អាដុលហ្វ៍ ​ហ៊ីត្លែរ ​និង​ការ​បង្កើត​គណបក្ស​ណាស៊ី (NAZI) ​នៅ​អាល្លឺម៉ង់

0
96

អាដុលហ្វ៍ ហ៊ីត្លែរ (Adolf Hitler) មាន​ដើមកំណើត​នៅ​​ក្នុង​ប្រទេស​អូទ្រីស ប៉ុន្តែបាន​មក​រស់​នៅ​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ តាំង​ពី​អាយុ ២៤ឆ្នាំ។ នៅ​ឆ្នាំ​១៩១៤ នៅ​ពេល​ដែល​សង្រ្គាម​លោក​លើកទី១​ចាប់ផ្ទុះឡើង ហ៊ីត្លែរ​ ដែល​មាន​សញ្ជាតិ​អូទ្រីស បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​អាល្លឺម៉ង់ ដោយ​មាន​តួនាទី​ជា​អ្នក​នាំសារ​ រវាង​ទី​បញ្ជាការដ្ឋាន និង​សមរភូមិមុខ។ ក៏ប៉ុន្តែ ហ៊ីត្លែរ ​បាន​ចំណាយ​ពេល​​នៅ​​បញ្ជាការដ្ឋាន និង​នៅ​ក្នុង​មន្ទីរពេទ្យ​ច្រើន​ជាង​នៅ​សមរភូមិមុខ។

Image result for Adolf Hitler
Adolf Hitler

គឺ​នៅ​ក្នុង​ពេល​កំពុង​សម្រាក​​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ដែល​ហ៊ីត្លែរ​ទទួល​ដំណឹង អំពី​បរាជ័យ​របស់​អាល្លឺម៉ង់ នៅ​ក្នុង​​​សង្រ្គាម​លោក​លើកទី១​ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩១៨។ ដំណឹង​ដែល​ធ្វើ​ឲ្យ​ហ៊ីត្លែរ​មាន​ការ​ភ្ញាក់​ផ្អើល​ផង រន្ធត់ចិត្តផង និង​ពោរពេញ​ដោយ​ភ្លើង​កំហឹង​ផង ពីព្រោះ ហ៊ីត្លែរ​ជឿ​ថា បរាជ័យ​របស់​អាល្លឺម៉ង់ គឺ​ជា​បរាជ័យ​នយោបាយ មិនមែន​ជា​បរាជ័យ​ខាង​យោធា​នោះទេ។

ហ៊ីត្លែរ ក៏ដូចជា​អ្នក​ជាតិនិយម​អាល្លឺម៉ង់​ផ្សេងទៀត​ដែរ ប្រកាន់​នូវ​ជំនឿ​មួយ​​​ថា ទាហាន​អាល្លឺម៉ង់​នៅ​លើ​សមរភូមិ​មិនចាញ់​ប្រៀប​គូសត្រូវ​នោះទេ ក៏ប៉ុន្តែ មេដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​បែរ​ជាបាន​ប្រកាស​ចុះចាញ់​សង្រ្គាម​ទៅវិញ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជាតិ​អាល្លឺម៉ង់​ទាំងមូល​ត្រូវ​ទទួលរង​នូវ​ភាព​អាម៉ាស់ ព្រមទាំង​ត្រូវ​​គូសត្រូវ​សង្កត់ ក តាមរយៈ​ការ​ដាក់​លក្ខខណ្ឌ​យ៉ាង​ធ្ងន់ធ្ងរ និង​ដោយ​អយុត្តិធម៌ នៅ​ក្នុង​ពេល​ចុះ​សន្ធិសញ្ញា​សន្តិភាព​​នៅ Versailles នៅថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​១៩១៩។ កំហឹង និង​ភាព​អាម៉ាស់​នេះ​ហើយ ដែល​ត្រូវ​បាន​ហ៊ីត្លែរ យក​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ឡើងកាន់អំណាច​ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត។

នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី១ ហ៊ីត្លែរ ដែល​មិនមែន​ជា​អ្នក​ទទួល​បាន​ការ​រៀនសូត្រ​ជ្រៅជ្រះ​នោះ បាន​​បន្តការងារ​​ក្នុង​ជួរ​កងទ័ព​អាល្លឺម៉ង់​តទៅទៀត ដោយ​​ត្រូវ​បាន​គេ​ចាត់​ឲ្យ​តាម​ឃ្លាំមើល​សកម្មភាព​របស់​សមាជិក​គណបក្ស​ពលករ​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅ​ក្នុងពេល​កំពុង​ឃ្លាំមើល​សកម្មភាព​របស់​គណបក្ស​នេះ ហ៊ីត្លែរ​ក៏​ស្រាប់តែ​​ចាប់ផ្តើម​ជាប់ចិត្ត​នឹង​គោលនយោបាយ​បែប​ជាតិ​និយម​របស់​ពួកគេ ហើយ​ក៏​បានចូល​ជា​សមាជិក​គណបក្ស​ពលករ​អាល្លឺម៉ង់ នៅ​ចុងឆ្នាំ​១៩១៩។

ហ៊ីត្លែរ កាល​ពី​ពេលនៅ​ជា​ទាហាន​ក្នុង​សង្រ្គាម​លោក​លើកទី១

បន្តិចម្តងៗ ហ៊ីត្លែរ​បាន​ចាប់ផ្តើម​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​បក្ស តាមរយៈ​ទេពកោសល្យ​ក្នុង​ការ​ថ្លែងការណ៍​ជា​សាធារណៈ ជាពិសេស ការថ្លែង​រិះគន់​សន្ធិសញ្ញា​ក្រុង​ Versailles និង​រិះគន់​អ្នក​នយោបាយ​បដិបក្ខ ព្រមទាំង​​ជនជាតិជ្វីហ្វ ដែល​ហ៊ីត្លែរ​ចោទ​ថា​ជា​ដើមឫស​នៃ​បញ្ហា​នៅ​អាល្លឺម៉ង់។

នៅ​ខែ​កក្កដា ឆ្នាំ​១៩២១ ត្រឹមតែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ​ក្រោយ​ពី​បាន​ចូល​ជា​សមាជិក​គណបក្ស​ពលករ​អាល្លឹម៉ង់ ហ៊ីត្លែរក៏​ស្រាប់តែ​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធានបក្ស ដែល​​ហ៊ីត្លែរ​​​បាន​ប្តូរ​ឈ្មោះ​ទៅជា “គណបក្ស​សង្គមជាតិនិយម” ហើយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា “គណបក្ស​ណាហ្ស៊ី”។

នៅថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ​១៩២៣ ហ៊ីត្លែរ​​បាន​រៀបចំ​ចលនា​បះបោរ​មួយ​ឡើង នៅ​ក្នុង​ទីក្រុង​មុយនិច ក្នុងគោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល​អាល្លឺម៉ង់។ ក៏ប៉ុន្តែ ចលនា​បះបោរ​នេះ​ត្រូវ​ទទួល​បរាជ័យ។ គណបក្ស​ណាហ្ស៊ី​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​លែង​ឲ្យ​ធ្វើ​សកម្មភាព ចំណែក​ហ៊ីត្លែរវិញ​​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​កាត់ទោស​ដាក់ពន្ធនាគារ​ ៥ឆ្នាំ ពីបទ​ក្បត់ជាតិ។ ប៉ុន្តែ ហ៊ីត្លែរ​ជាប់ក្នុង​ពន្ធនាគារ​តែ​ជាង​១ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​តុលាការ​កំពូល​អាល្លឺម៉ង់​សម្រេច​លើកលែងទោស​មក​វិញ។

ក្រោយ​ពី​ត្រូវ​បាន​ដោះលែង​ចេញ​​ពី​ពន្ធនាគារ​មកវិញ នៅ​ចុងឆ្នាំ​១៩២៤ ហ៊ីត្លែរ​បាន​ស្នើ​​ទៅ​អាជ្ញាធរ​អាល្លឺម៉ង់​ ដើម្បី​សុំ​​បើក​គណបក្ស​ណាហ្ស៊ី​ឡើងវិញ ដោយ​សន្យា​ថា​នឹង​គោរព​ស្ថាប័ន​​រដ្ឋ ហើយ​ថា គណបក្ស​ណាហ្ស៊ី​​នឹង​ធ្វើ​រាល់​សកម្មភាព​តស៊ូ​របស់​ខ្លួន​ដោយ​​សន្តិវិធី នៅ​​ក្នុង​តែ​​ក្របខណ្ឌ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យតែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​អាល្លឺម៉ង់​​បាន​យល់ព្រម​ឲ្យ​គណបក្ស​ណាហ្ស៊ី​​បើកធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ តែ​បាន​ដាក់​បម្រាម​​មិន​ឲ្យ​ហ៊ីត្លែរ​ចេញមុខ​​ធ្វើ​សេចក្តីថ្លែងការណ៍​​ជាសាធារណៈ​​ណាមួយ​នោះទេ។

ក៏ប៉ុន្ត បើទោះបីជា​ត្រូវ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ក៏ដោយ ហ៊ីត្លែរ​នៅតែ​អាច​ធ្វើការ​ផ្សព្វផ្សាយ​គំនិត​នយោបាយ​របស់​ខ្លួន​យ៉ាងទូលំទូលាយ​បានដែរ ជាពិសេស តាមរយៈ​ការ​ចេញផ្សាយ​សៀវភៅមួយ ដែល​មាន​ចំណងជើង​ជាភាសាអាល្លឺម៉ង់​ថា “Mein Kampf” (ជាភាសា​ខ្មែរ “ការតស៊ូ​របស់​ខ្ញុំ”)។ សៀវភៅ ដែល​ហ៊ីត្លែរ​សរសេរ នៅ​ក្នុងពេល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​រាប់លាន​ក្បាល មុននឹង​ត្រូវ​​ក្លាយ​ជា​សៀវភៅ​គោល​នៃ​នយោបាយ​របស់​របប​ណាហ្ស៊ី​អាល្លឺម៉ង់ ក្រោមការ​ដឹកនាំ​របស់​ហ៊ីត្លែរ (ឆ្នាំ​១៩៣៣-ឆ្នាំ​១៩៤៥)។

នៅ​ក្នុង​សៀវភៅ​នេះ ហ៊ីត្លែរ​បាន​សរសេរ​រៀបរាប់​អំពី​ប្រវត្តិ​ផ្ទាល់​ខ្លួន​ផង និង​អំពី​មនោគមន៍វិជ្ជា​​នយោបាយ ដើម្បី​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ប្រជាជាតិ​អាល្លឺម៉ង់​ផង។ យោងតាម​គោលគំនិត​របស់​ហ៊ីត្លែរ ប្រជាជាតិ​អាល្លឺម៉ង់​ត្រូវ​តែ​​បង្កើតឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ជាតិសាសន៍​ជាធំ។

ការបង្កើត​ប្រជាជាតិ​អាល្លឺម៉ង់​ដោយ​ឈរលើ​មូលដ្ឋាន​ជាតិសាសន៍ ទៅតាម​គំនិត​​របស់​ហ៊ីត្លែរ​នេះ​ ​មាន​ន័យ​ពីរ​យ៉ាង។ ទីមួយ មានន័យថា ប្រជាជាតិ​អាល្លឺម៉ង់ គឺទុក​​សម្រាប់​តែ​ជាតិសាសន៍​អាល្លឺម៉ង់​តែប៉ុណ្ណោះ ចំណែក​ឯ​​ជាតិសាសន៍​ផ្សេងទៀត​ត្រូវ​តែ​កម្ចាត់ចោល ដើម្បី​បន្សុទ្ធ​ជាតិសាសន៍​អាល្លឺម៉ង់។ គំនិត​បន្សុទ្ធ​ជាតិសាសន៍​នេះ​ហើយ ដែល​ជា​ដើមហេតុមួយ ដែល​នាំ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ​នៅ​អាល្លឹម៉ង់ និង​នៅ​តាម​បណ្តា​ប្រទេស​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ហ៊ីត្លែរ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ ហើយ​ប្រសិនបើ​ហ៊ីត្លែរ​ជា​អ្នក​ឈ្នះ​សង្រ្គាម​លោក​លើកទី២​វិញ ប្រហែល​មិនមែន​តែ​ជនជ្វីហ្វមួយទេ ដែល​ត្រូវ​ទទួលរង​ការ​សម្លាប់​រង្គាល​ផ្តាច់ពូជ។

ទីពីរ ការ​បង្កើត​ប្រជាជាតិ​អាល្លឺម៉ង់​ដោយ​ឈរលើ​មូលដ្ឋាន​ជាតិសាសន៍ គឺ​មានន័យថា ព្រំដែន​របស់​​​ប្រទេស​អាល្លឺម៉ង់​​នឹង​មិន​​ត្រូវ​កំណត់​តាម​លក្ខណៈ​ភូមិសាស្រ្ត​នោះទេ តែ​ទៅតាម​លក្ខណៈ​ជាតិសាសន៍ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា នៅ​ទីណា​ក៏ដោយ​ ឲ្យ​តែ​​មាន​ជាតិសាសន៍​អាល្លឺម៉ង់​រស់នៅ ទីនោះ​ត្រូវ​តែ​ជា​ទឹកដី​របស់​អាល្លឺម៉ង់។ ដោយ​ឈរលើ​គោលគំនិត​នេះ​ហើយ ដែល​ហ៊ីត្លែរ​បាន​ចូល​ឈ្លានពាន​​​តំបន់ ដែល​មាន​ប្រជាជន​ដើម​កំណើត​អាល្លឺម៉ង់​រស់នៅ ក្នុងប្រទេស​ឆេកូស្លូវ៉ាគី និង​ប៉ូឡូញ ហើយ​​ដែល​ជា​ឆ្នួន​ដុតបញ្ឆេះ​សង្រ្គាម​លោក​លើកទី២ នៅ​ឆ្នាំ​១៩៣៩៕ (RFI)

ដោយ៖ លោក សេង ឌីណា 

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ឆ្លើយ​តប​

Please enter your comment!
Please enter your name here