ប្រវត្តិសាស្ត្រ​​​​ខ្មែរ៖ សម័យបុរេប្រវត្តិកម្ពុជា (ភាគ១)

0
2104

បុរេប្រវត្តិខ្មែរ គឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់កត់ត្រាហេតុការណ៍អ្វីនោះទេ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ​ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ។ នៅភូមិភាគអាស៊ីអាគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូន (Plissement caledonien) និងពំនើងផ្នត់អែរស៊ីន (Plissement hercynien) ដែលធ្វើឲ្យផុសឡើងនៅខ្ពង់រាប និង ជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃនេះ។

Related image

Image result for Prehistory

បន្ទាប់មកក៏បានលិចទៅវិញដោយទឹកសមុទ្រនៅស័កទី៣។ នៅស័កទី៤ ដីក៏ផុសចាប់ពីភូមិភាគហេមព្វាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ទឹកដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ មាត្រ។ ក្នុងស័កទី៤ មានលំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសាជាថ្មីម្ដងទៀត។ នៅចន្លោះពី ៦០០,០០០ ដល់ ៥,០០០ ឆ្នាំមុន គ.ស ទឹក សមុទ្របាននាចថយទៅពី ១៣០ ដល់ ១៨០ មាត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ)។

អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និងប្រជុំកោះទ្វីបឥណ្ឌា (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ ១,៥០០០ ឆ្នាំមុនគ.ស ទឹកសមុទ្រជោរបានកម្ពស់ ១៥ មាត្រ ដែលបណ្ដាលឲ្យទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ។ នៅសតវត្សរ៍ទី៣ មុន គ.ស ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង។ ឯនៅពេលនោះ ទន្លេមេគង្គ បាននាំដីល្បាប់មកចាក់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។ គេអាចដឹងព្រឹត្ដិការណ៍ផ្សេងៗ ក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងរបស់មនុស្ស ប្រដាប់ប្រដាសម្ភារៈ កំទេចសំណល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។

នៅប្រទេសកម្ពុជាយើង មានស្ថានីយ៍បុរេប្រវត្ដិសំខាន់ៗ ដូចជា៖ ស្ថានីយ៍បុរេប្រវត្ដិសំរោងសែន និង អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយ៍បុរេប្រវត្ដិម្លូព្រៃ (ព្រះវិហារ) ស្ថានីយ៍បុរេប្រវត្ដិល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយ៍បុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ ញញួរ ពន្លាកធ្វើពីថ្ម ផ្លែព្រួញ ផ្លែសន្ទូច ច្បូក ផ្លែកណ្ដៀវ ធ្វើពីឆ្អឹងសត្វ ក្អម ឆ្នាំង ចាន ធ្វើពីដីដុត។ ក្រៅពីនេះ គេនៅរកឃើញមានត្រល់សំរាប់ត្បាញសំពត់ជាដើម។ ឧបករណ៍ដែលធ្វើពីលង្ហិនពុំសូវសម្បូរនោះទេ។

Image result for Prehistory
រូបភាពតំណាងនៃសម័យបុរេប្រវត្តិ

Related image

ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយ៍បុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងមកមេ៉្លះ ពោល គឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗ ដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្បាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់ និង នេសាទ។ តែការដាំដំណាំ និងចិញ្ចឹមសត្វ គឺតិចតួចណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ។ គេជឿថា ខ្មោចលង ហើយក៏ជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និងគ្រឿងអលង្ការតែម្តង។

Image result for បុរេប្រវត្តិ​ខ្មែរ

អរិយធម៌ទក្សិណាស៊ី

តាមការសិក្សាស្រាវជ្រាវបុរេប្រវត្តិខ្មែរ គេអាចដឹងថាអរិយធម៌ខ្មែរជាប់ទាក់ទងនឹងអរិយធម៌ទក្សិណាស៊ី។ តើអ្វីទៅដែលជាអរិយធម៌ទក្សិណាស៊ី?

អរិយធម៌ពិសេសនេះមានតាំងពី ចិន និង ឥណ្ឌា មិនទាន់មកដល់ទៅទៀត។ អាស៊ីអាគ្នេយ៍ បានស្គាល់អរិយធម៌នេះរួចទៅហើយ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង ប្រទេស ឥណ្ឌា ហ្គីណេថ្មី និងចិនខាងត្បូង (ចាប់ពីទន្លេឆាងជាំងចុះក្រោម)។ ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេ ក៏គេឲ្យឈ្មោះថា អរិយធម៌ទក្សិណាស៊ី ឬ អាស៊ីខាងត្បូង ឬអរិយធម៌ខ្យល់រដូវ។ ដោយ លោក អេម.ហូកាត និង លោក P.Mus (ភីម៉ុស) ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ។ ដោយគេមិនដឹងថា វាមកពីណាគេក៏បានឲ្យសម្មតិកម្មជាពីរ៖

  • អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយ ឬច្រើនដែលនៅ ឥណ្ឌូ ចិន និង លើកោះ បានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់។
  • ខ្លះទៀតយល់ថាពួកទ្រាវិឌ ឬ អារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូង ឬ ខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះអាំងសូលីន (Insulinde)។

Image result for Prehistory

គោលសំខាន់នៃអរិយធម៌ទក្សិណាស៊ីគឺ៖

សំភារៈ

  • ចេះធ្វើស្រែវស្សា
  • ចេះវិធីបញ្ចូលទឹកក្នុងស្រែ
  • ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះៗ
  • ចេះស្លលោហធាតុ
  • ស្ទាត់ជំនាញខាងនាវាចរណ៍

អរិយធម៌នេះបានផ្សព្វផ្សាយរហូតដល់ កោះម៉ាដាហ្កាស្កា ហើយខ្លះទៀតថា រហូតដល់ប្រជុំកោះជប៉ុនទៀត។ ទំនាក់ទំនងសម្អាងលើប្រដាប់ប្រដាបុរេប្រវត្តិ ភាសា និង របាំប្រពៃណី។ មូលហេតុដែលបានផ្សព្វផ្សាយដូច្នេះ មកពីមានការយល់ដឹងអំពីភាពឆ្លាស់គ្នា នៃខ្យល់រដូវរបស់មនុស្សនៅសម័យបុរេប្រវត្តិបុរាណ។

សូមរង់ចាំអានអត្ថបទបុរេប្រវត្តិកម្ពុជាបន្តទៀត (ភាគ២)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here