រឿងរ៉ាវរបស់ ក្រឡាហោមគង់ វីរជនស្នេហាជាតិខ្មែរសម័យអណានិគមបារាំងសេស

0
306

ព្រះ​ទិនករ​នៅ​ប៉ប្រះ​មាត់​ព្រៃ​ ពុំទាន់​អស្ដង្គត​នៅឡើយ​ទេ។ អរុណ​រង្សី​​នៅភ្លឺច្រាល​ ចាំងមកលើ​រដ្ឋ​ធានី​​ជា​ទី​អវសាន​។​ មេឃ​
ស្រឡះ​ថ្លា​យង់​ រកពពក​មួយដុំ​គ្មាន​។​ ស្រមោល​ធម្មជាតិ​ឆ្លុះចូល​ក្នុង​គង្គា​ ឃើញ​វែង​អន្លាយ​ ហើយ​ខ្មៅ​ស្ទុង​ៗ​។​ ក្រឡា​ហោម គង់​ អង្គុយ​នៅត្រមង់​ឯក​ឯង​លើនាវា​ មាន​ទឹក​មុខ​ក្រៀម​ក្រំ​ជា​ពន្លឹក​ ខំប្រឹង​សម្លឹង​ទៅ​ត្រើយ​ខាង​លិច​ឃើញ​ប៉ម​ កំពែង​និវេសន៍​ មាន​បែប​តារាង​ និង​កំពូល​មណ្ឌល​ខ្ពស់​ត្រដែត​ឡើង​ទៅ​លើ​។

Image may contain: one or more people, people standing and text
បញ្ជាក់​៖ រូប​ខាង​លើនេះ​ មិនមែន​ជា​រូប​ ក្រឡា​ហោមគង់​ទេ​

កប៉ាល់​បើកឃ្លាត​ពីវត្ត​ឧណ្ណាលោម​ ឆ្ពោះ​ត្រង់​ទៅឯជើងហើយ​ ព្រះ​សុរិយា​ក៏​លិច​ស្រឹម​បាត់​ទៅ​ ពេល​ព្រលប់​ខិត​ចូល​មកដល់ភ្លាម​ ធ្វើ​ឲ្យ​ស្រអាប់​គ្រប់​ទិស​មួយ​រំពេច​។​ មិនយូរ​ប៉ុន្មាន​ យប់​ងងឹត​ក៏​ចូល​មក​ត្រដាង​គ្របផែន​ពសុធា​ មើលអ្វីលែង​ឃើញ​ទាំង​អស់​។​ មុខគួរ​ឲ្យ​សង្វេគ​ពន់ពេក​ នៅលើ​កប៉ាល់​ ក្រឡា​ហោមគង់​ដៃទាំងពីរ​ជាប់​ខ្នោះ​ ខំត្រដរផ្គងឡើងនូវ​អញ្ជលី​ ក្រាបថ្វាយ
បង្គំលា​ព្រះ​បរម​រាជ​ពី​ចម្ងាយ​។​ សេចក្តី​ស្នេហា​ ជាតិ​ មាតុភូមិ​និងរដ្ឋ​ នៅតែ​ដិត​ជាប់​នឹង​ដួងចិត្ត​បណ្ឌិត​នេះ​ជា​ដរាប​ ពុំមាន​
ប្រាសចាក​ទៅណា​បន្តិច​ឡើយ​។​

ក្រឡា​ហោមគង់​ លើកដៃ​ប្រណម្យ​ឡើង​ ដោយ​លំបាក​ទឹក​ភ្នែក​ហូរ​សស្រាក់​ ធ្លាក់​មកលើ​ដើមទ្រូង​ សង្រេង​សង្រៃ​អង្គុយ​សញ្ជឹង​គិត​ថា​ ខ្លួន​អាត្មា​អញ​ ទៀងជាស្លាប់នឹងដៃបារាំងក្នុង​គ្រា​នេះ​ហើយ​ ប្រហែល​ជា​ឪអញ​ពុំបាន​ជ្រាប​ផងទេ​។​ គំនិត​នេះ​ ជា​សេច ក្តី​ព្យាបាទ​របស់​ជាតិ​បរទេស​ ធ្វើ​ដោយ​អាថ៌កំបាំង​ពុំឲ្យ​អ្នក​ណា​ដឹង​។ សញ្ជឹង​គិត​ដូច្នេះ​ ក្រឡា​ហោមគង់​ក៏​ឆ្លៀត​ឱកាស​ប្រសិទ្ធិ ពរថ្វាយ​បន្តិច​ៗ​ ចំពោះ​ព្រះ​ភូសក្កថា​ “​ សូម​ឲ្យ​ព្រះ​ស្ថិត​នៅ​ក្នុង​សេរីរាជ​សម្បត្តិ​ ប្រកបដោយ​សុខុមាលភាព​ និង​វឌ្ឍនភាព​ដ៏រុង​រឿង​តទៅ​ ខ្លួន​ខ្ញុំ​ពុំបាន​នៅយក​អាសា​ទៀតទេ​ មុខ​ជា​និរាស​ប្រាសចាក​ពី​ផែនដី​ខ្មែរ​ ក្នុង​ពេល​ឥឡូវ​នេះ​ហើយ​៕

—————————————————-​

(ដកស្រង់​ចេញ​ពី​សៀវភៅ​អនុពាក្យថ្មី​ របស់​លោក​ ច័ន្ទ​ សយ​)
សរសេរ​ឡើង​វិញ​​ដោយ៖​ ស៊ូ​ ​ខេមរិន្ទ​ (កវីនិពន្ធ​ខ្មែរ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here