បដិវត្តន៍​ដើម្បីផ្តួលរំលំ​របប​រាជានិយម​នៅ​បារាំង ​ឆ្នាំ១៧៨៩

0
238

នៅ​ឆ្នាំ​១៧៨៩ បារាំង ដែល​ជា​មហាអំណាច​មួយ​នៅ​អឺរ៉ុប ត្រូវ​ប្រឈមមុខ​នឹង​ហេតុការណ៍​ដ៏​ធំមួយ ដែល​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង​និង​អឺរ៉ុប នោះ គឺ​បដិវត្តន៍​របស់​ប្រជាជន ប្រឆាំង​នឹង​របបរាជានិយម។

នៅ​ក្នុង​អំឡុងពេល​នោះ បារាំង​​ស្ថិត​ក្រោមការដឹកនាំ​របស់ ​ព្រះបាទ ល្វីស ទី១៦ (Louis XVI) ដែល​ជា​ព្រះមហាក្សត្រ​គ្រងរាជ្យ ហើយ​កាន់អំណាច តាមបែប​រាជានិយម​ផ្តាច់ការ។ របបរាជានិយម​បារាំង​ពេលនោះ មាន​សភា ដែល​ចែកចេញ​ជា​ ៣ផ្នែក គឺ​សភា​តំណាង​បុព្វជិត​កាតូលិក (le clergé) សភា​តំណាង​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់ (la noblesse) និង​សភា​តំណាង​ប្រជាជន​សាមញ្ញធម្មតា (tiers état) ដែល​នេះ​ជា​ការ​​ឆ្លុះបញ្ចាំង​អំពី​ការ​បែងចែក​វណ្ណៈ​ នៅ​ក្នុង​សង្គម​បារាំង នា​សម័យកាល​នោះ។

នៅ​ចុងសតវត្សរ៍​ទី១៨ ដោយសារ​តែ​ការ​ចំណាយ​យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ នៅ​ក្នុង​សង្រ្គាម​ ដើម្បី​ជួយ​សហរដ្ឋ​អាមេរិក​​​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស​ផង និង​ដោយសារ​តែ​ការ​ចាយវាយ​​ខ្ជះខ្ជាយ​របស់​ព្រះបាទ​ល្វីសទី១៦​ផង បារាំង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ថវិកា​ដ៏​ធ្ងន់ធ្ងរ​ រហូត​ស្ទើរតែ​ត្រូវ​ក្ស័យធន។

នៅ​ចុងឆ្នាំ​១៧៨៦ រដ្ឋាភិបាល​បារាំង​បាន​រៀបចំ​គម្រោង​ធ្វើ​កំណែទម្រង់​ផ្នែក​សារពើពន្ធ ដោយ​ដំឡើង​​ពន្ធ និង​បង្កើត​ពន្ធ​ថ្មីៗ​ ដើម្បី​បង្កើន​ចំណូលរដ្ឋ។ ព្រះបាទ​ល្វីសទី១៦ ​ក៏​បាន​កោះ​ប្រជុំ​​សភា​ទាំង៣ ដើម្បី​អនុម័ត​គម្រោង​ដំឡើង​ពន្ធ​នេះ។

កិច្ចប្រជុំ​ពេញ​អង្គ​នៃ​សភា​ទាំង៣ ដែល​គេ​ហៅ​ថា “Les états-généraux” បាន​បើក​ធ្វើ​ នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៧៨៩ នៅ​ព្រះបរមរាជវាំង​ Versailles ជាយក្រុង​ប៉ារីស។ ក៏ប៉ុន្តែ នៅ​ពេល​​បើក​កិច្ចប្រជុំ បញ្ហា​ដ៏​​ចម្រូងចម្រាស​មួយ​បាន​កើតឡើង រវាង​សភា​ទាំង៣។ សភា​តំណាង​ប្រជាជន​ធម្មតា​បាន​ទាមទារ​ឲ្យ​ធ្វើការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ជាមុន មុននឹង​ឈាន​ទៅ​ធ្វើការ​ប្រជុំ​អនុម័ត​កំណែទម្រង់​ស្នើឡើង​ដោយ​រដ្ឋាភិបាល។

តាម​ទម្លាប់ គិត​មក​ទល់​នឹង​ពេល​នោះ ​សភា​នីមួយៗ​​ត្រូវ​ធ្វើការ​បោះឆ្នោត​ដាច់ៗ​ពីគ្នា​ជាមុន ទើប​ធ្វើ​ការ​អនុម័ត នៅ​ក្នុង​​កិច្ចប្រជុំ​ពេញ​អង្គ (états généraux) ជាក្រោយ។ នៅ​ក្នុង​​កិច្ចប្រជុំ​ពេញ​អង្គ​​នៃ​សភា​ទាំង៣​នេះ សភា​នីមួយៗ​មាន​​មួយសំឡេង​ស្មើៗ​គ្នា ដែល​មានន័យថា សភា​តំណាង​ប្រជាជន​ធម្មតា ដែល​តំណាង​ប្រជាជន​រហូតដល់​ទៅ​ប្រមាណ​ជា ៩៨% នៅ​ទូទាំង​ប្រទេស អាច​​នឹង​ក្លាយ​ជា​សំឡេង​ភាគតិច ប្រសិន​បើ​សភា​ពីរ​ផ្សេងទៀត​រួបរួមគ្នា។

ដោយ​មើល​ឃើញ​ថា របៀប​បោះឆ្នោត​បែបនេះ​មិនឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រាស្រ្ត​ទូទៅ សមាជិក​សភា​តំណាង​ប្រជាជន​​ក៏​បាន​ទាមទារ​ឲ្យ​ធ្វើការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត ពី​ការ​បោះឆ្នោត​តាម​សភា ទៅ​ជា​ការ​បោះឆ្នោត​​​ដោយ​រាប់​តាម​ចំនួន​សមាជិក​វិញ ពោលគឺ សមាជិក​នីមួយៗ​​ត្រូវ​មាន​មួយសំឡេង​ស្មើៗគ្នា។ ក៏ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​សភា​តំណាង​វិហារ​កាតូលិក និង​សភា​តំណាង​អ្នក​មាន​វណ្ណៈ​ខ្ពង់ខ្ពស់។

ភាពចម្រូងចម្រាស​ជុំវិញ​នីតិវិធី​ក្នុងការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ពេញ​អង្គ​នៃ​សភា​ទាំង៣​ត្រូវ​ជាប់គាំង។ ជាងមួយខែ​ក្រោយ​មក នៅថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​១៧៨៩ សភា​តំណាង​ប្រជាជន (tiers état) ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​សមាជិក​មួយចំនួន​នៃ​សភា​ពីរ​ផ្សេងទៀត ក៏​បាន​ប្រកាស​បង្កើត​ជា “រដ្ឋសភា” (Assemblée nationale) ដែល​ជា​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស។

ព្រះមហាក្សត្រ​ល្វីស​ទី១៦ បាន​ព្យាយាម​រារាំង​មិន​ឲ្យ​រដ្ឋសភា​ថ្មី​នេះ​ជួប​ប្រជុំ​គ្នា ដោយ​បាន​បិទ​សាលប្រជុំ​នៅ​ក្នុង​ព្រះបរមរាជវាំង ក៏ប៉ុន្តែ សមាជិក​រដ្ឋសភា​បាន​ទៅ​ជួប​ប្រជុំគ្នា​នៅ​ទីលាន​វាយកូនបាល់។ ព្រះមហាក្សត្រ​បិទ​ទីលាន​វាយកូនបាល់ រដ្ឋសភា​ក៏​នាំគ្នា​ទៅ​ប្រជុំ នៅ​ក្នុង​វិហារ​កាតូលិក។ ព្រះមហាក្សត្រ​ក៏​បាន​ប្រមូលកម្លាំង​ទ័ព ដើម្បី​ត្រៀម​បំបែក​កិច្ចប្រជុំ​របស់​រដ្ឋសភា ក៏ប៉ុន្តែ បាន​ប្តូរ​ព្រះទ័យ​ឈប់ប្រើ​កម្លាំង​ទ័ព​វិញ ក្រោយ​ពី​​​ឃើញ​មាន​សមាជិក​សភា​តំណាង​វិហារ​កាតូលិក​កាន់តែ​ច្រើន​ ចូលរួម​ក្នុង​រដ្ឋសភា​ថ្មីនេះ។

នៅទី​បំផុត ដោយ​មិន​អាច​រារាំងកិច្ចប្រជុំ​របស់​រដ្ឋសភា​ថ្មី​នេះ​បាន ព្រះបាទ​ល្វីសទី១៦ ក៏​បាន​ចេញ​បញ្ជា​ឲ្យ​សភា​តំណាង​វិហារ​កាតូលិក និង​សភា​តំណាង​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់​ចូល​រួម​ប្រជុំ​ក្នុង​​រដ្ឋសភា​ថ្មី ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ នៅថ្ងៃ​ទី៩ ខែ​កក្កដា រដ្ឋសភា​ថ្មីនេះ​ក៏​បាន​ប្រកាស​ខ្លួន​ទៅជា​​​សភា​ធម្មនុញ្ញ ហើយ​ចាប់ផ្តើម​ជជែក​អំពី​ការ​បង្កើត​របបនយោបាយ​ថ្មីមួយ គឺ​របបរាជានិយម​អាស្រ័យរដ្ឋ​ធម្មនុញ្ញ។

ព្រះបាទ​ ល្វីស ទី១៦ (Louis XVI) ព្រះមហាក្សត្រ​នៃ​របបរាជានិយម​បារាំង ដែល​ត្រូវ​ចលនា​បដិវត្តន៍ប្រជាជន​​ផ្តួលរំលំ និង​កាត់ក្បាល​ជាសាធារណៈ

នៅ​ក្នុង​ពេល​ដែល​សភាធម្មនុញ្ញ​កំពុង​តែ​ប្រជុំ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី មានហេតុការណ៍​មួយចំនួន​បាន​កើតឡើង ដែល​ជា​ដើមហេតុ​ជំរុញ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្លាក់​ដុនដាប រហូត​បង្កើត​ទៅ​ជា​ចលនា​បដិវត្តន៍​ប្រជាជន។

ទាហាន​ប្រមាណ​ជា ២ម៉ឺននាក់ ត្រូវ​បាន​ព្រះបាទ​ល្វីសទី១៦​ចល័ត​ចូល​មក​ក្នុង​ក្រុង​ប៉ារីស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បណ្តា​ជន​មាន​ការ​សង្ស័យ​ខ្លាច​ព្រះអង្គ​ប្រើ​កម្លាំង​ទ័ព​បង្រ្កាប​ចលនាប្រឆាំង​នៅ​រដ្ឋសភា។

ម្យ៉ាងទៀត នៅថ្ងៃ​ទី១១ ខែ​កក្កដា ព្រះមហាក្សត្រ​បាន​ដក​តំណែង​រដ្ឋមន្រ្តី​មួយចំនួន ដែល​ព្រះអង្គ​យល់​ថា មាន​គំនិត​គាំទ្រ​​បដិវត្តន៍។ ក្នុងចំណោម​រដ្ឋមន្រ្តី​ដែល​ត្រូវ​ដកតំណែង​នោះ មាន​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ ដែល​ប្រជាជន​បារាំង​ស្រឡាញ់​ចូលចិត្ត។ ដឹង​ពី​ដំណឹង​នេះ បណ្តាជន​នៅ​ក្នុង​ក្រុងប៉ារីស​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​ព្រះបាទ​ល្វីសទី១៦។ ចលនាបដិវត្តន៍​ ដែល​កើតឡើង​នៅ​ក្នុង​រដ្ឋសភា ក៏​បាន​រាលដាល​ទៅជា​ចលនាបដិវត្តន៍​ប្រជាជន។

នៅថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​១៧៨៩ ចលនាបដិវត្តន៍​ប្រជាជន​បាន​នាំគ្នា​វាយលុក​ទៅលើ​គុកមួយ ក្នុងក្រុង​ប៉ារីស គឺ​គុកឈ្មោះ Bastille ដែល​ក្រុម​បដិវត្តន៍​ចាត់ទុកថា​ជា​និមិត្តរូប​នៃ​អំណាច​ផ្តាច់ការ​របស់​ស្តេច។ គុក Bastille ត្រូវ​បាន​ចលនាបដិវត្តន៍​វាយដណ្តើម​យកបាន ហើយ​ថ្ងៃ​ទី១៤ កក្កដា ត្រូវ​បាន​​បារាំង​ចាត់ទុក​ជា​ថ្ងៃ​បុណ្យឯករាជ្យ​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ប្រឈមមុខ​នឹង​ចលនា​បដិវត្តន៍​របស់​ប្រជារាស្រ្ត ព្រះបាទ​ល្វីសទី១៦ ក៏​បាន​សុខចិត្ត​ដកកម្លាំង​ទ័ព​ចេញ​ពី​ប៉ារីស​ ហើយ​​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ដ៏​មាន​ប្រជាប្រិយភាព​ឲ្យ​មក​កាន់តំណែង​វិញ។

នៅថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​១៧៨៩ សភាធម្មនុញ្ញ​បារាំង​បាន​អនុម័ត​សេចក្តីថ្លែងការណ៍ ​ស្តីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ពលរដ្ឋ​ ដែល​មាន​ចែង​ជាអាទិ៍ អំពី​ការ​​មាន​សិទ្ធិ​ស្មើគ្នា​រវាង​ប្រជាពលរដ្ឋ និង​ការ​លុបចោល​នូវ​វណ្ណៈ​សក្តិភូមិ​​ពី​សម័យបុរាណ។

របបរាជានិយម​ផ្តាច់ការ​ត្រូវ​បិទ​បញ្ចប់ ជំនួស​មកវិញ​ដោយ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ព្រះបាទ​ល្វីសទី១៦ នៅតែកាន់អំណាច​នីតិប្រតិបត្តិ ក៏ប៉ុន្តែ អំណាចរបស់​ព្រះអង្គ​ត្រូវកាត់បន្ថយ ដោយ​បង្វែរ​ទៅ​ឲ្យ​រដ្ឋសភា ដែល​ជា​សភា​តែមួយ ​តំណាង​ប្រជាជន​ទូទៅ ហើយ​​លែង​មាន​ការ​បែងចែកទៅតាម​វណ្ណៈ​ដូចពីមុន។

អ្នកខ្លះ​គិតថា​ នេះ​គឺ​ជា​ការ​បិទបញ្ចប់​នៃ​បដិវត្តន៍​ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ វា​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ។ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ របបរាជានិយម​អាស្រ័យធម្មនុញ្ញ​ ដែល​ទើប​នឹង​បង្កើត​ថ្មី​​ត្រូវ​ប្រឈមមុខ​នឹង​អស្ថិរភាព​​ឥតឈប់ឈរ។ ចលនា​បដិវត្តន៍​របស់​ប្រជាជនបារាំង​ក៏​បាន​កើតឡើង​សាជាថ្មី​។ ចលនាបដិវត្តន៍​នេះ​​មាន​សន្ទុះ​កាន់តែ​ខ្លាំង រហូត​ឈាន​ទៅ​​រំលាយ​របបរាជានិយម​ចោល​ទាំងស្រុង។ ​របបសាធារណរដ្ឋបារាំង​ត្រូវ​បាន​បង្កើតឡើង ហើយ​​​ព្រះបាទ​ល្វីសទី១៦ ដែល​ជា​អតីត​ព្រះមហាក្សត្រ​ ត្រូវ​បាន​តុលាការ​បដិវត្តន៍​កាត់ទោស​ប្រហារ​ជីវិត ដោយ​កាត់ក្បាល​ជា​សាធារណៈ៕ (RFI)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here