បដិវត្តន៍របស់​រុស្ស៊ី​ ឆ្នាំ​១៩១៧

0
251

បដិវត្តន៍​រុស្ស៊ី នៅ​ឆ្នាំ​១៩១៧ មិនមែន​មាន​តែមួយទេ តែ​មាន​រហូត​ដល់​ទៅពីរ គឺ​បដិវត្តន៍​ខែ​កុម្ភៈ និង​បដិវត្តន៍​ខែ​តុលា។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បដិវត្តន៍​នេះ កើតចេញ​ពី​នយោបាយ​ក្នុងស្រុក​របស់​រុស្ស៊ី​ផង និង​ពី​សង្រ្គាម​លោក​លើកទី១​ផង។

គិត​មក​ត្រឹម​ឆ្នាំ​១៩១៧ រុស្ស៊ី គឺ​ជា​អាណាចក្រ ដែល​មាន​ដែនដី​យ៉ាង​ធំល្វឹងល្វឺយ លាត​សន្ធឹង​ពី​ប៉ូឡូញ រហូត​ទៅដល់​ឆ្នេរ​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​មាន​ប្រជាជន​រហូត​ដល់​ទៅ​ប្រមាណ​ជាង ១៨០លាន​នាក់ ដែល​​មាន​សាសនា ភាសា និង​វប្បធម៌​លាយចម្រុះគ្នា ដែល​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ក្នុងការ​គ្រប់គ្រង។ លើសពីនេះ​ទៅទៀត ប្រជាជន​រុស្ស៊ី​ភាគច្រើន​ គឺ​ជា​កសិករ និង​កម្មករ​​ក្រីក្រ ហើយ​មិន​សប្បាយចិត្ត​នឹង​នយោបាយ​សេដ្ឋកិច្ច ព្រមទាំង​របៀបដឹកនាំ​តាមបែបផ្តាច់ការ​របស់​ស្តេច​ត្សារ៍ នីកូឡា ទី២។

បន្ថែម​ពីលើ​បញ្ហា​ដែល​មាន​ស្រាប់ សង្រ្គាម​លោក​លើកទី១ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយទៀត ដែល​ជំរុញ​ឲ្យ​ចលនា​ប្រឆាំង​នឹង​ស្តេចត្សារ៍​កាន់តែ​មាន​សន្ទុះ​ខ្លាំងឡើង។ សង្រ្គាម​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ធ្លាក់ចុះ​ដុនដាប​កាន់តែ​ខ្លាំង។ យុវជនក្មេងៗ​ ដែល​ពេញ​កម្លាំង​ធ្វើការ​ ត្រូវ​រដ្ឋាភិបាល​កេណ្ឌ​យក​ទៅ​ធ្វើ​ទាហាន ដោយ​ក្នុង​ចំណោម​នោះ មាន​ប្រមាណ​ជា ២លាន​នាក់​ត្រូវ​បាត់បង់​ជីវិត ហើយ​ប្រមាណ​ពី ៣លាន ទៅ៤លាន​នាក់​ត្រូវ​រងរបួស។ ប្រជាជន​រុស្ស៊ី​ភាគច្រើន​បាន​ទម្លាក់​កំហុស​ទៅលើ​ស្តេច​ត្សារ៍​​ថា​ជា​អ្នក​នាំ​រុស្ស៊ី​ឲ្យ​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម​ដ៏​មហន្តរាយ​នេះ។

ចលនា​ប្រឆាំង​នឹង​ស្តេច​ត្សារ៍​ក៏​ចាប់​ផ្តើម​ផ្ទុះឡើង ជាពិសេស គឺ​ការ​ចាប់រីកដុះដាល​​នៃ​ចលនា​កុម្មុយនិស្ត​ នៅ​ក្នុង​ចំណោម​កម្មករ។

នៅ​ដើម​ឆ្នាំ​១៩១៧ កម្មករ​នៅ​តាម​បណ្តា​រោងចក្រ ក្នុង​រាជធានី​ប៉េត្រូហ្ក្រាដ (បច្ចុប្បន្ន គឺ​ទីក្រុង Saint Petersbourg) បាននាំគ្នា​ធ្វើ​កូដកម្ម និង​បាតុកម្ម​ជា​បន្តបន្ទាប់ ហើយ​​នៅ​ថ្ងៃ​ទី៨​មីនា ​ឆ្នាំ​១៩១៧ (បើ​គិតតាម​ប្រតិទិន​រុស្ស៊ី គឺ​ថ្ងៃទី២៣​កុម្ភៈ) ពិធី​ជួបជុំ ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ក៏​បាន​ក្លាយ​ទៅជា​បាតុកម្ម​ប្រឆាំង​នឹង​ស្តេច​ត្សារ៍។

បាតុកម្ម​នេះ​ត្រូវ​ទទួល​រង​នូវការ​បង្រ្កាប​ពី​សំណាក់​ប៉ូលិស ក៏ប៉ុន្តែ ការ​បង្រ្កាប​នេះ​មិនបាន​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​ត្រូវ​ថមថយ​នោះទេ តែ​ផ្ទុយទៅវិញ មានតែ​កើនឡើង​កាន់តែ​ខ្លាំង រហូត​រាលដាល​ទៅជា​ចលនា​បះបោរ​​​កាន់តែ​ធំ ដោយមាន​ការ​ចូលរួម​​ពី​សំណាក់​មហាជន​ពី​គ្រប់​ស្រទាប់ ដែល​ក្នុងនោះ ក៏រួមមាន​ទាំង​គ្រូបង្រៀន និង​សិស្សានុស្សិត​ផងដែរ។

ប្រឈមមុខ​នឹង​ចលនា​បះបោរ​នេះ នៅថ្ងៃ​ទី១១​មីនា ស្តេច​ត្សារ៍​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​​ចេញ​ធ្វើ​ប្រតិបត្តិការ​ជំនួស​ប៉ូលិស ដើម្បី​បង្រ្កាប​​បាតុកម្ម​ប្រឆាំង។ ទាហាន​មួយ​ចំនួន​បាន​នាំគ្នា​ចេញ​បង្រ្កាប​បាតុករ​តាម​បញ្ជា ក៏ប៉ុន្តែ ទាហាន​មួយ​ផ្នែក​ធំ​​​​​មិនស្តាប់​បញ្ជា ហើយ​បាន​នាំគ្នា​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​ក្រុម​បះបោរ។

បាតុកម្ម​ប្រឆាំង​នឹង​ស្តេច​ត្សារ៍ នីកូឡា ទី២ នៅ​ក្នុង​បដិវត្តន៍​រុស្ស៊ី ខែ​កុម្ភៈ ១៩១៧

នៅថ្ងៃ​ទី១២​មីនា កងទ័ព និង​កម្មករ​ក៏​បាន​រួមគ្នា បង្កើត​ឡើងវិញ នូវ​ក្រុមប្រឹក្សា​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សូវៀតប៉េត្រូហ្ក្រាដ” (សូវៀត ជា​ភាសា​រុស្ស៊ី មានន័យថា ក្រុមប្រឹក្សា) ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​បង្ខំ​ចិត្ត​រំលាយ​ខ្លួន​ចោល ហើយ​ជំនួស​មក​វិញ​ដោយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ ដែល​សុខចិត្ត​ចែករំលែក​អំណាច​ជាមួយ​​​សូវៀតប៉េត្រូហ្ក្រាដ ដែល​តំណាង​ឲ្យ​ចលនា​ប្រឆាំង។

៣ថ្ងៃ​ក្រោយ​មក នៅថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ​១៩១៧ ស្តេចត្សារ៍ នីកូឡា​ទី២ បាន​ដាក់រាជ្យ ដែល​នាំ​ទៅ​ដល់​ការ​ដួលរលំ​ជា​ស្ថាពរ នៃ​របបរាជានិយម​រុស្ស៊ី។

នៅ​ក្រោយ​បដិវត្តន៍​ខែ​កុម្ភៈ (តាមពិត​ខែ​មីនា បើ​គិត​តាម​ប្រតិទិន​នៃ​ឆ្នាំ​សកល) អំណាច​នៅ​រុស្ស៊ី​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រួមគ្នា រវាង​រដ្ឋាភិបាល​បណ្តោះអាសន្ន និង​សូវៀតប៉េត្រូហ្ក្រាដ ដែល​នៅពេលនោះ មាន​ទម្រង់​ជា​គណបក្ស​សង្គមនិយម។

ក៏ប៉ុន្តែ ប៉ុន្មានខែ​ក្រោយ​មក នៅ​ខែតុលា ឆ្នាំ​១៩១៧ (គិតតាម​ប្រតិទិន​រុស្ស៊ី) បដិវត្តន៍​ថ្មី​មួយ​ទៀត​ក៏​បាន​កើតមាន​ឡើង គឺ​បដិវត្តន៍​​កុម្មុយនិស្ត​ ដឹកនាំ​ដោយ​លេនីន។

វ៉ា្លឌីមៀរ លេនីន ដែល​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​ស្វ៊ីស បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ក្នុង​ប្រទេស​រុស្ស៊ី​វិញ ប្រមាណ​ជា​មួយខែ​ក្រោយ​បដិវត្តន៍​ខែ​កុម្ភៈ។ នៅ​ពេល​មក​ដល់​រុស្ស៊ី​ភ្លាម លេនីន ចាប់ផ្តើម​ចេញមុខ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បណ្តោះអាសន្ន​ ដែល​កើតចេញ​ពី​បដិវត្តន៍​ខែ​កុម្ភៈ។ លេនីន​បាន​រិះគន់​​​រដ្ឋាភិបាល​បណ្តោះអាសន្ន​នេះ​ថា​ជា​រដ្ឋាភិបាល​​ដែល​បន្ត​ដឹកនាំ​ដោយ​ពួក​វណ្ណៈ​សក្តិភូមិ ហើយ​បាន​ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​​ថ្មី​មួយ ដែល​ដឹកនាំ​ដោយ​ផ្ទាល់ ​ដោយ​កងទ័ព កម្មករ និង​កសិករ។

នៅ​ថ្ងៃ​ទី១០ ខែ​តុលា (តាម​ប្រតិទិន​របស់​រុស្ស៊ី) គណៈមជ្ឈិម​នៃ​បក្ស​កុម្មុយនិស្ត​ ដែល​នៅពេលនោះ​ មាន​ឈ្មោះ​ថា គណបក្ស​បុលឆេវិច (Bolchevique) ដឹកនាំ​ដោយ​លេនីន បាន​សម្រេច​​បង្កើត​ចលនា​តស៊ូ​ប្រដាប់អាវុធ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល។

នៅយប់ថ្ងៃ​ទី២៤ ឈានចូល​ដល់​ថ្ងៃ​ទី២៥​ខែ​តុលា កងកម្លាំង​ប្រដាប់​អាវុធ​​​របស់​ក្រុម​បុលឆេវិច ដឹកនាំ​ដោយ​ឡេអុង ត្រុតស្គី (Léon Trotsky) ​បាន​សម្រុក​ចូល​កាន់កាប់​វិមាន​រដ្ឋាភិបាល នៅ​ក្នុង​ទីក្រុង​ប៉េត្រូហ្ក្រាដ ដោយ​សឹងតែគ្មាន​​ការផ្ទុះអាវុធ​ទាល់តែសោះ​ ដោយសារ​តែ​​ នៅពេលនោះ កងកម្លាំង​រដ្ឋាភិបាល បាន​នាំគ្នា​ដកខ្លួនថយ​​មិនប្រយុទ្ធ។

រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ត្រូវ​ដួលរលំ។ ​​រដ្ឋាភិបាល​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​វ៉្លាឌីមៀរ លេនីន ក៏​បាន​ក្លាយ​ទៅ​ជា​ប្រមុខដឹកនាំ​ប្រទេស​កុម្មុយនិស្ត​​ដំបូងបង្អស់​ នៃ​ប្រវត្តិសាស្រ្ត​របស់​ពិភពលោក។

ព្រឹត្តិការណ៍​ថ្ងៃ​ទី២៥​តុលា ឆ្នាំ​១៩១៧ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​សូវៀត​ចាត់ទុក​ជា​បដិវត្តន៍ (បដិវត្តន៍ខែតុលា) ក៏ប៉ុន្តែ មាន​អ្នកខ្លះ​ទៀត ជាពិសេស អ្នក​ប្រឆាំង​នឹង​ក្រុម​បុលឆេវិច ​ចាត់ទុក​ហេតុការណ៍​នេះ​ថា​​ជា​​ការ​ធ្វើ​រដ្ឋប្រហារ​ ដណ្តើម​អំណាច​ដោយ​ខុសច្បាប់។ ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត​របស់​លេនីន​ក៏​បាន​ចាប់​ផ្ទុះឡើង រហូត​រាលដាល​ទៅ​ជា​សង្រ្គាម​ស៊ីវិល។ សង្រ្គាម​ស៊ីវិល​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជា​ជាង​១លាន​នាក់​ត្រូវ​បាត់បង់​ជីវិត ដោយ​ក្នុងនោះ​មាន​មួយផ្នែក​ជាកងកម្លាំង​ប្រដាប់​អាវុធ​​ដែល​ស្លាប់​ក្នុង​សមរភូមិ និង​មួយ​ផ្នែក​ទៀត​ជា​ប្រជាជន​ធម្មតា ដែល​ត្រូវ​​​ប៉ូលិស​សម្ងាត់​​កុម្មុយនិស្ត​​ចាប់ខ្លួន​យក​មក​ធ្វើ​ទារុណកម្ម​សួរចម្លើយ និង​សម្លាប់​ចោល ដោយ​ចោទថា​​ជា​ “ខ្មាំង”។

នៅ​ឆ្នាំ​១៩២២ សង្រ្គាម​ស៊ីវិល​ត្រូវ​បញ្ចប់។ ក្រុម​បុលឆេវិក​របស់​​លេនីន​ជា​អ្នក​​​ទទួល​ជោគជ័យ ហើយ​សហភាព​សូវៀត​ក៏​ត្រូវ​បាន​បង្កើត​ឡើង៕ (RFI)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here