ ដូច្នេះពាក្យនេះក្រសោបនូវផ្លាកសញ្ញានយោបាយដែលគ្មានភាពសុក្រិតគួរឲ្យគ្រោះថ្នាក់។ តុលាការមួយនឹងប្រហែលជាអាចវែករកមុខបានដឹងច្បាស់ថា តើអ្នកណាខ្លះជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ហើយអ្នកណាមិនមែនជាឧក្រិដ្ឋជនប្រល័យពូជសាសន៍។ (ស្ទីវ ហេដ័រ)

ខ្ញុំយល់ថាពាក្យ «ខ្មែរក្រហម» ថាជាពាក្យកាត់ឲ្យខ្លីមួយដែលក្រសោបទៅលើព្រឹត្តិការណ៍ប្លែកៗគ្នា នៅក្នុងរយៈពេលផ្សេងៗគ្នា នៃប្រវត្តិសាស្ត្រកម្ពុជា។
ក) ជាដំបូងនៅក្នុងសម័យសង្គមរាស្ត្រនិយម ខ្ញុំយល់ថា ពាក្យនេះត្រូវបានប្រើប្រាស់ជាដំបូងដោយសម្តេច សីហនុ ដើម្បីនិយាយសំដៅដល់ចលនាបដិវត្តន៍ «ក្រហម» ដែលប្រយុទ្ធប្រឆាំងនឹងព្រះអង្គ។
ខ) នៅក្នុងសម័យ លន់ ណល់ ពាក្យ «ខ្មែរក្រហម» សំដៅទៅលើកងកម្លាំងចលនាតស៊ូរួមបញ្ចូលទាំងសម្តេច សីហនុ រណសិរ្សបង្រួបបង្រួមជាតិ និងរដ្ឋាភិបាលរាជានិយមបង្រួបបង្រួមជាតិ។
គ) នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ពាក្យខ្មែរក្រហមនេះត្រូវបានប្រើប្រាស់សំដៅលើរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលកំពុងកាន់អំណាច។
ឃ) ចាប់តាំងពីឆ្នាំ១៩៧៩ ពាក្យខ្មែរក្រហមនេះ ត្រូវបានប្រើប្រាស់សំដៅទៅលើសមាសភាពនៃរបបកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ ហើយបានបន្តការតស៊ូប្រឆាំងនឹងរដ្ឋាភិបាលថ្មីដែលបានវាយផ្តួលរំលំរដ្ឋាភិបាលរបស់ពួកខ្លួន។ (ហេឡែន ហ្ចាវីស)

អត្ថបទយោង៖ ស្វែងរការពិត សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here