ប្រវត្តិ​ដើម​នៃ​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស​កម្ពុជា

0
304

ខេត្ត​បាត់ដំបង ជា​ខេត្ត​មួយ​ល្បីល្បាញ យូ​លង់​មកហើយ  ដែល​មក​ទល់​បច្ចុប្បន្ន​នេះ គេ​ចាត់ទុកជា ខេត្ត​ជម្រុ​កស្រូវដ៏​ធំ​មួយ របស់​ប្រទេស​កម្ពុជា ។​តែ​ប្រវត្តិ​ពិត​នៃ​ខេត្ត​នេះ​មិន​មាន​ឯកសារ រឺ​សិលា​ចរិក ណា​បាន បញ្ជាក់ អោយបាន​ច្បាស់​នៅឡើយ គឺមាន​តែ​និយាយ​តៗ​គ្នា តាមរយះ រឿងព្រេង​និទាន នេះ​បើ​តាម​ព្រឹទ្ធាចារ្យ​មួយចំនួន​។​

Related image
រូបសំណាក់អ្នកតាដំបងក្រញូង

​រឿងព្រេង​និទាន​ដែល​សរសេរ​ដោយ​ព្រះសង្ឃ​មួយ​អង្គ ហើយ​ត្រូវបាន​ចងក្រង ទុក ត្រូវបាន ព្រឹទ្ធាចារ្យ នានា​បាន​យក​រឿង​នោះ​មក​ដំណាល​តៗ​គ្នា ដោយ បានចាត់ទុក​លោកតា ដំបង​ក្រញូង ជា​និម្មិត​រូប​អោយ​ខេត្ត​បាត់ដំបង ។​

​លោកតា ផូ សុង​ហេង អាយុ ៧០ ឆ្នាំ ជា​វិចិត្រករ កសាង​រូបសំណាក់​លោកតា​ដំបង​ក្រញូង បានដំណាល​តាមរយះ​រឿងព្រេង​ដែល​ចងក្រង​ដោយ​ព្រះសង្ឃ​មួយអង្គ​ថា កាលដើមឡើយ​លោកតា​ដំបងគ្រញូង​ជា​រាស្ត្រសាមញ​ម្នាក់ ប្រកប​របរ​ចូល​ព្រៃ​កាប់​ផ្តៅ ធ្វើ​តុទូ​។​ ថ្ងៃមួយ​នាយ​ក្រញូង បានទៅរកកាប់​ផ្តៅ​ជាមួយ​អ្នកភូមិ​ជាមួយគ្នា ពេល​ដល់​ក្នុង​ព្រៃ​នាយ​មិនបាន​ចូល ទៅ​កាប់​ផ្តៅ​នោះទេ ដោយ​គេ​ទុកអោយ​គាត់​ជា​អ្នក​ដាំបាយ នៅពេល​បាយ​ស្ងួត​ទឹក មិនមាន​អ្វី​ជ្រោយគាត់​បាន​ឃើញដើមក្រញូង​មួយ​ដើម ក៏​កាប់​យក​មក​ជ្រោយ​បាយ ស្រាប់តែ​បាយក្នុង​ឆ្នាំង​ក្លាយ​ជា​ខ្មៅ ពេលនោះគាត់​ភ័យ​យ៉ាងខ្លាំង ខ្លាច​អ្នកភូមិ​ទៅ​ជាមួយគ្នា​ត្រឡប់មក​ពី​កាប់​ផ្តៅ​វិញ​ស្តីបន្ទោស គាត់​ក៏​ខំប្រឹងទទួលទានបាយ​នោះ​អោយអស់ នឹង​ដាំបាយ​ជាថ្មី ក្រោយពី​គាត់​ទទួលទាន​បាយ​នោះ​អស់ ស្រាប់តែ​គាត់មាន​កម្លាំង​ខុសធម្មតា។ ទើប​គាត់​ដឹង​ថា​ដើមឈើ​ដែល​យក​មក​ជ្រោយ​បាយ នោះ​ពូកែ​សក្តិ​សិទ្ធ ដែល​ជា​ស្តេច​ឈើ​នៅ​ក្នុង​ព្រៃ​ភ្នំ​នោះ​។ គាត់ក៏​បាន​សិតឈើ​នោះធ្វើ​ជា​ដំបង ដែល​មាន​ពណ៌​ខ្មៅរលើ​ប ហើយ​ដំបង​នោះមាន មហិ​ទ្ធ​រិទ្ធ​ខ្លាំងខ្លា​ណាស់ ពេល​ដែល​គាត់គ្រ​វែង សម្លាប់​សត្រូវ ឬចង់​ធ្វើអ្វីមួយ ដំបង​នោះតែងតែត្រឡប់មក​រក​ម្ចាស់​វិញ។ ​ដោយ​ផ្អែក លើ​ការរៀបរាប់​របស់​លោក​តា ផូសុ​ង​ហេង​ ដែល​ដំណាល​តៗ​គ្នា និងឯកសារ​មួយចំនួន​បានចងក្រង​ផ្សព្វផ្សាយ​អោយដឹង ទៀតថា៖​ ដោយ​មាន​មហិ​ទ្ធ​រិទ្ធ​ខ្លាំងក្លាល្បី​រន្ទឺ គ្រប់​ទីកន្លែងពេល​មួយ​នាយ​ក្រញូង មាន​គំនិតចង់​ធ្វើ​ស្តេច គាត់​បាន​វាយ​សម្លាប់​ស្តេច​អាណាចក្រ​កម្ពុជា គឺ​ស្តេច​ចក្រ​ធា​រាជ​។

​ក្រោយពេល​ការ ប៉ុនប៉ង​នោះ​បាន​សំរេច​ហើយ គាត់​ក៏​បាន​សម្លឹង​ទៅ​លើ​មេឃ ឃើញ​មាន​ផ្កាយ​មានពន្លឺ​យ៉ាង​ត្រ​ចះត្រចង់​មួយ ដែល​រះ​អម​ព្រះ​ចន្ទ ក៏​បាន​ឲ្យហោរា​គន់គូរ​ឃើញថា លោកតា​ដំបងគ្រញូង​គ្រប់គ្រងប្រទេស​បាន​ត្រឹមតែ ៧​ឆ្នាំ ៧​ខែ ៧​ថ្ងៃ​ប៉ុណ្ណោះ​នឹង​មាន​អ្នក​មាន​បុណ្យ​ចូល​មក​ជ្រែករាជ្យ​ជាមិនខាន​។​

​ដោយ​ភ័យ​ខ្លាច​អ្នក​មាន​បុណ្យ​ជ្រែករាជ្យ​លោកតា​ដំបង​គ្រញូង ក៏​បាន​បញ្ជា​អោយ​សេនា​ប្រមូលស្រី្ត ដែលមានផ្ទៃពោះ​ទាំងអស់ សម្លាប់​ចោល​ដោយ​ធ្វើ​ពិធី​បូជា​យ៉ាញ់ រហូតដល់​អស់​ស្ត្រី មាន​ផ្ទៃពោះក្នុងភូមិ ។ ដល់​ចុង​ក្រោយ​នៅសល់​អ្នក​ម្នាង​របស់​ព្រះបាទ​ចក្រពត្តិ​ដែល​បាន​សោយរ​ទីវង្គត ដែល​នាងមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ហើយ​នោះ។ លោកតា​ដំបងក្រញូង​ក៏​បញ្ជា​អា​មាត្រ​យកអ្នក​ម្នាង​នោះ​ទៅ​សម្លាប់​ទៀត​តែ​ដោយសារ​ជា​អ្នក​មាន​បុណ្យ បុត្រ​ដែល​ជា​ពូជពង្ស​ស្តេចចក្រពត្តិ នេះ​មិន​បាន​ស្លាប់​នោះ​ទេ​ដោយ ពេល​បូជា​យ៉ាញ់ អ្នក​ម្នាង​នោះ​ក៏​ផ្ទុះ​ពោះខ្ទាត​ចេញបុត្រា​ចេញពី​ភ្លើង។​

​ដោយ​ក្តី​អាណិត​អា​មាត្រ​បាន​លួចលាក់​យក​ព្រះ​រាជ្យ​បុត្រ​អង្គ​នោះ ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​មួយ​។ គួរ​អនិច្ចា​ក្មេង​នោះ​ត្រូវ​ភ្លើងឆេះ​រួញ​ដៃរួញ​ជើង ដើរ​មិន​រួចព្រះសង្ឃ​ក៏​ដាក់ឈ្មោះថា​ចៅ​ព្រហ្ម​កិល ពេល​គេ​មាន​អាយុ ៧​ឆ្នាំ ៧​ខែ ៧​ថ្ងៃ ព្រះបាទដំបង​គ្រញូង បាន​សម្លឹង​ឃើញ​តារា​មួយរះ​មាន​ពន្លឺ​ត្រ​ចេះ​ត្រចង់​ទើប​ឲ្យហោរា​ទាយម្តងទៀត ហោរា​បាន​ទាយ​ថា អ្នក​មាន​បុណ្យ​ជា​បុត្រា​កំពុង​តាម​ជ្រែករាជ្យ​។ តា​ដំបងគ្រញូង ក៏​បាន​បញ្ជា​ឲ្យអា​មាត្រ​ប្រមូល​ក្មេងៗ ដែល​មាន​អាយុ ៧​ឆ្នាំ ៧​ខែ ៧​ថ្ងៃ មក​ធ្វើបុណ្យ​នៅ​ទីលាន​អង្គរ ដើម្បី​សម្លាប់។​ ដោយ​ហោរា​បានទាយ​ថា ពេល​រៀប​ពិធីបុណ្យ និង​មាន​អ្នក​មាន​បុណ្យ ម្នាក់​ជិះ​សេះស មក​សម្លាប់​លោកតា​ដំបង ក្រញូងដណ្តើម​រាជ​ជាមិនខាន​។​

​ដោយ​ដំណឹង​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​បុណ្យ​លឺ​គ្រប់ទិសទី​កាលនោះ​ចៅ ព្រហ្ម​កិល បាន​ធ្វើដំណើរ​ដោយ​រំកិលមក​លេង​នៅក្នុង​បុណ្យ​នោះ​ដែរ តែ​ដោយ​ហត់​ពេក ក៏​បាន​សំរាកនៅ​ពាក់កណ្តាល​ផ្លូវ​ក្រោម​ដើមឈើ​មួយ ពេល​នោះ​ទេវតា​ក៏​បាន​និមិត្ត​ជាតា​ចាស់​ស្លៀកពាក់ស ជិះ​សេះសស្ពាយ​បង្វេច​ពីរ យក​មក​ផ្ញើ​ចៅ​ព្រហ្ម​កិ​ល ហើយ​ក៏​រលាយខ្លួន​បាត់ ដោយ​ចងសេះនិង​ជើង​ចៅ ព្រហ្ម​កិល សេះ​នោះ​ក៏​បាន​អូស​ចៅ​ព្រហ្ម​កិ​ល ធ្វើអោយ​ជើង​ដែល​ក្ងិញក្ងង់​នោះ បានរ​លាត្រង់ ដោយឃើញស័​ក្កិសិទ្ធិ​ដូច្នេះ ចៅ​ព្រហ្ម​កិ​ល ក៏​បាន​យក​ខ្សែ​សេះ​មក​ចង​នៅ​ដៃដៃ​ក៏​រលាត្រង់​ដូច​មនុស្ស​ធម្មតា ហើយ​ក៏​លា​បង្វិច​ឃើញ​សុទ្ធតែ​ម្ហូមអាហា​រសួគ៌ ក៏​ហូប​ឆ្អែត រួច​ក៏​លាប​ង្វិ​ចមួយទៀត ឃើញ​សម្លៀកបំពាក់​សួគ៌ ហើយ​ក៏​យក​មក​ស្លៀកពាក់បន្ទាប់មក​ឡើង​ជិះ​សេះស  សេះ​នោះ​ក៏​ហោះ​សំដៅទៅកន្លែងប្រារព្វ​ពិធី​បុណ្យ ដោយ​ហោះ​ឆ្វែល​ព័ទ្ធសីមា​បី​ជុំ។ ពេលនោះ តា​ដំបងគ្រញូង ក៏​បាន​គ្រវែងដំបង​សក្កិ សិ​ទ្ធគប់​អ្នកមានបុណ្យ តែ​មិន​ដូច​ប្រាថ្នា​ឡើយ ​ដំបង​នោះ​ក៏​បាន​ធ្លាក់​ចូល​ព្រៃ​បាត់ទៅ​។​ ក្រោយមក ចៅព្រហ្ម​កិល ​ក៏​បាន​ធ្វើ ឃាត​លោក​តា​ដំបង​គ្រញូង ហើយ​ឡើង​គ្រងរាជ្យ​ដោយ​ដាក់​ព្រះនាម​ថា ព្រះបាទព្រហ្ម​កិល ឬ​ព្រះបាទ​ពញ្ញាក្រែក ហើយ​ព្រៃ​ដែល​ដំបង​របស់​លោកតា​ដំបងគ្រញូង​បាត់​នោះ ក៏មានប្រជាជន​រស់នៅ​ច្រើន​ទៅៗ ហើយ​បាន​ហៅ​កន្លែង​នោះ​តៗ​គា្ន​ថា ខេត្ត​បាត់ដំបង ។​

​ដោយសារ​មាន​ប្រវត្តិ​ដូច​ច្នេះ​ហើយ នៅ​ឆ្នាំ១៩៩៥ លោកគ្រូ​ថ្លាង​ចន្ទ​សុវណ្ណរិទ្ធ ហៅ​គ្រូ​ក្មេង បានស្នើរ​សុំ​ថ្នាក់ដឹកនាំ​ខេត្ត ចាប់ផ្តើម​សាងសង់​រូប​លោក​តា​ដំបងក្រញូង​ដើម្បី​ជា​និម្មិត​រូប​ខេត្ត​បាត់ដំបង ទុកអោយ​ប្រជាពលរដ្ឋ​គោរពបូជា  ដែល​កសាង​ឡើង​ដោយ​លោកតា ផូ សុង​ហេង ដែល​បច្ចុប្បន្ន នេះ​មាន​វ័យ​៧០​ឆ្នាំ​ទៅ​ហើយ ។​

​លោកតា ផូ សុង​ហេង ជា​វិចិត្រករ ជើង​ចាស់​មួយ​រូប​បានអោយដឹងថា រូបសំណាក់​លោកតា​ដំបង ក្រញូង​ត្រូវបាន​សាងសង់​បី​លើក​ទើប​បាន​សម្រេច។ ដោយ​លើក​ទី​មួយ​ពេល​សាងសង់​រូប​សំ​ណា លោកតា​ដំបងក្រញូង​អង្គុយ ដោយ​ក្បាល​ចង់ខ្សែ​ដូច​អ្នក​ព្រៃភ្នំ ការសាងសង់​ជិត​រួច​រូបសំណាក ក៏​បាន​ដួលរលំតែម្តង​។​ ការដួលរលំ​នេះ វា​អាច​មក​ពី​មិន​បាន​បន់ស្រន់​អ្វី​ត្រឹមត្រូវ​តាម​ប្រពៃណី ឬអាចមកពី​បច្ចេកទេស​។ ក្រោយមក​ក៏​មាន​ការស្នើរ​សុំ​សាងសង់​ជាថ្មី ដោយ​សង់​រូបសំណាក​ឈរ តែ​នៅពេល​សាងសង់​ហើយ ដោយ​មាន​ការរិះគន់​ថា​រូបសំណាក​នេះ​មិន​ដូច​រូប​តាម​រឿងព្រេង  ក៏សម្រេចចិត្ត​វាយ​រូបសំណាក​នោះ​ចោល​វិញ។ រយះពេល​នៃ​វាយ​រូប​សំណាក​នោះ​ចំណាយ ពេល​អស់ប្រាំមួយ​ខែ ហើយ​ត្រូវ​ចំណាយពេល​សាងសង់​ឡើង​វិញ​ប្រាំមួយ​ខែ​ទៀត នៅ​ឆ្នាំ២០០៨ ដោយ​រូបសំណាក​លោកតា​ដំបងក្រញូង​ថ្មី​នោះ លុតជង្គុង ដៃ​កាន់ដំបងពាក់​មង្គត សម្បុរ​ខ្មៅ មុខ​មើលទៅ​មានអំណាច សក្តិសមជា​អ្នក​មាន​មហិ​ទ្ធិ​រិទ្ធ។ ​រូបសំណាក​ថ្មី​នេះ​មុន និង​សាងសង់ មាន​រៀបចំ​ពិធី​សែនព្រេន ភ្លេង​ពិណពាព្យ ទៅ​តាម​ទៅ​ទាម​ទំនាម​ទំលាប់ប្រពៃណី​ខ្មែរ​ពី​បូរាណ​។​

​ក្រោយ​ពី​រូបសំណាក​សាងសង់​រួច​ជា​ស្ថាពរ លោកតា​ដំបងក្រញូង​ចាប់ផ្តើម​ល្បី​សុះសាយ​ជាថ្មី ដោយ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់ទិសទី មក​បន់ស្រន់​សុំ​សេចក្តីសុខ និងសុំ​អោយ​លោកតា​ដំបងក្រញូង​ជួយ​អ្វី​ទៅ​ទាម​ការ​ប៉ងប្រាថ្នា​របស់​គេ រហូត​ដល់​សព្វថ្ងៃ​។

​តាម​ឯកសារ​បាន​អោយដឹងថា ខេត្ត​បាត់ដំបង​ត្រូវបាន​បារាំង​គ្រប់គ្រង​នៅ​ឆ្នាំ​១៩០៧។ ពេលនោះ​រដ្ឋាភិបាល​បារាំង​បាន​រៀបចំ​ប្លង់​អភិវឌ្ឍ​ក្រុង​ដំបូង​ដោយ​រៀបចំ​គម្រូ​ប្លង់​ផ្លូវ​មាន​រាង​ក្រលា​ចក្រ​ត្រង់​ជាមូយ​រចនាសម្ព័ន្ធ​ក្រុង​ប្រព័​ន្ធ​បង្ហូរ​ទឹកស្អុយ និង​ផ្លូវ​សំខាន់ៗ ចំនួន​៣ ស្រប​និង​ស្ទឹង​សង្កែ ​(​ផ្លូវ​លេខ​១ ផ្លូវ​លេខ​២ និង​ផ្លូវ​លេខ​៣)​។ ត្រើយ​ខាងលិច​និង​ខាងកើត​ស្ទឹង​ត្រូវ​ត​ភ្ជាប់​ដោយ​ស្ពាន​ចំនួន​២ (​ស្ពានដែក និង​ស្ពានថ្ម​ក្នុង​ឆ្នាំ​១៩១៧)​។ ផ្ទះ​លក់​ទំនិញ​ជាច្រើន​ត្រូវបាន​សាងសង់​ជា​ល្វែង​ខណ្ឌ ផ្តាច់​ពីគ្នា​ដោយ​ផ្លូវ​កាត់​ទទឹង​និង​ដឿង​ហែមនៅ​ចន្លោះ​ផ្លូវ​សំខាន់ ទាំង​បី​ជា​មួយ ទីធ្លា​សម្រាប់​ប្រកប​របរ និង​ជំនួញ​ខ្នាត​តូច ដែល​ធ្វើឡើង​ដោយ​ខ្មែរ​-​ចិន​។ បារាំង​បាន​ប្រើប្រាស់ កំផែង​សម្រាប់​កិច្ចការ​យោធា​និង​សាងសង់​ពន្ធនាគារ​នៅក្នុង​នោះ និង​មន្ទីរពេទ្យ​ស្ថិត​នៅ​ជាយ​ខាងជើង​ក្រុងក្បែរ​ធនាគារ ឥណ្ឌូចិន​។ ចាប់ពី​ឆ្នាំ​១៩២៦​ផ្លូវ​អភិវឌ្ឍ​ក្រុង​លើក​ទី​ពីរ​គឺ​ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​ពី​ខេត្ត​បាត់ដំបង​ទៅ​រាជធានី​ភ្នំពេញ​។​

​សម័យ​នោះ​បាន​សាងសង់​ផ្សារ​មួយ​នៅ​កណ្តាល​ក្រុង ​ដែល​បច្ចុប្បន្ន​ហៅ​ឈ្មោះ​ថា​ផ្សារណាត់ ដែល​សាងសង់​នៅ​ឆ្នាំ​១៩៣៦​តាម​រចនាបទ​អាត​ដេកូ​ (Art déco) នៅលើ​ទីតាំង​ផ្សារ​លំហ នៅ​ក្បែរ​មាត់​ស្ទឹង​។ ចាប់ពីពេលនោះ​មក​សំណង់​ដ៏​ប្រណិតៗ ជាច្រើន​ត្រូវបាន​សាងសង់​ដូចជា​៖ ភូមិគ្រិះ​និង​សំណង់​សាធារណៈ​សំខាន់ៗ និង​ក្លាយ​ជា​បេតិក​ភ័​ណ្ឌ នៃ​ទីក្រុង​នា​ពេល​សព្វថ្ងៃ​។​

​បច្ចុប្បន្ន​ក្រៅពី​សំណង់​បេតិក​ភ័ណ្ឌ​ដែល​ទាក់ទាញ​ភ្ញៀវទេសចេណ៍​។ ខេត្ត​បាត់ដំបង​កំពុង​បោះ ជំ​ហ៊ាន​ឡើង​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម និង សំណង់​អាគារ​ធំៗ សណ្ឋាគារ ផ្ទះ សំណាក់ អាហា​រដ្ឋា​ន សួនច្បារ ស្ពាន​ឆ្លងកាត់​ស្ទឹង​សង្កែ  ផ្លូវ​កៅស៊ូ​ខ្វាត់ខ្វែង មើលទៅ​គួរអោយ​ទាក់ទាញ នឹង​បាន​បាន​ជាប់​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស​កម្ពុជា៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ចែករំលែក
អត្ថបទ​មុនជីវប្រវត្តិសង្ខេបរបស់ សម្តេចព្រះមហាឃោសនន្ទ
អត្ថបទ​បន្ទាប់ប្រវត្តិនៃទូក​ចម្បាំង​ខ្មែរនា​សម័យអង្គរ​ ដែលបានកត់ត្រាលើប្រាសាទបាយ័ន
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here