ជំនឿលើមនុស្សគម ឬមនុស្សតឿ នៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកដល់បច្ចុប្បន្ន

0
130

នៅប្រាសាទខ្មែរមួយចំនួន ជាពិសេស ប្រាសាទតាណៃ ដែលត្រូវបានកសាងឡើង ក្នុងរាជ្ជរបស់ ព្រះបាទជ័យវរ្ម័នទី៧ ហើយដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះពុទ្ធសាសនាមហាយាន នោះយើងបានឃើញនូវវត្តមាននៃចម្លាក់តំណាងឲ្យមនុស្សតឿ នៅខាងមុខក្លោងទ្វារចូលកាន់នៃប្រាសាទ។ 

អ្វីដែលគួរឲ្យកត់សម្គាល់នៅទីនោះ គឺថាវត្តមានរបស់ចម្លាក់ “មនុស្សតឿ ឬ មនុស្សគោម” បែបនេះក៏ ត្រូវបានជួបប្រទះនៅក្នុងបរិវេណនៃ “ប្រាសាទកោះកេរ” ដែលជាស្នាព្រះហត្ថរបស់ ព្រះបាទជ័យវរ្ម័នទី៤ ពោល គឺនៅក្នុងសតវត្សរ៍ទី១០ នៃគ្រឹស្ករាជ។
 
ជាទូទៅទេវរូបខាងលើនេះ ស្លៀកសំពត់ចងក្បិនខ្លីមួយនៅចង្កេះស្ថិតក្នុងឥរិយាបថ អង្គុយលុតជង្គង់មួយទាបមួយខ្ពស់។ ថ្វីត្បិតតែដៃទាំងពីរត្រូវបានបាត់បង់ក្តី ក៏ប៉ុន្តែយើងអាចដឹងថាស្ថិតក្នុងឥរិយាបថសំពៈឬអង្វរក។ បើសម្អាងលើទេវកថាវិជ្ជាបែប ព្រាហ្មណ៍និយម យើងអាចដឹងថាចម្លាក់មនុស្សតឿ ខាងលើនេះគឺជាអវតាររបស់ ព្រះវិស្ណុ យ៉ាងប្រាកដ។ គឺក្នុងបរិបថនេះហើយ ទើបមនុស្សគម ត្រូវគេចាត់ទុកជាអច្ឆរិយបុគ្គលគួរជាទីពឹងពាក់សម្រាប់ពុទ្ធសាកនិកជិតឆ្ងាយ ទាំងឡាយក្នុងការស្វែង រកបុណ្យបារមីនៅទេវស្ថាន។ ដោយហេតុថាតាមរយៈការបន់ស្រន់ឬធ្វើអំណោយទានចំពោះ ទេវរូបនេះពួកគេអាចនឹងបង្កើតនូវទឹកចិត្តជ្រៈថ្លាកុសលទាន។  អត្ថបទសិលាចារឹកមិនបាននិយាយដល់សារសំខាន់របស់មនុស្សគោមឡើយ ប៉ុន្តែតាមរយៈការស្រាវជ្រាវយើងអាចឃើញនូវអត្ថន័យស៊ីជម្រៅរបស់ចម្លាក់តំណាងមនុស្សគោមទាំងនោះដែលគេបានជួបនៅតាមទេវស្ថាន និង ពុទ្ធសាសនដ្ឋានខ្មែរ។
 
ជានិច្ចកាលវត្តមានរបស់ចម្លាក់ទាំងនោះរួមបញ្ចូល មនុស្សគោមពិតៗផងដែរ។ នៅតាមក្លោងទ្វារចូលកាន់ សាសស្ថានបង្ហាញនូវការរួមបញ្ចូលគ្នារវាងតម្លៃសីលធម៌ នៃព្រហ្មញ្ញសាសនារួម ចូលជាមួយឧត្តមគតិបែបពុទ្ធនិយមផង។ ចំពោះសាសនិកជនគេច្រើនតែធ្វើអំណោយទៅមនុស្សគោមទាំងនោះ នៅពេលដែលគេទៅបន់ស្រន់ ឬសំពះព្រះម្តងៗ ហើយពួកមនុស្សគម ទាំងនោះអាចនឹងរស់រានមានជីវិតបាន ក៏ដោយសារសប្បុរសធម៌របស់ពួកសាវ័ក ឬឧបាសិការមែងតែធ្វើអំណោយជាម្ហូបអាហារ ឬ អំណោយផ្សេងៗ។
 
កុំភ្លេចថាអំណោយតូចធំទាំងឡាយ សុទ្ធសឹងជាយន្តការចាំបាច់ស្តែងចេញពីករុណាធម៌មេត្តា ឬព្រហ្មវិហារធម៌របស់ពុទ្ធសាសនិកក្នុងសម័យវប្បធម៌បាយ័ន។ ការពន្យល់ន័យដូច្នេះអាចទទួលយកបាន ក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ។ ដោយហេតុថា បើសម្អាងលើការសិក្សាស្រាវជ្រាវរបស់លោក ម៉ា ល្លើ រេ យើងអាចដឹងថាក្នុងវប្បធម៌បុរាណក៏ដូចជា វប្បធម៌នាសម័យទំនើបមួយចំនួនផងដែរ ការនិយមប្រតិបត្តិមនុស្សតឿ ឬ មនុស្សគម ត្រូវបានលើកតម្លៃយ៉ាងខ្ពស់ដោយមូលហេតុសាសនា។ ដូច្នេះហើយបានជាសព្វថ្ងៃនេះ នៅតាមបូនីយដ្ឋាន វត្តមានរបស់ក្រុមមនុស្សគម ឬ តឿ ដែលជាអ្នកសូមទាន នៅតែមានទោះបីជាសង្គមខ្មែរ ត្រូវបានឆ្លងកាត់នូវការកែប្រែទម្រង់យ៉ាងណាក៏ដោយ។ ឆ្លៀតក្នុងឱកាសនេះ សូមរំឭកផងដែរថា រហូតដល់សព្វថ្ងៃតាមរយៈអត្ថបទ អក្សរសាស្ត្រ​​ែខ្មរមួយចំនួនភាពពិការរបស់មនុស្សខ្លះក្នុង ក្រសែភ្នែករបស់អ្នកស្រុកខ្មែរខ្លះមិនត្រូវបានគេចាត់ទុកថាភាពពិការ គឺជាបាតុភូតធម្មជាតិទេ ក៏ប៉ុន្តែជាលទ្ធផលនៃការចាប់ជាតិរបស់ទេពតា ទៅវិញដូចករណីរឿងព្រហ្មកិល ជាដើម ដែលជាភស្តុតាងដ៏ជាក់ស្តែងមួយក្នុងបណ្តាភ័ស្តុតាងផ្សេងៗឯទៀត៕ (ត្រាណេ)
កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។
ចែករំលែក
អត្ថបទ​មុនបដិវត្តន៍​វប្បធម៌​ចិន ​(១៩៦៦-១៩៧៦)
អត្ថបទ​បន្ទាប់ប្រភព និងអត្ថន័យរបស់ពាក្យ “វរ្ម័ន” ដែលព្រះមហាក្សត្រតែងប្រើនៅខាងចុងជាប់រហូតមក
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here