ឧបករណ៍ភ្លេងបុរាណខ្មែរ “តាខេ” មានប្រវត្តិយូរលង់ និងជះឥទ្ធិពលដល់ប្រទេសជាតិខាងថែមទៀត

0
1988

លោក មីស្ហែល ឫទ្ធី មានប្រសាសន៍ថា អ្នកដេញតាខេនេះ ឈ្មោះ យាយប៉ិន នៅស្រុក(ភូមិ) កំចាយចាន (ឬ កំសៃចារ? ) ខែត្រសុរិន្ទ ឈ្មោះជាផ្លូវការ ថា “กำไสจาน”។ លោកគ្រូ ជ័យមង្គលទំនងជាស្គាល់ ហើយអាចប្រាប់ពត៌មានបន្ថែមទៀតបាន។ នៅជំនាន់នោះ យាយប៉ិន មានឈ្មោះល្បីល្បាញណាស់ នៅខេត្តសុរិន្ទ។ គាត់ធ្លាប់បានទៅលេងតន្ត្រីនេះ នៅចំពោះមុខ ព្រះមហាក្សត្រ ហើយក៏ធ្លាប់បានសម្តែង តាមប៉ុស្តិ៍ទូរទស្សន៍ លេខ៣ និង លេខ៩ នៃប្រទេសថៃដែរ។ គាត់ថាមានខ្មែរក្រោម មកពីស្រុកបារាំង មកបបួលគាត់ទៅសម្តែង នៅស្រុកខ្មែរដែរ តែគាត់ថាមិនហ៊ានទៅទេ ខ្លាចមានគ្រោះថ្នាក់។


លោក មីស្ហែល ឫទ្ធី បានផ្តល់ប្រសាសន៍ ថែមទៀតថា កាលពីសម័យដើម “តៈខេឬតាខេ” មានរូបរាងដូចសត្វក្រពើសុទ្ធ សាធ។ ខ្មែរយើងចូលចិត្ត ឆ្លាក់ក្បាលតាខេជារូបរាងក្រពើហារមាត់មានធ្មេញ និងភ្នែក។ ប៉ុន្តែដល់រយៈកាល ក្រោយៗតមក កាលៈទេសៈ បានបង្ខំអោយកូនខ្មែរ បោះបង់ចោល ការច្នៃប្រឌិត ក្បាច់ចំលាក់រូបភាពផ្សេងៗ នៅលើឧបករណ៍ប្រើប្រាស់ហើយក៏បានធ្វើឧបករណ៍ជាតាខេធម្មតាៗ ដូចយើងបានឃើញសព្វថ្ងៃនេះ។ ពេលនោះលោក មីស្ហែល ឫទ្ធី ពុំបានចាប់អារម្ម ណ៍នឹងគ្រឿងភ្លេងបុរាណប៉ុន្មានទេ ព្រោះលោកទៅស្រុកថៃ ដើម្បីរៀនអានសាស្ត្រាស្លឹករឹតខ្មែរ នៅឈៀងហ្មៃ ហើយចង់ធ្វើការស្រាវជ្រាវអំពី ចម្រៀងបរ៉ឺន (ប្រឺន) របស់ខ្មែរសុរិន្ទ ទើបមិនសូវបានសាកសួរយាយប៉ិនប៉ុន្មានអំពីប្រវត្តិតាខេ។ លោកមានប្រសាសន៍ថា មានខ្មែរសុរិន្ទម្នាក់ បាននាំលោកទៅជួបយាយប៉ិន បាននិយាយគ្នាក្រោមផ្ទះ ៤-១០ នាទី សួរពីចម្រៀងប្រឺន តែយាយប៉ិនប្រាប់ថា នៅក្នុងភូមិរបស់គាត់នោះមិនមាននរណាច្រៀងប្រឺនទេ មានតែកន្ទ្រឹម។ បន្ទាប់មក គេក៏នាំគ្នាឡើងទៅលើផ្ទះ ដើម្បីស្តាប់យាយប៉ិន លេងតេខេ១ ភ្លែត។ នៅមុនពេលចាប់ផ្តើម ដេញតាខេឲ្យញាតិស្តាប់លេង យាយប៉ិនបាន អុជធូប ដោតនៅលើក្បានតាខេនោះជាមុនសិន។
យើងងាកមកយល់អំពីអត្ថន័យពាក្យថា តាខេ” នេះវិញម្តង។ តាខេ មានន័យថា «ក្រពើ» ព្រោះតាមពាក្យសៀមថា จระเข้ (ចរះខេ้) អានថា /ច-រ៉ៈ-ខេ/ ភាសានិយាយថា ตะเข้ (តះខេ้) /តៈ-ខេ/ ។ ឯគ្រឿងភ្លេង ហៅ จะเข้ (ចះខេ้) អានថា /ចៈ-ខេ/ តាមវចនានុក្រមសៀម ចៈខេ ក៏សំដៅទៅលើសត្វក្រពើដែរតែជាពាក្យបុរាណ។ គ្រូភាសាសៀមមួយរូប មានប្រសាសន៍ ថា “តាខេ” ទំនងជាពាក្យ «មន–ខ្មែរ ឬ ពាក្យខ្ចីពី ភាសាមន» ព្រោះជាពាក្យដែលមាន ២ ឬ ៣ ព្យាង្គ តែពាក្យសៀមសុទ្ធសាធ មានតែមួយព្យាង្គ។ ប៉ុន្តែគួរអោយឆ្ងល់ដែរ ព្រោះមនហៅ “ក្រពើ” ថា ကျာံ (ក្យាំ) ម៉ោ្លះហើយ លោកមីសែល ក៏ផ្ញើអ៊ីមែល ទៅសួរ លោក ម៉ាធីយ៉ាស យ៉េន្នី (ជាជនជាតិស្វ៊ិស) ដែលបង្រៀនភាសាមន (ភាសាសៀម និងភូមា ក៏ចេះស្ទាត់ដូចគ្នា) ។
 
លោកបានឆ្លើយតបវិញថា ជនជាតិមន ប្រើពាក្យថា “ក្យាំ” សម្រាប់ហៅទាំងសត្វក្រពើ ហើយគ្រឿងខ្សែតាខេនោះ ក៏មានរូបសណ្ឋាន ដូចជាសត្វក្រពើដែរ។ ដូច្នេះ លោកប្រាប់ថា យើងត្រូវពិនិត្យរកមើលពាក្យ ដែលមានន័យថា “ក្រពើ” ក្នុងអម្បូរភាសាថៃវិញ។ ភាសាលាវ និងភាសាថៃធំ (ថៃយ៉ៃ) ហៅសត្វក្រពើ ថា ແຂ້ (េេខ้) អានថា “ខែ” គឺជាពាក្យមួយព្យាង្គ។ ម្យ៉ាងទៀត ស្រៈក៏ខុសពីពាក្យនេះ ក្នុងភាសាសៀមដែរ។ លោកក៏មានយោបល់បន្ថែមថា សៀមបានផ្លាស់ស្រៈ ដើម្បីតមពាក្យ មិនអោយប្រើពាក្យសាហាវ ព្រោះក្រពើជាសត្វសាហាវ។ ចំណែកព្យាង្គទី១ ពោលគឺ ចៈ ឬ តៈ (តាមគំនិតរបស់លោក ម៉ាធីយ៉ាស យ៉េន្នី វិញ) ចៈ ក្លាយមកពី “ចៅ ឬ ចាវ” មានន័យថា « អម្ចាស់, លោក » (ជាពាក្យគោរព ហៅសត្វធំ និងសាហាវ) ហើយ តៈ អាចក្លាយមកពីពាក្យ « តួ » មានន័យថា «ខ្លួន» ដែលជាលក្ខណនាម សម្រាប់សំដៅទៅលើសត្វធំៗ (សំខ្យានុគ្រោះ ឬ ពាក្យរនាប់ ដូចខ្មែរយើង និយាយថា គោ ១ ក្បាល ជាដើម) ពោលគឺ គេបានយកពាក្យ តួ មកដាក់មុនឈ្មោះសត្វធំៗ ទាំងនោះ រួមទាំងក្រពើផង មានសេចក្តីថា ចៈខេ ឬ តៈខេ គឺជាសមាសនាម។ ឯពាក្យ “ចរៈខេ” តាមមតិរបស់លោក ម៉ាធីយ៉ាស យ៉េន្នី គឺជាឥទ្ធិពលរបស់ភាសាខ្មែរ ព្រោះភាសាខ្មែរសម្បូរពាក្យដែលចាប់ផ្តើមនឹងក្រុមព្យញ្ជនៈ “ច្រ” ៕ (Keo Chanbo)
រូបភាព “តាខេ” ខាងក្រោម​នេះ ថតដោយ លោក មីស្ហែល ឫទ្ធី ថ្ងៃ២កញ្ញា ១៩៩២
សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here