ប្រវត្តិអ្នកតស៊ូរំដោះជាតិខ្មែរពីអាណានិគមបារាំង បណ្ឌិត សឺង ង៉ុកថាញ់ និងប្រវត្តិរបស់កាសែន «នគរវត្ត»

0
460

វីរបណ្ឌិត សឺង ង៉ុកថាញ់ (Son Ngoc Thanh) កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន។ លោកជាអតីតនាយករដ្ឋមន្រីខ្មែរឆ្នាំ១៩៤៥ និង ១៩៧២ ជាអតីតប្រមុខចលនាខ្មែរសេរី និងកងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត» នាឆ្នាំ១៩៣៦។

Image result for Son Ngoc ThanhImage result for Son Ngoc Thanh

ប្រវត្តិសង្ខេប

បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួន Ấp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)។

សម្ព័ន្ធភាពគ្រួសារ

បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖

  1. លោក សឺង ថាយ ស៊ុន (បងប្រុស)
  2. លោក សឺង ថាយ ហ្វៀន (បងប្រុស)
  3. អ្នកស្រី សឺង ធី ចាវ (បងស្រី)
  4. អ្នកស្រី សឺង ធី សឹម (បងស្រី)
  5. បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
  6. លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
  7. អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)

លោកយាយ សឺ ធីថែម កើតឆ្នាំ ១៩១១ ត្រូវជាប្អូនស្រីរបស់បណ្ឌិត សឺង ង៉ុក ថាញ់​សព្វ​ថ្ងៃ​កំពុង​រស់​នៅ​នា​ទីក្រុង​ភ្នំពេញ។ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមានបងប្រុសស្រីរួមឪពុកម្តាយទីទៃ ៣នាក់ទៀត ត្រូវជាកូនរបស់ប្រពន្ធទី១ នៃលោកអភិបាលខេត្តសឺងណែវ។ ក្រោយពីប្រពន្ធទី១ មានជំងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវ បានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជាម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់
Related image
លោកស្រី ឡាំ ធីអ៊ុក (Lam Thi Ut) ត្រូវជាភរិយា បណ្ឌិត សឺន ង៉ុកថាញ់
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀបអាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធីអ៊ុក (Lam Thi Ut) ត្រូវជាកូនស្រីទី១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣-១៩៣៩) (Lam Toan) និងលោកយាយ ត្រឹង ធី ស៊ុក (Tran Thi Xuc) នៅភូមិបាស្រែ (ក្បែរស្រះគូ) ខេត្តព្រះត្រពាំង។ លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ -១៩៣៩) និងលោកយាយ ត្រឹងធី ស៊ុក នៅភូមិបាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រី ចំនួន ១២ នាក់គឺ៖
  1. ឡាំ ធី សែន (ស្រី)
  2. ឡាំ ធី ឡែន (ស្រី)
  3. ឡាំ និញ (ប្រុស
  4. ឡាំ ធី យឿន (ស្រី)
  5. ឡាំ សឹម (ប្រុស)
  6. ឡាំ ធី ញ៉ី (ស្រី)
  7. ឡាំ ធី តូ (ស្រី)
  8. ឡាំ ធី ទ្រឿង (ស្រី)
  9. ឡាំ ធី ហាក (ស្រី)
  10. ឡាំ ធី អ៊ុក (ភរិយា សឺង ង៉ុក ថាញ់)
  11. ឡាំ ធី លន់ (ស្រី)
  12. ឡាំ ថាញ់ វិញ (ប្រុស)

បណ្ឌិត សឺង ង៉ុក ថាញ់ និង លោកស្រី ឡាំ ធី​អ៊ុក មានបុត្រប្រុស ស្រីចំនួន ៤នាក់ គឺ៖

  1. សឺង ហ្វា យ៉ិន (ស្រី)
  2. សឺង សេរីវុធ (ប្រុស)
  3. សឺង ទី ឡាយ (ប្រុស)
  4. សឺង ង៉ុក ម៉ាយ (ស្រី)

ការសិក្សាអប់រំ

បណ្ឌិត សឺង ង៉ុក ថាញ់ អាយុបាន ១១ឆ្នាំ លោកអភិបាលខេត្ត សឺង ណែវ ជាឪពុកបានស្លាប់​ចោលទុកឲ្យនៅក្រោមការបីបាច់ ថែរក្សាពីអ្នកម្តាយ​ឈ្មោះ ថាច់ ធី តុប ។ កាលនៅកុមារ លោកបានរៀន​អក្សរខែ្មរនៅក្នុងវត្តសិលាជលធី (វត្តគគីរ) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង។ ក្រោយមកលោកយាយ ថាច់ ធី តុប បានបញ្ជូនលោកឲ្យទៅរៀននៅសាលាបឋម​សិក្សាជាន់ដំបូង នាទីរួមខេត្តព្រះត្រពាំង និងទៅបន្ត​ការសិក្សាថ្នាក់បឋមសិក្សាបំពេញវិជ្ជា នៅសាលាឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សានៅទីក្រុងព្រៃនគរ។ លុះធំពេញវ័យលោកបានទៅបន្តការសិក្សា នាទីក្រុងប៉ារីស (Paris) ប្រទេស​បារាំង ផ្នែកនីតិសាស្ត្រ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោកក៏បានទៅបន្តការសិក្សានៅប្រទេសបារាំងជាមួយលោកផងដែរ។

ការបង្កើតសារព័ត៌មាន «នគរវត្ត» (១៩៣៦-១៩៤២)

នៅឆ្នាំ១៩៣៦ បណ្ឌិត សឺង ង៉ុក ថាញ់ , លោក ប៉ាច ឈឹន និង​លោក សឹម វ៉ា បាន​រួម​គ្នា​បង្កើត​សារព័ត៌មាន​ជាភាសា​ខ្មែរ​លើក​ដំ​បូងនៅ​ស្រុក​ខ្មែរ​ ឈ្មោះ «នគរវត្ត» ដែល​មាន​លោក ប៉ាច ឈឺន ជា​ចាងហ្វាង​នយោបាយ​សារព័ត៌មាន​មួយ​នេះ។ រដ្ឋបុរស​ទាំងបី​រូប​នេះ កាលនោះមាន​វ័យ​ខ្ទង់ ៣០ ឆ្នាំ បាន​ធ្វើការ​ទាក់​ទងយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ពុទ្ធសាសនបណ្ឌិត្យ និងក្រោយ មក គេ​បាន​តែង​តាំង​បណ្ឌិត សឺង ង៉ុក​ថាញ់ ជា​បណ្ណាគារក្ស​នៃ​ពុទ្ធសាសនបណ្ឌិត។

គោល​ជំហរ​របស់​កាសែត «នគរ​វត្ត» ពេលនោះ​គឺសរសេរ​គាំទ្រ​ខ្មែរ ដោយ​មិន​ប្រឆាំង​បារាំងសែស។​ កាសែត​នេះ​បាន​សរសេរ​ប្រឆាំង​នឹង​ការ​គ្រប​សង្កត់​របស់​ជន​ជាតិ​យួន​មក​លើ​រាជការ​នៃ​ប្រទេស​កម្ពុជា ការ​គ្រប​សង្កត់​របស់​ចិន​មក​លើ​ពាណិជ្ជកម្ម ព្រម​ទាំង​និយាយ​អំពី​កង្វះ​ខាត​ការ​ងារសម​រម្យ​សម្រាប់​បញ្ញវន្ត​ខ្មែរ​។

បទ​និពន្ធ​ក៏​បាន​បន្ទោស​ឈ្មួញ​ចិន​នៅ​តាម​ជនបទ​ ដែល​ប្រកប​របរ​ឲ្យ​ខ្ចី​ប្រាក់​ ដោយ​យក​ការ​ប្រាក់​ខ្ពស់​បាន​ បន្ទោស​ការ​យឺត​យ៉ាវរបស់​បារាំងសែស​ក្នុង​ការ​ធ្វើ​ទំនើបនីយកម្ម​នៃ​ប្រព័ន្ធ​សិក្សា​អប់​រំ បាន​បន្ទោស​ការ​ខ្វះ​ខាត​ឥណទាន​សម្រាប់​កសិករ​ខ្មែរ​ខ្ចី​ និង​បន្ទោស​ការ​បើក​ប្រាក់​បៀវត្តន៍តិច​ដល់​អ្នក​រាជការ​ខ្មែរ​ទាំង​ឡាយ​ផង​ដែរ។ តែ​ការ​សំខាន់​ជាងនេះ​ទៅ​ទៀត កាសែត «នគរ​វត្ត​» បាន​ប្រឹង​ប្រែង​បង្ហាញ​ថា ប្រវត្កិសាស្ត្រ​និង​ការ​ប៉ង​ប្រាថ្នា​ផ្សេងៗរបស់​ខ្មែរ​ខុស​ប្លែក​គ្នា​ពី​ប្រវត្តិសាស្ត្រ និង​ការ​ប៉ង​ប្រាថ្នា​របស់​យួន។ មាន​វិចារណកថា​មួយ​ ក៏​បាន​ប្រៀប​ធៀប​ការ​វាត​ទី​ទឹក​ដី​របស់​ហ៊ីត្លែ ​នៅ​ក្នុង​ទ្វីអឺរ៉ុប​ទៅ​នឹង​ការ​ពង្រីក​ទឹក​ដី​របស់​ប្រទេស​យួន មក​លើ​កម្ពុជា​ក្នុង​សតវត្ស​រ៍ទី១៩។ គំនិត​​ប្រឆាំង​យួន​លេច​ឡើង​ជា​បណ្តើរៗ នៅ​ក្នុង​អត្ថបទ​កាសែត «នគរ​វត្ត» ដែល​ជា​គំនិត​មួយ​បាន​ហូរ​ចូល​ទៅ​ក្នុង​មនោគមវិជ្ជា​នៃ​គ្រប់​រដ្ឋាភិបាល​ខ្មែរ​ទាំង​ឡាយ ក្រោយ​ឯករាជ្យ​រហូត​ដល់​ការ​ឈ្លាន​​ពាន​របស់យួន​នៅ​ចន្លោះ​ឆ្នាំ (១៩៧៨-១៩៧៩) ។ ប៉ុន្តែនៅ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ផ្ទាល់ អ្វី​ដែល​សំខាន់​ពីកាសែត «នគរវត្ត» នោះគឺ​ថាជា​លើក​ដំបូង​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៨៦៣ មក ដែល​មាន​ការ​សាសង​ទាក់​ទង​គ្នា​រវាង «មេ​កម្លាំង» បារាំងសែល​ជាមួយ​នឹង «កូន​ក្មួយ» ខ្មែរដែល​បារាំងសែស​ប្រកាន់​ចោទ​ថា «ដេកសំងំ» ព្រម​ទាំង​វរជន​ខ្មែរ​ផង​ដែរ ។ នៅ​ដើម​ឆ្នាំ ១៩៣៧ កាសែត​នេះ​មួយលេខៗ មាន​បោះ​ពុម្ព​ចេញ​ផ្សាយ​ឲ្យ​ច្រើន​លើស​ពី​ ៥០០០ ច្បាប់ ហើយ​អ្នក​អាន​ប្រាកដ​ជា​មាន​ចំនួន​ច្រើន​លើសពី​នោះ​ទៅ​ទៀត ។

តើ​អ្នក​ណា​ជា​អ្នក​អាន​កាសែត​នេះ? អ្នក​ណា​ជា​វរជន​ថ្មី? ភាគ​ច្រើន​ហាក់​ដូច​ជា​បុរស​ខ្មែរ​ក្មេងៗ ​ដែល​ធ្លាប់​មាន​តួ​នាទី​ទាប​នៅ​ក្នុង​រាជការ​ ដែល​បាន​សិក្សា​យ៉ាង​ហោច​ណាស់​ក៏​មួយ​រយៈ​ពេល​ដែរ តាម​ប្រព័ន្ធ​សិក្សាបារាំងសែស។ ពួក​អ្នក​ទាំង​នោះ​ភាគ​ច្រើន សុទ្ធ​សឹង​តែ​ជា​អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ។ នៅ​ក្នុង​កំណត់​ប្រវត្តិរូប​អំពី​សម័យ​នោះ លោក ប៊ុណ្ណ​ចន្ទ ម៉ុល ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​បានថ្លែង​ថា កាសែត​នេះទុក​ខ្លួន​ថាមាន​បេសកកម្ម​ដាស់​តឿន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ភ្ញាក់​រឭក​។ រូបភាព​នេះ​ឋិត​នៅ​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ១៩៥០ គឺ​ពេល​ដែល​លោក សឺង ង៉ុក​ថាញ់ ត្រឡប់​មក​ពី​​ការ​និរទេស​វិញ ក៏​បាន​បង្កើត​កាសែត​ជាតិ​និយម​មួយ​ផ្សេង​ទៀត ដោយ​ដាក់​ចំណង​ជើង​ថា «ខ្មែរ​ក្រោក» ។​ កាសែត «នគរ​វត្ត» មាន​សារៈ​សំខាន់​ណាស់ ដោយសារ​បាន​ផ្តល់​ឱកាស់​ដល់​ខ្មែរ​រាប់​ពាន់​នាក់​ឲ្យ​អាន​ព័ត៌មាន​ផ្សេងៗ ស្តី​ពី​ពិភព​លោក​ខាង​ក្រៅ ដែល​តែង​ជាភាសា​ខ្មែរ​ជា​លើក​ដំបូង​ក្នុង​សម័យ​នោះ។

ការធ្វើបាតុកម្មទាមទារឲ្យដោះលែងអាចារ្យ ហែម ចៀវ និងការគេចពីការតាមចាប់ខ្លួន

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤៣ បារាំងបានចាប់ អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់។ រឿងនេះបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមជ្ឈដ្ឋានព្រះសង្ឃ និងនិស្សិតសាលាបាលីជាន់ខ្ពស់និងវត្តអារាមនានាទូទាំងប្រទេសកម្ពុជា មានការរំជើបរំជួលយ៉ាងខ្លាំង។ ក្រោយមក លោក នួន ឌួង (ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក) ក៏ត្រូវបារាំងចាប់ខ្លួនទៀត។ ដំណឹងស្តីពីការចាប់ខ្លួនព្រះអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានលេចឮសុះសាយគ្រប់ទិសទី។

ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤២ បណ្ឌិត សឺង ង៉ុក ថាញ់ ក៏សម្រេចធ្វើបាតុកម្ម ដើម្បីទាមទារឲ្យបារាំងដោះលែង ព្រះអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ។ នេះគឺជាមហាបាតុកម្មបានកើត ឡើងជាលើដំបូងក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលមានព្រះសង្ឃចូលរួមជាង ៥០០អង្គ និងប្រជាពលរដ្ឋជាង៥០០ នាក់។ ការធ្វើបាតុកម្មនេះ ត្រូវបានបារាំង និងពួកបរិវារបង្ក្រាប់យ៉ាងចាស់ដៃព្រមទាំងបានរកចាប់ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ ដែលបារាំង ចោទថាមេបះបោរយកទៅដាក់គុករួច និរទេសទៅកោះត្រឡាចរហូតដល់បានបាត់បង់ជីវិត ដូចជាព្រះអាចារ្យ ហែម ចៀវ ជាដើម។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ បន្ទាប់ពីធ្វើបាតុ កម្មមិនបានសម្រេច «ឯករាជ្យបារាំងមិនព្រមប្រគល់ឲ្យព្រះអាចារ្យ ហែម ចៀវ បារាំងក៏មិនព្រមដោះលែង ហើយថែមទាំងបង្ក្រាប់អ្នកតស៊ូដទៃទៀត» លោក​ ក៏បានភៀសខ្លួនទៅទីក្រុងបាំងកក់ (ប្រទេសសៀម) ហើយអាជ្ញាធរជប៉ុន ក៏បានយល់ព្រមផ្តល់សិទ្ធិជ្រកកោននយោបាយនៅប្រទេសជប៉ុន ។

ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា

ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាពី ថ្ងៃ១៤ សីហា១៩៤៥ ដល់ ១៦ តុលា ១៩៤៥។ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៤៥ ជប៉ុនបាន​ធ្វើរដ្ឋប្រហារឥណ្ឌូចិន រួចបានចាត់ទុកសន្ធិសញ្ញា បារាំង-ខ្មែរ-លាវ-យួន ជាមោឃៈនិងបានចាប់ពួក អាជ្ញាធរ បារាំងដាក់គុកព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន។ ពេលដែលកងទ័ពជប៉ុនគ្រប់គ្រងនៅប្រទេសកម្ពុជា បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ចូលស្រុកវិញ ហើយបានធ្វើជាទេសរដ្ឋមន្រ្តីទទួលកិច្ចការបរទេស។ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិត​ សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី និងដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំងបានចូល មកត្រួតត្រាឥណ្ឌូចិនម្តងទៀត ក៏បានចាប់ខ្លួននាយករដ្ឋមន្ត្រី​ សឺង ង៉ុក ថាញ់ ទៅដាក់គុកនៅព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយមកបារាំងក៏បាននិរទេស បណ្ឌិត សឺង ង៉ុក ថាញ់ ទៅបង្ខាំងទុក​នៅ Poitiers ប្រទេសបារាំង។ រយៈពេលដែលនៅ​ប្រទេសពេលនោះ បណ្ឌិត សឺង ង៉ុក ថាញ់ បាន​ឆ្លៀតរៀនបន្តរហូតដល់ បានប្រលងជាប់បរិញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់។

ការបង្កើតសារព័ត៌មាន ​«ខ្មែរក្រោក»

ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ទៅប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈពេល ៦ឆ្នាំ។ ក្រោយពីត្រឡប់ទៅដល់ភ្នំពេញ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះថា «ខ្មែរក្រោក» ដោយបានធ្វើការពន្យល់អំពីឈ្មោះកាសែតនេះនៅក្នុងលេខចេញផ្សាយ ដំបូងថា «យើងដឹងហើយថា ប្រជារាស្ត្រខ្មែរដែលត្រូវបានគេចាក់ថ្នាំសណ្តំអស់រយៈពេលជាយូរមកហើយនោះឡូវនេះដឹងខ្លួនវិញហើយ… ពេលនេះគ្មានឧបសគ្គណាមួយរារាំងការភ្ញាក់រឮកនេះមិនឲ្យវិវត្តទៅមុខបានឡើយ»។

ទិសដៅរបស់កាសែត «ខ្មែរក្រោក» គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនាពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» មោ៉្លះហើយ ទើបកាសែតនេះត្រូវបានរដ្ឋាភិបាលបិទនៅដំណាច់ខែកុម្ភៈ ឆ្នាំ១៩៥២ ។

ការចូលរួមជាមួយ «ចលនាខ្មែរឥស្សរៈ»

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជាទិវាខួបលើកទី៧ នៃពលប្រហាររបស់កងទ័ពជប៉ុន បណ្ឌិត សឺង ង៉ុក ថាញ់បាន ភៀសខ្លួនចេញពីរាជធានី ដោយបានយកទៅនូវវិទ្យុទាក់ទងមួយគ្រឿង និងរត់ទៅជាមួយបក្សពួកមួយចំនួនតូច ដែលនៅក្នុង នោះមានបញ្ញវន្តឆ្វេងនិយមដ៏ល្បីម្នាក់គឺលោក អៀ ស៊ីចូវ។ ក្នុងរយៈពេលមួយខែ បណ្ឌិត សឺង ង៉ុក ថាញ់ បានចាត់តាំងបញ្ជាការដ្ឋាននៅតាមព្រំដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាបដែលចូលកម្លាំង ជាមួយ «ខ្មែរឥស្សរៈ» មួយក្រុម ដែលដឹក​នាំដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទ​ក្រុងហ្សឺណែវបាន ប្រកាសប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន ដែលមានកម្ពុជា កណ្តាល, លាវ និង យួន ចំណែកកូសាំងស៊ីន(កម្ពុជាក្រោម) ត្រូវរាប់ជា ដីខាងត្បូង (Nam Kỳ)។ ពេលនោះ ប្រទេសយួនត្រូវចែកជាពីរភាគ ដាច់ដោយឡែកពីគ្នាគឺ ខាងជើងចាប់ពីខ្សែស្របទី១៧ ទៅទិសខាងជើងត្រូវឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតយួន ( Việt Nam DânChủ Cộng Hòa) ដែលមាន ហូ ជី ម៉ិញ ជាមេដឹកនាំឯភាគខាងត្បូងចាប់ពីខ្សែស្របទី១៧ ទៅទិសខាងត្បូងដែលមានដែនដីចម្ប៉ា​ និង ដែនដីកម្ពុជាក្រោម ត្រូវបានស្ថិត នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋយួន (Việt Nam Cộng Hòa) ដែលមាន ង៉ូ ដិញ យ៉េម (Ngô Đình Diệm) ជាប្រធានាធិបតី។

នៅក្នុងឆ្នាំនេះដែរ បណ្ឌិត សឺង ង៉ុក ថាញ់ និងក្រុម «ចលនាខ្មែរឥស្សរៈ» បានធ្វើបុណ្យឯករាជ្យជាតិនៅភ្នំដងរែក។ ក្នុងពិធីនេះដែរបណ្ឌិត សឺង ង៉ុក ថាញ់ បានផ្តែផ្តាំថា «ពេលការតស៊ូរបស់យើងត្រូវបានចប់មួយរយៈ ដោយប្រទេសយើងបានឯករាជ​ហើយ តែបេសកកម្មកូនខ្មែរនៅមិនទាន់ចប់នៅឡើយទេ ក្នុងការការពារទឹកដីខ្មែរឲ្យបានគង់វង្ស និងជាពិសេសគឺការទាមទារទឹកដីកម្ពុជាក្រោមដែលបានបាត់បង់មកវិញ»។ ក្រោយមកកងទ័ព «ចលនាខ្មែរឥស្សរៈ» ក៏បានដាក់អាវុធចុះចូលរួមរស់ក្នុងសង្គមជាតិវិញ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ ពេលនោះបម្រុង នឹងចូលរួបរួមក្នុងមហាសង្គមជាតិដែរតែ​ សម្តេច នរោត្តម សីហនុ បានជំទាស់ដំណើររបស់លោក។

ការបង្កើត«ចលនាខ្មែរសេរី»

ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ទៅកម្ពុជា ក្រោមវិញ នាខែមីនា ឆ្នាំ ១៩៥៧ ហើយបានលក់នូវកេរមត៌កផ្តាល់ខ្លួនដើម្បី បង្កើតចលនាមួយហៅថា «ចលនាខ្មែរសេរី» ក្នុងគោលបំណង «តស៊ូដើម្បីសេរីភាពខ្មែរក្រោម» ដែលត្រូវបានកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីយួនផ្តាច់ការកាន់សាសនា កាតូលិកម្នាក់ឈ្មោះ ង៉ូ ដិញ យ៉េម នៃរបបសាធារណរដ្ឋយួន និងការឈ្លានពាននៃពួកយួនកុម្មុយនិស្តចូលទឹកដីកម្ពុជាក្រោម។ «ចលនាខ្មែរសេរី» នេះត្រូវបានបង្កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៥៨ ជាលើដំបូងនៅភូមិធំ សង្កាត់ឡុកនិញ (Lộc Ninh) ខេត្តនាគគរី (Bình Long) កម្ពុជាក្រោមដោយមានសមាជិកចូលរួមប្រមាណជា ១៤០អង្គ និងរូប។

កងទ័ព «ចលនាខ្មែរសេរី» ភាគច្រើនសុទ្ធតែជា ខ្មែរក្រោមដែលមានគំនិតជាតិសាសន៍ខ្ពស់ មានសតិសម្បជញ្ញៈស្នេហាជាតិយ៉ាងមុះមុត មានចរិតរឹងប៉ឹង​អង់អាចក្លាហាននិងមានការអត់ធ្មត់ក្នុងការលំបាកគ្រប់បែបយ៉ាង។​ ក្នុងចំណោមកងទ័ពនេះ ក៏មានបង​ប្អូនកូនក្មួយជាច្រើននាក់របស់ បណ្ឌិត សឺង ង៉ុក ថាញ់ ទាំងខាង ត្រកូលសឺង និងទាំងខាង ត្រកូលឡាំ ដែលបានចូលរួមនិងពលកម្មក្នុងការតស៊ូនេះដែរ។

អំពីយុទ្ធសាស្ត្ររបស់«ចលនាខ្មែរសេរី»

ប្រាំខែក្រោយពីបានបង្កើត «ចលនាខ្មែរសេរី» បណ្ឌិត សឺង ង៉ុក ថាញ់ និង សហការីបានបង្កើតមូលដ្ឋានទី២ ហៅថា «មូលដ្ឋានខូវណាម» សម្រាប់រៀនអំពីគោលនយោបាយ វិជ្ជាយុទ្ធសាស្ត្រ ចារកិច្ចឃោសនា និងសេដ្ឋកិច្ច ។ល។ មូលដ្ឋាននេះ មានចម្ងាយពីមូលដ្ឋានភូមិធំ ប្រហែលជា ១០គីឡូម៉ែត្រ នៅខាងទិសពាយព្យ។ ខូវណាម គឺជាឈ្មោះរបស់យុវជនខ្មែរក្រោមមួយរូប ដែលបានស្លាប់ បាត់ជីវិតដោយជម្ងឺគ្រុនចាញ់នៅក្នុងមូលដ្ឋានភូមិធំ ក្រោយពេលបានរៀនវិជ្ជាយុទ្ធសាស្ត្រចប់ភ្លាម។ បណ្ឌិត​ សឺង ង៉ុកថាញ់ បានប្រសិទ្ធិនាមយុវជនតស៊ូជំនាន់​នោះថាសិស្សជំនាន់ ខូវណាម និងមូលដ្ឋាននោះថាមូលដ្ឋាន ខូវណាម។ ក្រោយមកបណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតមូលដ្ឋានមួយទៀតនៅទីក្រុងព្រៃនគរ សម្រាប់ហ្វឹកហាត់វិជ្ជាចារ កិច្ចឃោសនាអប់រំ និងបណ្តុះបណ្តាលកម្លាំងស្នូលនៃ «ចលនាខ្មែរសេរី» ដែលមានឈ្មោះថាមូលដ្ឋាន គឹម សេដ្ឋា មានសិស្សប្រមាណ ៥០រូប ដែលស្ម័គ្រចិត្តចូលរៀន។ ក្នុងចំណោមសិស្សទាំងនេះមានសិស្សនារី ម្នាក់ឈ្មោះ គឹម សេដ្ឋា ត្រូវបានស្លាប់ក្នុងពេលកំពុងបំពេញសកម្មភាពខាងវិទ្យុ ទើបបណ្ឌិត សឺង ង៉ុក ថាញ់ ជាប្រមុខនៃចលនានេះបានប្រសិទ្ធិនាមដល់មូលដ្ឋាននេះថា​មូលដ្ឋាន គឹម សេដ្ឋា​ និងសិស្សជំនាន់នោះថា សិស្សជំនាន់ គឹម សេដ្ឋា។ មូលដ្ឋាន គឹម សេដ្ឋា គឺជាមូលដ្ឋាននយោ បាយខាងធ្វើសង្គ្រាម ដែលបុគ្គលិកជំនាន់នោះបានចុះទៅគ្រប់ខេត្តទាំងអស់នៅដែនដីកម្ពុជាក្រោម ជាពិសេសនៅតំបន់តាម បណ្តោយជាយដែនកម្ពុជា និងកម្ពុជាក្រោម ដើម្បីបណ្តុះបណ្តាលកម្លាំងចលនាខ្មែរសេរីស្នូល។ ចលនាខ្មែរសេរីមានសកម្មភាពរីក​ឆាប់រហ័សណាស់ ដោយបានផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនពាសពេញកម្ពុជា ក្រោមរហូតឆ្លងចូលដល់ប្រទេសកម្ពុជាទៀតបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅកម្ពុជាមួយចំនួនធំភាគច្រើនជាមិត្តភក្តិរបស់លោកបានភៀសខ្លួន ពីកម្ពុជាទៅកម្ពុជាក្រោមរួមសហការជាមួយលោក ដើម្បីជួយបង្រៀនវិជ្ជាភូមិសាស្រ្ត ប្រវត្តិសាស្ត្រប្រវត្តិតស៊ូ និងអប់រំវិន័យទ័ព ។ល។

អំពីសង្រ្គាមនៅវៀតណាម

ចាប់ពីឆ្នាំ ១៩៥៤ ដល់ ឆ្នាំ ១៩៧៥ គឺជារយៈពេលមួយដែលឥណ្ឌូចិន ក្នុងនោះមានកម្ពុជាក្រោមផងដែរ ត្រូវបានស្ថិតនៅក្នុងភ្លើងសង្គ្រាម។ នេះគឺជាសង្គ្រាមដែលបានកើតឡើងដោយភាគីទាំងពីរដែលមានភាគី សាធារណរដ្ឋវៀតណាម (Viet Nam Cong Hoa ) និងសហរដ្ឋអាមេរិក នៅវៀតណាមខាងត្បូង (កម្ពុជាក្រោម) រួមជាមួយក្រុមសម្ព័ន្ធមិត្តនៃប្រទេសមួយចំនួនផ្សេងទៀតមានដូចជាអូស្ត្រាលី , New Zealand , កូរេ៉, ថៃឡង់ និង ភីលីភីន ដែលបានចូលរួមផ្ទាល់ ភាគីម្ខាងទៀត គឺ​ខាងសាធារណរដ្ឋប្រជាធិបតេយ្យយួន ( Việt Nam Dân Chủ Công Hòa) នៅវៀតណាមខាងជើងក្រោមការ​ដឹកនាំរបស់គណៈបក្សពលកម្មវៀតណាម (ឈ្មោះ បក្សកុម្មុយនិស្តយួន ក្នុងសម័យសង្គ្រាមឥណ្ឌូចិន) រួម​ជាមួយក្រុមបក្សកុម្មុយ និស្ត នៅខាងវវៀតណាមខាងត្បូង (កម្ពុជាក្រោម) ហើយមានការគាំទ្រពីប្រទេសសង្គមនិយម (កុម្មុយនិស្ត) មួយចំនួន ជាពិ សេសគឺសូវៀត និង ចិន។ សង្គ្រាមនេះ ពិតមែនតែ​គេហៅថា «សង្គ្រាមនៅវៀតណាម» តែវាត្រូវបានរាលដាលទូទាំងតំបន់ឥណ្ឌូចិន ក្នុងនោះប្រទេស លាវ និង កម្ពុជា ត្រូវបានចូលរួមនៅក្នុងសង្គ្រាមនេះដែរ។ ហេតុនេះហើយ បានជាគេចាត់ទុកសង្គ្រាម​នេះ គឺជាសង្គ្រាមឥណ្ឌូចិនលើកទីពីរ។

នៅវៀតណាម សារព័ត៌មាន និង សៀវភៅយួន បានសរសេរព័ណ៌នាសង្គ្រាមនេះដោយដាក់​ឈ្មោះថា «ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» (Kháng Chiến Chống Mĩ Cứu Nước) និងដើម្បីកំណត់សំគាល់ឲ្យបានច្បាស់រវាងសង្គ្រាមដទៃៗ ទៀតដែលបានកើតឡើងនៅ ប្រទេសយួន ដូចជាសង្រ្គាម​ប្រឆាំងបារាំង,ប្រឆាំងជប៉ុន, និងប្រឆាំងចិន របស់ជនជាតិយួន។ ក្រុមមនុស្សមួយចំនួនគេបានចាត់ឈ្មោះថា «ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» គឺជាឈ្មោះមួយមិនទាន់មានភាព សត្យានុម័ត ព្រោះនៅមានកត្តាសង្គា្រមផ្ទៃក្នុង។

មនុស្សមួយចំនួនផ្សេងទៀត បានចាត់ទុកឈ្មោះ «សង្គ្រាមនៅវៀតណាម» គឺជាឈ្មោះមួយដែលមានការពេញនិយមហៅចំពោះតែអ្នកនៅក្រៅប្រទេសឬនៅអ៊ឺរុប។ តែចំពោះប្រវត្តិវិទូទាំងក្នុង និងក្រៅប្រទេសយួន បានឲ្យឈ្មោះសង្គ្រាមនេះថាជា «សង្គ្រាមនៅវៀតណាម» ព្រោះវាមានភាពសត្យានុម័តជាង។ «សង្គ្រាមនៅវៀតណាម» បានបញ្ចាប់ដោយព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ ១៩៧៥ ពេលដែលប្រធានាធិបតីយួនឈ្មោះ យឿង វ៉ាំង ម៉ិញ (Dương Văn Minh) នៃរបបសាធារណរដ្ឋយួន (Việt Nam Cộng Hòa) សុំចុះចាញ់រណសិរ្សប្រជាជនរំដោះវៀតណាម​ខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Vịệt Nam) បន្ទាប់មករដ្ឋាភិបាលបណ្តោះមួយឈ្មោះសាធារណរដ្ឋវៀតណាមខាងត្បូង (Cộng Hòa Miền Nam Việt Nam) ត្រូវបានកើតឡើង។ ក្រោយមករដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតយួនខាងជើង និង រដ្ឋាភិបាសាធារណរដ្ឋវៀតណាមខាងត្បូងបានរួបរួមគ្នានៅឆ្នាំ១៩៧៦ ហើយដាក់​ឈ្មោះថាសាធារណ រដ្ឋសង្គមនិយមវៀត ណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam ) រហូតដល់បច្ចុប្បន។

ការបបង្កើតកងកម្លាំងពិសេសខ្មែរ

ក្នុងពេលដែលឥណ្ឌូចិនកំពុងតែស្ថិតនៅក្នុងភ្លើងសង្គ្រាមលើកទី២ ដែនដីកម្ពុជាក្រោមត្រូវបានស្ថិតនៅក្រោមការត្រួរត្រារបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ហើយមានការប្រទាញប្រទង់សង្គ្រាមផ្ទៃក្នុងនៃជនជាតិយួន (លោកសេរី និង កុម្មុយនិស្ត) ខណៈនោះខ្មែរក្រោមម្ចាស់ស្រុកជាច្រើនរួមទាំងព្រះសង្ឃផង ត្រូវបានរបបសាធារណរដ្ឋវៀតណាមចាប់ផ្សឹកឲ្យទៅធ្វើជាទាហានកំណែនរបស់ពួកគេ និងខ្មែរក្រោមខ្លះចាញ់បោកយួនកម្មុយនិស្តក៏ចូលទៅបម្រើឲ្យកងទ័ពរបស់យៀកកុង ដើម្បីប្រឆាំងរបបសាធារណរដ្ឋយួននិងអាមេរិកកាំង។​ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៦៣ បណ្ឌិត សឺង ង៉ុក ថាញ់ និងសហការីរបស់លោកបានបង្កើតកងកម្លាំងពិសេសខ្មែរនៅមណ្ឌលឡុកនិញ។ បន្ទាប់មកកងទ័ពនៃកងកម្លាំងពិសេសខ្មែរ ត្រូវបានដាក់ពង្រាយ​នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជានិងកម្ពុជាក្រោម (វៀតណាមខាងត្បូង) សហការជាមួយកង​កម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រហារពួកកងទ័ពយៀង​កុងចូលទឹកដីកម្ពុជា។ កងកម្លាំងពិសេសខ្មែរ មានសហរដ្ឋអាមេរិកជាទីប្រឹក្សា មិនមែនជាទាហានកំណែនរបស់យួនសេរីនៃរដ្ឋការសាធារណរដ្ឋយួនឡើយ។ គោលជំហរ របស់កងកម្លាំងពិសេសខ្មែ រគឺប្រឆាំងនឹង យួនកុម្មុយនិស្ត ដែលចូលឈ្លានពានទឹកដីកម្ពុជាក្រោម និងកម្ពុជាកណ្តាលមិនមែនប្រឆាំង ​សម្តេច នរោត្តម ​​សីហនុ ឡើយ (សម័យនោះសម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យពួកយៀកកុងយកទឹកដីកម្ពុជាធ្វើជាទីតាំងសម្រាប់វាយកងទ័ពអាមេ រិកកាំង និងបានផ្តល់ស្បៀងអាហារជាដើមដល់កងទ័ពយៀកកុងទៀតផង)។

ទាហានរបស់កងកម្លាំងពិសេសខ្មែរ ដែលបានពលីជីវិតរួមមាន

  • ដោយជំងឺ
  1. យុវជន ខូវ ណាម
  2. កញ្ញា គឺម សេដ្ឋា
  3. លោក ញ៉ឹក ញ៉ុក
  4. លោក ថាច់ ធ្វឹង សាវី
  5. លោក គឹម តុង
  6. លោក សឺង យឹម
  7. លោក ថា សី
  8. អ្នកស្រី ថាច់ ធី សោន ។ល។
  • ដោយប្រយុទ្ធជាមួយកងទ័ពយួន
លិខិត​ជូន​តំណឹង​មរណៈ ពី​ក្រសួង​មហា​ផ្ទៃ​បក្ស​កុម្មុយនិស្ត​​យួន​ជូន​ក្រុម​គ្រួសារ បណ្ឌិតសឺងញ់ ង៉ុកថា ឆ្នាំ នា ១៩៧៧

 

  1. លោក សឺង សុវណ្ណ ( កូនប្រុស សឺង ង៉ុក ថាញ់ )
  2. លោក ឡាំ ថាញ់ ស៊ឺ
  3. លោក ថាច់ សួន
  4. លោក ថាច់ ដូប
  5. លោក ថាច់ សិក្សា
  6. លោក ថាច់ សុខ
  7. លោក ថាច់ លឿង
  8. លោក ថាច់ នេ
  9. លោក តោ ត្រាន់
  10. លោក ថាច់ សឹម
  11. លោក ថាច់ ខ្លាំង
  12. លោក ថាច់ ស៊ីវត្ថា
  13. លោក គឹម វង់
  14. លោក ថាច់ សាយ
  15. លោក ថាច់ ញៀន
  16. លោក ថាច់ ឃ្លាំង
  17. លោក គឹម វែន
  18. លោក គង់ សូត្រ ។ល។
  • ដោយខ្មាំងលបសម្លាប់
  1. លោក ថាច់ តួង
  2. លោក ឡាំ លី
  3. លោក ថាច់ ចាន់
  4. លោក សម ហ៊ឹម
  5. លោក ថាច់ សូរី
  6. លោក ថាច់ ជាយ
  7. លោក ត្រឹង ហឹម
  8. លោក គឹម ចក់
  9. លោក គឹម វៀង ។ល។
  • យុទ្ធជនដែលបានពលីជីវិតនៅប្រ​ទេសកម្ពុជា
  1. លោក ព្រាប ឥន្ទ
  2. លោក ថាច់ យ៉ាំង
  3. លោក សៅ ង៉ុយ
  4. លោក ចៅ បរី
  5. លោក មធុរា
  6. លោក ថាច់ សីហា
  7. លោក ថាច់ ញើង
  8. លោក សំសាវ៉ាត
  9. លោក សាម សមេធ
  10. អាចាសរ្យ ប្រុក
  11. លោក ទាវ
  12. លោក សាន ។ល។
  • យុទ្ធជនដែលបានបាត់ខ្លួន
  1. ថាច់ សុផល
  2. លោក ថាច់ វឿង ។ល។

ក្រៅពីនេះនៅមានយុទ្ធជនចលនាពិសេស​ខ្មែរជាច្រើនរូបទៀត ដែលត្រូវ បានពលីជីវិតក្នុងពេល បំពេញបេសកម្មបំរើជាតិ ។

ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា​លើកទី២

ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា​លើកទី២ ពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧២ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧២។ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុងភ្នំពេញ​សភាទាំងពីរ និងរដ្ឋាភិបាលស្រោចស្រង់ជាតិ បាន​សម្រេចជាឯកច្ឆន្ទទម្លាក់ស្តេចសីហនុ ចេញ​ពីតំណែងប្រមុខរដ្ឋខ្មែរ ដោយលោកសេនាប្រមុខលន់នល់។ ការទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីតំណែងសម័យនោះ ត្រូវបានគេមើល​ឃើញថា ដោយស្តេចសីហានុ បាន​គាំទ្រ​វៀតកុងនិងចិនប៉ែកាំងដោយឲ្យយួនកម្មុយនិស្ត យកទឹកដីប្រទេសកម្ពុជាធ្វើជាទីតាំងសមរភូមិ​ប្រយុទ្ធ និងយួនខាងត្បូងនិងអាមេរិកកាំង។

Image result for Son Ngoc Thanh
សេនាប្រមុខ លន់ ណុល

ក្រោយពីទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីតំណែង​ប្រទេសកម្ពុជាបានប្តូរឈ្មោះទៅជាសាធារណរដ្ឋខ្មែរ​ហើយរបបថ្មីមួយនេះ ត្រូវបានតាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥។

ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានឡើងធ្វើជាយករដ្ឋមន្ត្រីម្តងទៀតនៅ​ក្នុងរបបសាធារណរដ្ឋខ្មែរនៃប្រទេសកម្ពុជា។ សមសភាពរដ្ឋាភិបាលរបស់លោកនាពេល​នោះ រួមមានរដ្ឋមន្ត្រីទី១ មួយរូប ទេសរដ្ឋមន្ត្រី៥ រូប ​រដ្ឋមន្ត្រី ១១ ហើយរូបបលោកផ្ទាល់ត្រូវបានបំពេញតួ​នាទីជារដ្ឋមន្ត្រីទី១ផង និងរដ្ឋមន្ត្រីក្រសួងការបរទេសផង។

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានសុំលាចេញពីតំណែងនៃរដ្ឋាភិបាល​សាធារណរដ្ឋខ្មែរ ហើយបានវិលត្រឡប់មករស់នៅកម្ពុជាក្រោមធ្វើវិញ។

អវសានជីវិត

អវសានជីវិតរបស់ បណ្ឌិត សឺង ង៉ុក ថាញ់ គឺស្លាប់នៅក្នុងគុកបក្សកុម្មុយនិស្តយួន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ យួន កុម្មុយនិស្ត​ខាងជើងបានទទួលជ័យជម្នះ លើរបប​យួនសេរី​ភាគខាងត្បូង ពួកគេបានចូលធ្វើអាណានិគមលើជន​ជាតិដើមខ្មែរក្រោមជំនួសយួនសេរីវិញ។

យោងតាម លិខិតជូនដំណឹងមរណៈមួយច្បាប់ចេញពីក្រសួងមហាផ្ទៃបក្សកុម្មុយនិស្តយួន ជូនដល់ក្រុមគ្រួសារបណ្ឌិត សឺង ង៉ុក ថាញ់ ចុះថ្ងៃទី ០៨ ខែ កក្ដដា ឆ្នាំ ១៩៧៧ ថា បណ្ឌិត សឺង ង៉ុក ថាញ់ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ ចោទពីទោសធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជា។ ថ្ងៃខែឆ្នាំទទួលមរណភាព ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧ វេលាម៉ោងៈ១១ និង ៤០ នាទី។ កន្លែងស្លាប់ ក្នុងគុកជីវ៉ា ( Trại Cải Tạo Chí Hòa ) អាយុ ៦៩ឆ្នាំ។ សូមបញ្ជាក់ថា បណ្ឌិត សឺង ង៉ុក ថាញ់ កើតឆ្នាំ១៩០៥ តែថ្ងៃខែឆ្នាំ ជាផ្លូវការគឺថ្ងៃទី ០៧ ធ្នូ ១៩០៨៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឯកសារ​យោង​

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here