ប្រវត្តិធនាគារជាតិនៃកម្ពុជា ដែលជាចំណេះដឹងគួរតែឈ្វេងយល់

0
715

បើគ្រាន់តែនិយាយអំពីពាក្យថា «ធនាគារជាតិ» អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ពុំខានទេ ព្រោះថានៅក្នុងប្រទេសកម្ពុជា មានតែធនាគារជាតិប៉ុណ្ណោះ ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិទាំងមូល ប៉ុន្តែមានប្រវត្តិយ៉ាងម៉េចខ្លះ ប្រហែលជាអ្នកទាំងអស់គ្នានៅមិនទាន់ដឹងក៏ថាបានដែរ។ ធនាគារជាតិនៃកម្ពុជា មានប្រវត្តិយូរអង្វែង ដែលអាចបែងចែកជាបួនដំណាក់កាល ដូចខាងក្រោម ៖

– ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤: ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៤ ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង ។ ធនាគារជាតិនៃកម្ពុជាទទួលភារៈផ្តាច់មុខជាអ្នកបោះពុម្ពប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។
– ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩: ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ។ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។
– ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣: ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី ។
– ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន: ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់ ហើយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក ។

 

ឯករាជ្យភាពនិងការបង្កើតឡើងវិញ (១៩៥៤-១៩៦៤)

ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអានិគមនិយមបារាំង និងបន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ។

មុនទទួលបានឯករាជ្យ វិទ្យាស្ថានបោះប្រាក់ដែលទីតាំងនៅប្រទេសកម្ពុជា បានបោះពុម្ព រូបិយវត្ថុរួមគ្នាសម្រាប់បីប្រទេសនៅឥណ្ឌូចិនគឺ ប្រទេសកម្ពុជា ប្រទេសឡាវ និងវៀតណាម។

បន្ទាប់ពីទទួលបានឯករាជ្យ ធនាគារជាតិនៃកម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិ (ប្រាក់រៀល) ដើម្បីបំពេញអធិបតេយ្យភាពក្នុងការរក្សាស្ថិរភាពរូបិយវត្ថុ និងជួយកសាងអត្តសញ្ញាណជាតិ ។ ក្នុងពេលនោះដែរ ប្រព័ន្ធធនាគារក្នុងស្រុកត្រូវបានកសាងឡើងវិញ ដែលមានទាំងធនាគារ រដ្ឋ និងឯកជនធ្វើប្រតិបត្តិការរួមគ្នា ។

ក្នុងសម័យសង្គមរាស្រ្តនិយមនាទសវត្សឆ្នាំ១៩៦០ ក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តមសីហនុ ព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនទូទាំងផ្ទៃប្រទេស ។ នៅឆ្នាំ១៩៦៤ ប្រព័ន្ធធនាគារត្រូវបានធ្វើកំណែទម្រង់ ដើម្បីឲ្យត្រូវតាមតម្រូវការសេដ្ឋកិច្ច និងការអភិវឌ្ឍនាសម័យនោះ ដោយបានប្រែក្លាយធនាគារជាតិនៃកម្ពុជាពីទម្រង់ស្ថាប័នពាក់ កណ្តាលស្វ័យត ទៅជាធនាគាររដ្ឋក្រោមទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្ម ។ ទន្ទឹមនឹងនេះដែរ ធនាគារសាធារណៈ និងឯកជនជាច្រើន ត្រូវបានបិទ ហើយរាជរដ្ឋាភិបាលបានកសាងធនាគារដែលគ្រប់គ្រងដោយរដ្ឋមួយចំនួនដូចជា ធនាគារឥណទានសម្រាប់ការអភិវឌ្ឍន៍ និងធនាគារកសិកម្មជនបទ។

របបខ្មែរក្រហម (១៩៧៥-១៩៧៩)

នាថ្ងៃ១៧ ខែមេសាឆ្នាំ១៩៧៥ នៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) កាន់អំណាច ធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុ ជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមត្រូវបានគេផ្តួលរំលំ ហើយធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស និងត្រូវបានប្តូរឈ្មោះជា “ធនាគារជាតិនៃប្រជាជន កម្ពុជា” ដោយក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ។ ទោះជាយ៉ាងនេះក្តី ការកសាងធនាគារ ជាតិនៃកម្ពុជានិងប្រទេសជាតិបន្ទាប់ពីសង្រ្គាមទើបនឹងបញ្ចប់ភ្លាមនេះ គឺមានការលំបាកយ៉ាង ខ្លាំង ។ ជាមួយនឹងការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីកសាងប្រព័ន្ធធនាគារជាថ្មី ឡើងវិញដោយផ្តើមចេញពីចំនុចសូន្យ ឯកឧត្តម ជា ចាន់តូ ទេសរដ្ឋមន្រ្តីនិងជាអភិបាល ធនាគារជាតិនៃកម្ពុជា និងជាអ្នកផ្តួចផ្តើមម្នាក់ក្នុងចំណោមអ្នកផ្តួចផ្តើមកសាងធនាគារជាតិនៃ កម្ពុជាដទៃទៀត) ព្រមទាំងបុគ្គលិកមួយចំនួនតូច ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម បានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការកសាងធនាគារជាតិនៃកម្ពុជាឡើងវិញ ។

របបខ្មែរក្រហមបានបន្សល់ទុកនូវបញ្ហាប្រឈមជាច្រើន ។ ដោយសារបញ្ញវ័ន្តជាច្រើន រូប ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម និងខ្លះទៀតបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ ពីសង្រ្គាម ចំនួនអ្នកចេះដឹង អ្នកជំនាញ និងអ្នកមានបទពិសោធន៍មានចំនួនតិចតួច ។ អ្នកនៅ រស់រានមានជីវិតនិងមានសមត្ថភាពមួយចំនួន ដែលនៅសេសសល់ក្នុងប្រទេសមានការភ័យ ខ្លាចក្នុងការធ្វើការ ដោយសារពួកគេមានគិតថារបបខ្មែរក្រហមអាចនឹងវិលត្រឡប់មកវិញ។ លើសពីនេះទៀត គឺមានកង្វះយ៉ាងធ្ងន់ធ្ងរនៃធនធានហិរញ្ញវត្ថុ ។

ក្នុងពេលដែលសេដ្ឋកិច្ចនៅទន់ខ្សោយនៅឡើយ ហើយការផ្គត់ផ្គង់សាច់ប្រាក់ស្ទើរតែ មិនមានសោះដោយសារតែគោលនយោបាយរបស់ខ្មែរក្រហម សកម្មភាពសេដ្ឋកិច្ចនៅតែត្រូវ បានធ្វើឡើងជាលក្ខណៈដោះដូរទំនិញនិងទំនិញ ចំណែកប្រាក់ខែមន្ត្រីរាជការស៊ីវិលត្រូវបាន ទូទាត់ដោយប្រើអង្ករ ត្រី ប្រេង ជាដើម ។ រហូតដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ១៩៨០ ធនាគារ នៃប្រជាជនកម្ពុជាបានបោះផ្សាយប្រាក់រៀលឡើងវិញ ដើម្បីសម្រួលដល់ការដោះដូរទំនិញ និងការទូទាត់ប្រាក់បៀរវត្សមន្រ្តីរាជការស៊ីវិល ។ បើទោះបីជាជួបប្រទះបញ្ហាប្រឈមទាំងនេះ ជារៀងរាល់ថ្ងៃខែឆ្នាំក៏ដោយ ក៏មន្រ្តី-បុគ្គលិកធនាគារជាតិនៃកម្ពុជានៅតែបន្តពុះពារឆ្ពោះទៅ មុខជានិច្ច ក្នុងការកសាងធនាគារជាតិឡើងវិញបន្តិចម្តងៗ។

ការកសាងធនាគារជាតិនៃកម្ពុជាឡើងវិញ (១៩៧៩-១៩៩៣)

ក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ ធនាគារនៃប្រជាជនកម្ពុជាមានតួនាទីចម្បងៗបីគឺ ជា អាជ្ញាធររូបិយវត្ថុ ជារតនាគារជាតិ និងជាអ្នកផ្តល់សេវាកម្មធនាគារ ដែលរួមមាន សេវា ឥណទាន សេវាទទួលប្រាក់បញ្ញើ និងសេវាទូទាត់ ។ ចាប់តាំងពីអគារស្នាក់ការធនាគារជាតិ នៃកម្ពុជាត្រូវបានកំទេចដោយខ្មែរក្រហម ស្នាក់ការកណ្តាលបណ្តោះអាសន្នរបស់ធនាគារ ត្រូវបានបើកនៅជាន់លើនៃធនាគារខ្មែរពាណិជ្ជ ។ ធនាគារប្រជាជននៃកម្ពុជា បានបង្កើត រចនាសម្ព័ន្ធដឹកនាំ ក៏ដូចជាសកម្មភាពប្រតិបត្តិការជាច្រើនទៀត និងបានពង្រីកបណ្តាញ សាខារបស់ខ្លួនដល់ ២៤ ខេត្ត-ក្រុងទូទាំងប្រទស ។ ចាប់តាំងពីឆ្នាំ១៩៨៩ មក ប្រព័ន្ធធនាគារ បានធ្វើកំណែទម្រង់បន្តិចម្តងៗ តាមរយៈការផ្លាស់ប្តូរធនាគារខេត្ត-ក្រុងចំនួន២០ ទៅជា ធនាគារឯកទេសខេត្ត-ក្រុង ហើយធ្វើប្រតិបត្តិការជាមួយនឹងស្វ័យភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ច នៅក្នុងដែនដីរបស់ពួកគេ ។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារនៃប្រជាជនកម្ពុជាបាន ត្រួតពិនិត្យលើដំណើរការរបស់ធនាគារពាណិជ្ជទាំងនោះ ។ អគារស្នាក់ការធនាគារជាតិនៃ កម្ពុជាត្រូវបានកសាងឡើងវិញនៅឆ្នាំ ១៩៩០ ។

នៅឆ្នាំ១៩៩១ ធនាគារពាណិជ្ជដំបូងគេ (ធនាគារពាណិជ្ជកម្ពុជា“CCB”) ត្រូវបានបង្កើត ឡើងក្រោមទម្រង់ជាធនាគារវិនិយោគរួមគ្នារបស់រដ្ឋ ដើម្បីទាក់ទាញវិនិយោគិន និងបម្រើឲ្យ សកម្មភាពអាជ្ញាធរអ៊ុនតាក់ប្រចាំនៅកម្ពុជា ។ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលាឆ្នាំ១៩៩១ បានផ្លាស់ប្តូររបបសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី ។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩២ រដ្ឋសភាជាតិបានអនុម័តច្បាប់ស្តីពីការប្តូរឈ្មោះ និងកាតព្វកិច្ចរបស់ធនាគារជាតិនៃកម្ពុជាពី “ ធនាគារនៃប្រជាជនកម្ពុជា” មកជា “ធនាគារ ជាតិនៃកម្ពុជា” វិញ ដែលត្រូវបានប្រកាសឱ្យប្រើដោយក្រុមប្រឹក្សារដ្ឋនាថ្ងៃទី០៨ ខែមិនា ឆ្នាំ១៩៩២។ ធនាគារជាតិនៃកម្ពុជា បានចងក្រងនិងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ ឆ្នាំ២០០១-២០១០ ។ ឯកសារនេះ មានមុខងារជាមូលដ្ឋានគ្រឹះសម្រាប់យុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធធនាគារ និងវិធីសាស្ត្រដែលកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល ។ ក្នុងនាមជា ធនាគារកណ្តាលរបស់ជាតិ ធនាគារជាតិនៃកម្ពុជាធ្វើការកែលម្អអគារស្នាក់ការ នៅឆ្នាំ២០០៣ ដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួន ។

ប្រព័ន្ធធនាគារនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សំគាល់ ចាប់តាំងពីពាក់កណ្តាល ទសវត្សឆ្នាំ១៩៩០ នៅពេលដែលច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃធនាគារជាតិ នៃកម្ពុជា ច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងច្បាប់និងបទប្បញ្ញត្តិនានា ក៏ដូចជាគន្លឹះ នៃការធ្វើកំណែទម្រង់វិស័យធនាគារសំខាន់ផ្សេងទៀតត្រូវបានអនុវត្ត ។

ទំនើបភាវូនីយកម្មប្រព័ន្ធធនាគារ (១៩៩៣-បច្ចុប្បន្ន)

បច្ចុប្បន្ន ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជចំនួន៣៦ ធនាគារឯកទេស ចំនួន១១ តំណាងធនាគារបរទេសចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣៩ (ក្នុងនោះរួម បញ្ចូលទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន០៧) ប្រតិបត្តិករឥណទានជនបទ ចំនួន៣៨ ក្រុមហ៊ុនជួលចំនួន៦ ការិយាល័យឥណទានចំនួន១, ដំណើរការតតីយភាគី ចំនួន៦ និងអាជីវករប្តូរប្រាក់ចំនួន១.៧៧០ ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងបន្តពង្រីក បណ្តាញប្រតិបត្តិការរបស់ខ្លួន តាមរយៈការបើកសាខា និងការិយាល័យតំណាងជាច្រើនកន្លែងក្នុងរាជធានី-ខេត្ត និងតម្លើងម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ (អេធីអឹម) បន្ថែមលើការ ផ្តល់សេវាទូទាត់អេឡិចត្រូនិក ។

ប្រព័ន្ធធនាគារនៅកម្ពុជាមានដំណើរយ៉ាងវែងឆ្ងាយ ពោលគឺចាប់តាំងពីការកសាង មូលដ្ឋានគ្រឹះប្រព័ន្ធធនាគារបន្ទាប់ពីបានទទួលឯករាជ្យ មក ការបំផ្លិចបំផ្លាញនៃប្រព័ន្ធរូបិយវត្ថុ ក្នុងរបបខ្មែរក្រហម បន្ទាប់មក ការទូទាត់ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិលដោយអង្ករនិងត្រី រហូតដល់ការកសាងវិស័យធនាគារនិងហិរញ្ញវត្ថុ ដែលប្រកបដោយការគ្រប់គ្រងយ៉ាងល្អ និង ចាក់ស្រេះ ចាប់តាំងពីបាតដៃទទេ៕ (ធនាគារជាតិនៃកម្ពុជា)

ដោយ៖ មនោ វិជ្ជា
អ្នកនិពន្ធ និងស្រាជ្រាវ
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here