គោលការណ៍ដឹកនាំរដ្ឋដោយគុណធម៌របស់អ្នកប្រាជ្ញខុងជឺ ដែលធ្វើឱ្យមនុស្សលោកកោតសរសើរមិនដាច់ពីមាត់

0
1283

ខុងជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចបុរាណដែរ។ ឈ្មោះពិត
របស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ​ មានពូជធារមកពីរាជវង្ស‍‍ «ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិននាសម័យរដ្ឋកាលចូវ។ ដោយសារសង្រាមវាយលុកពីកុល សម្ព័ន្ធចូវ ស្ថិតនៅទិស​ពាយ័ព្យទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម។​​ រីឯសមាជិកគ្រួសារដែលរួចផុតពី សេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ» រហូតទៅ។

Related image

ខុងជឺ ជាអ្នកទស្សនវិទូរបស់ចិនដ៏ល្បីល្បាញមួយរូប ដែលត្រូវបានគេកោតសរសើរជាក្រៃលែង ហើយទស្សនៈរបស់លោកក៏បានហៀរចូលដល់បណ្តាប្រទេសមួយចំនួនធំទៀតផង ដូចជាកម្ពុជាយើងជាដើម។ ថ្ងៃនេះផងដែរ យើងមកសិក្សាអំពីគោលការណ៍គុណធម៌របស់អ្នកប្រាជ្ញខុងជឺ វិញម្តង។

គោលការណ៍គុណធម៌របស់ខុងជឺ

គុណធម៌របស់អ្នកប្រាជ្ញខុងជឺ សំដៅទៅលើទឹកចិត្តមេត្តាក រុណា និងភាពត្រឹមត្រូវ។ លោកថា មនុស្សម្នាក់ៗ នៅក្នុងសង្គមសុទ្ធតែមានកាព្វកិច្ចដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេទាំងអស់ ប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ។ សកម្មភាពបែបនេះ អ្នកប្រាជ្ញខុងជឺ លោកហៅថាជា គុណធម៌ ។ ប៉ុន្តែប្រសិនបើគេធ្វើកិច្ចការទាំងឡាយណាដោយគ្រាន់តែ ពិចារណា តែខ្វះសីលធម៌ សកម្មភាពរបស់ពួកគេនឹងក្លាយទៅជាសកម្មភាពមិនត្រឹមត្រូវ និង ខ្វះគុណធម៌។ ម្យ៉ាងវិញទៀត អ្នកប្រាជ្ញខុងជឺ បានចាត់ទុកថាការគ្រប់គ្រងគ្រួសារដ៏ធំ (រដ្ឋ) ដោយគុណធម៌ មានលក្ខណៈល្អប្រសើរជាងការគ្រប់គ្រងដោយ ការប្រើច្បាប់។ ហើយលោកបានរំពឹងថា ការគ្រប់គ្រងបែបនេះអាចមានដំណើរការទៅរួចនិងឈានទៅសម្រេចបានផ្លែផ្កាថែមទៀតផង។

ការគ្រប់គ្រង គឺមានន័យថា ធ្វើឱ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង។ បើចង់ឱ្យជីវភាពជាតិរុងរឿង ត្រូវចេះគ្រប់គ្រងលើជីវភាពគ្រួសារឱ្យបានល្អជាងមុនសិន។ បើចង់គ្រប់គ្រងជីវភាពគ្រួសារឱ្យបានល្អ លុះត្រាតែចេះកំណត់ទឹកចិត្តត្រឹមត្រូវរបស់ខ្លួនជាមុនសិន។ បើអាចកំណត់ទឹកចិត្តបានត្រឹមត្រូវ លុះត្រាតែមានឆន្ទៈស្មោះត្រង់និងមានការអប់រំល្អជាមុនសិន។ ផ្ទុយទៅវិញ នៅពេលដែលមនុស្សមានការអប់រំនាំឱ្យជីវភាពគ្រួសាររបស់ពួកគេ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព។ បើជីវភាពគ្រួសារត្រូវបានគ្រប់គ្រងនាំឱ្យជីវភាពសង្គមជាតិមានសណ្តាប់ធ្នាប់ ពេលនោះពិភពលោកនឹងមានសន្តិភាព៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធឯករាជ្យ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here