ភាពរុងរឿង ​និង​ការ​ធ្លាក់​ដុនដាប​នៃ​ចក្រភព​រ៉ូម ដែលជាវិបត្តិដ៏ធ្ងន់ធ្ងររបស់អឺរ៉ុម

0
127

ឆ្នាំ​២៧​មុន​គ.ស (២០៤០​ឆ្នាំ​មុន​សម័យកាលបច្ចុប្បន្ន) រ៉ូម​បោះបង់​របបដឹកនាំ​បែប​សាធារណរដ្ឋ ដែលមាន​តុល្យភាព​អំណាច​ រវាង​ព្រឹទ្ធសភា និង​កុងស៊ុល ហើយងាក​មក​​ចាប់យក​របៀបដឹកនាំ​បែប​ចក្រភព ដែល​អំណាច​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​នៅលើ​មនុស្ស​តែម្នាក់ គឺ​អធិរាជ។ អធិរាជដំបូងបង្អស់​ នៃ​ចក្រភពរ៉ូម មានឈ្មោះថា អូហ្គូស (Auguste) ឬ​តាម​ភាសា​ឡាតាំង Augustus។

Related image
អធិរាជដំបូងបង្អស់​ នៃ​ចក្រភពរ៉ូម Auguste

នៅក្នុងរយៈពេល ៥៦​ឆ្នាំ ដែល​លោក​កាន់អំណាច អធិរាជ​អូហ្គូសបាន​ស្តារ​ប្រទេសជាតិ​ឡើងវិញ ឲ្យ​ចេញ​ពី​ភាព​ប្រេះឆា នៃ​វិវាទ​ផ្ទៃក្នុង ដែល​បាន​អូសបន្លាយ​ពេល​អស់រយៈពេល​ប្រមាណ​ជា ១​សតវត្សរ៍​កន្លងទៅ ហើយ​ដឹកនាំ​ចក្រភព​រ៉ូម ឆ្ពោះទៅរក​សុខសន្តិភាព និង​វិបុលភាព។ កំណែទម្រង់​សង្គម​ជាច្រើន​ត្រូវ​បាន​រៀបចំ​ធ្វើ។ ក្នុងពេល​ជាមួយគ្នា ការ​ការច្បាំង​វាតទី​ពង្រីក​ទឹកដី​នៃ​ចក្រភព​រ៉ូម ក៏​ចេះតែ​បន្ត។

ទាក់ទង​នឹង​វិស័យ​យោធា រ៉ូម​បាន​បង្កើត​នូវ​រចនាសម្ព័ន្ធកងទ័ព​ថ្មី​ស្រឡាង​មួយ ដែល​មិនមាន​អ្នកណា​ធ្លាប់​ធ្វើ​ពីមុន គឺ​កងទ័ព​អាជីព។ ទាហាន​រ៉ូម មិនមែន​ជា​កសិករ​​ដែល​គេ​កេណ្ឌ​យក​មកច្បាំង នៅ​ក្នុង​ពេល​មាន​តម្រូវការ ហើយ​ពេល​ចប់ចម្បាំង​ វិលត្រឡប់​ទៅ​ធ្វើ​ស្រែចម្ការ​វិញ ដូច​អ្វី​ដែលប្រទេស​ផ្សេងទៀត​ធ្លាប់​ធ្វើ​ពីមុន​នោះទេ។ នៅ​រ៉ូម ទាហាន​បំពេញ​មុខងារ​ក្នុង​ជួរ​កងទ័ព​ជា​អចិន្រ្តៃយ៍៖ ចេញ​ច្បាំង​នៅ​ពេល​មានចម្បាំង ហើយ​នៅ​ពេល​គ្មានចម្បាំង ត្រូវ​​ទទួល​ការ​ហ្វឹកហ្វឺន ​ដោយ​ទទួល​ប្រាក់បៀរវត្សរ៍​ ដូចជា​ការ​បំពេញ​មុខរបរ​ផ្សេងទៀត​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ក្នុង​សម័យកាលនោះ រ៉ូម​មាន​កងទ័ព​ដែល​មាន​ជំនាញ​បំផុត ដែល​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ការ​ខ្លបខ្លាច​គ្រប់ៗគ្នា។

Related image
Alexandre le Grand

តាមរយៈ​ទាហាន​អាជីព​នេះ ចក្រភពរ៉ូម ទាំង​នៅ​ក្រោម​ការដឹកនាំ​របស់​អធិរាជ​អូហ្គូស និង​អធិរាជ​ក្រោយៗ​មកទៀត បាន​ទទួល​ជ័យជម្នះ​នៅ​ស្ទើរតែ​គ្រប់​សមរភូមិ ហើយ​ច្បាំង​វាតទី​ពង្រីក​ទឹកដី​របស់ខ្លួន ចាប់តាំង​ពី​អង់គ្លេស និង​តំបន់​អឺរ៉ុប​ មកដល់​តំបន់​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ ហើយ​ចាក់ចុះ​ទៅ​ទិស​ខាងកើត រហូត​ទៅដល់​អ៊ីរ៉ាក់​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ ផ្ទុយ​ពី​ម៉ាសេដ្វាន់ របស់​ Alexandre le Grand ចក្រភពរ៉ូម​មិនមាន​មហិច្ឆតា​ចង់​ច្បាំង​កាន់កាប់​ពិភពលោក​ទាំងមូល​នោះទេ។ ចក្រភពរ៉ូម​ចេះ​កម្រិត​ដែនកំណត់​នៃ​ការ​ពង្រីក​ទឹកដី​របស់​ខ្លួន។

ទឹកដី​នៃ​ចក្រភព​រ៉ូម​​បាន​លាតសន្ធឹង​​ដល់​កម្រិត​អតិបរមា នៅក្នុងអំឡុង​សតវត្សរ៍​ទី១ និង​សតវត្សរ៍​ទី២ នៃ​គ.ស។ ​នៅពេលនោះ ចក្រភពរ៉ូម​មាន​ផ្ទៃដី​សរុប​រហូតដល់​ទៅ ៥លាន​គីឡូម៉ែត្រ​ក្រឡា ដែលក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​បែងចែក​បង្កើតទៅ​ជា​ប្រទេស​ប្រមាណ​ជា ៤០​ប្រទេស​ខុសៗ នៅ​ក្នុង​តំបន់​អឺរ៉ុប អាហ្វ្រិក​ខាង​ជើង និង​តំបន់​មជ្ឈិមបូព៌ា៖ អង់គ្លេស បារាំង ប៊ែលហ្ស៊ិក ប៉ែក​ខាង​ត្បូង​អាល្លឺម៉ង់ ស្វ៊ីស អេ្សប៉ាញ ព័រទុយហ្កាល់ អ៊ីតាលី អូទ្រីស ហុងគ្រី ក្រូអាស៊ី ស៊ែរប៊ី អាល់បានី បូស្នី ក្រិក ប៊ុលហ្ការី រ៉ូម៉ានី តួកគី ស៊ីរី លីបង់ ប៉ាឡេស្ទីន អ៊ីស្រាអែល ហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប លីប៊ី ទុយនីស៊ី អាល់ហ្សេរី និង​ម៉ារ៉ុក សុទ្ធសឹង​តែ​ជា​អតីតទឹកដី​របស់​ចក្រភព​រ៉ូម។

ប្រជាជន​សរុប​របស់​ចក្រភព​រ៉ូម ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា មាន​ចន្លោះ​ពី ៥០លាន ទៅ​១០០លាន​នាក់ ពោលគឺ ប្រមាណ​ជា ១ភាគ៣ នៃ​ប្រជាជន​សរុប​នៅ​ទូទាំង​ពិភពលោក នៅ​ក្នុង​សម័យកាលនោះ។ នៅ​ជុំវិញ​ចក្រភព​រ៉ូម គេ​ឃើញ​មាន​ប្រជាជន​ភាគច្រើន គឺ​ជា​កុលសម្ព័ន្ធ​ ដែលបន្ត​រស់​នៅ​តាម​លក្ខណៈ​បុរេប្រវត្តិ​​ ឬ​ទើប​នឹង​បោះជំហាន​ចេញ​ពី​បុរេប្រវត្តិ មក​ប្រកប​របរ​កសិកម្ម តែ​នៅ​មិនទាន់​បង្កើត​ជា​រដ្ឋ​​នៅឡើយ។ លើកលែង​តែ​​នៅ​​​ទិស​ខាង​កើត ដែល​គេ​ឃើញ​មាន​រដ្ឋ​ និង​អរិយធម៌​ធំៗ​មួយ​ចំនួន រួមមាន ពែរស៍ ចិន និង​ឥណ្ឌា។

នៅ​ក្នុង​អំឡុង​ពេលនោះ ពែរស៍ ​គ្រាន់តែ​ជា​រដ្ឋ​តូចមួយ​ប៉ុណ្ណោះ លែង​ជា​អាណាចក្រ​ដ៏​សម្បើម​ដូចពីមុន​ទៀត​ហើយ។ ​ឥណ្ឌា​វិញ បន្ត​មាន​បញ្ហា​បាក់បែក​ផ្ទៃក្នុង​ច្រើន ក៏ប៉ុន្តែ ​នៅតែ​អាច​​ចាប់​ផ្តើម​​ពង្រីក​ឥទ្ធិពល​នៃ​អរិយធម៌​​របស់​ខ្លួន ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (នគរ​ជ្វា ខ្មែរ ម៉ាឡេ និង​ចំប៉ា ជាដើម)។  ចំណែក​ចិន ដែល​បាន​បង្រួបបង្រួម​គ្នា ក្រោមការ​ដឹកនាំ​របស់​រាជវង្ស​ហាន គឺ​ជា​អាណាចក្រ​ដ៏សំខាន់​មួយ​ដែរ គ្រាន់តែ​មិនមែន​ជា​មហាអំណាច​​កម្រិត​ពិភពលោក ដូច​ជា​ចក្រភព​រ៉ូម។ អាណាចក្រ​ទាំងពីរ ចិន និង​​​រ៉ូម មាន​ទំនាក់ទំនង​​ជាមួយគ្នា​ច្រើន ទាំង​ទំនាក់ទំនង​ផ្នែក​ការទូត និង​ខាង​ផ្នែក​ជំនួញ ជាពិសេស ការ​ជួញដូរ​សូត្រ​ពី​ចិន។

ចក្រភពរ៉ូម ត្រូវ​បាន​គេ​កត់ត្រា​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត​​​ថា ជា​មហាអំណាច​​ដ៏​សម្បើម​មួយ ក្នុង​ប្រវត្តិ​នៃ​មនុស្សជាតិ។ ជាការពិត​ថា នៅមុន​ចក្រភព​រ៉ូម ពិភពលោក​​ធ្លាប់​បាន​ស្គាល់​មហាអំណាច​​ធំៗ​ ដូចជា ពែរស៍ និង​មាសេដ្វាន់​​របស់​ Alexandre le Grand ហើយ​ក្រោយ​​ចក្រភព​រ៉ូម ក៏​មាន​មហាអំណាច​ពិភពលោក​ដ៏​សម្បើម​ផ្សេងទៀត ដូចជា អាណាចក្រ​ម៉ុងហ្គោល​របស់​ Gengis Khan និង​ចក្រភព​អង់គ្លេស ជាដើម ដែល​ខ្លះ​ជា​មហាអំណាច​ដែល​មាន​ផ្ទៃដី​ធំ​ជាង​ចក្រភព​រ៉ូម​ទៅទៀត ក៏ប៉ុន្តែ មិនមាន​អាណាចក្រ​ណា​ ដែល​អាច​រក្សា​ភាព​រុងរឿង​ជា​មហាអំណាច​ពិភពលោក បាន​យូរ​ដូចជា​ចក្រភព​រ៉ូម​នោះទេ។

Image result for Périclès
Périclès

ក៏ប៉ុន្តែ ដូច​មេដឹកនាំ​ក្រិក​ ឈ្មោះ ពេរីគ្លែស (Périclès) ធ្លាប់​ឡើង​ កាលពី​ប្រមាណ​ជា ២ពាន់ ៥រយ​ឆ្នាំ​មុន​​​ថា អ្វីៗ​ក៏​ត្រូវ​មាន​ទី​បញ្ចប់​របស់វាដែរ។ យ៉ាងណា​មិញ អំណាច​របស់​ចក្រភព​រ៉ូម បើទោះបី​ជា​ធំសម្បើម​ប៉ុណ្ណា ក៏​ត្រូវ​មាន​ទី​បញ្ចប់​របស់​វាដែរ។

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​ប្រវត្តិសាស្រ្ត​នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅឡើយទេ អំពី​ដើមហេតុ ដែល​នាំ​ឲ្យ​ចក្រភព​រ៉ូម​ធ្លាក់​ចុះ​ដុនដាប ហើយ​ពេលវេលា​ពិតប្រាកដ នៃ​ការ​បញ្ចប់​អំណាច​រ៉ូម ក្នុង​ឋានៈ​ជា​មហាអំណាច​ពិភពលោក ក៏​គេ​ពិបាក​នឹង​កំណត់​ឲ្យ​បាន​ជាក់​លាក់​ដែរ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ចក្រភព​រ៉ូម បាន​កើតឡើង​ដោយ​សន្សឹមៗ ដោយ​អូសបន្លាយពេល​រហូតដល់​ទៅ​រាប់រយឆ្នាំ​ឯណោះ។

នៅ​ក្នុងការសិក្សា​អំពី​ដើមហេតុ ដែល​នាំ​ឲ្យ​ចក្រភព​រ៉ូម​ធ្លាក់​ដុនដាប អ្នក​ប្រវត្តិសាស្រ្ត​ច្រើន​នាំគ្នា​ផ្តោត​ទៅលើ​កត្តា​ធំៗ​មួយចំនួន ដូចជា វិបត្តិ​សេដ្ឋកិច្ច និង​សង្គម បូករួម​ជាមួយនឹង​វិបត្តិ​នយោបាយ ដែល​កើត​ពី​ជម្លោះ​ដណ្តើមស្នងតំណែង នៅ​ក្រោយ​ការស្លាប់​របស់​អធិរាជ​រ៉ូម​ម្តងៗ និង​ការ​វាយប្រហារ​ពី​កុលសម្ព័ន្ធ​​ខាងក្រៅ។

នៅចុងសតវត្សរ៍​ទី៣ នៃ​គ.ស ចក្រភព​រ៉ូម​ត្រូវ​បាន​គេ​ពុះចែក​ជា​ពីរ​ចំណែក គ្រប់គ្រង​ដោយ​អធិរាជ​ពីរ​ផ្សេងគ្នា៖ ចក្រភព​រ៉ូម​ខាងកើត និង​ចក្រភពរ៉ូម​ខាងលិច។ ចាប់ពីពេលនោះមក​ ស្ថាប័ន​នយោបាយ និង​កងទ័ព​រ៉ូម​ បាន​ចាប់ផ្តើម​បាត់បង់​ស្ថិរភាព​បន្តិចម្តងៗ។ ជម្លោះផ្ទៃក្នុង​រ៉ូម​ចេះតែ​បន្ត​កើតមាន​ឥតឈប់ឈរ។ ក្នុងពេល​ដែល​រ៉ូម​កំពុង​ជួប​នឹង​អស្ថិរភាព​ផ្ទៃក្នុង ក្រុម​កុលសម្ព័ន្ធ​ពី​ខាងក្រៅ ជាពិសេស ក្រុម​កុលសម្ព័ន្ធ​​មក​ពី​អាល្លឺម៉ង់ និង​តួកគី បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​ ទៅលើ​ចក្រភព​រ៉ូម។

នៅ​ដើម​សតវត្សរ៍​ទី៥ ចក្រភព​រ៉ូម​ក៏​ចាប់ផ្តើម​បាត់បង់​ទឹកដី​បន្តិចម្តងៗ ទៅ​ក្នុង​ដៃ​ពួក​កុលសម្ព័ន្ធ ដោយ​ចាប់ផ្តើម​ពី​​ទឹកដី​​​អង់គ្លេស​ នៅ​អំឡុង​ឆ្នាំ​៤១០​នៃ​គ.ស អេស្ប៉ាញ និង​អាហ្វ្រិក​ខាងជើង នៅ​ឆ្នាំ​៤៣០ ហ្គោល (បារាំង) នៅ​ឆ្នាំ​៤៥០ ហើយ​នៅ​ឆ្នាំ​៤៧៦ ក្រុមកុលសម្ព័ន្ធ​មក​ពី​អាល្លឺម៉ង់​បាន​វាយលុក​ចូល​កាន់កាប់​អ៊ីតាលី រួចហើយ​ទម្លាក់​អធិរាជនៃ​ចក្រភពរ៉ូម​ខាងលិច​ពីអំណាច​។ ថ្វីដ្បិត​តែ​ចក្រភព​រ៉ូម​មិនទាន់​ដួលរលំ​ទាំងស្រុង ដោយ​នៅ​សល់​​ចក្រភព​រ៉ូម​ខាងកើត​មួយទៀត ដែល​គេច្រើន​ហៅ​ថា ​ចក្រភព​ប៊ីហ្សង់តាំង (Byzantin) ក៏ប៉ុន្តែ រ៉ូម ជា​មហាអំណាច​ពិភពលោក​បាន​ឈាន​ដល់​ទីបញ្ចប់ នៅ​ត្រឹមឆ្នាំ​៤៧៥​នេះ។

អាណាចក្រ​​ប៊ីហ្សង់តាំង ដែល​មាន​រាជធានី នៅ​កុងស្តង់ទីណូប (Constantinoble) គឺ​នៅត្រង់​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​បច្ចុប្បន្ន បាន​បន្ត​អំណាច​រ៉ូម រហូតដល់​​សតវត្សរ៍​ទី១៥​នៃ​គ.ស។ នៅ​ឆ្នាំ​១៤៥៣ តួកគី​បាន​វាយលុក​កាន់កាប់​​ទីក្រុង​កុងស្តង់ទីណូប ផ្ដួលរលំ​ចក្រភព​ប៊ីហ្សង់តាំង ហើយ​បង្កើត​ជា​​​ចក្រភព​ភព​ថ្មី​មួយទៀត គឺ​ចក្រភព​​អូតូម៉ង់ (ឬចក្រភព​តួកគី)៕ (RFI)

ដោយ៖ លោក សេង ឌីណា 

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here