ខ្មែរក្រហម ​​ក្រោយការ​អន្តរាគមន៍​​កងទ័ពវៀតណាមនៅ​ឆ្នាំ១៩៧៩

0
210

ក្នុង​រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែល​ខ្មែរក្រហម​កាន់អំណាចក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រជាជន​កម្ពុជា​ជិត ​២លាន​នាក់ ត្រូវ​បាន​បាត់បង់​ជីវិត។ គិត​ជា​មធ្យម​ ក្នុង​មួយថ្ងៃ មាន​ប្រជាជន​ប្រមាណ​ ១ពាន់ ២រយនាក់​ ត្រូវបាន​គេ​យក​ទៅ​សម្លាប់ ឬ​ត្រូវ​ស្លាប់​ដោយ​អត់​អាហារ ដោយ​ជំងឺ ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ព្រៃផ្សៃ​ផ្សេងៗ​ទៀត…។

Image result for ខ្មែរក្រហមការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា​នៅ​ភ្នំពេញ

នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ មួយថ្ងៃ​ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ដួលរលំ ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ត្រូវបាន​បង្កើតឡើង ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ក្រោម​អាណាព្យាបាល​របស់​វៀតណាម។ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ជា​ផ្លូវការ នៅ​ថ្ងៃទី១២ មករា ដោយ​មាន ​លោក ហេង សំរិន ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ (មាន​ឋានៈ​ស្មើនឹង​ប្រមុខរដ្ឋ) និង​លោក ប៉ែន សុវណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈរដ្ឋមន្រ្តី (មាន​ឋានៈ​ស្មើនឹង​នាយក​រដ្ឋមន្រ្តី)។

Image result for ប៉ែន សុវណ្ណនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព សម្រាប់​រយៈពេល​២៥ឆ្នាំ។ តាមរយៈ​សន្ធិសញ្ញា​នេះ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បាន​សុខចិត្ត​ទទួលយក​អាណាព្យាបាល​វៀតណាម​នៅកម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម ប្រមាណ ​១៥ម៉ឺន​នាក់​ឈរជើង​នៅលើ​ទឹកដី​កម្ពុជា។ នៅក្នុង​ផ្នែក​ស៊ីវិល​វិញ វៀតណាម​បាន​ដាក់​អ្នក​ជំនាញការ​នៅតាម​គ្រប់​មន្ទីរក្រសួង នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។

នៅទីបំផុត វៀតណាម​បាន​សម្រេច​នូវ​មហិច្ឆតា​របស់​ខ្លួន ដែល​ប៉ង​ជា​យូរឆ្នាំ​មកហើយនោះ គឺ​ការ​ចូល​ត្រួតត្រា​កម្ពុជា។ ចំណែក​ក្រុម​ខ្មែរក្រហម ដែល​តែងតែ​តាំងខ្លួន​ជា​អ្នក​ការពារ​ប្រទេស​ពី​វៀតណាម​នោះ តាមការពិត គឺ​ជា​អ្នក​បាន​ចូលរួម​ចំណែក​យ៉ាងធំ ក្នុងការ​ជួយ​ឲ្យ​វៀតណាម​បាន​សម្រេច​បំណង​នេះ។ នៅក្នុងពេល​កាន់​អំណាច រយៈពេល​ជិត​បួនឆ្នាំ ខ្មែរក្រហម​បាន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា ធ្វើបាប និង​កាប់សម្លាប់​ប្រជាជន​ឯង ធ្វើឲ្យ​ប្រទេស​ចុះខ្សោយ​ ហើយ​លើស​ពីនេះ​ទៅទៀត ថែមទាំង​បាន​បំផ្លិចបំផ្លាញ​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស​របស់​ខ្លួនឯង បណ្តាលឲ្យ​មាន​ការ​បែកបាក់​នៅក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ខ្មែរក្រហម ធ្វើឲ្យ​មួយក្រុម​រត់​ទៅពឹង​វៀតណាម ដែល​ជា​ឱកាស​បើកដៃ​ឲ្យ​វៀតណាម​មាន​លេស​ ចូលមក​ឈ្លានពាន​កម្ពុជា។

ខ្មែរក្រហម​ក្លាយ​ជា​រដ្ឋាភិបាល​និរទេស

ថ្វីត្បិតតែ របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​វៀតណាម​ផ្តួលរំលំ នៅ​ឆ្នាំ១៩៧៩ ក៏ប៉ុន្តែ ទំព័រ​ប្រវត្តិសាស្រ្ត​ខ្មែរក្រហម​នៅ​មិនទាន់​បាន​បិទ​ជា​ស្ថាពរ​នៅឡើយ​ទេ។ ពោល នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក សម្តេច នរោត្តម សីហនុ ដែល​ជា​តំណាង​ខ្មែរក្រហម បាន​បញ្ចុះបញ្ចូល​ឲ្យ ​អ.ស.ប.​ថ្កោលទោស​អំពើ​ឈ្លានពាន​របស់​វៀតណាម មកលើ​កម្ពុជា និង​គាំទ្រ​ពួក​ខ្មែរក្រហម ដែល​បាន​រត់ទៅ​បង្កើត​រដ្ឋាភិបាល​នៅ​ព្រំដែន​ខ្មែរ-ថៃ។

ប៉ុល ពត ដែល​គេដឹង​ថា​ឈ្មោះ​របស់​ខ្លួន​កំពុង​ស្អុយ​អសោច នៅលើ​ឆាក​អន្តរជាតិ​នោះ បាន​សុខចិត្ត​លាលែង​ចេញពី​តំណែង​ ដោយ​ទុកឲ្យ ខៀវ សំផន អតីត​ប្រមុខរដ្ឋ ឡើង​មក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តីជំនួស​វិញ។

នៅខែមីនា ឆ្នាំ១៩៨១ សម្តេច នរោត្តម សីហនុ បាន​បង្កើត​រណសិរ្ស​មួយ​ដាច់ចេញ​ពី​ក្រុម​ខ្មែរក្រហម ដោយ​ដាក់ឈ្មោះ​ថា “រណសិរ្ស​រួបរួម​ជាតិ​ដើម្បី​កម្ពុជា​ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហប្រតិបត្តិការ” ដែល​ហៅកាត់​តាម​ភាសា​បារាំង​ថា FUNCINPEC (Front Uni National pour un Cambodge Indépendant, Neutre, Pacifique Et Coopératif)។

រដ្ឋាភិបាល​ចម្រុះត្រីភាគី

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៨២ នៅទីក្រុង​គួឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី សម្តេច នរោត្តម សីហនុ ខៀវ សំផន និង លោកតា សឺន សាន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី ដោយ​ដាក់ឈ្មោះ​ថា “រដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ” ដែល​មាន​សម្តេច នរោត្តម សីហនុ តំណាង FUNCINPEC ជាប្រមុខរដ្ឋ លោកតា ​សឺន សាន តំណាង​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ជា​នាយក​រដ្ឋមន្រ្តី និង ខៀវ សំផន តំណាង​ខ្មែរក្រហម ជា​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស។

ក្នុងចំណោម​ភាគី​ទាំងបី​នេះ ខ្មែរក្រហម គឺជា​ក្រុម​ដែល​មាន​កងទ័ព​ខ្លាំង​ជាងគេ ដោយ​ទទួលបាន​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​ពីសំណាក់​ប្រទេស​មួយចំនួន ដូចជា ចិន​ អាមេរិក និង ថៃ ជាដើម។

រដ្ឋាភិបាល​ត្រីភាគី​ថែមទាំង​ត្រូវបាន ​អ.ស.ប.​ទទួលស្គាល់​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា និង​ជាអ្នក​កាន់កាប់​អាសនៈ​កម្ពុជា នៅ ​អ.ស.ប.​ ទៀតផង។ ចំណែក​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​វិញ ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​ខុសច្បាប់ ព្រោះ​ស្ថិតក្រោម​អាណាព្យាបាល​របស់​វៀតណាម។

អ​.ស.ប.​ គាំទ្រ​ខ្មែរក្រហម

បើពិនិត្យមើល​ទៅលើ​ស្ថានភាព​នោះ យើងឃើញថា របប​កម្ពុជា​ប្រជាធិបតេយ្យ​មិនបាន​ដួលរលំ​ទេ នៅ​ឆ្នាំ១៩៧៩។ កម្ពុជា​ប្រជាធិបតេយ្យ​គ្រាន់តែ​បាន​ប្តូរ​ទីតាំង​ពី​ភ្នំពេញ ទៅ​ព្រំដែន​ខ្មែរ-ថៃ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែនៅតែ​ត្រូវបាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​ដដែល។ នេះ​ក៏​ដោយសារ​តែ​កម្ពុជា​ប្រជាធិបតេយ្យ​ទទួលបាន​នូវ​ការ​គាំទ្រ ពីសំណាក់​ប្រទេស​មហាអំណាច​ធំៗ។

មូលហេតុ​ចម្បង ដែល​ជំរុញឲ្យ​ប្រទេស​ជាច្រើន ដូចជា អាមេរិក ចិន និង​ ថៃ ជាដើម នាំគ្នា​គាំទ្រ​ខ្មែរក្រហម ហើយ​ច្រានចោល​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា គឺ​វៀតណាម។ ប្រទេស​ទាំងនេះ​បាន​ចាត់ទុក​ការណ៍​ដែល​កងទ័ព​វៀតណាម​វាយលុក​ចូល​កម្ពុជា ដើម្បី​ផ្តួលរំលំ​របប​ខ្មែរក្រហម​ថា​ជា​អំពើ​ឈ្លានពាន ហើយ​ថា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​គ្រាន់តែ​ជា​រដ្ឋាភិបាល​ដែល​លើកបន្តុប​ដោយ​វៀតណាម​ប៉ុណ្ណោះ។ និយាយ​ជារួម គេ​យល់ថា កម្ពុជា​នៅ​ពេលនោះ ស្ថិតក្រោម​អាណានិគម​របស់​វៀតណាម។

នៅប្រមាណ​ពីរ​សប្តាហ៍ ក្រោយពី​ពេល​ដែល​ទីក្រុង​ភ្នំពេញ​ធ្លាក់​ក្នុងដៃ​កងទ័ព​វៀតណាម រដ្ឋាភិបាល​ថៃ ដោយ​ភ័យខ្លាច​កងទ័ព​វៀតណាម​ឈ្លានពាន​មកដល់​ថៃ​ទៀតនោះ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន ដោយ​បាន​យល់ព្រម​ទទួល​ឲ្យ​ខ្មែរក្រហម​ដាក់​ទីតាំង​នៅលើ​ទឹកដី​ថៃ ដោយ​ចិន​ជាអ្នក​ផ្តល់​អាវុធ​យុទ្ធភណ្ឌ។ ជាថ្នូរ​មកវិញ ចិន​បាន​ព្រមព្រៀង​បញ្ឈប់​ការគាំទ្រ​ដល់​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​ថៃ។

រដ្ឋាភិបាល​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ថៃ ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​ថៃ​សហការ​ជាមួយ​ចិន ដើម្បី​ជួយ​ខ្មែរក្រហម ដែល​ធ្លាប់​ជា​សត្រូវ​របស់​អាមេរិក។ គឺ​លោក Brzezinski ដែល​ពេលនោះ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ដែល​បាន​ទទួលស្គាល់​បែបនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោកស្រី Elizabeth Becker អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត The Washington Post។ នៅក្នុង​បទសម្ភាសន៍​នោះ លោក Brzezinski ក៏បាន​ទទួលស្គាល់​ផងដែរ​ថា របប​ខ្មែរក្រហម​ គឺជា​របប​ព្រៃផ្សៃ ក៏ប៉ុន្តែអាមេរិក​នៅតែ​គាំទ្រ​ខ្មែរក្រហម ដើម្បី​ទប់ទល់​នឹង​វៀតណាម។

កម្ពុជា​ក្នុង​ល្បែង​ប្រជែង​ឥទ្ធិពល​របស់​មហាអំណាចសង្រ្គាមត្រជាក់

បើយើង​សិក្សា​មើល​ឲ្យបាន​ទូលំទូលាយ នេះ​គឺជា​ផ្នែកមួយ​នៃ​ការប្រជែងគ្នា​រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ពីព្រោះ​ថា នៅ​ឆ្នាំ១៩៧៩ សង្រ្គាម​ត្រជាក់​កំពុងតែ​ឆាបឆេះ​យ៉ាង​ពេញទំហឹង។ នៅពេលនោះ ពិភពលោក​ទាំងមូល​ត្រូវបាន​បែងចែក​ជា​ពីរ​ប្លុក គឺ “​ប្លុក​សេរី” ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង “​ប្លុក​កុម្មុយនិស្ត” ដឹកនាំ​ដោយ​សហភាព​សូវៀត។ ប៉ុន្តែ ចាប់ពី​ទសវត្សរ៍​ទី៦០ ប្រទេស​​ទីបី​បាន​ចូលមក​ក្នុង​ការ​ប្រកួតប្រជែង​នេះ នោះ​គឺ​ប្រទេស​ចិន។

ចិន​ក៏ជា​ប្រទេស​កុម្មុយនិស្ត​ដែរ តែ​បាន​បែកបាក់គ្នា​ជាមួយ​សហភាព​សូវៀត រហូត​ជិត​ផ្ទុះ​សង្រ្គាម​ជាមួយគ្នា នៅ​ឆ្នាំ១៩៦៩។ ដោយ​យល់ឃើញ​ថា ខ្លួន​មិនអាច​ប្រជែង​ជាមួយ​អាមេរិក​ផង និង​សូវៀត​ផង ក្នុងពេល​តែមួយ ម៉ៅសេទុង ក៏បាន​សម្រេច​ចិត្ត​ងាករេ​ទៅរក​អាមេរិក ដើម្បី​ទប់ទល់​នឹង​សហភាព​សូវៀត។

នៅក្នុង​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍ គេ​សង្កេតឃើញ​ថា នៅពេលនោះ ប្រទេស​វៀតណាម គឺជា​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត។ ខ្មែរក្រហម គឺជា​សម្ព័ន្ធមិត្ត​របស់​ចិន ហើយ ​ថៃ គឺជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ កាលពី​ដើម​ទសវត្សរ៍​ទី៧០ ខ្មែរក្រហម ​គឺជា​សត្រូវ​របស់​អាមេរិក ព្រោះ​ពេលនោះ ខ្មែរក្រហម​ជា​សម្ព័ន្ធមិត្ត​របស់​វៀតណាម។ តែក្រោយ​ឆ្នាំ​១៩៧៩ ខ្មែរក្រហម ជា​សត្រូវ​របស់​វៀតណាម ដូចនេះ អាមេរិក​ក៏​ជំរុញ​ឲ្យ​ថៃ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ជួយដល់​ខ្មែរក្រហម ដើម្បី​បណ្តេញ​វៀតណាម​ចេញពី​កម្ពុជា។ តាមការពិតគឺ ​អាមេរិក រួមដៃគ្នា​ជាមួយ​ចិន ដើម្បី​ទប់ទល់​នឹងសហភាព​សូវៀត។

ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អាមេរិក និង ​ចិន ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប. ខ្មែរក្រហម​ ដែល​គ្រាន់តែ​ជា​រដ្ឋាភិបាល​និរទេស​នោះ បាន​ទទួល​សិទ្ធិ​កាន់កាប់​អាសនៈ​កម្ពុជា​ប្រចាំ ​អ.ស.ប.។ ជំនួយ​ផ្នែក​យោធា​ពីសំណាក់​ចិន អាមេរិក និង​ថៃ ព្រមទាំង​ជំនួយ​ផ្នែក​ស៊ីវិល ពីសំណាក់​អង្គការ​មនុស្សធម៌​អន្តរជាតិ ដល់​ជនភៀសខ្លួន​នៅតាម​ជំរំ​ជនភៀសខ្លួន បាន​ជួយឲ្យ​ខ្មែរក្រហម​អាច​កសាង​កម្លាំងទ័ព​របស់ខ្លួន​ឡើងវិញ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​វៀតណាម និង​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។

សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា​ក្រោម​ទណ្ឌកម្មអន្តរជាតិ

នៅក្នុង​ប្រទេស​កម្ពុជា​ឯណោះវិញ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​ខុសច្បាប់​នោះ ទទួលរង​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​រស់បាន​ដោយសារ​ជំនួយ​ពី​សហភាព​សូវៀត តាមរយៈ​វៀតណាម។ ក៏ប៉ុន្តែ សហភាព​សូវៀត និង ​វៀតណាម ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ដែរនោះ មិនអាច​ជួយ​កម្ពុជា​បានច្រើន​ប៉ុន្មាន​នោះទេ។ ប្រជាជន​កម្ពុជា ដែល​នៅ​ក្នុង​ស្រុក មិនមាន​ភ័ព្វវាសនា​ទទួល​បាន​ជំនួយ​មនុស្សធម៌ ដូច​ជនភៀសខ្លួន​នៅតាម​ព្រំដែន​ខ្មែរ-ថៃ​នោះទេ ព្រោះថា មិនមាន​អង្គការ​មនុស្សធម៌​ណា​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដឹក​ជំនួយ​ចូលមក​កម្ពុជា​នោះទេ នៅគ្រានោះ។

ប្រជាជន​កម្ពុជា ដែល​ទើបតែ​រួចចេញ​ពី​របប​ខ្មែរក្រហម ក៏ត្រូវ​ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន​ម្តងទៀត។

សរុបសេចក្តី​មកវិញ នៅក្នុង​អំឡុង​ពេលនោះ ប្រទេស​កម្ពុជា​ត្រូវបាន​ប្រទេស​មហាអំណាច និង​ប្រទេស​ជិតខាង យក​មកធ្វើ​ជា​កម្មវត្ថុ ក្នុងការ​ប្រខាំគ្នា​ដណ្តើម​ឥទ្ធិពល នៅ​ក្នុង​តំបន់។ សហរដ្ឋ​អាមេរិក​បាន​ជួយ​សេនាប្រមុខ លន់ នល់ ឲ្យ​ទម្លាក់​សម្តេច នរោត្តម សីហនុ ដែល​បាន​ជួយ​ពួក​កុម្មុយនិស្ត​វៀតណាម ឬ​ពួក​យៀកកុង ដែល​គាំទ្រ​ដោយ​សហភាព​សូវៀត។ បន្ទាប់មក សម្តេច នរោត្តម សីហនុ រួម​ជាមួយ​ពួក​ខ្មែរក្រហម និង​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ពី​សំណាក់​ចិន និង​វៀតណាម បាន​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ វៀតណាម ដែល​មាន​មហិច្ឆតា​ចង់​ត្រួតត្រា​កម្ពុជា​ជាយូរ​មកហើយ​នោះ ក៏បាន​យកលេស​ថា​មក​រំដោះ​កម្ពុជា​ពី​របប​ខ្មែរក្រហម ដើម្បី​នាំទ័ព​ចូលមក​ឈ្លានពាន​កម្ពុជា។ ដើម្បី​ថ្កោលទោស​ដល់​អំពើ​ឈ្លានពាន​នេះ ប្រទេស​ក្នុង​ប្លុក​អាមេរិក-ចិន​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម។

ក៏ប៉ុន្តែ គេ​ក៏មិនគួរ​ទម្លាក់​កំហុស​ទាំងអស់នេះ​ទៅលើ​បរទេស​ទាំងស្រុង​នោះដែរ។ អ្នកដឹកនាំ​ខ្មែរ​នៅពេលនោះ​ គឺ​ជា​អ្នក​មាន​ចំណែក​ទទួលខុសត្រូវ​ដ៏ធំ​ ចំពោះ​សោកនាដកម្ម​ដែល​កើតឡើង​នៅ​កម្ពុជា ពីព្រោះ​ការណ៍​ដែល​បរទេស​អាច​លូកដៃ​ចូលមក​កកូរកកាយ​ក្នុង​កិច្ចការ​របស់​កម្ពុជា​បាន គឺ​ដោយសារ​តែ​មេដឹកនាំ​ខ្មែរ​ម្នាក់ៗ ​បាន​រត់​ទៅ​ពឹង​បរទេស​តែរៀងៗខ្លួន ដើម្បី​ប្រជែងហែកហួរ​ខ្មែរ​គ្នាឯង។

ចំណែកឯ​អ្នក​រងគ្រោះ​ពិតប្រាកដ គឺ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ដែល​ខ្លះ​បាន​បាត់បង់​ជីវិត ខ្លះទៀត​រស់នៅ​ដោយ​វេទនា អត់ឃ្លាន ព្រាត់ប្រាស់​​និរាសក្រុមគ្រួសារ។ ប្រទេស​កម្ពុជា​ត្រូវ​ញាំញី​ដោយ​សង្រ្គាម ធ្លាក់ចុះ​ក្នុងភាពទន់ខ្សោយ​រក​ពិពណ៌នា​ពុំបានឡើយ៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ លោក សេង ឌីណា (RFI)​ កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here