ប្រវត្តិសាស្ត្រ​ខ្មែរ នៅសម័យលង្វែក (ក្រោយពីសម័យអង្គរ)

0
436

សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាល ព្រះបាទពញាយ៉ាត ប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសារ។ ចំពោះរាជធានីវិញ ក៏ត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើង ពីទីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង)។

នៅក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខែត្រពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែកវិញ។ ព្រះបាទចន្ទរាជាព្រះអង្គចន្ទទី១ ជាអនុជពៅព្រះនាម ស្រីសុគន្ធបទ ឬជាបុត្រធម្មរាជា។ ពេលដែល ស្តេចកន ធ្វើគត់ស្រីសុគន្ធបទ នៅបន្ទាយស្ទឹងសែន នៅឆ្នាំ១៥១២ ពញាចន្ទនៅក្រុងអយុធ្យានៅឡើយ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រីនិងរាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាជ្យទ្រង់ក៏យល់ព្រមតាមការស្នើសុំ។​ ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញ ដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ ក្រៅពីបន្ទាយលង្វែក ទ្រង់បានកសាងវត្តអារាមជាច្រើននៅ ខែត្រពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្ត នៅឧដុង្គ មានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិនៅលើ ទួលមួយកន្លែង មានរាងជាជើងក្អែក ក្នុងវិហារនេះតម្កល់ព្រះពុទ្ធរូបត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូបព្រះគោ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវីអោយចងក្រង និងសរសេរគម្ពីរក្បួនច្បាប់គ្រប់ប្រភេទ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ តែគួរអោយស្តាយ នៅឆ្នាំ១៥៦៦ ទ្រង់ក៏សោយទិវង្គត អដ្ឋិធាតុតម្កល់ទុកលើភ្នំព្រះរាជទ្រព្យ។

Image result for សម័យលង្វែក
ផែនទីក្នុងក្រុងលង្វែក គូូរដោយជនជាតិព័រទុយហ្គាល់ សតវត្សរ៍ទី១៧

១. ទីតាំងភូមិសាស្រ្ត

លង្វែក​ ជាទីតាំងប្រវិត្តសាស្រ្តខ្មែរដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខែត្រកំពង់ឆ្នាំង និង​ជាកន្លែងយុទ្ធសាស្រ្តមួយ មាន ទន្លេ បឹង ជាពិសេសគឺព្រែក។ ក្រុមមេការអោយយគេជីកបុកឫសរៀបថ្ម ៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់ ១៤ហត្ថ កម្រាស់ខ្នងលើ ១០ហត្ថ ជើងទេរខាងក្រោម ២២ហត្ថ ឯជ្រុងទី៤ គឺទន្លេ។ មូលហេតុនេះហើយ​ ទើបព្រះចន្ទរាជាបញ្ជាអោយមន្រ្តីឧកញ៉ាសេនាបតីអោយកេណ្ឌរាស្រ្តកាប់ឈើ ជញ្ចូនថ្ម រែកដី ដើម្បីសង់បន្ទាយ​និង​រាជវាំង ទ្រង់បានអោយគេធ្វើកំពែងការពារ ៥ ជាន់ ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់កម្រាស់ ២ សិន (១៦០ម) មានគូទឹក មានទ្វារ ៨ ខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហានកាំភ្លើងវែង។

Related image

ក្នុងកំពែងជាន់ទីមួយ ដាក់សុទ្ធតែទាហានកាំភ្លើងធំ ហើយនៅមុខកំពែងនេះមានរោងដំរី ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទា ហានកាំភ្លើងធំ ហើយនៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកាំភ្លើងវែង សាលាជំនុំ សាលាដំបូង និងសាលាឧទ្ធរណ៍ ជាដើម។

នៅក្នុងកំពែងទី៣ ដាក់សុទ្ធតែទាហាអាវុធខ្លី មានដាក់ផ្គាក់ កាំបិត។ កំពែងទី៤ ដាក់សុទ្ធ តែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។នៅក្នុងកំពែងទី៥ មានរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យ ក្រុមបាគូ បុរោហិត និងក្រុមមហាតលិកនៅ។ ក្នុងកំពែងនេះដែរ មានរាជវាំង កំពូលប្រាំបិទមាស និងលាបម្រ័ក្ស៍សម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំហើយមានតម្កល់វត្ថុសក្តិសិទិ្ធគឺ ព្រះកែវ ឬព្រះត្រឡែងកែង និងព្រះគោចំនួន ១២ ដែលនៅក្នុងពោះព្រះគោទាំងនោះមានរក្សានូវគម្ពីរក្បួនសាស្រ្តាដ៏មានតម្លៃលើសលប់។ មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗទុកស្រូវ អង្ករអំបិល  ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តាវុធ។ ម្យ៉ាងទៀតតាមជំនឿរបស់ខ្មែរ ព្រះគោ និងព្រះកែវជាបងប្អូនបង្កើតនិងគ្នា ដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុស័ក្ដិសិទ្ធិ ដោយសារនៅក្នុងបន្ទាយលង្វែកមានរូបព្រះគោ ព្រះកែវ គេមានជំនឿថា នេះជាបន្ទាយ មួយយ៉ាងមាំសម្រាប់ការពារសត្រូវផង និងឃ្លាំងវប្បធម៌ជាតិបន្ទាប់ពីអង្គរ។

Image result for សម័យលង្វែក
ជីវភាពរស់នៅរបស់ប្រជាជននៅសម័យលង្វែក

បន្ទាយលង្វែក មានទទឹងប្រវែង ២ សហាតិមាត្រ (២ គីឡូម៉ែត្រ) និងបណ្ដោយប្រវែង ៣ (៣ គីឡូម៉ែត្រ) សហាតិមាត្រ ហើយចំណាយពេលសាងសង់អស់រយៈពេល ៣ឆ្នាំ (១៥២៧ – ១៥២៩)។

២. ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក

  • ព្រះបាទចន្ទរាជា(១៥១៦ – ១៥៦៦)

ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាស ដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទ នៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២ នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅ ពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។ ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស ១៥១៦។ រហូតដល់ឆ្នាំ ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជា បានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។ ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សរ៍ទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រឡែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី …អោយចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃនេះ។

  • ព្រះបាទបរមរាជា (១៥៦៦ – ១៥៧៦)

ព្រះបាទបរមរាជា ជាបុត្រទី២ របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀម ដើម្បីដណ្ដើមយកអាណាខេត្តខ្មែរដែល សៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះយកខេត្ត នគររាជសីមា ហើយដាក់មន្ត្រីខ្មែរអោយនៅត្រួតត្រាទីនោះ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេកស្ដេចសៀម បង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខេត្ត នគររាជសីមា ចន្ទបុរី និង បស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយលាវ (សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយលាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅ គ.ស ១៥៧៦។

  • ព្រះបាទសត្ថាទី១ (១៥៧៦ – ១៥៨៦)

ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជា ត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ ១៥៨៦ ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។

  • ព្រះបាទជ័យជេដ្ឋាទី១ (១៥៨៦ -១៥៩៣)

ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ ព្រះជន្មយុ ១១ព្រះវស្សា ឯបុត្រាទី២ ព្រះនាមពញាតន់ មានព្រះជន្ម ៦ ព្រះវស្សាជាមហាឧបរាជ។ ចំណែកឯ ព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រ​គ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀម លើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសារ។ ទីបំផុត សៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ១៥៩៣។

Related image

Related image៣. ស្ថានភាពនយោបាយ

  • នយោបាយក្នុងប្រទេស

នៅសម័យលង្វែក មានវិបត្តិរាជវង្សជាញឹកញាប់ណាស់។ ព្រះបាទសត្ថាទី១ បានដាក់រាជ្យថ្វាយទៅបុត្រច្បង ព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្ម ទើបតែ ១១ ព្រះវស្សា ព្រោះខ្លាចព្រះអនុជ ព្រះនាមស្រីសុរិយោពណ៌ បានដណ្ដើមរាជសម្បត្តិ។ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាពជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាពអស់ក្បួនខ្នាត។ ពួកសត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុក “សៀម” អស់និងមានប្រើប្រាស់ ដល់សព្វថ្ងៃទៀតង។

  • នយោបាយក្រៅប្រទេស

នៅក្នុងឲសម័យកាលនោះ ពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ាកំពុងជាប់ដៃវាយជាមួយយួនដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីខ្មែរដែលបាត់បង់ទៅ តាំងពីសតវត្សរ៍ទី១៣ យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជាបរមរាជា និង សត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខែត្រជាច្រើនមកវិញ។ មូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុតប្រជារាស្ត្រ​ខាងក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។

ប៉ុន្តែក្រោយមកក្នុងរជ្ជកាល ព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាព “ខ្មែរ-សៀម” នាឆ្នាំ ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវខែត្រនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាលព្រះបាទសត្ថាទី១ មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ព័រទុយកាល់ និងអេស្ប៉ាញ …។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀមកាន់តែក្ដៅក្រហាយ ព្រោះខ្មែរនិងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយនៅប្រទេសខ្មែរ។ នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយកក្រុងលង្វែក ។ វាបានប្រមូលរតនភ័ណ្ឌអស់ពីបន្ទាយលង្វែក ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុក សៀមថែមទៀត។ បើនរណារឹងទទឹង ពួកវានឹងសម្លាប់ចោលភ្លាមគ្មានគិតច្រើនទេ។ ដូច្នេះហើយ ទើបយើងអាចឃើញក្បួនតម្រាខ្មែរ អក្សរខ្មែរ នៅមានជីវិតក្នុងប្រទេសសៀម (ថ្ងៃ) សព្វថ្ងៃ។ ជាពិសេស គឺប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា មកពីកាលនោះ គេបានកេណ្ឌអ្នកចេះដឹង គ្រូចាស់ព្រឹទ្ធាចារ្យ និងក្បួនច្បាប់គម្ពីរផ្សេងៗ ពីខ្មែរយើងយកទៅបង្រៀនដល់នគរ សៀម ហើយបានព្យាយាមច្នៃប្រឌិតឲ្យក្លាយជារបស់ខ្លួនឯងវិញ តែយ៉ាងណាក៏នៅតែមានទម្រង់ និងរចនាបថបែបខ្មែរយើង ដដែលទេ បើសិនពិនិត្យឲ្យបានច្បាស់លាស់។

៤. សេដ្ឋកិច្ចខ្មែរ នៅសម័យលង្វែក

  • កសិកម្ម

ផ្នែកកសិកម្ម មានសកម្មភាពខ្លាំង ព្រោះព្រះរាជាសម័យនោះបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះយ៉ាងខ្លាំងណាស់។ ព្រះ អង្គ តែងតែគិតគូរដល់ដីធ្លីសម្រាប់ប្រជារាស្ត្រធ្វើស្រែចម្ការ ថែមទាំងបានជីកអូរ ព្រែក ប្រឡាយ សម្រាប់ផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្ម។ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានបញ្ជាទ័ពឲ្យកាប់ឆ្ការព្រៃដើម្បីវាតទីដីស្រែចម្ការ សម្រាប់ប្រជារាស្ត្រ។ នៅរដូវបង្កបង្កើនផល និងប្រមូលផល គេតែងតែបញ្ឈប់សង្គ្រាមដើម្បីជួយប្រជារាស្ត្រក្នុងការប្រកបរបរកសិកម្ម។

  • ពាណិជ្ជកម្ម

បឹងទន្លេសាប គឺប្រភពត្រីចម្រុះដ៏ច្រើនដែលចិញ្ចឹមប្រជារាស្ត្របានរាប់លាននាក់ និងជាបឹងដែលធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ដោយសារបឹងទន្លេសាប សម្បូរត្រី ហើយដីនៅជុំវិញសម្បូរជីជាតិ និង ទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស វិស័យពាណិជ្ជកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ នៅក្នុងរជ្ជកាល ព្រះបាទពញាយ៉ាតស្ដេចកន និង ចន្ទរាជា … ប្រទេសកម្ពុជាសុទ្ធតែបាននាំទំនិញទៅលក់នៅបរទេស ហើយទិញមកវិញនូវគ្រឿងសាស្ត្រាវុធ។ ព្រះបាទបរមរាជាបានធ្វើទំនាក់ទំនងជាមួយពួកអឺរ៉ុប ជប៉ុន ចិន និង ជ្វា ។ល។ ឲ្យមកធ្វើជំនួញនៅស្រុកខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកនេះបាននាំទំនិញដូចជាកំណាត់សំពត់ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយនាំចេញទៅវិញនូវគ្រឿងទេស ភ្លុកដំរី ស្នែង ជ័រ ស្បែក … ។

Image result for សម័យលង្វែក

  • សិប្បកម្ម

សិប្បកម្មនៅមានការអន់ថយនៅឡើយទេ នាសម័យកាលណោះ។ សកម្មភាពសំខាន់ក្នុងសម័យនោះ គឺការស្លដែក ដែលមានសន្ទុះខ្លាំងក្លាចាប់ពីរជ្ជកាលព្រះបាទចន្ទរាជា ព្រោះព្រះអង្គបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ប៉ុន្តែការប្រើដែលជាវត្ថុធាតុដើម មានរបរដំដែកជាដើម មានសកម្មភាព តាំងពីក្នុងរជ្ជកាលព្រះបាទពញាយ៉ាតមេ៉្លះ។

៤. ការបាក់បែកបន្ទាយលង្វែក និងផលវិបាក

  • ការបាក់បែកបន្ទាយលង្វែក

នៅឆ្នាំ ១៥៨០ ភូមា បានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើររាជសារសុំជំនួយពីស្ដេចខ្មែរ គឺព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យ ព្រះបាទស្រីសុរិយោពណ៌ នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យ ជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសារ នៅក្រោយពីការជួយសង្គ្រាមនោះ។ ខ្មែរយើងមានកម្ម ត្រង់ថាបើ ជួយអ្នកណាហើយ តែងតែគេសងទោសមកឲ្យខ្លួនវិញជាញឹកញាប់។

នៅឆ្នាំ ១៥៨៨ ពួកកងទ័ពសៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ ខែ‌ តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបង​ការពារបន្ទាយលង្វ‌ែ‌ក (បើតាមឯកសារមហាបុរសខ្មែរភាគ៣ បានប្រាប់ថា‌សៀមយកប្រាក់ដួងចំនួន ៥០០០ ដួង‌ ច្របល់និងគ្រាប់សំណច្រក ក្នុងកាំភ្លើ‌ងធំ‌តូ‌ច‌ បាញ់ចេញអស់វេលា ៣ថ្ងៃ)។  ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់ ដែលនាំគ្រោះធំដល់នគរ និងបន្ទាយលង្វែក។

នៅឆ្នាំ ១៥៩៤ ដោយពួកសៀម បានដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។ ពួកសៀមបានប្រមូលយក “ព្រះគោ ព្រះកែវ” ទ្រព្យសម្បត្តិ‌ក្បួនខ្នាត និងឯកសារផ្សេង ៗជាច្រើនយកទៅស្រុកសៀម។ ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីលាវ ហើយ ក៏សោយទិវង្គតនៅទីនោះតែម្តង ក្នុងឆ្នាំ ១៥៩៦។ រីឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀមគ្រា នោះដែរ។

  • ផលវិបាក

ក្រោយពីការវាយបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព គ្មានអ្វីជាទីពឹងទៀត ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀម ឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីងគ្មានសល់។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរ្ភិក្សបានចូលមកយាយីប្រជារាស្ត្រ​ខ្មែរពេញផ្ទៃប្រទេស។ ប្រជារាស្ត្ររស់នៅយ៉ាងលំបាកបំផុត និងមានការឈឺចាប់នឹងការបាត់បង់ទាំង អស់នេះពុំអាចថ្លែងបាន។ ប្រទេសកម្ពុជាបានបាត់បង់អាណាខែត្រខាងលិច និងពាយព្យ ដូចជា ខែត្រចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ …៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ) 

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឯកសារយោង៖

ឆ្លើយ​តប​

Please enter your comment!
Please enter your name here