ជីវប្រវត្តិរបស់ “នារីដែក” Golda Meir នៃអ្នកនយោបាយរបស់ អ៊ីស្រាអែល

0
737

លោកស្រី ​ហ្គោល​ដា មែ ​(Golda Meir) មានឈ្មោះ​ដើម​ថា “ហ្គោល​ដា មេ​យើ​សុន” ​(Golda Meyerson) គាត់កើត​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​១៨៩៨ និងបានទទួលមរណភាព នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​១៩៧៨​។ លោកស្រី ជា​គ្រូបង្រៀន និង​ជា​អ្នកនយោបាយ​ ដែល​បាន​ក្លាយទៅជា​នាយករដ្ឋមន្ត្រី​ទី​៤ នៃ​រដ្ឋ​អ៊ីស្រាអែល ​បច្ចុប្បន្ន។​
Related imageលោកស្រី​ ហ្គោល​ដា មែ ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល ​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៦៩​ បន្ទាប់ ពី​បាន​បម្រើការ​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​ក្រសួងការបរទេស​។ លោកស្រី ​ជា​ស្ត្រី​អ៊ីស្រាអែល​ទី១ និង​ ជា​ស្ត្រី​ទី​បី​នៅលើ​ពិភពលោក​ ដែល​កាន់តំណែង​នាយករដ្ឋមន្ត្រី។ ​លោកស្រី​ ត្រូវបាន​គេ​ពិពណ៌នា​ថា​ជា ​“​នារី​ដែក​”​ នៃ​នយោបាយ​អ៊ីស្រាអែល​ជាច្រើន​ឆ្នាំ​ មុននឹង​ពាក្យ​នេះ​ត្រូវបាន​គេ​ហៅ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក ស្រី​ម៉ា​ហ្គា​រ៉េត ថាច់​ឆឺ​រ (Margaret Thatcher)​។ អតីត​នាយករដ្ឋមន្ត្រី​ លោក ​ដេវីដ បេន ហ្គួ​រៀន (David Ben-Gurion) ធ្លាប់​ហៅ ​លោកស្រី មែ​ ថា​ជា ​“​មនុស្ស​ល្អ​បំផុត​ក្នុង​រដ្ឋាភិបាល​”​។ លោកស្រី​ ត្រូវបាន​គេ​ពិពណ៌នា​ថា​ជា​ជីដូន​សក់​ខ្លី​ពណ៌​ប្រផេះ និយាយ​ដោយស្មោះ​ត្រង់ និង​មាន​ឆន្ទៈ​មុតមាំ​សម្រាប់​ប្រជាជន​ជ្វី​ហ្វ​ (អ៊ីស្រាអែល)។

 

ក្នុង​ឆ្នាំ​១៩៧៤ បន្ទាប់ពី​បញ្ចប់​នៃ​សង្គ្រាម (Yom Kippur) លោកស្រី ​ហ្គោល​ដា មែ បាន​លាលែង​ពី​នាយករដ្ឋមន្ត្រី​។ លោកស្រី ក៏​បានទទួល​មរណភាព​ នៅ​ក្នុង​ឆ្នាំ​១៩៧៨​។​

ក្រោយពី​ការស្លាប់​ភ្លាមៗ ​របស់លោក ​ឡេ​វី អេស​ខូ​ល (Levi Eshkol) នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៦៩។ គណបក្ស​បានជ្រើសរើស​ លោកស្រី មែ​ ជា​អ្នក​ស្នង​តំណែង​។ លោកស្រី​ ហ្គោល​ដា មែ ​ដែល​ពេលនោះ​មាន​អាយុ ​៧១​ឆ្នាំ មិនបាន​ចូលនិវត្តន៍​ទេ។​ លោកស្រី​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៦៩ រហូតដល់​ឆ្នាំ​១៩៧៤​។

លោកស្រី​មែ បាន​រក្សាទុក​នូវ​រដ្ឋា​ភិ​បាល​ចម្រុះ​ ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៦៧​ បន្ទាប់ពី​សង្គ្រាម ​៦​ថ្ងៃ ដែល​នៅ​ក្នុងនោះ​គណបក្ស (Mapai) បានរួម​បញ្ចូល​ជាមួយ​គណបក្ស​ពីរ​ផ្សេងទៀត ​គឺ​គណបក្ស (Rafi) និង​គណបក្ស (Ahdut HaAvoda) ដើម្បី​បង្កើតជា​គណបក្ស​ពលករ​អ៊ីស្រាអែល​។​

ក្នុង​ឆ្នាំ​១៩៦៩ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ លោកស្រី​បាន​ជួប​ជាមួយ​មេដឹកនាំ​ពិភពលោក​ជាច្រើន ដើម្បី​លើកកម្ពស់​ចក្ខុវិស័យ​នៃ​សន្តិភាព​នៅក្នុង​តំបន់​ម​ជ្ឈិម​បូព៌ា​។ រួមមាន​លោក ​រី​ឆាដ នី​សុន (Richard Nixon)​ ប្រ​ធានា​ធីប​តី​អាមេរិក នៅ​ឆ្នាំ​១៩៦៩ លោក​ នី​កូ​ឡែ សេ​អូ​សេ​ស្គូ (Nicolae Ceaușescu)​ ប្រធានាធិបតី​ រ៉ូ​ម៉ា​នី នៅ​ឆ្នាំ​១៩៧២ ​និង​មេដឹកនាំ​សាសនា​កាតូលិក សម្តេច​ប៉ាប​ប៉ូល​ទី​៦ (Pope Paul VI) នៅ​ឆ្នាំ​១៩៧៣។ ​ក្នុង​ឆ្នាំ​១៩៧៣ លោកស្រី​បានរៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​អធិការបតី​អាល្លឺម៉ង់​ខាងលិច​ គឺ​លោក ​វី​ល​លី ប្រ៊េ​ន​ដ្ត៍​ ( Willy Brandt)​ មកកាន់​ប្រទេស​អ៊ីស្រាអែល​។

​ក្នុង​ខែសីហា ឆ្នាំ​១៩៧០ លោកស្រី​ ហ្គោល​ដា មែ បានទទួល​យកគំនិត​ផ្តួចផ្តើម​សន្តិភាព​មួយ​របស់​អាមេរិក ​ដែល​អំពាវនាវ​ឲ្យ​បញ្ចប់សង្គ្រាម​រ៉ាំរ៉ៃ ហើយ ​អ៊ីស្រាអែល ​បាន​សន្យា​ដក​កងទ័ព​ដើម្បី ​“​សង្គ្រោះ និង​ទទួលស្គាល់​ព្រំដែន​” ក្នុង​គម្រោងការ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទូលំទូលាយ​មួយ​។ គណបក្ស (Gahal) បាន​ចាក​ចេញពី​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដើម្បី​ប្រឆាំង​តវ៉ា​ ប៉ុន្តែ​លោកស្រី ហ្គោល​ដា មែ បាន​បន្ត​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​ដែល​នៅសល់​។​

នៅ​ថ្ងៃទី​៨ ​ខែធ្នូ​ ឆ្នាំ​១៩៧៨ លោកស្រី ​មែ បាន​ទទួលមរណភាពដោយសារ​ជំងឺមហារីក​ នៅក្នុង​ក្រុង​ហ៊្សេ​រុយ​សា​ឡិ​ម ​(Jerusalem)​ នៅ​អាយុ​៨០​ឆ្នាំ។ ៤​ថ្ងៃ​ក្រោយមក នៅ​ថ្ងៃទី​១២ ​ខែធ្នូ សព​លោកស្រី​ មែ​ ត្រូវបាន​គេ​បញ្ចុះ​នៅលើ​ភ្នំ Herzl នៅក្នុង​ទីក្រុង ហ៊្សេរុយ​សា​ឡិ​ម​ (Jerusalem)។​

​នៅ​ឆ្នាំ​១៩៧៥ ​លោកស្រី​ ហ្គោល​ដា មែ ​ទទួលបាន​ពានរង្វាន់​អ៊ីស្រាអែល ​ចំពោះ​ការផ្តល់​វិភាគទាន​ដល់​សង្គម ​និង​រដ្ឋ​អ៊ីស្រាអែល។ នៅ​ឆ្នាំ​១៩៧៤ លោកស្រី​ត្រូវបាន​ផ្តល់​កិត្តិយស​ជា​មាតា​ពិភពលោក​ដោយ​ក្រុមហ៊ុន American Mothers Inc៕ (CEN)
កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here