ខុងជឺ បានទូន្មានឲ្យអ្នកដឹកនាំប្រទេស និងរដ្ឋ ជ្រើសរើសយកគោលការណ៍គុណធម៌មកដឹកនាំ

0
180

តាម​ការ​សិក្សា​ទស្សន​វិជ្ជា​បូព៌ា​ប្រទេស គេបាន​ចាត់​ទុក ខុង ជឺ ជា​បិតា​សីល​ធម៌ ដែល​មាន​លក្ខណៈ​ជា​សាសនា ការ​អប់រំ​ និង​ជា​ច្បាប់​សីល​ធម៌​។ អ្នកប្រាជ្ញ ខុង ជឺ មាន​លក្ខណៈ​ជា​លទ្ធិ​មួយ ដែល​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា ​សីលធម៌ គុណ​ធម៌ មនុស្ស​ធម៌ ជា​ពិសេស​ចំពោះ​ជន​ជាតិ​ចិន​នា​សម័យ​នោះ។ ទស្សនៈ ខុង ជឺ ស្ដីពី​មនុស្ស​គ្រប់​រូប​ដែល​ល្អ​ជាង​គេ គឺជា​អ្នក​ដែល​រស់​នៅ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​មាន​គុណ​ធម៌ និងមេត្តា​ករុណា។

Related image

ការ​រស់​នៅ​ល្អ គឺ​អាច​សម្រេច​បាន​តែ​នៅ​ក្នុង​ទំនាក់​ទំនង ៥យ៉ាង ​របស់​មនុស្ស ​ដែល​ស្គាល់​ខ្លួន​ឯង ដោយ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ គុណ​ធម៌ កត្តញ្ញូ​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន។ ទំនាក់​ទំនង​ទាំង​នោះ​មាន​ដូច​ជា “អ្នក​ដឹក​នាំ”​ ចំពោះ​មន្រ្តី​របស់​រដ្ឋ, “ឪពុក​ម្ដាយ” ចំពោះ​កូន, “ប្ដី” ចំពោះ​ប្រពន្ធ, “មនុស្ស​ចាស់” ចំពោះ​ក្មេង ហើយ​និង​មិត្ត​ភក្ដិ​ចំពោះ​មិត្ត​ភក្ដិ។ ខុង ជឺ យល់​ថា ដើម្បី​ឲ្យ​សង្គម​មាន​សណ្ដាប់​ធ្នាប់​ល្អ លុះ​ត្រា​តែ​ក្នុង​សង្គម​នោះ​មាន​ការ​ប្រតិបត្តិ​ត្រឹម​ត្រូវ តាម​ឈ្មោះ​ជា​មុន​សិន។ បាន​ន័យ​ថា មនុស្សម្នាក់ៗ​ ត្រូវ​តែ​ស្គាល់​ឈ្មោះ និង​មុខ​ងារ​តួនាទី​របស់​ខ្លួន​ឲ្យ​ច្បាស់។ គ្រប់​ឈ្មោះ​ទាំង​អស់​សុទ្ធ​តែ​មាន​មុខ​ងារ​ខុសៗ​គ្នា។បើ​ឈ្មោះ​ណា​មួយ​បំពេញ​មុខ​ងារ​របស់​ខ្លួន​មិន​ត្រឹម​ត្រូវ អ្នក​តំណាង​ឲ្យ​ឈ្មោះ​នោះ ក៏​មិន​ចាត់​ទុក​ថា​ជា​បុគ្គល​ល្អ​បាន​ដែរ។

ខុង ជឺ បាន​ជំរុញ​សាវ័ក​ឲ្យ​រិះ​គន់​អ្នក​គ្រប់​គ្រង​ប្រសិន​បើ​ពួក​គេ​ឃើញ​អ្នក​គ្រប់​គ្រង​អសីល​ធម៌។ គាត់​បាន​ចាប់​អារម្មណ៍​ក្នុង​សិទ្ធិ​អំណាច​នយោបាយ ហើយ​បង្កើត​គុណ​ធម៌ មិន​ប្រែ​ប្រួល​ ៥យ៉ាង ​ដែល​គាត់​បាន​ជឿ​ថា អ្នក​គ្រប់​គ្រង​គួរ​តែ​អនុវត្ត ក្នុង​ការ​គ្រប់​គ្រង​ប្រជា​ជន​របស់​ខ្លួន។ គុណ​ធម៌​ទាំង​នោះ​រួម​មាន មេត្តាធម៌, ភាពម៉ឺងម៉ាត់, ភាព​ស្មោះត្រង់, បញ្ញា និង​សច្ចធម៌។ ទស្សនៈ​ខុង ជឺ ឲ្យ​តម្លៃ​មនុស្ស​លើ​សីល​ធម៌ គុណធម៌ និង​យុត្តិធម៌។ ខុង ជឺ បាន​ហាម​មិន​ឲ្យ​ធ្វើ​សង្រ្គាម​ជា​ដាច់​ខាត បើ​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ។ លោក​ចាត់​ទុក​ថា​សង្រ្គាម​ជា​ប្រភព​អមនុស្ស​ធម៌។ លោក​មិន​ពេញ​ចិត្ត ​ចំពោះ​អំពើ​ឃោរ​ឃៅ អមនុស្ស​ធម៌ ដែល​មនុស្ស​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ទៅ​លើ​សត្វ និង​ទៅ​លើ​មនុស្ស​គ្នា​ឯង ដូច​ករណី​កង​ទ័ព​ចាប់​ឈ្លើយ​សង្រ្គាម​មក​កាត់​ដៃ កាត់​ជើង បោះ​ទៅ​លើ​ចុង​លំ​ពែង ចាប់​មនុស្ស​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ​ដូច​ស្រុះ​មាន់ ។ល។ អំពើ​ទាំង​នេះ​សុទ្ធ​សឹង​ជា​អំពើ​អមនុស្ស​ធម៌។ សីល​ធម៌ ខុង ជឺ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​ស្មារតី​អៀន​ខ្មាស ត្រូវ​ចេះ​យល់​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ និង​មាន​យុត្តិ​ធម៌​ក្នុង​ជីវិត។

ខុង ជឺ អះ​អាង​ថា ការ​គ្រប់​គ្រង​តាម​បែប​សីលធម៌ ប្រសើរ​ជាង​ការ​គ្រប់​គ្រង​ដោយ​ច្បាប់ ព្រោះ​សតិ​សម្ប​ជញ្ញៈ មន​សិការ ស្មារតី ឆន្ទៈ​របស់​មនុស្ស កើត​ឡើង​ពី​មនុស្ស​សុទ្ធ​សាធ។ រីឯ​ច្បាប់ គឺ​ជា​ការ​តាក់​តែង​ដោយ​ក្រុម​មនុស្ស ដើម្បី​ការ​ពារ​នូវ​ផល​ប្រយោជន៍​រៀងៗ​ខ្លួនទៅ​តាម​ក្រុម សង្គម​របស់​គេ ហើយ​ក៏ជា​ការ​មួយ​សម្រាប់​គាប​សង្កត់​គម្រាម​កំហែង លើ​អ្នក​ទន់​ខ្សោយ​ផង​ដែរ។ ដូច្នេះ​ យើង​ឃើញ​ថាទស្សនៈ ខុង ជឺ ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​ធំធេង​បម្រើ​ឲ្យ​ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​គ្រប់​គ្រង​ដឹក​នាំ​រដ្ឋ តាម​បែប​ទស្សន​វិជ្ជា​សីលធម៌។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍គឺ ខុង ជឺ មិន​ប្រើ​ប្រាស់​កម្លាំង​ខាង​ក្រៅ​នោះ​ទេ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវភាព​របស់​បុគ្គល គ្រួសារសង្គម។ ផ្ទុយ​ទៅ​វិញ​លោក​បាន​ប្រើ​ក្បួន​ច្បាប់​សីលធម៌​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​ដោះ​ស្រាយ និង​ដឹក​នាំ​សង្គម​មនុស្ស​ឆ្ពោះ​ទៅ​រក​សុភមង្គល​យ៉ាង​ពិត​ប្រាកដ៕

កែសម្រួលដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ឆ្លើយ​តប​

Please enter your comment!
Please enter your name here