គ្រឹះនៃវប្បធម៌ និងអរិយធម៌ខ្មែរ

0
159
វប្បធម៌ និងអរិយធម៌ខ្មែរបច្ចុប្បន្ន ដែលជាលទ្ធផលនៃការវិវត្តដ៏យូរលង់បានប្រសូតចេញពីមូលដ្ឋានគ្រឹះខ្មែរ-មន ឬ មន-ខ្មែរ និងឥណ្ឌា ដែលគេពុំអាចផ្តាច់ចេញពីគ្នាបានឡើយ ហើយភាពសំយោគដ៏ស្អិតរមួតនេះហើយ ដែលធ្វើឱ្យវប្បធម៌ អរិយធម៌ ជាតិខ្មែរមានភាពសម្បូរបែប និងត្រចេះត្រចង់។
តាមពិតមុនភាពសំយោគដើមនេះដែល ផ្តើមឡើងនាសម័យប្រវត្តិសាស្ត្រ ឬមុននេះបន្តិចវប្បធម៌ខ្មែរ មានលក្ខណៈជាតិខ្លួន មកហើយ។ លក្ខណៈសម្បត្តិពិសេសនេះ ត្រូវបន្តដោយសហគមន៍ដែលស្ថិតក្នុងអម្បូរ មន-ខ្មែរ នៅឥណ្ឌូចិន និងនៅម៉ា ឡាយូ (មលាយូ) រហូតដល់សព្វថ្ងៃ ដែលរស់នៅតំបន់ខ្ពង់រាប ឬតាមតំបន់ព្រៃភ្នំ ហើយដែលពុំអាចទទូលឥទ្ធិពលពី ឥណ្ឌា ចិន ឬអឺរ៉ុបនៅឡើយ។
ដូចនេះប្រវត្តិវិទូ ឬអ្នកស្រាវជ្រាវខាងវប្បធម៌ ខ្មែរមិនត្រូវបំភ្លេចនូវចក្ខុវិស័យចម្បង ដែលទាក់ទិននឹងកំណើតព្រមទាំងការវិវត្ត នៃវប្បធម៌ខ្មែរនេះឡើយ។ ពោលគឺពួកគេ ត្រូវស្គាល់អំពីប្រភពនៃវប្បធម៌ អរិយធម៌ ដើមរបស់ជនជាតិខ្មែរ យ៉ាងជាក់ច្បាស់ ហើយមិនត្រូវបំភ្លេចនូវវិភាគទានដ៏ថ្លៃថ្លាពីប្រទេសឥណ្ឌា ក្នុងការសាងសង់នូវមូលដ្ឋានគ្រឹះរបស់សង្គមខ្មែរ ក្នុងអតីតកាលក៏ដូចក្នុងបច្ចុប្បន្នភាពដែរ។
យ៉ាងណាមិញពួកគេក៏មិនត្រូវបំភ្លេចបំបាត់ដាននូវរាល់តួនាទីជាប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ និងកុលសម្ព័ន្ធ មន-ខ្មែរ ដែលកំពុងរស់នៅពាសពេញដេរដាស ទូទាំងភូមិភាគអាស៊ីអាគ្នេយ៍នេះដែរ ព្រោះថាជនជាតិខ្មែរ គឺជាជនជាតិចាស់ ហើយមានសាវ តារដ៏យូរលង់មួយ ។
ជារួមគេត្រូវស្គាល់នូវវប្បធម៌ខ្មែរដើម ដែលបានចាប់បដិសន្ធិឡើងច្រើនពាន់លានឆ្នាំមុន ការហូរចូលនៃវប្បធមីឥណ្ឌា អ្វីដែល គេហៅថាឥណ្ឌូរូបនីយកម្ម និងការកាត់ផ្សំជាមួយអម្បូរ ចិនដែលធ្វើឱ្យសម្បុរស្បែកមានលក្ខណៈជ្រះបន្តិច។ អ្វីដែលទើបពោលខាងលើ គឺជាក្បួនខ្នាតក្រឹត្យក្រមតែមួយគត់ប្រកដោយលក្ខណៈវិទ្យាសាស្ត្រ ដែលអាចជម្រុញគ្រប់ការស្រាវជ្រាវរាវរកអំពីវប្បធម៌ខ្មែរឱ្យមានលក្ខណៈត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់។
ជាការសោកស្តាយណាស់ ដែលរហូតដល់សព្វថ្ងៃនេះការខ្វះខាតផ្នែកឯកសារក៏ដូចជា ធនធានមនុស្ស និងសតិសម្បជញ្ញៈក្នុងការសរសេរឯកសារស្រាវជ្រាវដែលមានអត្ថប្រយោជន៍ និងមានលក្ខណៈវិទ្យាសាស្ត្រអន្តរជាតិដោយអ្នកនិពន្ធខ្មែរមួយចំនួន នៅតែមាននៅឡើយ។ ដូចនេះហើយពួកគេមិនអាចឈានទៅរកសច្ចភាព ឬផ្តល់យុត្តិធម៌ជូនវិស័យវប្បធម៌ និងប្រជាជនខ្មែរ នៅឡើយក្នុងខណៈដែលមានការបំភ្លៃ ឬបំភ័ន្តប្រវត្តិសាស្ត្រជាតិរបស់ខ្លួន។ ក្នុងន័យនេះហើយ ដែលគេត្រូវតែបំពេញកង្វះ ខាតដោយបំប៉ននូវចំណេះដឹងទូទៅឱ្យបានធំទូលំទូលាយឱ្យបានច្រើនជាអតិបរមាដែលជាត្រីវិស័យចម្បងដើម្បី អភិវឌ្ឍការចេះដឹងសកលមួយប្រកបដោយសុភវិនិច្ឆ័យដែលអ្នកប្រាជ្ញអាចទទូលស្គាល់ជាផ្លូវការបាន។ សរុបសេចក្តីមក គ្រប់ការនិយាយអំពីវប្បធម៌ខ្មែ រគេត្រូវផ្តោតការយកចិត្តទុកដាក់លើទស្សនៈជាមូលដ្ឋានខាងលើនេះជាមុនសិន។ បើពុំដូច្នេះទេ គេនឹងមិនអាច នឹងឈោងទៅចាប់នូវគំនិតឧបសំយោគមួយដែលជាខ្លឹមសារស៊ីជម្រៅពិតរបស់ព្រលឹងជាតិយើងបានជាដាច់ខាត៕(ត្រាណេ)
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here