ប្រវត្តិដ៏សែកម្សត់តស៊ូរបស់ម្ចាស់ហាងមាន់បំពងដ៏ល្បីល្បាញពាសពេញពិភពលោក KFC លោក Colonel Harland Sanders ទម្រាំតែជោគជ័យ

0
3031

លោក Colonel Harland Sanders កើត​​​នៅ​ថ្ងៃ​ទី0​​៩​ ខែកញ្ញា ​​ឆ្នាំ​១៨៩០។​​ នៅ​ទីក្រុង Henryville រដ្ឋ Indiana សហរដ្ឋ​អាមេរិក។​ នៅ​​​ពេលមានអាយុ​ ៦ ឆ្នាំ លោក​បាន​បាត់​បង់​ឪពុក​។ ​ម្ដាយ​របស់​លោក​ជា​មេផ្ទះ​ត្រូវ​រ៉ាប់​រង​គ្រប់​សព្វ​បែបយ៉ាង និង​ចេញ​​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ចំណែកលោក Sander ត្រូវ​​មើល​ប្អូន​ៗ រហូត​ដល់​អាយុ​ ៧​ ឆ្នាំ​ គាត់​មាន​ជំនាញ​​ធ្វើ​ម្ហូប​ស្ទើរ​គ្រប់មុខ​។

​អាយុ​បាម ១០​ឆ្នាំ​ គាត់​​ចាប់​​ផ្ដើម​ចេញ​​ពី​ផ្ទះ​​ទៅ​​ជួយ​ធ្វើការ​​ម្ដាយ​​នៅខាងក្រៅ។ មិន​យូរ​ប៉ុន្មាន​ ម្ដាយ​របស់​គាត់​បាន​រៀបការ​ជាមួយ​​បុរស​​ម្នាក់​ទៀត តែ​ Sander ​មិន​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​របស់​គាត់​ជាមួយ​ឪពុក​ចុង​​ល្អក់​កករ​នឹង​គ្នា រហូត​ឈប់​រៀន​​នៅ​ថ្នាក់​ទី​៧ រួច​​ចាក​ចេញ​ពី​ផ្ទះ​តែម្នាក់​ឯង។

នៅ​អាយុ​ ១៤ ​ឆ្នាំ គាត់​​បាន​​ចាប់​យក​ការងារ​ជា​​អ្នក​គូរ​រូប​រទេះ​សេះ បន្ទាប់​មក​ផ្លាស់​ទី​ទៅ​រស់​នៅ​​កន្លែង​ផ្សេង​ក្នុង​រដ្ឋ​ Indiana ​​ធ្វើ​ចម្ការ​រយៈពេល​ ២​ឆ្នាំ​ទៀត​។ នៅ​អាយុ​ ១៦ ​ឆ្នាំ គាត់​បាន​ក្លែង​បន្លំ​​​ថ្ងៃ​ខែ​កំណើត និង​បំពេញ​សំណុំ​បែបបទ​ ទៅ​ធ្វើ​ជា​​អ្នក​បរទេះនៅ​ប្រទេស​គុយបា។​

អាយុ​​​ ១៩​ ឆ្នាំ​ ​គាត់​បាន​ជួប​​នឹង​កញ្ញា​ Josephine ពេល​​ធ្វើ​ការ​ខាង​​ផ្លូវ​ដែក​។ មិន​យូរ​ប៉ុន្មាន ពួកគេទាំងពីនាក់​បាន​រៀបការ​ជាមួយគ្នា រហូត​​បាន​​កូន ​៣នាក់​ ស្រី២ ប្រុស​ ១នាក់។ ជា​សំណាង​​អាក្រក់​ កូន​ប្រុស​​តែ​មួយ​​របស់​គាត់ត្រូវ​​បាន​ស្លាប់​។ ​បន្ទាប់​មក គាត់​រក​បាន​ការងារ​ថ្មី​មួយ​​​ខាង​​ផ្លូវ​ដែក​ដដែល​នៅ​រដ្ឋ​ Illinois តែ​ត្រូវ​បាត់​បង់​ទៅ​វិញ​ដោយ​សារ​មាន​ជម្លោះ​ជា​មួយ​​មិត្ត​រួម​ការងារ ហើយ​ប្រពន្ធ​​ក៏​ចាក​ចេញ​ពី​គាត់​​ទៀត​នៅ​អាយុ​​២០​ឆ្នាំ។ គាត់​សម្រេច​ចិត្ត​​ត្រលប់​ទៅ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយក្មេក​​​​​ជាមួយ​កូន​ស្រី​ទាំង ​២នាក់។

​​ក្រោយ​បាត់​បង់​ការងារ​អស់ ​គាត់​បាន​យក​ជំនាញ​ដែល​ធ្លាប់​រៀន​ច្បាប់​តិច​តួច​​មក​បើក​​​ជា​របរ​​រក​ស៊ី ​តែ​ត្រូវ​​បាត់​បង់​ទៅ​វិញ​ដោយ​សារ​ឈ្លោះ​ជា​មួយ​អតិថិជន។ ​លើក​នេះ​​គាត់​សម្រេច​ទៅ​រស់​​នៅ​ជាមួយ​​​ម្ដាយ​បង្កើត​ ហើយ​ធ្វើ​ការ​​​នៅ​ក្រុមហ៊ុន​​ផ្លូវ​ដែក​​​វិញ​ តែ​ជា​ភ្នាក់ងារ​​ធានារ៉ាប់រង​អាយុជីវិត​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ត្រូវ​គេ​បណ្ដេញ​ចេញ។

​អាយុ ​៣០​ឆ្នាំ គាត់​បែក​គំនិត​​បង្កើត​​ក្រុមហ៊ុន​​ខាង​ជួល​​ទូក សាឡាង ដោយ​ទទួល​បាន​ជោគជ័យ​​ភ្លាមៗ​​ រហូត ​៣ឆ្នាំ​ក្រោយ គាត់​បាន​​លក់​ភាគហ៊ុន​ទាំង​​អស់​​តម្លៃ​ ២២ ០០០ ​ដុល្លារ ហើយ​យក​លុយ​ទាំង​នោះ​​បង្កើត​​​​ក្រុមហ៊ុន​ផលិត​អំពូល​ តែ​ជា​អកុសល​​​ត្រូវ​ខាត​ដើម​ខាត​ចុង​អស់​ទៀត​។​

បន្ទាប់​មក​គាត់​បាន​​​ទៅ​រស់​នៅ​ទីក្រុង​ Winchester រដ្ឋ Kentucky ​ធ្វើ​ការ​ជា​អ្នក​លក់​ តែ​មិន​​បាន​ប៉ុន្មាន​ត្រូវ​បាត់​បង់​ការងារ​នោះ​វិញ។

ក្នុង​ឆ្នាំ​ ១៩៣០ Sander ​ត្រូវ​ក្រុមហ៊ុន​ប្រេង​​ដ៏​ល្បី​ឈ្មោះ Shell ​ផ្ដល់​ជូន​​​​ស្ថានីយ​ប្រេង​​ជួល​មិន​​​មិន​គិត​ថ្លៃ​មួយ​ រួច​គាត់​ចាប់​ផ្ដើម​​​លក់​ម្ហូប​​អាហារ​ដែរ។ បន្តិច​ម្ដង​ៗ ​ប្រជាប្រិយ​ភាព​​របស់​គាត់​​កាន់​តែ​គេ​ស្គាល់​ច្រើន​​ ហើយ​​ស្ថានីយ​​របស់​គាត់​កាន់​តែ​ល្បី​​ស្ទើរ​ទូទាំង​រដ្ឋ​ Kentucky រហូត​​គេ​ហៅ​ថា​ Kentucky Fried Chicken of Harland Sanders។

នៅក្នុង​ឆ្នាំ​ ១៩៤៧ គាត់​​បាន​​លែង​លះ​ជា​មួយ​ប្រពន្ធ​​ដើម​ជា​ផ្លូវ​ការ ហើយ​​ឆ្នាំ​ ១៩៤៩​ គាត់​បាន​រៀប​ការ​ជា​មួយ​អ្នក​​ស្រី​ Claudia។

​ក្នុង​​ឆ្នាំ​ ១៩៥២ ជា​លើក​ទី​​មួយ​ហើយ​ដែល​ ​Sander បាន​លក់​សិទ្ធិ​​ Kentucky Fried Chicken។ ​​ការ​លក់​បែប​​នេះ​​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​ហាង​របស់​គាត់​ ឬ​ហៅ​ថា KFC​ កើន​ឡើង​ខ្លាំង ថែម​ទាំង​​ចំណូល​ក៏​កើន​ខ្លាំង​ដែរ។ ​

ប៉ុន្មាន​ឆ្នាំ​​បន្ទាប់​មក​ ជីវិត​​របស់​គាត់​​បាន​​ជួប​រឿង​អាក្រក់​ម្ដង​ទៀត គឺ​​ការ​លក់​ទាំង​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ រហូត​​បង្ខំ​​គាត់​ឲ្យ​លក់​​ទ្រព្យ​សម្បត្តិ​​របស់​ខ្លួន​ទាំង​អស់​​ដើម្បី​សង​បំណុល។

នៅ​​អាយុ ​៦៥ ​ឆ្នាំ​​ គាត់​ដាច់​លុយ​ខ្លាំង​មែន​ទែន ​និង​ធ្លាក់​ខ្លួន​ធ្វើ​ជា​​សន្តិសុខ​​ត្រួតពិនិត្យ​ជាមួយ​ប្រាក់ខែ ១០៥ ​ដុល្លារ។ ពេល​នេះ​​គាត់​ចាប់​ផ្ដើម​ដេក​​គិត ឈរ​គិត​​គ្រប់​បែប​យ៉ាង​​ពី​ជីវិត និង​សម្រេច​​ចិត្ត​លក់​​រូប​មន្ត​​ធ្វើ​ភ្លៅ​មាន់​​បំពង​ទៅ​ឲ្យ​ភោជនីយដ្ឋាន​ដទៃៗ។ គាត់​បាន​ដើរ​​​លក់​ពេញ​ទីក្រុង​​នៅ​សហរដ្ឋ​អាមេរិក​ ដោយ​នាំ​រូប​មន្ត​​ធ្វើ​មាន់​បំពង​មាន​រសជាតិ​ហឹរ។

​ការ​លក់​រូប​មន្ត​​ឲ្យ​​គេ​ខាង​លើ​ ធ្វើ​ឲ្យ​គាត់​កាន់​តែ​ល្បី​ល្បាញ ​រហូត​រយៈពេល ៤​ឆ្នាំ​​​ក្រោយ​ KFC ទទួល​​ស្គាល់​ភាព​ជោគជ័យ​​ហើយ​ ដោយ​ជួយ​ឲ្យ​គាត់​មាន​ប្រាក់​​ប្រមាណ ៣,៥​ លាន​ដុល្លារ។

​ថ្ងៃ​ទី​​១៦ ខែ​ធ្នូ ​​ឆ្នាំ​១៩៨០ លោក​ Harland Sanders បាន​​ទទួល​អនិច្ចកម្ម​ដោយ​សារ​ជំងឺ​មហារីក​ឈាម​នៅ​អាយុ​ ៩០​​ឆ្នាំ ​ប៉ុន្តែ​​នៅ​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​នេះ​ គាត់​បាន​​បើក​ភោជនីយដ្ឋាន​​ផ្ទាល់​ខ្លួន​​ឈ្មោះ​ថា​ Claudia Sanders Dinner House ជាមួយ​​ភរិយា​​​ផងដែរ​។

មក​ដល់​បច្ចុប្បន្ន​នេះ ហាង​លក់​មាន់​បំពង​ KFC ត្រូវ​បាន​គេ​ទិញ​សិទ្ធិ​​យក​ទៅ​លក់​បន្ត​​តាម​ប្រទេស​ជា​ច្រើន​​ជុំវិញ​ពិភពលោក រួម​ទាំង​​កម្ពុជា​យើង​ផង៕

​តម្លៃ​អប់​រំ៖ មិន​ត្រូវ​បោះ​បង់ ​រក្សា​ឲ្យ​បាន​នូវ​គំនិត​វិជ្ជមាន និង​មាន​មហិច្ឆតា អាច​ជួយ​យើង​ឆ្លង​កាត់​​ពេល​វេលា​​ដ៏​លំបាក​ក្នុង​ជីវិត រួច​ចាប់​ផ្ដើម​​ជីវិត​ម្ដង​ទៀត។ ទោះ​បី​ជា​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត ​យើង​​មិន​​ត្រូវ​អស់សង្ឃឹម​​ឡើយ។

ប្រភព៖ Moral Stories 26 អត្ថបទដកស្រង់៖ Sabay

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here