រឿងរ៉ាវពិតគួរឲ្យចាប់អារម្មណ៍ទាំង១០ ពីសេតវិមានប្រធានាធិបតីអាមេរិក

0
262

លំនៅឋាន និង​ជា​កន្លែង​ធ្វើ​ការ​ផ្លូវការ​របស់​ប្រធានាធិបតី​អាមេរិក ហើយ​ក៏​ជា​និមិត្តរូប​នៃ​ប្រទេស​ដែល​មាន​អំណាច​បំផុត​មួយ “សេតវិមាន White House” គឺ​ជា​អគារ​មួយ​ក្នុង​ចំណោម​អគារ​ល្បីល្បាញ​បំផុតនៅ​លើ​ពិភពលោក។

រឿងរ៉ាវ​ជាច្រើន​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​អំពី​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ។ ទោះ​ជា​យ៉ាង​ណាក៏​មាន​ការ​ពិត និង​រឿងរ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន​ទៀត ដែល​មនុស្ស​ភាគ​ច្រើន មិន​ធ្លាប់​បាន​ដឹង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ពិត គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំង១០ ពី​សេតវិមាន​អាមេរិក កម្រ​មាន​អ្នក​ដឹង៖

#១ ប្រធានាធិបតី​អាមេរិក​ដំបូង​បង្អស់ George Washington គឺ​ជា​អ្នក​ជ្រើសរើស​ទីកន្លែង សម្រាប់​សាងសង់​សេតវិមាន​នេះ​ឡើង ប៉ុន្តែ​លោក​មិន​បាន​រស់​នៅ​ទីនោះ​ឡើយ។ Washington បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ១៧៩៩ ពោល​គឺ​១ឆ្នាំ​មុន​ពេល​វា​ត្រូវ​សាងសង់​រួចរាល់។ អ្នក​ស្នាក់​នៅ​ក្រោម​ដំបូង​សេតវិមាន​មុន​គេ​បង្អស់ គឺ​ប្រធានាធិបតី​អាមេរិក ទី២ លោក John Adams និង​ភរិយា Abigail។

#២ សេតវិមាន White House ចំណាយ​ពេល ៨ឆ្នាំ​ដើម្បី​សាងសង់​រួចរាល់ ហើយ​ចំណាយ​អស់​ប្រាក់ ២៣២ ៣៧២ដុល្លារ ដែល​ស្មើ​នឹង​ប្រាក់ ៤លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។

#៣ សេតវិមាន White House ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ជា​ច្រើន ដូចជា President’s Palace , President’s House និង Executive Mansion ជាដើម មុន​ពេល​ប្រធានាធិបតី​អាមេរិក ទី២៦ លោក Theodore Roosevelt ប្រើ​ឈ្មោះ White House ជា​ផ្លូវការ នៅ​ក្នុង​ឆ្នាំ១៩០១។

#៤ សេតវិមាន White House មាន​បណ្តោយ ៥១,២ម៉ែត្រ និង ទទឹង ២៦,២ម៉ែត្រ ហើយ​ធ្លាប់​បាន​ជាប់​ឈ្មោះ​ជា ផ្ទះ​ធំ​បំផុត​នៅ​សហរដ្ឋអាមេរិក រយៈពេល​ជាង ៦០ឆ្នាំ។

#៥ ប្រធានាធិបតី​អាមេរិក ទី២៣ លោក Benjamin Harrison គឺ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បង្អស់ ដែល​ប្រើប្រាស់​ភ្លើង​អគ្គិសនី នៅ​ក្នុង​សេតវិមាន។ ទោះ​ជា​យ៉ាង​ណា លោក និង​ភរិយា មិន​ដែល​ហ៊ាន​ប៉ះ​កុងតាក់​ភ្លើង​ឡើយ ព្រោះ​ខ្លាច​ឆក់។

#៦ ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ជាច្រើន​ឆ្នាំ​មក​នេះ សេតវិមានគឺ​ជា​សាក្សី​នៃ​ការ​ស្លាប់​ជា​ច្រើន រួមមាន​ដូច​ជា ការ​ស្លាប់​របស់​ប្រធានាធិបតី​អាមេរិក ទី៩ លោក William Henry Harrison , ប្រធានាធិបតី​អាមេរិក ទី១២ លោក Zachary Taylor , លោក Willie Lincoln កូន​ប្រុស​របស់​ប្រធានាធិបតី​អាមេរិក ទី១៦ លោក Abraham Lincoln និង លោកស្រី Ellen Wilson ភរិយា​របស់​ប្រធានាធិបតី​អាមេរិក ទី២៨ លោក Woodrow Wilson។

#៧ សេតវិមាន White House ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​អៀរឡង់ លោក James Hoban ដែល​បាន​មក​សហរដ្ឋអាមេរិក បន្ទាប់​ពី​សង្គ្រាម​បដិវត្ត។ លោក Hoban បាន​ឈ្នះ​ការ​ប្រកួត​រចនា​ជា​សាធារណៈ​មួយ ដែល​បំផុស​គំនិត​ដោយ​អគារ Leinster House នៅ​រាជធានី Dublin ប្រទេស​អៀរឡង់។

#៨ រាល់​ពេល​ជួសជុល​ផ្នែក​ខាងក្រៅ​នៃ​សេតវិមាន គឺ​ត្រូវ​ប្រើ​ទឹក​ថ្នាំ​ពណ៌​ស រហូត​ដល់​ទៅ ២១៥៧លីត្រ។

#៩ សេតវិមាន White House ត្រូវ​បាន​រាយការណ៍​ថា​មាន​ខ្មោច​លង។ ជាទូទៅ គេ​បាន​ប្រទះ​ឃើញ​ខ្មោច​លោក Abraham Lincoln នៅ​ក្នុង​បន្ទប់​ដេក​របស់​លោក​ផ្ទាល់ និង​បន្ទប់ Yellow Oval Room។ ភ្ញៀវកិត្តិយស​ជាច្រើន រួម​ទាំង អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Winston Churchill និង​ម្ចាស់ក្សត្រី​នៃ​ប្រទេស​ហូឡង់ Queen Wilhelmina ក៏​បាន​អះអាង​ថា​ឃើញ​ខ្មោច​លោក Lincoln ដែរ។

#១០ សេតវិមាន White House មាន​បន្ទប់​សរុប​ចំនួន ១៣២ , បន្ទប់ទឹក ៣៥ , ទ្វារ ៤១២ , បង្អួច ១៤៧ , កន្លែង​ដុត​ភ្លើង ២៨ , ជណ្ដើរ​ជើង ៨ និង ជណ្ដើរ​យន្ត ៣។

ប្រភព៖ list25 អត្ថបទដកស្រង់៖ Sabay
គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here