មេទ័ពរបស់នគរយៀក ហ្វាន លី (Fan Li) ជាអ្នកផ្តល់យុទ្ធសាស្ត្រ​ជួយដល់នគរបានពីស្តេចនគរអ៊ូ

0
476

ហ្វាន លី (Fan Li) ជាមេទ័ពជំនាញផ្នែកយុទ្ធសាស្រ្តសង្រ្គាមនាចុងសម័យឈុនឈីវ (Spring and Autumn)។ គេបានជួយព្រះចៅ កៅជានកូវចៀន ស្តេចនគរយៀក (King Goujian of Yue) ក្នុងផ្នែកនយោបាយ បង្វឹកទ័ព និងរៀបចំយុទ្ធសាស្រ្តធ្វើសង្រ្គាមជាមួយនគរអ៊ូ (Wu) បានយ៉ាងជោគជ័យ។

Related image
ហ្វានលី (Fan Li)

នារដូវក្តៅនាឆ្នាំ ៤៩៦ មុនគ.ស កងទ័ពនគរយៀកបានវាយយកជ័យជម្នះលើទ័ពនគរអ៊ូនៅក្រុងជូលី (Battle of Zuili)។ ព្រះចៅហឺលី នៃនគរអ៊ូ (King Helü of Wu) ត្រូវសុគតនៅទីនោះ។ ហ៊្វូសា (King Fuchai of Wu) ជាបុត្រក៏ឡើងគ្រងរាជ្យជំនួស ព្រមទាំងបានបង្វឹកក្បួនយុទ្ធសាស្រ្តដល់កងទ័ពដោយពុំមានឈប់ឈរឡើយ ដើម្បីត្រៀមខ្លួនសងសឹកនឹងនគរយៀក។

Related image
រូបសំណាក់របស់ ហ្វាន លី (Fan Li)

នៅឆ្នាំ ៤៨៤ មុនគ.ស ស្តេចកៅជាន នៃនគរយៀកប្រុងវាយលុកមកលើនគរអ៊ូជាមុន ដើម្បីកុំឲ្យនគរអ៊ូវាយលុកទាន់ តែ ហ្វានលី បានឃាត់ថា ”យើងមិនទាន់បានត្រៀមកម្លាំងគ្រប់គ្រាន់នៅឡើយ ហេតុនេះយើងមិនគួរប្រញាប់ធ្វើសង្រ្គាមក្នុងគ្រានេះទេ!” តែព្រះអង្គមិនព្រមស្តាប់ទើបនាំទ័ពទៅវាយនគរអ៊ូ តែត្រូវនគរអ៊ូវាយបកមកវិញឲ្យបរាជ័យយ៉ាងអាម៉ាស ស្ទើរតែបាត់បង់អស់ទឹកដី (បរាជ័យលើកនេះស្តេចកៅជាន ត្រូវបានចាប់ធ្វើជាឈ្លើយសឹករបស់នគរអ៊ូ អស់រយៈពេលប្រហែល ៣ឆ្នាំ) ។ ស្តេចកៅជាន ទទួលបានមេរៀនដ៏ល្វីជូរចត់ ឱបគំនរភ្លើងនៃគំនុំចងអាឃាតខិតខំបង្កបង្កើនផល លើកស្ទួយស្មារតីប្រជារាស្រ្ត ប្រឹងប្រែងហ្វឹកហាត់យុទ្ធសាស្រ្ត និងត្រៀមខ្លួនរហូតដល់ ៧ឆ្នាំ ទើបគិតបម្រុងលើកទ័ពទៅសងសឹក តែត្រូវ ហ្វានលី ឃាត់ម្តងទៀត។ ម្តងនេះ កៅជាន មិនហ៊ានប្រឆាំងនឹង ហ្វានលី។ ហ្វានលី បានប្រើល្បិចកលឲ្យស្តេច ហ៊្វូសា ប្រហារ អ៊ូជឺស៊ឺ Wu Zixu (ស៊ុនជឺ) អាមាត្យដ៏ស្មោះត្រង់ចោល។ កៅជាន ក៏គិតទៅវាយម្តងទៀត តែ ហ្វានលី នៅតែឃាត់ ព្រោះនៅមិនទាន់ដល់ពេល។

Related image
មេទ័ព ស៊ុន អ៊ូ (Sun Tzu)

លុះដល់ឆ្នាំ ៤៨២ មុនគ.ស ហ្វានលី ទទួលដំណឹងថាស្តេច ហ៊ូសា នាំទ័ពទៅប្រជុំសាមន្តរាជ (Hegemon) នៅឯក្រុង ហួងឆឺ (Huangchi) ហ្វានលី ក៏ផ្តល់គំនិតថា “ចាំឲ្យ ហ៊្វូសា ធ្វើដំណើរទៅដល់ក្រុងហួងឆឺ សិនទើបលើកទ័ពសម្រុកលើនគរអ៊ូជាបន្ទាន់”។ កៅជានបញ្ជូនទ័ព ៤៩,០០០ នាក់ បំបែកជាពីរ វាយយកតំបន់ គូស៊ូ ដោយប្រើពេល ១១ថ្ងៃ ក៏អាចដណ្តើម យក គូស៊ូ បានដូចបំណង។ នគរអ៊ូ មិនអាចធ្វើអ្វីបានក៏ចរចាបញ្ចប់សង្រ្គាមដោយព្រមប្រគល់តំបន់ គូស៊ូ ឲ្យទៅនគរយៀក កាន់កាប់។

៤ ឆ្នាំមកទៀត នគរអ៊ូមានគ្រោះរាំងស្ងួត ហ្វានលី ក៏ស្នើយោបល់ឲ្យវាយលុកលើនគរអ៊ូម្តងទៀត។ នគរទាំងពីរប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាតាមដងទន្លេលីចឺ។ ទ័ពនគរយៀក ប្រើល្បិចធ្វើដូចជាវាយលុកពីចំហៀងនៅពេលយប់ ធ្វើឲ្យទ័ពនគរអ៊ូគិតតែប្រមូលផ្តុំកម្លាំងទៅទប់ពីចំហៀង តែទ័ពធំរបស់នគរយៀកបែរជាវាយលុកចំពីមុខ។ ទ័ពនគរអ៊ូ មិនដឹងខ្លួន ត្រូវទ័ពនគរ យៀក វាយសន្ធាប់បីយប់បីថ្ងៃជាបន្តបន្ទាប់ ធ្វើឲ្យខូចខាតជាដំណំ អស់ទាំងព្រះជន្មស្តេច ហ៊្វូសា នៅពេលនោះផងដែរ។

ហ្វានលី មានគុណសម្បត្តិធំធេងលើនគរយៀក ត្រូវស្តេចកៅជាន ប្រទានតំណែងជាអគ្គមេបញ្ជាកងទ័ព តែហ្វានលី យល់ឃើញថា កៅជានជាស្តេច ដែលពូកែប្រណែនឈ្នានីស “អាចរួមទុក្ខជាមួយគ្នាបាន តែបើរួមសុខ គឺជារឿងពិបាក…” មិនដឹង ថា ថ្ងៃមុខថ្ងៃក្រោយវាសនាខ្លួននឹងត្រូវហេងស៊យដូចម្តេច? ហើយបើនឹងសុំលាលែង កៅជាន មុខជាមិនព្រម ហើយនឹងមុខ ជាមិនទុកចិត្តដល់ខ្លួនថែមទៀត ទើប ហ្វានលី លួចចុះទូកជាសម្ងាត់ គេចខ្លួនដោយមិនប្រាប់ កៅជាន ឲ្យដឹង ហើយក៏បាត់ឈ្មោះចាប់ពីពេលនោះទៅ៕ (My Album For Cambodia)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ឆ្លើយ​តប​

Please enter your comment!
Please enter your name here