ព្រះបាទស្រីសុរិយោទ័យទី២ និងសង្គ្រាមដណ្តើមអំណាចគ្នាក្នុងអាណាចក្រខ្មែរ

0
171

ព្រះបាទស្រីសុរិយោទ័យទី២ រជ្ជកាល (គ.ស ​១៤៧៣-​១៤៨៥) ជា​ព្រះរាជបុត្រ​របស់​ ព្រះបាទ​នរាយណ៍រាជាទី១។ ក្រោយ​ពី​បិតា​ព្រះអង្គ​ទ្រង់​ចូល​ទិវង្គត​ទៅ ហើយ​ព្រះរាជវង្សានុវង្ស អង្គ​អគ្គមហាសេនា សេនាបតី​មន្ត្រី​ទាំង​ពួង យាង​ព្រះ​ស្រី​រាជា​អោយ​ឡើង​សោយរាជ្យ​ស្នង​ព្រះ​ជេដ្ឋា​នោះ​មក ព្រះអង្គ​មាន​កំហឹង​យ៉ាង​ខ្លាំង។ ឆ្លៀត​ឱកាស​ដែល​ព្រះ​ស្រី​រាជា ជា​ព្រះ​បិតុលាឬ​មា និង​ជា​ស្ដេច​សោយរាជ្យ ជាប់​ដៃ​នាំ​ទ័ព​ទៅ​ច្បាំង​ជាមួយ​សៀម ដើម្បី​ដណ្ដើម​ទឹក​ដី​ខ្មែរ​ភាគ​ខាង​លិច​មក​វិញ ព្រះ​ស្រីសុរិយោទ័យ ក៏​បាន​ក​ទ័ព​បាន​យ៉ាង​ច្រើន រួច​វាយ​ទន្ទ្រាន​យក​បាន​ខែត្រ​មួយ​ចំនួន​នៅ​ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​នៃ​ប្រទេស ដែល​អ្នក​ប្រវត្តិវិទូ​ខ្លះ​ ថាត្រង់​តំបន់​កម្វុជៈគោក​ពី​ដើម ហើយ​ឡើង​សោយរាជ្យ​នៅ​ទីនោះ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះរាជឱង្ការ ព្រះ​ស្រីសុរិយោទ័យ​រាជាធិរាជ រាមា​បរមបពិត្រ។ ព្រះអង្គ​ទ្រង់​យក​ទួល​បាសាន ធ្វើ​ជា​រាជធានី​នៃ​ទឹក​ដី​ដែល​ព្រះអង្គ​កាន់​កាប់។

សង្គ្រាមជាមួយព្រះបិតុលា

​ព្រះ​ស្រីសុរិយោទ័យទី២ ទ្រង់​ប៉ះបោរ​ដណ្ដើម​រាជ្យ​ពី​ព្រះបិតុលារបស់ព្រះអង្គ ហើយ​វាយ​ដណ្ដើម​បាន​ខែត្រមួយ​ចំនួន​នោះ ព្រះ​ធម្មរាជាទី​១ ទ្រង់​បាន​ខ្វល់ខ្វាយ​ចាត់​កំលាំង​អោយ​រក្សា​ការពារខែត្រ​បាន​ជាច្រើនទុក​ថ្វាយ​ព្រះ​ជេដ្ឋា ហើយ​ថ្វាយ​ដំណឹង​នេះ​ទៅ​ព្រះ​ស្រីរាជា ជា​ព្រះ​ជេដ្ឋា អោយ​ទ្រង់​ជ្រាប។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​ពេល​ដែល​ឃើញ​ថា សង្គ្រាម​រដ្ឋប្បវេណី​ដណ្ដើម​រាជ្យ​គ្នា​រវាង​មា និង​ក្មួយ គឺ​រវាង​ព្រះ​ស្រីរាជា និង​ព្រះ​សុរិយោទ័យ ព្រះ​ស្រីសុរិយោទ័យ​រាជាធិរាជ បាន​ដឹក​នាំ​ទ័ព​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​នឹង​ព្រះ​ស្រីរាជា ជា​ព្រះ​បិតុលា​អស់​រយៈ​កាល​ជាង ១០​ ឆ្នាំ មិន​ចាញ់​មិន​ឈ្នះ ធ្វើ​អោយ​រាស្ត្រប្រជា​វេទនា​ខ្លោចផ្សា​យ៉ាង​ក្រៃលែង។ ក្រោយពីបានទទួលជ័យជំនះច្រើនគ្រាលើទ័ពព្រះបាទសេរីរាជា ព្រះស្រីសុរិយោទ័យ ត្រូវបាននាយកកង ទ័ព និងអស់មុខមន្ត្រីរបស់ទ្រង់អញ្ជើញព្រះអង្គឲ្យឡើងសោយរាជសម្បត្តិផែនដីក្នុងព្រះជន្មាយុ ២៦ ព្រះវស្សា។ ឯចំណែកព្រះធម្មរាជា ទ្រង់ពុំព្រមទទួលតាមសេចក្តីស្នើសុំពីអស់មន្ត្រីព្រះអង្គឲ្យទ្រង់ឡើងសោយរាជសម្បត្តិផែនដី ដូចព្រះភាគិនេយ្យនោះទេ ទ្រង់គ្រាន់តែតាំងខ្លួនជាអ្នករក្សាផែនដីថិតក្រោមការត្រួតត្រាទ័ពរបស់ព្រះអង្គតែប៉ុណ្ណោះ តែក្រោយមកក្នុងឆ្នាំ ១៤៧៨ ព្រះអង្គក៏សុខចិត្តតាមការកួនជាច្រើនគ្រាពីសំណាក់នាម៉ឺនសព្វមុខមន្ត្រីរបស់ព្រះអង្គឲ្យទ្រង់ឡើងសោយរាជសម្បត្តិ ​ហើយ​ព្រម​ឡើង​សោយរាជ្យ​លើ​ទឹក​ដី​ដែល​ព្រះអង្គ​កាន់​កាប់ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ ព្រះ​ធម្មរាជា មហា​ចក្រពត្រាធិរាជ ក្នុងជន្មាយុ ២៦ វស្សា។

ដូច្នេះស្រុកខ្មែរជំនាន់នោះ បានបែងចែកជាបីផែនដី៖

  • ផែនដីព្រះបាទសេរីរាជាបណ្តាខែត្រចំណុះព្រះអង្គឋិតក្នុងផែនដីឧត្តរទិសមាន៖ តាំងពីខែត្រលង្វែក រលាប្អៀរ អម្រាគគិរីបូណ៍ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបូរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោររៀងទៅទល់នឹងដែនសៀម។
  • ផែនដីដីព្រះធម្មរាជាបណ្តាខែត្រចំណុះព្រះអង្គមាន៖ បណ្តាខែត្រត្រើយខាងលិចដែលមិននៅក្រោមចំណុះព្រះជេដ្ឋាទាំងអស់ថែមទាំងខែត្រតាំងពីសំរោងទង បាទី លើកដែក ទាំង បន្ទាយមាស ថ្ពង បាសាក់ បារៀ ពាម កោះស្លាកែត (ស្រុកលើកលើកដែកសព្វថ្ងៃ) កំពត កំពង់សោម ព្រះត្រពាំង ក្រមួនស ដូនណៃរៀងទៅទល់នឹងសមុទ្រ
  • ផែនដីព្រះស្រីសុរិយោទ័យក្នុងឆ្នាំ១៤៧១មានខែត្រចំណុះដូចតទៅ៖ តាំងពីខែត្រសៀមបូក សម្បុកសម្បូរណ៍ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោ ជើងបាដែង រៀងទៅទល់នឹងនគរចាម។

ក្នុងរាជវិវាទជាត្រីកោណនេះ មានរយៈពេលដប់ឆ្នាំ នាំឲ្យរេហ៍ពលរាស្រ្តស្លាប់ជាច្រើននាក់ តែគ្មានផែនដីណាមួយមានប្រៀបជាងគេនោះឡើយ។ ក៏នាំគ្នាផ្អាកសង្គ្រាមនៅស្ងៀម ស្តេចទាំងបីព្រះអង្គ ក៏សំរេចចិត្តនៅរក្សាផែនដីរបស់ទ្រង់រៀងខ្លួនរង់ចាំឱកាសល្អដើម្បីបន្តសង្គ្រាមរដ្ឋប្បវេណី តែយុទ្ធវិស្រមនេះត្រូវបានព្រះសេរីរាជាបញ្ឈប់មុនគេទ្រង់បានលើកទ័ពវាយសំរុកចូលក្នុងផែនដីព្រះសុរិយោទ័យជាច្រើនគ្រា តែពុំទាន់ចាញ់ឈ្នះម្ខាងៗឡើយ។ សង្គ្រាមកើត មានឡើងជាថ្មីនេះនាំឲ្យអស់អាណាប្រជានុរាស្ត្រវិនាសដោយជំងឺជាច្រើនប្រទេសកើតកោលាហលខ្លាំងណាស់ចោរ ខ្មួញ ក៏កំរើកថ្លើមធំប្លន់កាប់ចាក់សំលាប់ប្រជារាស្ត្រគ្រប់ស្រុកគ្រប់តំបន់។

ការឆ្លៀតឱកាសព្រះបិតុលាពៅ

និយាយអំពីនៅក្នុងនគរខ្មែរវិញ នៅពេលដែលព្រះសេរីរាជាលើកទ័ពទៅវាយសៀម ព្រះរាជបុត្រព្រះនរាយណ៍រាជាទី១ ព្រះនាមព្រះស្រីសុរិយោទ័យ ជាក្មួយព្រះសេរីរាជាទ្រង់មានបំណងដណ្តើមរាជ្យទ្រង់ទៅបបួលរាស្ត្រ និងនាម៉ឺនសព្វមុខមន្ត្រីនៅត្រើយខាងកើតបានច្រើនសុខចិត្តចុះចូលជួយទ្រង់រួចកេណ្ឌទ័ពលើកទៅសង្កត់ខាងត្រើយកំពង់សៀម ស្ទឹងត្រង់ បាយណ៍ ជើងព្រៃ និងត្រើយខាងជើងបានជាច្រើន។

ដឹងដំណឹងនេះភ្លាម ព្រះធម្មរាជាបានបញ្ជាឲ្យមន្ត្រីខាងព្រះអង្គចេញទៅកាន់កាប់ជាបន្ទាន់ខែត្រទាំងឡាយនៅកម្ពុជាក្រោមសព្វថ្ងៃនេះ។ តាំងពីខែត្រសំរោងទងរហូតដល់ខែត្រទឹកខ្មៅរហូតទល់នឹងសមុទ្រ ខាងកោះស្លាកែត រហូតដល់ ពាមមេស ព្រៃនគរ លង់ហោ ផ្សារដែក ទ្រង់តាំងចៅហ្វាយស្រុកថ្មីគ្រប់ខែត្រត្បិតចៅហ្វាយស្រុកក្នុងងារគ្រប់ខែត្រទាំងនោះបានចូលទៅក្នុងក្បួនទ័ពជាប់ដង្ហែព្រះរាជាទៅធ្វើសង្គ្រាមនៅស្រុកសៀមអស់ទៅហើយ លុះទ្រង់ចាត់ឲ្យរក្សាខែត្រមាំមួនហើយ ទ្រង់បានចាត់មន្រ្តីឲ្យទៅក្រាបទូលព្រះជេដ្ឋាធិរាជឲ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបាទសេរីរាជាជ្រាបហើយទ្រង់ត្រាស់បង្គាប់ឲ្យមេទ័ពទាំងឡាយកៀរឈ្លើយសៀម ហើយស្រូតរូតលើកទ័ពត្រឡប់ចូលមកក្រុងកម្ពុជាធិបតីវិញ តែទ្រង់ទុកទ័ពចំនួន ៥០០០ នាក់ដាក់ក្រោមបញ្ជាផ្ទាល់ចៅហ្វាយខែត្របាត់ដំបងឲ្យនៅកាន់កាប់ខែត្រនាងរោងដើម្បីរាំងទ័ពសៀម។ ពេលទ្រង់យាងមកដល់ខែត្រពោធិ៍សាត់ទ្រង់ជួបប្រទះសារហារីព្រះធម្មរាជាជាអនុជនាំបន្ទូលចូលទៅថ្វាយទ្រង់តាមសារសំងាត់មានសេចក្តីថា៖ សូមអញ្ជើញព្រះករុណាពិសេសលើកទ័ពឆ្លងត្រើយកំពង់សៀម ហើយវាយប្រសព្វខ្ទប់ពីខាងជើងទ័ពក្មួយ ស្រីសុរិយោទ័យ តែម្តង គង់មានជ័យជម្នះជាមិនខានមិនចាំបាច់ព្រះករុណាវិលត្រឡប់ចូលក្រុងកម្ពុជាធិបតីសិននោះឡើយនាំឲ្យខាតពេលវេលា ព្រោះតំបន់ខាងត្បូង និងខាងលិចស្ថិតនៅក្រោមការត្រួតត្រាមាំមួនរបស់ទ័ពទូលបង្គំកុំឲ្យព្រះករុណាព្រួយព្រះរាជហឫទ័យអ្វីនោះឡើយ។

ព្រះសេរីរាជាទ្រង់ពេញព្រះទ័យនឹងយុទ្ធសាស្ត្រនេះណាស់ ទ្រង់លើកទ័ពជាប្រញាប់ទៅវាយទ័ពព្រះស្រីសុរិយោទ័យតែម្តង ទទួលជ័យជម្នះដូចបានគ្រោងទុកមែន គឺវាយយកស្រុកត្រើយខាងជើងបានវិញទាំងអស់។ ទទួលបានជ័យជំនះរួចស្រេចអស់ហើយព្រះសេរីរាជាទ្រង់បានបោះពន្លាជ័យនៅស្រុកឆ្លូងមុននឹងវិលត្រឡប់ចូលរាជធានីតែពេលនោះព្រះស្រីសុរិយាទ័យទ្រង់វាយលុកតបវិញបែកបន្ទាយជាច្រើនរបស់ព្រះរាជា ទោះបីព្រះអង្គសាកល្បងវាយតបវិញជាច្រើនគ្រា តែនៅតែបរាជ័យដូច្នេះព្រះអង្គ ក៏សំរេចព្រះទ័យនាំទ័ពឆ្លងទន្លេមកត្រើយខាងលិចវិញ ពេលដកទ័ពនោះ ពលទាហាន ដែលមានកំណើតនៅត្រើយខាងកើតនាំគ្នារត់ចោលជួរទ័ពព្រោះមិនចង់ទៅចោលគ្រួរសារខ្លួនការលះបង់ នេះនាំឲ្យចំនួនកងទ័ពព្រះរាជាចុះជាច្រើនបង្កើតជាការពិបាកនឹងបន្តធ្វើសឹកបានទៀតទ្រង់ក៏សំរេចព្រះទ័យដកថយទ័ពហ្លួងមកបោះពន្លាជាបណ្តោះអាសន្នក្នុងបន្ទាយខែត្រអម្រាគគិរិន្តបូរណ៍ តែទ្រង់ទុកទ័ពឲ្យនៅរក្សាខែត្រកំពង់សៀម ជើងព្រៃ ស្ទឹងត្រង់ ដែលជាខែត្រនៅត្រើយខាងជើង។ ត្រឡប់ មកនិយាយពីព្រះធម្មរាជាវិញដឹងដំណឹងថាព្រះជេដ្ឋាជួបការពិបាកក្នុងការបន្តធ្វើសឹកនឹងទ័ពព្រះស្រីសុរិយោទ័យទ្រង់កើតមានចិន្តារៀបជើងព្រួលទប់នឹងកំហឹងព្រះជេដ្ឋាតាមការញុះញង់ជាច្រើនលើកមកហើយពីបរិវារ ព្រះជេដ្ឋាមកលើទ្រង់។ ដូច្នេះទ្រង់គិតថាត្រូវតែទ្រង់ពឹងខ្លួនទ្រង់ ដើម្បីសុវត្ថិភាពទ្រង់ជាបឋមដោយយកយុទ្ធសាស្ត្រ” ការការពារខ្លួនដ៏ល្អមួយ គឺត្រូវវាយប្រហារមុន” គិតឃើញបែបនេះរួចហើយទ្រង់បញ្ជាឲ្យមន្ត្រីរាជទូតនាំគ្រួសារព្រះទេពី នារីស្រីព្រះស្នំ និងព្រះរាជទ្រព្យព្រះបាទសេរីរាជាទៅថ្វាយព្រះជេដ្ឋាជាមួយគ្នានោះដែរ ព្រះធម្មរាជាទ្រង់ធ្វើចុតហ្មាយថ្វាយព្រះជេដ្ឋាថាសូមព្រះករុណាកុំវិលត្រឡប់ចូលក្រុងចតុម្មុខវិញ ព្រោះនាំឲ្យខូចការណ៍សឹកដោយហេតុទុកឲ្យទ័ពនៅក្រោមការត្រួតត្រាព្រះជេដ្ឋាគ្មានការគាំទ្រពីទ័ពហ្លួង និងជាបង្អែកយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងការវាយប្រហាររបស់ទ័ពព្រះភាគិនេយ្យ (ក្មួយ) ស្រីសុរិយោទ័យ។ ជាមួយគ្នានោះដែរ ព្រះធម្មរាជាបានបញ្ជាឲ្យមន្ត្រីព្រះអង្គនាំទ័ពធំមួយទៅបោះនៅស្រុកឧដុង្គ ក៏ចាប់ផ្តើមធ្វើប្រតិបត្តិការសឹកវាយរាំងទ័ពព្រះស្រីសុរិយាទ័យនៅល្វាឯម និងទិសខាងត្បូងហើយរៀបចំធ្វើខ្សែក្រវាត់ការពារទ័ពព្រះរាជានៅប៉ែកខាងជើង និងតាំងហាត់សេនាទាហានប្រមូលស្បៀងអាហារនៅក្នុងព្រះនគរដើម្បីការពារជាយថាហេតុពីការវាយប្រហាររបស់ទ័ពព្រះជេដ្ឋាក្តី ឬព្រះភាគិនេ យ្យក្តីចូលក្រុងចតុម្មុខ។ ឯចំណែ ព្រះបាទសេរីរាជា ក្រោយពីបានអានសេចក្តីក្នុងចុតហ្មាយសព្វគ្រប់អស់ ហើយយល់ដឹងភ្លាមពីបំណងខ្មៅរបស់ព្រះអនុជចង់ញែកព្រះអង្គពីរាជបល្ល័ង្កក្រុងចតុម្មុខ ទ្រង់ខ្ញាល់ណាស់មានបំណងលើកទ័ពទៅវាយព្រះធម្មរាជាភ្លាម តែអស់មន្ត្រីរបស់ព្រះអង្គអន្ទងព្រះអង្គកុំឲ្យបង្កើតសមរភូមិទី២ ព្រោះខ្លាចព្រះធម្មរាជា និងព្រះស្រីសុរិយោទ័យចូលគំនិតគ្នាមកវិវាទនឹងព្រះអង្គ។

យុទ្ធសាស្ត្រ​សង្គ្រាម​វាយ​សត្រូវ​ឲ្យ​បាន​មុន​ មុន​ពេល​ដែល​សត្រូវ​ពង្រឹងកំលាំង​ប្រើ​ក្នុង​កាលៈទេសៈ​ ដែល​សត្រូវ​មក​វាយ​យើង​ នៅ​ពេល​កំលាំង​សត្រូវ​មក​ដល់​ភ្លាម​ មិន​ទាន់​បាន​សំរាក​មិន​ទាន់​បាន​រៀប​ក្បួន​ គឺ​យើង​ត្រូវ​បញ្ចេញ​កំលាំង​ទ័ព​ធំ​ទៅ​វាយ​សង្គ្រប់ ​តែ​ម្តង​។​ នេះ​ជា​គំនិត​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​ស្រីសុរិយោទ័យ​។​

ការអន្តរាគមន៍របស់ពួកសៀម

ក្នុងឆ្នាំ១៤៨៥ ព្រះធម្មរាជា មើលឃើញសភាពការណ៏ប្រទេសបែបនេះ ទើបទ្រង់តែងសុភអក្សរឲ្យព្រះរាជតេជទូតចុះទូក យកចុតហ្មាយនេះទៅថ្វាយព្រះចៅសៀមនៅក្រុងទេពបុរី ដើម្បីសូមអញ្ជើញព្រះចៅ ចក្រពត្តិឲ្យលើក ព្យូហៈកងទ័ពទៅជួយប្រាបប្រាមសង្គ្រាមរវាងព្រះសេរីរាជា និងព្រះសុរិយោទ័យដើម្បីសេចក្តីសុខដល់បណ្តារាស្រ្ត។ ក្នុងចុតហ្មាយនេះ ព្រះធម្មរាជាមានការស្នើសូមដល់ព្រះចៅសៀមសូមឲ្យទុកស្រុកខ្មែរ និងសៀមជានគរតែមួយ បើព្រះនគរខាងណាកើតសឹកសង្គ្រាម ព្រះ នគរម្ខាងទៀតនឹងលើកទ័ពទៅជួយគ្នាទៅវិញទៅមកទុកព្រះមហាក្សត្រទាំងពីរជាព្រះរៀម ព្រះអនុជ។

លុះអាល័ក្សសូត្រសេចក្តីព្រះរាជសារចប់ហើយ ព្រះចៅចក្រពត្តិទ្រង់ព្រះអំណរណាស់ស្តេចត្រាស់សួរថា” ព្រះរៀមនេះឬ, ដែលមានមាតារបស់ព្រះអង្គជាតិសៀមសុទ្ធមាននាមស៊ីសៈងាម” ព្រះរាជតេជទូតក្រាបទូលថា” សូមទ្រង់ព្រះមេត្តា ប្រោសសេចក្តីនេះដូចព្រះរាជតំរាស់ហើយ”។

ព្រះចៅចក្រពត្តិ បានទ្រង់ជ្រាបជៀងជាក់ថាព្រះធម្មរាជាជាវង្សសៀម ព្រះអង្គយល់ព្រមតាមការស្នើសុំនោះ ព្រោះជាឱកាសមួយដ៏ល្អសំរាប់សងសឹកព្រះសេរីរាជាកាលទ្រង់មកវាយប្រទេសសៀម ទើបត្រាស់បង្គាប់មេទ័ពជើងទឹកឃុំពលបីពាន់នាក់ លើកចូលមកក្រុងកម្ពុជាធិបតីតាមផ្លូវកំពត ពាម បន្ទាយមាស ឯចំណែកព្រះអង្គលើកទ័ពហ្លួងជាទ័ពធំ ចូលស្រុកខ្មែរតាមផ្លូវខែត្របាត់ដំបង ពោធិ៍សាត់ ក្រងខ្លុង ចូលដល់ខែត្រអម្រាគគិរិន្តបូណ៍ជួបនឹងសម្តេចធម្មរាជា ដែលយាងមកចាំស្តេចសៀមនៅទីនោះតាមការណាត់គ្នា។

ស្តេចទាំងទ្វេទុកព្រះទ័យសោមនស្សគ្មានរង្គាលទាំងសង ខាងស្តេចខ្មែរត្រាស់ហៅព្រះចៅសៀមថា អនុជ ខាងស្តេចសៀមត្រាស់ហៅស្តេចខ្មែរថា ព្រះរៀម ហើយនាំគ្នាទ្រង់ព្រះតម្រិះកិច្ចការសង្គ្រាមនៅក្នុងបរិយការណ៍ ជាមេត្រីភាពយ៉ាងធំសមនឹងឋានៈជាបងប្អូនជាទីស្រឡាញ់។ បន្ទាប់មក ស្តេចទាំងពីរព្រះអង្គក៏លើកទ័ពខ្មែរសៀមឆ្លងទៅទិសខាងកើតចោមបន្ទាយព្រះសេរីរាជាភ្លាមនៅខែត្រកំពង់សៀម។ ព្រះសេរីរាជាលុះទ្រង់ស្តេចបានជ្រាបថា ព្រះអនុជឲ្យទូតទៅអន្ទងទ័ពសៀមមកច្បាំងនឹងព្រះអង្គទ្រង់មានព្រះតំរាស់ ប្រឹក្សានឹងសេនាបតីមន្ត្រីជាមេកងទ័ពធំតូចដើម្បីរកមធ្យាបាយទប់ទល់នឹងវិការ (ការប្រែប្រួល) នៃសភាពការណ៍សឹកនេះ ខណៈនោះមានយោបល់ពីរខុសគ្នាខាងមន្ត្រីរដ្ឋប្បវេណីតាមរយៈសម្តេចចៅហ្វាទឡ្ហៈយល់ឃើញថា ទ័ពព្រះនគរពុំ អាចទប់ទល់នឹងទ័ពសម្ព័ន្ធមិត្តសៀមខ្មែរនោះបានទេដ្បិតទ័ពគេនៅថ្មីថ្មោងស្បៀងអាហារអាវុធយុទ្ធភណ្ឌ គេក៏បរិបូរណ៍ ម្ខាងមេទ័ព យល់ឃើញផ្ទុយពីខាងស៊ីវិលនាំគ្នាថ្វាយយោបល់ដល់ព្រះចៅខ្លួនថា ដ្បិតសៀមវាធ្លាប់ចាញ់ថ្វីដៃទ័ពយើង ឯចំណែកទ័ពខ្មែរខាងលិច (ទ័ពព្រះធម្មរាជា) នៅថ្មីគ្មានការពិសោធក្នុងសង្គ្រាម ព្រោះតាំងពីមានវិវាទក្នុងព្រះនគរ មកពុំសូវចូលច្បាំងសោះគិតតែការពារផែនដីតែប៉ុណ្ណោះ ទុព្វលភាពរបស់សត្រូវនេះជាទ្រព្យសំរាប់ទ័ពយើងទៅវិញទេ។ ទោះបីយើងមានការនឿយហត់ក្នុងសង្គ្រាមយ៉ាងណាក៏ដោយអាហារ សស្ត្រាវុធ ក៏ស្តួចស្តើងពិតមែន តែយើងមានប្រៀបតាមកំលាំងចិត្ត និងការពិសោធក្នុងសង្គ្រាមអាចនាំឲ្យយើងមានជ័យជំនះលើទ័ពសម្ព័ន្ធមិត្តសៀមខ្មែរជាពុំខាន។

ក្រោយពីបានស្តាប់យោបល់សព្វគ្រប់ អស់មុខមន្ត្រីរួចហើយ ព្រះសេរីរាជា ទ្រង់ស្វែងយល់ថាខាងមន្ត្រីស៊ីវិលយល់សមហេតុ ផលជាងខាងយោធាទ្រង់សំដែងការអរណាស់ពីសេចក្តីក្លាហាន និងចិត្តឈឺឆ្អាលពីសំណាក់បណ្តាមេទ័ពធំតូច ពីទឹកចិត្តជួយ យកអាសារព្រះអង្គតែទ្រង់សំរេចចិត្តឈរលើការពិតជាងសេចក្តីស្រើបចិត្តគឺយកការចរចាសុំចុះចូល ជាមួយទ័ពសម្ព័ន្ធមិត្ត សៀម-ខ្មែរ ព្រោះនឹងធ្វើសង្គ្រាមទល់នឹងគេគឺពិតជាចាញ់គេ។ ដូច្នេះជាវញ្ឈកម្ម (អំពើឥតផល) នាំរេហ៏ ពលនិងរាស្ត្រស្លាប់គ្មានប្រយោជន៍។ មានព្រះបន្ទូលរួច ព្រះសេរីរាជាស្តេចត្រាស់ប្រើរាជតេជទូតឲ្យទៅទូលសម្តេចព្រះ ធម្មរាជាថា ព្រះអង្គនឹងបញ្ឈប់ធ្វើសង្គ្រាមភ្លាមជាមួយនឹងទ័ពព្រះស្រីសុរិយោទ័យ។

សម្តេចធម្មរាជា និងព្រះចៅ ចក្រពត្តិកាលទ្រង់ជ្រាបហើយមានព្រះអំណរណាស់ ស្តេចទាំងពីរព្រះអង្គត្រាស់បង្គាប់ឲ្យរាជទូតនោះនាំចំលើយថ្វាយ តបព្រះសេរីរាជាថាសូមអញ្ជើញព្រះរាជាឲ្យព្រះអង្គយាងមកស្រុករោងទង ក្នុងខេត្តកំពង់ចាមមកជួបជុំគ្នាដើម្បីធ្វើបុណ្យអបអរសាទរនូវសន្តិភាពនេះ។ ខណៈនោះ ព្រះចៅចក្រពត្តិ ទទួលព្រះសេរីរាជាមេត្រីភាពទ្រង់ក្រាបទូលស្តេចខ្មែរថា៖ “ខ្ញុំជាអនុជលើកទ័ពមកនេះ ព្រោះព្រះរៀមនិងព្រះភាគិនេយ្យទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយពុំសំរេច ដូច្នេះសូមកុំឲ្យទ្រង់តូចព្រះទ័យឡើយ សូមតាំងព្រះទ័យជួយព្រះពុទ្ធសាសនាបំបាត់ទុក្ខប្រជារាស្ត្រឲ្យបាននៅសុខក្សេមក្សាន្ត ខ្ញុំសុំអញ្ជើញស្តេចទៅគង់ក្រុងទេពបុរី ជាមួយគ្នាឯចំណែកពញាអុង ជាបុត្រព្រះអង្គ ខ្ញុំសុំជាបុត្រធម៌នឹងទំនុកបំរុងឲ្យដូចជារាជបុត្របង្កើតរបស់ទូលបង្គំឯមុខមន្រ្តីបណ្តាជាខ្ញុំនឹងចង់ទៅតាមប៉ុន្មាន ក៏ទៅតាមស្ម័គ្រចិត្តចុះ” ស្តេចសៀមត្រាស់ចប់សព្វគ្រប់ហើយទ្រង់យាងចូលពន្លាជ័យតែព្រះអង្គឯងទុកឲ្យនាយកងទ័ពសៀម ដែលបានទទួលណាត់កិច្ចការទាហាននោះឃុំសម្តេចសេរីរាជា ពញាអុង និងខ្ញុំរាជការទុកសិន។ បន្ទាប់មក ព្រះចៅចក្រពត្តិឲ្យរាជទូតទៅអញ្ជើញ ព្រះស្រីសុរិយោទ័យ អំពីត្រើយខាងកើតដើម្បីចរចារៀបចំឲ្យព្រះនគរឲ្យបានសុខសាន្តឡើងវិញ។ ព្រះស្រីសុរិយោទ័យទ្រង់ជ្រាបថាសៀមចាប់ ព្រះបិតុលា (ឪពុកមា) ទ្រង់មានអំណរណាស់ ដោយមានវិចិន្តាថាព្រះចៅសៀមនឹងឲ្យព្រះអង្គឡើងសោយរាជសម្បត្តិជាពុំខាន ព្រោះព្រះធម្មរាជាជាមារបស់ព្រះអង្គពិតមែន តែព្រះជន្មវស្សា តិចជាងទេ បើមិនដូច្នេះព្រះចៅគង់នឹងពិភ័ក្តិ (ការចែក) ផែនដីជាពីរស្មើគ្នាពុំខាន។

លុះទ្រង់ព្រះចិន្តាដូច្នេះហើយ ទ្រង់ក៏សំរេចចិត្តយាងទៅជួបនឹងព្រះចៅចក្រពត្តិ។ ខណៈនោះ ស្តេចសៀមទ្រង់ត្រាស់នឹងព្រះស្រីសុរិយោទ័យថា៖ “សម្តេចព្រះសេរីរាជា និងព្រះអង្គជាគូសង្គ្រាមនឹងគ្នាឥឡូវនេះ បើយើងយកតែមួយអង្គទៅក្រុងទេពបុរីដូចជាអយុត្តិធម៌ណាស់ ហេតុដូច្នេះសូមអញ្ជើញក្មួយទៅក្រុងទេពបុរីជាមួយព្រះបិតុលាចុះ” ព្រះចៅចក្រពត្តិត្រាស់ចប់ប៉ុណ្ណេះហើយ ក៏ឲ្យទាហានអញ្ជើញព្រះស្រីសុរិយោទ័យចូលក្នុងបន្ទាយ។ កងទ័ពទាំងឡាយ ដែលហែហមព្រះស្រីសុរិយោទ័យមក នឹងចូលទៅតាមផងពុំបានព្រោះទាហានសៀមឃាត់មិនឲ្យចូល ដូច្នេះក៏នាំគ្នាថយមកចាំស្តាប់ការណ៍នៅខាងក្រៅលុះបានដឹង ថាសៀមឃុំស្តេចខ្លួននឹងយកទៅស្រុកសៀម ក៏ទាល់គំនិតភិតភ័យហើយនាំគ្នារត់ត្រឡប់ទៅស្រុកវិញអស់។

​ក្នុង​ឆ្នាំ​១៤៨៥ នៃ​គ.ស សម្រេចអស់នូវគោលបំណងដែលបានរៀបចំទុកជាមុននេះហើយ ព្រះចៅចក្រពត្តិ ស្តេចក៏លើកទ័ពនាំក្សត្រខ្មែរទាំងពីរព្រះអង្គ និងគ្រួសារសៀម ដែលព្រះសេរីរាជាបានកៀរពីអតីតកាលយាងវិលត្រឡប់ទៅស្រុកសៀមវិញ ព្រះធម្មរាជាទ្រង់យាងជូនដំណើរព្រះចៅសៀម រហូតដល់ខែត្រលង្វែក រួចហើយស្តេចទាំងពីរព្រះអង្គក៏ថ្វាយបង្គំលាគ្នានៅត្រង់នោះ។

ក្នុងដំណើរវិលត្រឡប់ទៅស្រុកសៀមនេះ ព្រះសេរីរាជា ព្រះអង្គតូចព្រះទ័យណាស់ និងមានលជ្ជីភាព (សេចក្តីខ្មាស) ចំពោះ ព្រះអង្គខ្លួនឯងព្រោះចាញ់ល្បិចដោយវញ្ចនការ (ការបោកប្រាស់) ទ្រង់ពុំសោយសោះអស់ព្រះកាយពលទាល់តែទ្រង់ព្រះអាពាធ (ឈឺ) ជាទំងន់ ក៏ទទួលសុវណ្ណគតទៅ ឯចំណែកព្រះស្រីសុរិយោទ័យក្រោយពីទ្រង់យាងដល់ក្រុងទេពបុរីបានតែ ១៥ ថ្ងៃមានអាពាធជាទំងន់ ហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅចក្រពត្តិចេញរាជបញ្ញត្តិតាំងជាផ្លូវការពញាអុងជាព្រះរាជបុត្រធម៌របស់ព្រះអង្គទ្រង់ថ្វាយព្រះនាម ព្រះសុទ្ធានរាជាទុកជាបុត្រច្បងទ្រង់ប្រោសប្រទានព្រះរាជបុត្រីបង្កើតឲ្យជាព្រះជាយា និងព្រះស្នំក្រមការទាំងពួង ហើយឲ្យយាងទៅគ្រងស្រុកសុវណ្ណខលោក៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here