ជីវប្រវត្តិអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី តួកុនល្បី​ឈ្មោះ​អំ​ឡុងចុង​ទសវត្សរ៍​ទី​៦០ និង ដើម​សតវត្សរ៍​ទី​៧០

0
269

អ្នកស្រី ទិត្យ វិ​ជ្ជ​រ៉ា​ដា​នី ជា​តារា​ឯកភាព​យន្ត​ដ៏​មានកេរ្តិ៍ឈ្មោះ​ល្បី​នា​អំ​ឡុងចុង​ទសវត្សរ៍​ទី​៦០ និង ដើម​សតវត្សរ៍​ទី​៧០ អ្នកស្រី ​វិ​ជ្ជ​រ៉ា​ដា​នី ធ្វើ​ឲ្យទស្សនិកជន​ដិត​ដក់​ក្នុង​អារម្មណ៍ជា​ខ្លាំង គឺ​លើ​រង្វង់​ភក្ត្រ​ដ៏​ស្រស់​ផូរផង់ រង្វះមាត់​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍ ថ្ពាល់ ខួច​ទាំង​សង​គួរឲ្យ​ស្រឡាញ់។ អំពី​កាយវិការ​សម្តែង​វិញ ​គឺ​រស់​រវើក សមរម្យ ហាក់​គ្មាន​ទើស​ទាស់​កន្លែង​ណាមួយ​ឡើយ។

អ្នកស្រី ទិ​ត្យ វិជ្ជ​រ៉ា​ដានី តារាសម្តែង ទសវត្សរ៍ទី ៦០ និង ៧០ 

ជា​សំណាង​ពី​ធម្មជាតិ ​អ្នកស្រី វិ​ជ្ជ​រ៉ា​ដា​នី មាន​កម្ពស់​ត្រឹមតែ ​១,៥០​ម៉ែត្រ​ ប៉ុណ្ណោះ តែ​រាង​ដ៏​តូច​ទាប​ទ្រនាប់​របស់​អ្នកស្រី​មាន​កម្លាំង​អូសទាញ​យ៉ាង​ចម្លែក ផ្សំ​និង​ទឹកមុខ​ដ៏​មាន​មន្ត​ស្នេហ៍​ទៀត​នោះ អ្នកស្រី​បាន​វាយ​ផ្តាច់​តារា​ឯទៀត​នា​សម័យ លន់ នល់ តែម្តង។​

បើ​និយាយ​ពី វិ​ជ្ជ​រ៉ា​ដា​នី ធ្វើ​ឲ្យយគេ​នឹកឃើញ​ដល់​ខ្សែភាពយន្ត​រឿង “​សព្វ​សិទ្ធិ​”, រឿង “​ចំប៉ា​មាស​”, រឿង “​ទិព្វ​សូ​ដាច​ន្ទ​”, រឿង “​ពេលដែល​ត្រូវ​យំ​”, រឿង “​ត្រពាំងពាយ​” ៘​

រឿង​ដែល​អ្នកស្រី​សម្តែង​មាន​រាប់រយ​រឿងឯណោះ ហើយ​ភាគច្រើន​សុទ្ធតែជា​រឿង​ដែល​ទទួល​ការនិយម​ចូលចិត្ត​ពី​ទស្សនិកជន​យ៉ាងខ្លាំងក្លាទៀត។ អ្នកស្រី​ថត​រឿង​បាន​ច្រើនជាងគេ​ទាំងអស់​ក្នុងចំណោម​តួឯក​កុន​ខ្មែរ​នា​សម័យកាលនោះ។ អ្វីដែល​ធ្វើ​ឱ្យគេ​កាន់តែ​ដិតអារម្មណ៍​ទៅទៀត គឺ​ទេពកោសល្យ​សម្តែង​របស់​អ្នកស្រី ​គឺ​មិន​រីងស្ងួត​ឡើយ ល្បិច​នៃការសម្តែង​ខ្ពស់ ហើយ​មិន​ធ្វើឱ្យ​លំបាក​ដល់​អ្នកដឹកនាំ​ឡើយ។ មិន​ត្រឹមតែ​សម្តែង​ភាពយន្ត​ទេ អ្នកស្រី​នៅ​ច្រៀង​ចម្រៀង​កុន​ដោយ​ខ្លួនឯង​ទៀតផង។​ ​ឯកសារ​នានា បានបញ្ជាក់ថា វិ​ជ្ជ​រ៉ា​ដា​នី កើត​នៅ​ឆ្នាំ​១៩៤៨ នៅ​ទីក្រុង​ភ្នំពេញ។ នាង​ជា​ផ្លែផ្កា​នៃ​សេចក្តីស្នេហា​ដ៏​ប្តូរផ្តាច់​មួយ​របស់លោក សារឹម និង​នាង អុក ស៊ន ។​

លោក​សារឹម ជា​កូនអ្នកមាន​ម្នាក់ ដែល​ពោរពេញ​ដោយ​អនាគត​ភ្លឺស្វាង​ត្រចះត្រចង់។ លោក​ជា​និស្សិត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​ក្រុងភ្នំពេញ ឪពុកម្តាយ​បាន​តម្រូវឱ្យ​លោក​ទៅ​រៀន​បន្ត​នៅ​ប្រទេស​បារាំង។ លោក​បាន​ឃ្លាត​ពី​ភរិយា​ក្រៅច្បាប់ ដោយ​ចិត្ត​អាឡោះអាល័យ​ ហើយ​សន្យាថា​បី​ឆ្នាំក្រោយ​លោក​នឹង​វិលត្រឡប់មកវិញ។ ពីមួយ​ថៃ្ង​ទៅមួយ​ថៃ្ង​ផ្លាស់ប្តូរ​វេន​គ្នា​ជា​លំដាប់ ខែ​ក្លាយជា​ឆ្នាំ​… ។ បី​ឆ្នាំ ​ដែល​បាន​សន្យា​ក៏​កន្លង​ហួស​ទៅ ទោះបីជា​អ្នកស្រី អុក ស៊ន ប្រសូត​នាង វិ​ជ្ជ​រ៉ា​ដា​នី បាន​អាយុ​ ៤-៥​ឆ្នាំ​ហើយ ក៏​នៅតែ​មិនទាន់​ឃើញ​រូបលោក​សារឹម​វិលត្រឡប់​មកវិញ​ទៀត។ អ្នកស្រី​អុក ស៊ន ​ក៏បាន​រៀបការ​ជាមួយ​លោក សាន ទិ​ត ជា​ទាហាន​សង្គមរាស្ត្រនិយម​តាម​ការណែនាំ​របស់​ឪពុកម្តាយ ។

លោក សាន ទិ​ត ជា​បុរស​ពោះម៉ាយ​មានកូន ​២​នាក់។ លោក​ស្រឡាញ់​ថ្នាក់ថ្នម​និង​ថែរ​ថួន​នាង វិ​ជ្ជ​រ៉ា​ដា​នី ដូចជា​កូនបង្កើត​របស់លោក​យ៉ាង​ដូច្នោះ​ដែរ ។​

អ្នកស្រី វិ​ជ្ជ​រ៉ា​ដា​នី មាន​ប្អូន​ពីរ​នាក់​ក្រោយ​ទៀត គឺ​នាង ​វិ​ជ្ជ​រ៉ា​រង្សី និង​ប្អូនប្រុសឈ្មោះ ​អ័​រ​គី​ដេ។ នាង​វិ​ជ្ជ​រ៉ា​រង្សី ហៅ​ស្រី​ពៅ ក៏​ជា​តារា​ថ្មី​ម្នាក់ទៀត​ដែរ តែ​ថត​បាន​ពីរ​-​បី​រឿង​ មិនទាន់បាន​បញ្ចាំង​ផង ស្រុកទេស​ផ្លាស់ប្តូរ​នយោបាយ នាង​ក៏ត្រូវ​ស្លាប់​ក្នុងសម័យ ប៉ុល ពត ទៅ។​

អ្នកស្រី វិ​ជ្ជ​រ៉ា​ដា​នី រៀន​ដល់​ថ្នាក់​ទី​៣ ​ទំនើប​នៅ​វិទ្យាល័យ​យុគន្ធរ ហើយ​មាន​ស្វាមី​នៅ​ឆ្នាំ​១៩៦៧ ក៏​ឈប់រៀន​ទៅ។ ស្វាមី​របស់​អ្នកស្រី​ជា​សាស្ត្រាចារ្យ​នៅ​ខេត្តកំពង់ឆ្នាំង​ឈ្មោះ ប្រាក់ ប៊ុន​ថៃ។​

នៅពេលដែល​អ្នកស្រី ​មាន​ផ្ទៃពោះ​កូន​ដំបូង​បាន​ ៣​ខែ មាន​ចាងហ្វាង​ផលិតកម្ម​មួយ​បានមក​ស្នើឱ្យ​អ្នកស្រី​សាកល្បង​ថតកុន។ ចរិត​របស់​អ្នកស្រី វិ​ជ្ជ​រ៉ា​ដា​នី គត់មត់​ណាស់ អ្នកស្រី​មិនសូវ​និយាយស្តី​ច្រើន មិនចេះ​តុបតែង​ខ្លួន ក្រោយ​មកពី​ថត​ផ្លាស់សំពត់​អាវ​នៅផ្ទះ​ធម្មតា ចូលចិត្ត​និយាយ​លេង​ញ៉ោះ​ជាមួយ​ក្មេងៗ​ឱ្យ​យំ​នោះ គឺ​គាត់​សប្បាយចិត្ត​ណាស់។​

អ្នកស្រី វិ​ជ្ជ​រ៉ា​ដា​នី ជា​មនុស្ស​ចិត្តល្អ មានធម៌​សប្បុរស​សន្តោស​ប្រណី បងប្អូន​ខាង​ម្តាយ​គាត់​មាន​ចំនួន ១២​នាក់ ​គាត់​ប្រមូល​យកមក​ចិញ្ចឹម​ទាំងអស់។ អ្នកស្រី​មិន​ប្រកាន់ខ្លួន មិន​រើស​ម្ហូបចំណី មានអី​ញ៉ាំ​ហ្នឹង ជា​ពិ​សស​អ្នកស្រី​ចូលចិត្ត​ម្ហូប​ខ្មែរ។ បើ​នៅផ្ទះ​ជា​ញឹកញាប់​ គឺត្រូវធ្វើ​ប្រហុក​អន្លក់​ទឹកគ្រឿង​បន្លែ​គ្រប់មុខនោះ គឺត្រូវចិត្ត​គាត់​ហើយ។​

អ្នកស្រី វិ​ជ្ជ​រ៉ា​ដា​នី ជា​មនុស្ស​ស្រឡាញ់​បងប្អូន ចិត្តធន់ តែ​ក៏​ចូលចិត្ត​ធ្វើ​ប្ញ​ក​ម្ញិ​ក​ម្ញ៉​ក់​ឱ្យគេ​ស្រឡាញ់​ដែរ។ គាត់​ចិញ្ចឹម​ម្តាយមីង ម្តាយធំ​មិន​រើសមុខ ពេលព្រឹក​ឡើង​ដឹង​តែបើ​កលុយ​ទៅ​ផ្សារ និង​ចេញទៅ​ថតកុន បើ​មកពី​ថត​អផ្សុក​អ្នកស្រី​លេង​តង​កម្សាន្ត​ក្នុង​គ្រួសារ កម្រ​ចេញ​បង្ហាញខ្លួន​នៅ​ទីសាធារណៈ​ណាស់។ មិន​ត្រឹមតែ​បងប្អូន​នៅក្នុង​គ្រួសារ​ទេ​ដែល​ស្រឡាញ់​អ្នកស្រី សូម្បីតែ​ទស្សនិកជន​កម្ពុជា​ទាំងអស់​សុទ្ធតែ​ស្រឡាញ់ និង​ចូលចិត្ត​រឿង​ដែល​អ្នកស្រី​សម្តែង​ដែរ។​

មូលហេតុ​ដែល​ធ្វើ​ឱ្យគេ​ស្គាល់​អ្នកស្រី គឺ​នៅពេល​អ្នកស្រី​ទៅ​ថតរូប​នៅក្នុង​ហាង​ជាមួយនឹង​ស្វាមី​អ្នកស្រី នៅ​ហាង​ថតរូប​កំពង់ឆ្នាំង។ ហាង​ថតរូប​នោះ​ក៏បាន​សុំ​រូបថត​អ្នកស្រី​ដាក់តាំង​លម្អហាង។ ចាងហ្វាង​កុន​បានឃើញ​ក៏​ចាប់អារម្មណ៍ ហើយក៏​ស៊ើបសួរ​រហូតដល់​បានរកឃើញ​អ្នកស្រី។​

ដើមឡើយ​ ស្វាមី​និង​គ្រួសារ​មិនឱ្យ​អ្នកស្រី​ទៅ​ថតកុន​ឡើយ តែ​ដោយ​លក្ខណៈ​ជាក់ស្តែង នៅពេល​រៀប​មង្គលការ​គេ​ទាំងពីរ គេ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ចំនួន​១០០​តុ។ លុះដល់​ថៃ្ង​នោះ​ជា​សំណាងអាក្រក់ ភ្លៀង​ធ្លាក់​ដូច​គេ​ចាក់ទឹក មង្គលការ​អ្នកស្រី​គ្មាន​ភ្ញៀវ ត្រូវ​ខាត​លិចលង់។ ទន្ទឹមនឹងនោះ​ថៅកែ​កុន​ដឹង​រឿង​ក៏បាន​សន្យាថា ឱ្យតែ​អ្នកស្រី​ព្រមទៅ​ថតកុន​ឱ្យគេ គេ​នឹង​ចេញ​ប្រាក់​សងបំណុល​ពេល​រៀបការ​របស់​អ្នកស្រី។​ ដោយហេតុ​ផល​នោះ ស្វាមី​អ្នកស្រី និង​ឪពុក​ម្តាយក្មេក​ក៏​សុខចិត្ត​យល់​ព្រមឱ្យ​អ្នកស្រី​ទៅ​ថត ដោយ​កំណត់ថា ថត​តែមួយ​រឿង​រួច​បំណុល​ហើយ​ឈប់។​

រឿង​ដំបូង​ដែល​អ្នកស្រី​សម្តែង​គឺ​រឿង “​លោហិត​វាសនា​” ដែលមាន​ជា យុទ្ធ​ថន និង​ណុប ណែម ជា​តួឯក​ប្រុស។ អ្នកស្រី​ចេញ​ថត​ទាំង​ទម្ងន់​កូន​ក្នុង​ពោះ ​៣​ខែ ផងដែរ។​

ការថតរឿង មិនមែន​ចប់​មួយ​រឿង​ឈប់​ថត​ឯណា ពេល​ថត​ចប់​មួយ​រឿង​អ្នកស្រី​ត្រូវបាន​ទស្សនិកជន​គាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់ ថៅកែ​ផ្សេងៗ​មក​កុងត្រា​ថត​ជា​បន្តបន្ទាប់។ ឪពុកម្តាយ ក្មេក​អ្នកស្រី​ខឹង​ណាស់ ​ដែល​ឃើញ​កូនប្រសារ​ថត​ឈុត​មួយ​ត្រង់​ត្រូវគេ​លើក​ស្បែកជើងកែងចោត​វ៉ៃ​អ្នកស្រី (​តាម​សាច់រឿង​) គាត់​និយាយថា មុខមាត់​ប៉ុណ្ណឹង ប្តី​ជា​សាស្ត្រាចារ្យ​ម្នាក់​នឹង​គេ​ដែរ ចាំបាច់​អី​ទៅធ្វើជា​អ្នក​ឱ្យគេ​វ៉ៃ​នឹង​ស្បែកជើង?

ដោយ​ការមិន​យល់ព្រម​នេះហើយ បាន​កើតជា​ក្តីក្តាំ​លែងលះគ្នា​រវាង​អ្នកស្រី និង លោក​ប្រាក់ ប៊ុន​ថៃ ជា​ស្វាមី។ ពេលនោះ​លោក ប៉ិច សា​លឿន ពាក់​សក្តិ​២​ ខាង​ក្រុម​តន្ត្រី​យោធា​ភិរម្យ​ស្គាល់​អ្នកស្រី​តាមរយៈ​ថតកុន បាន​ជួយ​រត់ការ​អ្នកស្រី​លុប​អេ​តា​ស៊ីវិល។ លុះ​ចប់សព្វគ្រប់​ក៏​ដណ្តឹង​ការ​ជាមួយ​អ្នកស្រី​តែម្តង។ កូនប្រុស ដែល​អ្នកស្រី​មាន​ជាមួយ​ប្តី​មុន​ ឈ្មោះ នី ណូ​រ៉ា​, ឯ​កូន​ជាមួយ​លោក ប៉ិច សា​លឿន ឈ្មោះ​ប៉ិច ដា​នី​ញ៉ែ​ល។ ​យើង​មិនមាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ជំនាន់​ក្រោយ​របស់​អ្នកស្រី​ទេ៕

ប្រភព៖ CEN កែសម្រួល៖ មនោ​ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍន៍ខ្លួន។សូមចុច  Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here