ជីវប្រវត្តិហ្លួង​ព្រះស្តេចកន ពីក្មេង​វត្ត​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ព្រះ​នាម​ “ស្ដេច​កន” ក្នុងប្រវត្តិសាស្ត្រ​ខ្មែរ

0
408

នៅ​ដើម​សតវត្ស​រ៍ទី​១៦ ព្រះរាជា​ខ្មែរ​ដែល​ឡើង​គ្រងរាជ្យ​បន្ទាប់​ពី​ព្រះបាទ​សុគន្ធបទ គឺ​ជា​អតីត​ក្មេង​វត្ត​ម្នាក់​មាន​ឈ្មោះ​ថា នាយ​កន។ នាយ​កន បាន​ត្រូវ​ព្រះបាទ​សុគន្ធបទ ជួយ​ទំនុក​បម្រុង ហើយ​តែង​តាំង​ជា​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន។ បន្ទាប់​មក នាយ​កន ក៏​ក្បត់​ស្ដេច​ផែនដី ហើយ​វាយ​ដណ្ដើម​រាជ្យ។ ក៏ប៉ុន្តែ នៅ​ចុង​បញ្ចប់ ស្ដេច​កន ត្រូវ​ប្អូន​របស់​ព្រះបាទ​សុគន្ធបទ នាំ​ទ័ព​មក​វាយ​ដណ្ដើម​យក​រាជ្យ​វិញ ហើយ​កាត់​ក​យក​ទៅ​ដោត​នៅ​មុខ​ខ្លោងទ្វារ​ចូល​ទីក្រុង កុំ​អោយ​អ្នក​ដទៃ​យក​តម្រាប់​តាម។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​លោក​អ្នក​នាង​នូវ​ព្រឹត្តិការណ៍​នេះ​ដូច​ត​ទៅ៖ គ.៦ ព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី (ស្ដេច​កន) (ឆ្នាំ​១៥០៨-ឆ្នាំ​១៥២៥) ព្រះ​ស្ដេច​កន ដែល​ជា​ស្ដេច​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ កើត​ក្នុង​ឆ្នាំ​រោង នៅ​ស្រុក​ស្រីសន្ធរ (ខេត្ត​កំពង់ចាម បច្ចុប្បន្ន)។ នាយ​កន មាន​កំណើត​ក្នុង​ត្រកូល​អ្នក​ងារ​ដែល​ជា​វណ្ណៈ​ទាប​បំផុត​នៃ​សម័យ​នោះ ហើយ​មិន​ជាប់​ពូជ​ពង្ស​ក្នុង​ត្រកូល​រាជវង្ស​ទេ។ គ្រួសារ​របស់​នាយ​កន ឋិត​ក្នុង​ក្រុម​ពល​ព្រះ គឺ​ជា​ក្រុម​អ្នក​ងារ មាន​ភារៈ​ជា​អ្នក​ថែ​រក្សា​បោស​សម្អាត​វត្ត។ បិតា​របស់​នាយ​កន នាម​ពិជ័យ​នាគ និង​មាតា​នាម នាង​បាន។

ស្ដេច​កន

នាយ​កន មាន​បងស្រី​ម្នាក់​ឈ្មោះ​ស ហើយ​ល្បី​ថា​មាន​រូប​ឆោម​បវរ​ល្អ​លើស​ស្រី​ទាំងពួង រហូត​ដល់​ព្រះបាទ​សុគន្ធបទ សព្វ​ព្រះរាជហឫទ័យ​យ៉ាង​ខ្លាំង ហើយ​ទទួល​យក​នាង​ធ្វើ​ជា​ស្នំ​ឯក និង​នាំ​យក​នាង​ទៅ​រស់នៅ​ក្នុង​ព្រះបរមរាជវាំង។ លោក អាដេម៉ារ ឡឺក្លែរ (Adhémard Leclére) អតីត​រ៉េស៊ីដង់​បារាំង ប្រចាំ​កម្ពុជា សរសេរ​ថា ដោយ​សព្វ​ព្រះរាជហឫទ័យ​នឹង​នាង​ស នេះ​ខ្លាំង ព្រះបាទ​ស្រីសុគន្ធបទ ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​នាង​ស នេះ​ជាពិសេស។ ព្រះអង្គ​លើក​តម្កើង​ឪពុក​នាង​អោយ​ទៅ​ជា​មន្ត្រី។ ម្តាយ​នាង​អោយ​ទៅ​ជា​នាគ​ម៉ែ​បាន។ នាយ​កន ជា​ប្អូនប្រុស អោយ​ទៅ​ជា​មហាតលិក រួច​ជា​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ត។ រីឯ​នាង​ស ខ្លួន​ឯង ជា​អ្នក​ម្នាង​កេស​បុប្ផា។ គឺ​តាម​ខ្សែ​រយៈ​បងស្រី​ដែល​ជា​ស្នំ​ឯក​របស់​ស្ដេច​ផែនដី​នេះ​ហើយ ដែល​នាយ​កន បាន​ចូល​បម្រើ​ការ​នៅ​ឯ​ក្នុង​ព្រះរាជវាំង ហើយ​បាន​ក្លាយ​ជា​មន្ត្រី​ជំនិត​របស់​ព្រះរាជា។
លោក ឡឺក្លែរ ថា ព្រះបាទ​សុគន្ធបទ ក៏​មាន​ព្រះទ័យ​ចង់​លោះ​ស្នំ​ឯក និង​នាយ​កន អោយ​រួច​ចាក​ពី​ឋានៈ​ពល​ព្រះ​ទៀត​ផង។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះអង្គ​ពិគ្រោះ​យោបល់​ជាមួយ​សេនា​មន្ត្រី មន្ត្រី​ទូល​តប​វិញ​ថា ច្បាប់​មិន​អនុញ្ញាត​អោយ​ព្រះអង្គ​ធ្វើ​បែប​នេះ​បាន​ឡើយ ត្បិត​បើ​មាន​កំណើត​ជា​ពល​ព្រះ​ហើយ គឺ​ជាប់​ក្នុង​ឋានៈ​នេះ​រយៈពេល​៥​ពាន់​ឆ្នាំ។ ទោះ​ជា​ស្ដេច​ផែនដី ក៏​មិន​អាច​បំពាន​ច្បាប់​នេះ​បាន​ឡើយ។
ដោយ​មិន​អាច​ប្រគល់​តំណែង​ធំ​ដុំ​ណា​មួយ​អោយ​នាយ​កន បាន ព្រះបាទ​សុគន្ធបទ បាន​ត្រឹម​លើក​ប្អូន​ថ្លៃ​អោយ​មាន​ងារ​ត្រឹម​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន។ នេះ​ជា​តំណែង​មួយ​ដែល​មាន​សិទ្ធិ​អំណាច​ត្រួតត្រា​អ្នក​ងារ​ក្នុង​ក្រុម​ពល​ព្រះ​ដូច​គ្នា តែ​ក៏​មាន​អំណាច​អាច​កាត់​ទោស និង​ផ្ដន្ទាទោស​ជន​ណា​ដែល​មាក់ងាយ​ព្រះពុទ្ធ​សាសនា មិន​គោរព​អាចារ្យ និង​ចាស់​ព្រឹទ្ធាចារ្យ ជាដើម។
ការ​ឡើង​បុណ្យ​ស័ក្តិ​តាំង​ពី​ក្មេង​វត្ត រហូត​ដល់​តំណែង​ខ្ពស់​មួយ​នៅ​ក្នុង​វាំង តាម​រយៈ​សាច់ញាតិ​នេះ បាន​ធ្វើ​អោយ​នាយ​កន កើត​ជំងឺ​រៀប​ឫក​មិន​ទាន់។ លោក អាដេម៉ារ ឡឺក្លែរ រៀប​រាប់​ថា មិន​យូរ​ប៉ុន្មាន នាយ​កន ភ្លេច​ដើម​កំណើត​ខ្លួន​ថា​ជា​ក្មេង​វត្ត​នៃ​ក្រុម​ពល​ព្រះ ហើយ​ចាប់​ផ្ដើម​វាយ​ឫក​មាក់ងាយ​មន្ត្រី​ឯ​ទៀតៗ ដែល​ធ្វើ​អោយ​មន្ត្រី​ជើង​ចាស់​ក្នុង​វាំង​ទាំង​ឡាយ​នាំ​គ្នា​ស្អប់​គុំកួន​ជា​ខ្លាំង ហើយ​រៀបចំ​ផែនការ​ប្រឆាំង​នឹង​នាយ​កន។ ពួក​គេ​បាន​ទូល​ថ្វាយ​ស្ដេច​ផែនដី​ថា នាយ​កន មាន​គំនិត​ក្បត់​ចង់​ដណ្ដើម​រាជ្យ ហើយ​ត្រូវ​តែ​កម្ចាត់​ចោល។

ពង្សាវតារ​ខ្មែរ​រៀបរាប់​ពី​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ​ដែរ តែ​មាន​បញ្ចូល​ភាព​អច្ឆរិយ​ខ្លះៗ​ទៅ​ក្នុង​នោះ។ ឯកសារ​នេះ​សរសេរ​ថា ស្ដេច​សោយរាជ្យ គឺ​ព្រះបាទ​សុគន្ធបទ ទ្រង់​សុបិន​ឃើញ​នាគរាជ​ដេញ​ខាំ​ព្រះអង្គ ហើយ​ពាំ​យក​ទាំង​ស្វេតច្ឆត្រ​របស់​ព្រះអង្គ​ទៅ​បាត់​ផង។ ពួក​ហោរា បាន​ទាយ​ពី​សុបិន​នេះ​ថា អាច​នឹង​មាន​កោលាហល​កើត​ឡើង​បង្ក​ដោយ​ព្រះ​ស្ដេច​កន ដែល​កើត​នៅ​ឆ្នាំ​រោង គឺ​ឆ្នាំ​នាគ​នោះ ហើយ​ថា ត្រូវ​តែ​កម្ចាត់​នាយ​កន ចោល។ ផែនការ​នេះ ត្រូវ​បងស្រី​របស់​នាយ​កន លួច​ស្តាប់​ឮ ហើយ​ប្រាប់​នាយ​កន អោយ​ដឹង​ខ្លួន​មុន។ នាយ​កន ក៏​រត់​ភៀស​ខ្លួន ហើយ​ទៅ​បង្ក​ទ័ព​បក​មក​វាយ​ស្ដេច​ផែនដី​វិញ។
នៅ​ក្នុង​បេសកកម្ម​ដណ្ដើម​អំណាច​ពី​ស្ដេច​ផែនដី​នេះ នាយ​កន មិន​រុញរា​សោះ​ឡើយ​ក្នុង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ឃោរឃៅ និង​បោកប្រាស់​រាស្ត្រ​ប្រជា អោយ​មក​ចុះ​ចូល​ជាមួយ​នឹង​ខ្លួន។ នាយ​កន ក៏​ជា​អ្នក​ចេះ​ប្រើ​ល្បិច​យុទ្ធសាស្ត្រ​ស្ទាត់​ជំនាញ​ណាស់ ក្នុង​ការ​បំបែក​កម្លាំង​បច្ចាមិត្ត និង​យុទ្ធសាស្ត្រ​បញ្ចូល​ដៃ​ជើង​របស់​ខ្លួន អោយ​ទៅ​បង្កប់​ក្នុង​ក្រុម​ម្ខាង​ទៀត។
ពេល​ភៀស​ខ្លួន​ទៅ​ដល់​ខេត្ត​បាភ្នំ នាយ​កន បាន​សម្លាប់​ចៅហ្វាយ​ខេត្ត​ដើម្បី​ដណ្ដើម​កាន់​កាប់​ខេត្ត​នេះ ហើយ​បោក​បញ្ឆោត​ប្រាប់​អ្នក​ស្រុក​ថា ចៅហ្វាយ​ខេត្ត​បាភ្នំ ក្បត់​ទៅ​ចូល​ដៃ​ជាមួយ​ព្រះច័ន្ទរាជា ជា​ព្រះអនុជ​របស់​ព្រះបាទ​សុគន្ធបទ ដែល​មាន​បំណង​បំបែក​ខ្លួន​ឡើង​សោយរាជ្យ​នៅ​ចតុមុខ។ ពាក្យ​ឃោសនា​ថា ព្រះច័ន្ទរាជា មាន​បំណង​ក្បត់​ស្ដេច​ផែនដី​ជា​បង​បង្កើត​នេះ បាន​បង្ក​អោយ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​បង និង​ប្អូន។ ទីបំផុត ព្រះច័ន្ទរាជា ក៏​ភៀស​ព្រះ​កាយ​ចោល​ក្រុង​ចតុមុខ រួច​ទៅ​សុំ​ជ្រក​កោន​ជាមួយ​ស្ដេច​សៀម​បាត់​ទៅ។
បន្ទាប់​មក នាយ​កន បាន​ប្រាប់​អ្នក​ស្រុក​ថា តាម​ពិត​ការ​កេណ្ឌ​ទ័ព​នេះ គឺ​ដើម្បី​ដណ្ដើម​រាជ្យ​ពី​ព្រះរាជា យក​ទៅ​ថ្វាយ​ក្មួយ​បង្កើត​របស់​ខ្លួន ដែល​ត្រូវ​ជា​បុត្រ​របស់​អ្នក​ម្នាង​កេស​បុប្ផា។ មិន​តែ​ប៉ុណ្ណោះ នាយ​កន ប្រកាស​ថា ពេល​ខ្លួន​ដណ្ដើម​រាជ្យ​បាន ពួក​ពល​ព្រះ​ទាំងអស់ នឹង​ទទួល​បាន​នូវ​សេរីភាព​ជា​អ្នក​ជា​ធម្មតា​ឡើង​វិញ។ ហើយ​ជា​ការ​ទាក់ទាញ​ទិញ​ទឹក​ចិត្ត​អ្នក​ដទៃ​ទៀត នាយ​កន បាន​សន្យា​ថា ពេល​ដែល​ដណ្ដើម​រាជ្យ​បាន រាល់​អ្នក​ជា​ណា​ដែល​ធ្លាប់​ធ្វើ​ខ្ញុំ​គេ នឹង​បាន​ឡើង​ធ្វើ​ជា​មន្ត្រី ឯ​អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​មន្ត្រី​ស្រាប់ នឹង​បាន​ឡើង​ជា​មន្ត្រី​ធំ​ជាង​នេះ​ទៀត។
ទីបំផុត ស្ដេច​កន ក៏​ដណ្ដើម​រាជ្យ​បាន​ពី​ព្រះបាទ​ស្រីសុគន្ធបទ ជា​បង​ថ្លៃ ដោយ​ប្រើ​ល្បិច​អោយ​ដៃ​ជើង​របស់​ខ្លួន​ឈ្មោះ ឱកម៉ឺន សុរិន្ទកែវ ទៅ​បង្កប់​ខ្លួន​នៅ​ក្នុង​ព្រះរាជវាំង ហើយ​ឆក់​ឱកាស​ធ្វើ​គត់​ស្ដេច​ផែនដី​តែ​ម្តង។
ដោយ​រក​គ្រឿង​បញ្ចក្សត្រ​សម្រាប់​ឡើង​គ្រងរាជ្យ​មិន​ឃើញ ស្ដេច​កន ក៏​បាន​ចាត់​អោយ​ធ្វើ​ព្រះ​ខ័ន​ថ្មី ហើយ​រៀប​ពិធី​ប្រាប្ដាភិសេក​ឡើង​សោយរាជ្យ​សម្បត្តិ ជាមួយ​នឹង​ព្រះ​ខ័ន​ក្លែងក្លាយ​នោះ​ក្នុង​គ.ស​១៥១២ នៅ​រាជធានី​ទួល​បាសាន។ ព្រះអង្គ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី។
រាជ​ពង្សាវតារ​សរសេរ​ថា បន្ទាប់​ពី​ដណ្ដើម​រាជ្យ​បាន​ពេញ​ក្នុង​ដៃ​ហើយ ស្ដេច​កន បាន​លើក​បន្តុប​បក្ខពួក និង​គ្រួសារ​ខ្លួន អោយ​មាន​ឋានៈ​ធំ​ដុំ​ក្នុង​ជួរ​អ្នក​ដឹក​នាំ។ ស្ដេច​កន លើក​ឪពុកមា​ឈ្មោះ​កៅ ដែល​ជា​មេទ័ព​ធំ អោយ​មាន​ឋានៈ​ជា​សម្ដេច​ចៅហ្វ៊ាទឡ្ហៈ ដែល​ជា​ឋានន្តរស័ក្តិ​ថ្នាក់​ខ្ពស់​បំផុត​នៃ​មន្ត្រី​ក្នុង​កម្ពុជរដ្ឋ នា​បុរាណ​សម័យ។ រីឯ​ក្រុម​បរិវារ​ដៃ​ជើង​ដទៃ​ទៀត ក៏​ព្រះមហាក្សត្រ​ថ្មី​នេះ​ប្រទាន​អោយ​មាន​យសស័ក្ដិ​តាម​គុណ​បំណាច់​រៀងៗ​ខ្លួន។
ស្ដេច​កន ទ្រង់​លើក​លែង​មិន​អោយ​យក​សួយសារអាករ​មួយ​រដូវ​តាម​បុរាណ​ប្រវេណី ដែល​ផ្លាស់​ផែនដី​ថ្មី។ ម្យ៉ាង​ទៀត ដោយ​ចង់​អោយ​មាន​ជាប់​កេរ្តិ៍​ដំណែល​នៃ​រាជ្យ​របស់​ព្រះអង្គ ព្រះ​ស្រីជេដ្ឋាធិរាជ​ស្ដេច​កន ទ្រង់​បាន​ប្ដូរ​រាជធានី​ពី​ទួល​បាសាន ទៅ​ទិស​ខាង​កើត ហើយ​សាង​ក្រុង​ថ្មី​ត្រង់​ចន្លក់ដូងតី។ តែ​ព្រះអង្គ​គង់​នៅ​ទីនោះ​បាន​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ក៏​ទ្រង់​យាង​ទៅ​សាង​ក្រុង​ថ្មី​មួយ​ទៀត​នៅ​ភូមិ​ស្រឡប់ពិជ័យ ចុង​ខេត្ត​ត្បូងឃ្មុំ ទល់​ដែន​ខេត្ត​បាភ្នំ។
រាជធានី​ថ្មី​នេះ ជា​បន្ទាយ​មួយ​យ៉ាង​មាំ ដែល​ព្រះអង្គ​ប្រទាន​នាម​ថា ក្រុង​ស្រឡប់ពិជ័យ​ព្រៃនគរ​បវរ​រាជធានី។ ក្រៅ​ពី​ការ​កសាង​វត្ត​អារាម​ជាច្រើន ព្រះ​ស្រី​ជេដ្ឋា​ស្ដេច​កន បាន​បោះ​ប្រាក់​ស្លឹង មាស​ស្លឹង ត្រា​រូប​នាគ សម្រាប់​អោយ​ប្រជារាស្ត្រ​ចាយ​វាយ​ក្នុង​ប្រទេស ហើយ​ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​នឹង​ល្បែង​ស្រី ទត​រាំ​របាំ​មហោស្រព និង​តូរ្យតន្ត្រី​ណាស់។
ព្រះ​ស្រីជេដ្ឋា​សោយរាជ្យ​ដោយ​សុខ​សន្តិភាព​បាន​តែ​បី ឬ​បួន​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​រង​នឹង​សង្គ្រាម​ស៊ីវិល​មួយ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត​ដប់​ឆ្នាំ ជាមួយ​នឹង​ព្រះច័ន្ទរាជា ដែល​ជា​ព្រះអនុជ​របស់​ព្រះបាទ​សុគន្ធបទ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​សៀម ដើម្បី​ច្បាំង​ដណ្ដើម​រាជ្យ​ពី​ស្ដេច​កន វិញ។
នៅ​ក្នុង​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​នេះ ថ្វី​ត្បិត​តែ​ព្រះ​ពញាច័ន្ទរាជា ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​រាស្ត្រ និង​មន្ត្រី​ជាច្រើន​រូប ដូច​ជា​តា​ពេជ្រ ឬ​ឃ្លាំងមឿង និង​កូន​ទាំង​៤​របស់​គាត់ ជាដើម​ក៏ដោយ តែ​ពី​ដំបូង ទ័ព​នេះ​ត្រូវ​បាន​ទ័ព​ព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ដ៏​មាន​កម្លាំង វាយ​សន្ធាប់ ហើយ​ព័ទ្ធ​ជាប់​ក្នុង​បន្ទាយ​ខេត្ត​ពោធិ៍សាត់ អស់​រយៈពេល ១២​ខែ។ គឺ​ក្នុង​ស្ថានភាព​នេះ ហើយ​ដែល​តា​ពេជ្រ ឬ​ឃ្លាំងមឿង ត្រូវ​បាន​គេ​ដំណាល​ថា បាន​ធ្វើ​ពលិកម្ម​បូជា​ជីវិត ធ្វើ​ពិធី​លោត​ចូល​រណ្ដៅ​ចម្រូង ដើម្បី​ទៅ​កេណ្ឌ​ទ័ព​បិសាច​មក​ជា​ទ័ព​ជំនួយ។ ហើយ​ក្រោយ​មក ទ័ព​ខាង​ព្រះច័ន្ទរាជា កាន់​តែ​រីក​ចម្រើន ហើយ​ទទួល​បាន​ជោគជ័យ​ច្រើន​អន្លើ រំដោះ​បាន​ភាគ​ខាង​លិច​នៃ​ប្រទេស​ទាំង​មូល ដែល​ធ្វើ​អោយ​ដំណាក់​កាល​នេះ ប្រទេស​ខ្មែរ​ត្រូវ​ចែក​ជា​ពីរ គឺ​ព្រះ​អង្គច័ន្ទ សោយរាជ្យ​ត្រើយ​ខាង​លិច ឯ​ព្រះ​ស្រីជេដ្ឋា​ស្ដេច​កន សោយរាជ្យ​ត្រើយ​ខាង​កើត។
នៅ​គ.ស​១៥២៥ ព្រះអង្គ​ច័ន្ទ បាន​បញ្ជា​អោយ​សំពៅ​ព្រះអង្គ ទៅ​ទិញ​កាំភ្លើង​ធំ​ចំនួន ១០០​ដើម និង​កាំភ្លើង​តូច​ចំនួន ១​ពាន់​ដើម​ពី​ស្រុក​ជ្វាម៉ាឡាយូ យក​មក​បន្ថែម​លើ​កាំភ្លើង​ចាស់​ដែល​មាន​ពី​មុន​មក។ ឯ​ព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ក៏​បញ្ជា​អោយ​ទិញ​កាំភ្លើង​ធំ ១៥០​ដើម និង​កាំភ្លើង​តូច​ចំនួន ៣០០​ដើម​ផង​ដែរ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​ត្រឡប់​មក​ពី​ស្រុក​ជ្វា ឬ​ម៉ាឡាយូ វិញ​នោះ សំពៅ​របស់​ព្រះ​ស្ដេច​កន បាន​ប៉ះ​ខ្យល់​ព្យុះ​ដ៏​ធំ បោក​បក់​ទៅ​ជាប់​នៅ​ខេត្ត​ពាមមួយ និង​មួយ​ទៀត​ជាប់​នៅ​ខេត្ត​កំពត។ មេ​ទ័ព​ខេត្ត​ទាំង​ពីរ​ឃើញ​ដូច្នោះ ក៏​ចាប់ ហើយ​នាំ​កាំភ្លើង​ទាំងអស់​ដឹក​យក​ទៅ​ថ្វាយ​ព្រះអង្គ​ច័ន្ទរាជា ជា​ស្ដេច​ត្រើយ​ខាង​លិច​ទាំងអស់។
លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា និង ណុប សុខា នៃ​សាកលវិទ្យាល័យ​ភ្នំពេញ សរសេរ​ថា ទីតាំង​ភូមិសាស្ត្រ​ដែល​គូ​បដិបក្ខ​ទាំង​ពីរ​គ្រប់គ្រង អាច​ជា​កត្តា​ចម្បង​មួយ​ក្នុង​ការ​កំណត់​ជ័យជម្នះ​នៃ​សង្គ្រាម​រវាង​ព្រះច័ន្ទរាជា និង​នាយ​កន។ លោក​ថា ព្រះអង្គ​ច័ន្ទ កាន់​កាប់​តំបន់​ខាង​លិច​តាម​មាត់​បឹង​ទន្លេសាប ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ជាង​នាយ​កន ដែល​គ្រប់គ្រង​នៅ​ភាគ​ខាង​កើត។ បន្ថែម​លើ​នេះ លោក​ថា ព្រះអង្គ​ច័ន្ទ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ក្នុង​កិច្ចការ​ជំនួញ​ជាមួយ​បរទេស ឯ​ស្ដេច​កន វិញ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ជំនួញ​ទេ។ ជាង​នេះ​ទៅ​ទៀត ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត​ប្រជារាស្ត្រ ស្ដេច​កន បាន​បន្ធូរបន្ថយ​មិន​យក​ពន្ធ ដែល​អាច​ធ្វើ​អោយ​មាន​វិបត្តិ​សេដ្ឋកិច្ច រួច​ដែល​នាំ​អោយ​ចាញ់​សង្គ្រាម​តែ​ម្តង។
នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​ស៊ីវិល​នេះ ព្រះ​ស្រីជេដ្ឋា​ព្រះ​ស្ដេច​កន ត្រូវ​ទ័ព​ព្រះអង្គ​ច័ន្ទ ព័ទ្ធ​ជាប់​ក្នុង​បន្ទាយ​អស់​រយៈពេល​បី​ខែ។ ព្រះអង្គ​ត្រូវ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​ចាប់​ខ្លួន​បាន និង​នៅ​ទី​អវសាន​ស្ដេច​កន ដែល​ជា​អតីត​ក្មេង​វត្ត​នៃ​ក្រុម​ពល​ព្រះ ហើយ​វាយ​ដណ្ដើម​យក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ នេះ ត្រូវ​បាន​ទ័ព​របស់​ព្រះច័ន្ទរាជា កាត់​ព្រះ​សិរសា រួច​យក​ទៅ​ដោត​នៅ​មុខ​បន្ទាយ​ស្រឡប់ពិជ័យ ដើម្បី​ជា​បម្រាម​ដល់​មនុស្ស​ទូទៅ​កុំ​អោយ​ធ្វើ​តម្រាប់​តាម។
ព្រះ​ស្រីជេដ្ឋាធិរាជ​ព្រះ​ស្ដេច​កន ជា​ស្ដេច​ជ្រែក​រាជ្យ​នេះ ទ្រង់​បាន​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​១៥០៨ ឬ​ឆ្នាំ​១៥១២ នៃ​គ.ស នៅ​ទួល​បាសាន ហើយ​ទ្រង់​សោយ​ទិវង្គត​ដោយ​គេ​កាត់​ព្រះ​សិរសា នៅ​ឆ្នាំ​១៥២៥ នៅ​បន្ទាយ​ស្រឡប់ពិជ័យ​ព្រៃនគរ៕
សូមទស្សនាប្រវត្តិស្តេចកនតាមរយៈវីដេអូខាងក្រោម់៖

ដោយ៖ លោក ជុន ច័ន្ទបុត្រ សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here