ជីវប្រវត្តិ លោកសេនាប្រមុខ លន់ នល់ ដែលជាប្រធានាធិបតីទី១ ដំបូងបង្អស់ និងចុងក្រោយ នៃប្រវត្តិសាស្ត្រ​កម្ពុជា

0
1824

លោក សេវានប្រមុខ លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ២លើក និងជារដ្ឋមន្ត្រីការពារជាតិ។ គាត់បានដឹកនាំរដ្ឋប្រហារយោធាទម្លាក់សម្តេច នរោត្តម សីហនុ និងជាអ្នកបង្កើតរបបសាធារណរដ្ឋខ្មែរ និងជាប្រធានាធិបតីសាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្សទី១ ដែរដែលចេញមុខប្រកាសសង្គ្រាមបណ្តេញយួនខាងជើង និងវៀតកុងចេញពីទឹកដីខ្មែរឲ្យអស់។

Image result for លន់ នល់

លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង នៅក្នុងគ្រួសារខ្មែរ ដើមកំណើតចិន។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន។ គាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូន ១០នាក់ ដែលក្នុងនោះប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្សដែលមានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរ ចាប់តាំងពីការចាត់ចែងធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ និងការបង្កើត របបសាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជាអភិបាលស្រុក នៅខេត្តសៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបានដឹកនាំក្រុមបង្ក្រាបចោរប្លន់នៅខេត្តព្រៃវែង។ លន់ នល់ ទទួលបានការអប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅសាលាយោធា កម្ពុជា។

Image result for លន់ នល់

លន់ នល់ ជាមន្ត្រីស៊ីវិលក្នុងសម័យរដ្ឋាភិបាលអាណានិគមបារាំងនាឆ្នាំ ១៩៣៧ ។ គាត់បានក្លាយជាអ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើខ្លួនឱ្យក្លាយជាអ្នកប្រតិបត្តិការដ៏មានប្រសិទ្ធភាពរបស់បារាំងប្រឆាំងបង្ក្រាបចលាចលជាបន្តបន្ទាប់នៃ ការប្រឆាំងនឹងអាណានិគមបារាំងនាឆ្នាំ១៩៣៩។ លុះដល់ឆ្នាំ ១៩៤៦ គាត់បានក្លាយជាចៅហ្វាយខេត្ត ក្រចេះ។ គាត់បានក្លាយជាសហការីរបស់សម្តេច សីហនុ ហើយនៅក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម រាជាធិបតេយ្យ ជាក្រុមនយោបាយគាំទ្រឯករាជភាពដែលធ្វើឲ្យគាត់ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយប្រទេស កម្ពុជាខ្លាំងឡើងៗ។ គាត់បានចូលបម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់បានដឹកនាំប្រតិបត្តិការកងទ័ពប្រឆាំងវៀតមិញ។

បន្ទាប់ពីប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំងគណបក្សកំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្សស្តាំនិយមតូចៗ ដែលដឹកនាំដោយ សម សារី និង ដាប ឈួន ) បានក្លាយជាគណបក្សស្នូល របស់គណបក្ស សង្គមរាស្ត្រនិយមរបស់ សម្តេចនរោត្តម សីហនុ សម្រាប់ប្រជែងការបោះឆ្នោត ឆ្នាំ១៩៥៥។

Image result for lon nol death

លន់ នល់ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនៅឆ្នាំ ១៩៥៥ និងជាអគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។

នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពី សម្តេចសីហនុ។ ឆ្នាំ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “អព្យាក្រឹតនិយម” ជាអន្តរជាតិក្នុងបំណងបញ្ចៀសប្រទេសរបស់ព្រះអង្គពីការប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។

នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយគាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវបានញុះញង់ដោយពួកកុម្មុយនិស្ត។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួន ដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មានការប្រយុទ្ធប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស ១,០០០ នាក់ ក្លាយជាជនរងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។

Image result for លន់ នល់
លោក លន់ នល់ និង ព្រះអង្គម្ចាស់ សុីសុវត្ថិ សេរីមតៈ

លន់ នល់ បានរងរបួស នៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់បានក្លាយជានាយករដ្ឋមត្រីជាលើកទី២។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុកថាជាមេក្លោងម្នាក់ ក្នុងចំណោមមនុស្សសំខាន់បំផុតទាំង៣រូប ក្នុងការទម្លាក់ សម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែព្រះសីហនុ ជាទីដែលអាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយលួចលាក់សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ពវៀតណាមខាងជើង។

ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុង ហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល ៤៨ ម៉ោង។ ពោល គឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង។

ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថា ព្រះអង្គនឹងយាងត្រឡប់មកកម្ពុជា ក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ។ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។

ដោយសម្អាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀបផ្សេងគ្នាតែប៉ុណ្ណោះ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះទៅវិញ ។

ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ។ ទឹកចិត្តរបស់រាស្ត្រ​ខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះកងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង។ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀត ត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យអង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។

ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត។ សភាបានបន្តការប្រជុំតាមការគ្រោងទុក។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ។ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនាខ្វាត់ខ្វែងតាមដងផ្លូវធំៗពាសពេញទីក្រុង ។

Related image

យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា ៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុងជោកជាំដោយជលនេត្រ ឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូត សម្តេច សីហនុ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភាបានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុពីអំណាច” ។

ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាងខាងលើនេះ មិនសូវទំនងឡើយ គឺយើងយល់ថា ព្រះអង្គម្ចាស់សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ។

Related image

ក្នុងសៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន

គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ។

ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់ លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត្តឱ្យនរណាម្នាក់ប៉ះពាល់ដល់ឋានៈរបស់ សម្តេចសីហនុ

បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទម្លាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយ ហង្ស ធុនហាក់ ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់ លោក លន់ នល់ ថា៖ “ លោកបង ព្រះអង្គម្ចាស់សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។

លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោក លន់ ណុន វិញថា៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្ន !“ ។

តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោក លន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្តចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់ បោកគាត់ (លន់ ណុន) ដែលជាប្អូនតែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។

យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាសបង្កើតរបបសាធារណៈរដ្ឋមួយ នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។ ការប្រកាសបែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាមការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបានគេរាយការណ៍ថ្វាយអំពីសេក្តីប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តីប្រកាសនោះទៅធ្វើនៅថ្ងៃក្រោយ ។

នៅពេលឃើញថា ដំណើរនៃការបង្កើតរបបសាធារណៈរដ្ឋមួយនៅកម្ពុជាត្រូវបានរាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្តប្រទេសកម្ពុជាឱ្យនៅជាប្រទេសរាធិបតេយ្យតទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើបាតុកម្មដ៏ធំមួយឈ្មោះថា “ដំណើរឆ្ពោះទៅរកភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “នៅក្នុងពហុកីឡាដ្ឋានអូឡាំពិកក្រុងភ្នំពេញ។ បាតុកម្មនេះធ្វើឡើងដើម្បីសំណូមពរឱ្យសេនាប្រមុខ លន់ នល់ បង្កើតរបបសាធារណៈរដ្ឋមួយ នៅកម្ពុជា។ បន្ទាប់ពីការជួបជុំគ្នានៃហ្វូងបាតុករនេះទៅ លន់ ណុន បានសន្យាយ៉ាងឱឡារិកថា របបសាធារណរដ្ឋមួយនឹងត្រូវបានបង្កើតឡើង នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និងមនុស្សរបស់ព្រះអង្គនៅតែមិនព្រម ហើយព្រះអង្គម្ចាស់លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើកហេតុផលថា “ពេលវេលាពុំទាន់មកដល់ឡើយ ហើយថាប្រការនេះនឹងធ្វើឱ្យខូចខាតដល់រូបភាពនៃរបបថ្មីនេះ នៅលើឆាកអន្តរជាតិ និងធ្វើឱ្យចុះខ្សោយរបបនេះនៅក្នុងសម័យប្រជុំអង្គការសហប្រជាជាតិឆាប់ៗខាងមុខនេះ”។

វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយនៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថារបបសាធារណរដ្ឋនៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល ២ខែ ខាងមុខ។

ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។ នេះជាលើក ទី១ និងតែម្តងគត់ ដែលរបបសាធារណរដ្ឋបានចាប់កំណើតនៅលើទឹកដីកម្ពុជា។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែស្រួចស្រាលឡើងថែមទៀត។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា។ គាត់មានឋានៈជាអគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយ ព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពី លន់ នល់ ក្នុងរបបនេះ។

តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា។ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើសង្គ្រាមជាមួយវៀតណាមខាងជើង។

Related imageជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មររបស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់ រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់សម្តេចសីហនុឡើយ។ គ្មានករណីពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបប សម្តេចសីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្តគ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិក មិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិ បាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង។

Image result for លន់ នល់

កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួនវាយកម្ទេចខ្សែត្រៀម និងសម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់។

Image result for lon nol death

របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល ៥ឆ្នាំ សោះគឺពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសារ ដែលក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ។ ចំណុចគួរកត់សំគាល់មួយ គឺថាទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃគណៈរដ្ឋមន្ត្រីទាំងនោះដែរ។

ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាច នាំឱ្យអាមេរិកព្រមទទួលយកថា ជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត។ ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយ មកឱ្យរដ្ឋាភិបាលលោក លន់ នល់ ជាបន្តបន្ទាប់។ សម្តេចសីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេសកម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់ លន់ នល់ ប្រសិនបើចាំបាច់។ ប៉ុន្តែបើ លន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការតាមចាប់ខ្លួន ឬតាមចងកម្មឡើយ។ ដោយហេតុនេះ ទើបទីបំផុតសហរដ្ឋអា មេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ។

Image result for lon nol death

Related image

ថ្ងៃទី០១ ខែមេសា ១៩៧៥ លន់ នល់ បានលាលែងពីតំណែង និងនិរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥។ ជីវិតក្នុងឆាកនយោបាយរបស់ លោកសេនា ប្រមុខ លន់ នល់ ក៏ត្រូវបានបញ្ចប់នៅពេលនោះ៕

អត្ថបទដកស្រង់៖ camnews 

កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here