វិចិត្រករ​វ័យក្មេងរបស់កម្ពុជាម្នាក់ អាចគូសរូបពីរក្នុងពេលតែមួយបាន

0
214

វាអាចជារឿងដែលមិនគួរឱ្យជឿក៏ថាបាន ដែលមនុស្សម្នាក់អាចធ្វើរឿងពីរយ៉ាងនៅក្នងពេលតែមួយកើត។ យុវជន យី កក្តដា មានជំនាញគូសរូបពិសេសម្យ៉ាង ដោយគាត់បានគូសរូបពីរក្នុងពេលជាមួយគ្នាបានដោយងាយស្រួល។

លោក យី កក្តដា ទើបតែមានអាយុ ២២ឆ្នាំ តែមានជំនាញទាំង​​គូរ​​គំនូរបុរាណ​ និងសម័យផងដែរ​ ទាំង​លើ​ជញ្ចាំង​ ​និង​លើ​កំណាត់​ ឬ​ក្រដាស​។ លើស​ពី​នោះ គឺ​មានទេពកោសល្យ គូរ​រូប ​២​ផ្ទាំង​ ដោយ​ប្រើ​ដៃ​ពីរ​ក្នុង​ពេល​តែ​មួយ​។

លើសពីនេះទៅទៀត លោក យី កក្កដា ​អាច​លេង​ភ្លេង​ និងចេះ​ឆ្លាក់​រូប​បាន​ទៀត​។ នៅក្នុងពេលបច្ចុប្បន្ន ​រូបគេ​អាច​រក​ចំណូល​បានជាច្រើនសម្រាប់ការចាយវាយ ក៏​ប៉ុន្តែយើង​មិន​ដឹងអំពីជីវិតដ៏កម្សត់របស់គាត់ ឆ្លងកាត់ដំណើរជីវិតបែបណាខ្លះទេ?

ប្រវត្តិសង្ខេប

កាល​ពី មានអាយុ ៤ឆ្នាំ ឪពុករបស់គាត់​​ក៏បាន​មរណភាព​ ហើយ​នៅពេលខ្លួន​មាន​អាយុ​ ១០​ឆ្នាំ ម្តាយ​ក៏​ឈឺ​ស្លាប់បន្ត​ទៀត។ ក្រោយពីអ្នកមានគុណទាំងពីរលាចាក លោក កក្កដា ត្រូវ​រស់​នៅ​ខ្លួន​ទី​ពឹង​ខ្លួន​ ជា​មួយ​បង​ប្អូន​រហូត​ដល់​ទៅ ​៨​នាក់​។

​ជា​ក្មេង​ដែល​អណ្តែត​ត្រ​សែត ត្រាច់​ចរ​តាម​បង​ស្រី​ដើម្បី​រកស៊ី​លក់​ដូរ​សម្លៀកបំពាក់​ ហើយ​និង​ខិត​ខំ​រៀន​រស់​ដោយ​ពឹង​លើ​សមត្ថភាព​ខ្លួនឯង​ ដូច​ជា​ស៊ី​ឈ្នួល​រត់​តុ​គុយ​ទាវ​ កាហ្វេ​ ឬ​ការងារ​សំណង់​ជា​ដើម​ និយាយ​រួម​ការងារ​អ្វី​ក៏​ដោយ​ឲ្យ​តែ​គេ​ឲ្យ​លុយ គឺធ្វើទាំង​អស់​ដើម្បី​ចិញ្ចឹម​ជីវិត​។

ដោយ​សារ​ជីវ​ភាព​ក្រី​ក្រនេះហើយ ដែលធ្វើឱ្យ លោក កក្កដា មិន​បាន​រៀន​សូត្រ​សាលា​ចំណេះ​ដឹង​ទូទៅ​បាន​ចប់​ថ្នាក់​ទី​១២ ​នឹង​គេទេ​។

ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​ទៀត ដែល​យុវ​ជនរូប​នេះ​ក្លាយ​ខ្លួន​ជា​សិល្បករ វិចិត្រករ ដោយ​ចូល​សាលា​រៀន​សិល្បៈ​មួយនៅ​ខេត្ត​បាត់​ដំបង​បាន​ត្រឹម​តែ ​២ ទៅ ៣ខែ រូប​គេ​ក៏​ចេញ​ប្រឡូក​​ការងារ​សិល្បៈ​គំនូរ​នេះ​ តែ​ស្នាដៃ​មិន​ធម្មតា​។ រូប​គំនូរ​របស់​កក្កដា ធ្លាប់​ទទួល​បានប័ណ្ណ​សរសើរ និង​មេដាយកិត្តិយស​ពី​អង្គការ​ UNESCO ប្រចាំ​នៅ​កម្ពុជា​ទៀត​ផង​។

ថ្វីត្បិត​តែ​មិន​ទទួល​បាន​ការ​អប់រំ​ខ្ពង់​ខ្ពស់​ តែយុវជន​ យី កក្ដដា តែងតែ​លើក​តម្លៃ​ការ​សិក្សា​អប់រំ​ ហើយ​រូប​គេក៏​តែង​តែ​ចូល​រួម​ចំណែក​តាម​សម​ត្ថភាព​ក្នុង​ការងារ​សង្គម​ ដោយ​យក​ថវិកា​ដែល​រក​បាន​ពី​ការងារ​សិល្បៈ​ទៅ​ធ្វើ​ជា​គំនូរ​បែប​អប់​រំ​ សិល្បៈ​ចែក​រំលែក​នានាតាម​សា​ធារ​ណៈ និង​តាម​មណ្ឌល​ក្មេង​កំព្រា​ជា​ដើម។

ចំពោះបំណងប្រាថ្នាទៅអនាគត លោក កក្កដា លើក​ឡើង​ថា ​ខ្លួន​ចង់​ធ្វើ​ឲ្យ​សិល្បៈ​ខ្មែរ​ ពិសេស​សិល្បៈ​នៃ​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន​មាន​ការ​ទទួល​ស្គាល់​ដល់​បរទេស និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​៕

៙រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដកស្រង់៖ Sabay កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here