កំណាព្យលោក ព្រហ្ម ម៉ាញ បានបង្កប់អត្តន័យជ្រាលជ្រៅ ដាស់តឿនឱ្យកូនខ្មែរចេះត្រិះរិះគិតគូរសាមគ្គីគ្នាជាកម្លាំង

0
540

លោក ព្រហ្ម មា៉ញ ត្រូវបានប្រជាជនខ្មែរទទួលស្គាល់អំពីសមត្ថភាពជាច្រើន និងមានចំណេះដឹងជ្រៅជ្រះ ក្នុងការទូន្មានដាស់ស្មារតីកូនខ្មែរឱ្យភ្ញាក់រលឹកខ្លួន កុំឱ្យដើរខុសផ្លូវ តាមរយៈអាយ៉ៃ និងកំណាព្យផ្សេងៗ ជាហូរហែមកហើយ។ នៅក្នុងថ្ងៃនេះ យើងខ្ញុំសូមធ្វើការដកស្រង់កំណាព្យមួយរបស់លោក ដែលមានចំណងជើថា “ម្រាមដៃទាំងប្រាំឈ្នះគ្នា” ដូចតទៅ៖

Related image

កំណាព្យ “ម្រាមដៃទាំងប្រាំឈ្លោះគ្នា”

ម្រាមដៃទាស់គ្នាទារគុណសម្បត្តិ មុតមាំមធ្យ័តអារកាត់រៀងខ្លួន

មេដៃថាអញអស្ចារ្យមាំមួន ឯងម្រាមទាំងបួនមិនធួនស្មើឡើយ។

ព្រោះអញមេធំពុំមានអ្វីព្រួយ បើបានលេខមួយគឺអញនេះហើយ

ធ្វើជាសញ្ញាជំនួសចម្លើយ មេដៃអញហើយអំណាចជាងគេ។

ឯម្រាមចង្អុលនឹកខ្វលចិន្តា ទើបតបវិញថាឯងគ្រាន់តែមេ

អ្នកដែលពូកែអញឯណេះទេ ចង់បញ្ជាគេចង្អុលតាមចិត្ត ។

ឯម្រាមកណ្តាលក៏ឈឺឆ្អាលដែរ ថាឯងពូកែតែនៅតូចល្អិត

អញខ្ពស់មាឌធំមើលឃើញជុំជិត មិនពីបាកគិតដូចអ្នកតូចទាប ។

រីឯនាងដៃនិស្ស័យស្នេហា ទន់ភ្លន់សង្ហាស្លូតបូតសុភាព

មិនព្រួយរងកម្មចាំទទួលលាភ មាសពេជ្រតម្រៀបត្រៀបទុកឱ្យស្រេច។

កែវកងផងច្នៃតម្លៃយ៉ាងណា គ្រឿងអលង្ការរចនាគ្រប់ក្បាច់

គេតែងលម្អបំពាក់រំលិច ចាំបាច់ត្រូវពាក់ឱ្យនាងដៃមុន ។

កូនដៃនៅខ្ចីខំស្តីតវ៉ា ថាខ្ញុំនេះណាជាអ្នកមានបុណ្យ

ក្រចកមុតស្រួចរាងតូចស្រទន់ គ្មានធ្វើអ្វីធ្ងន់ព្រោះខ្ញុំកូនពៅ។

មើលចុះម្រាមដៃកែខៃគំនិត ខំបញ្ចេញឫទ្ធិមិនគិតរាក់ជ្រៅ

បើបង់អាសារម្រាមណាមួយទៅ ប្រអបដៃនៅខ្វះលក្ខណ:ហើយ ។

ចង់កាន់ចង់ទ្រយកអ្វីមិនស្រួល រអាក់រអួលដួលមុខដួលក្រោយ

បើម្រាមទាំងដប់ប្រេះស្រាំគ្នាហើយ នុ៎ះដៃនឹងខ្សោយៗលែងសូវខ្លាំង ។

បើម្រាមទាំងអស់ស្រស់ស្រួលគ្នាវិញ រួបរួមបំពេញជួយជាកម្លាំង

ពុះពាប្រយុទ្ធមិនស្លុតតតាំង លុះច្បស់នឹងខ្លាំងៗគ្រប់កិច្ចការ ។

តែបើនឹងគិតគំនិតប្រៀបធៀប ដោះស្រាយបញ្ហារដ្ឋាបូរី ។

មេដៃបីដូចជាអ្នកដឹកនាំ ពុះពាមុតមាំជូនជាតិប្រុសស្រី។

ឱ្យរាស្រ្តបានរស់មានសិទ្ឌិសិរី ចាកផុតទុក្ខភ័យពីក្តីអន្តរាយ 

រីចង្អុលដៃបីដូចសាសនា ជួយជាប្រាជ្ញាផ្លូវចិត្តផ្លូវកាយ។

ឱ្យស្គាល់បាបបុណ្យទោសគុណទាំងឡាយ ប្រជាសុខកាយសប្បាយផ្លូវធ៍ម ។

ឯម្រាមកណ្តាលដំណាលអ្នកចេះ ពេញដោយតម្រិះត្រិះរិះបានល្អ

អាចជួយដោះទុក្ខអ្នកស្រុកក្រីក្រ ដែលត្រដររស់ព្រោះអវិជ្ជា ។

នាងដៃកូនដៃដូចប្រជាជន វណ្ណៈអធនចិត្តធ្ងន់គ្រប់គ្រា

កម្មករកសិករមានក្ររួមគ្នា បំពេញការងារតាមមុខនាទី ។

ដូច្នេះម្រាមដៃបីដូចជនជាតិ មិនគួរវិវាទឱ្យឃ្លាតសាមគ្គី

គ្រប់ជាន់គ្រប់ថ្នាក់គួរស្ម័គ្រពលី កុំបែកជាពីរវេញជាធ្លុងមួយ ៕

(ដកស្រង់ពីអាយ៉ៃ លោក ព្រហ្ម ​ម៉ាញ) ដោយ៖ មនោ វិជ្ជា​ (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here