ព្រះ​បាទ​សម្ដេច​មហា​រាជឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ

0
406

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែមេសា នៅរាជអាណាចក្រថៃ មានប្រារព្ធបុណ្យសំខាន់មួយឈ្មោះថា បុណ្យចក្រី (ថៃ៖ วันจักรี) ជាថ្ងៃឈប់រាជការ ដើម្បីរំឭកដល់បឋមអង្គក្សត្រិយ៍នៃរាជវង្សចក្រី គឺ ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១ នោះឯង។

ព្រះបាទសម្ដេច ព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ទ្រង់ប្រសូតនៅថ្ងៃពុធ ៤រោចខែផល្គុន ឆ្នាំរោង អដ្ឋស័ក ព.ស.២២៧៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស.១៧៣៧។ ហើយព្រះអង្គបានប្រាប្តាភិសេកឡើងគ្រងរាជ្យជាបឋមក្សត្រិយ៍នៃក្រុងរតនកោសិន្ទ្រ កាលពីថ្ងៃទី៦ ខែមេសា គ.ស.១៧៨២ ខណៈមានព្រះជន្មបាន៤៦វស្សា ដោយព្រះអង្គបានផ្លាស់រាជធានីពីផ្នែកធនបុរី មកផ្នែកព្រះនគរ (នៃក្រុងបាងកកបច្ចុប្បន្ន) ព្រមទ្រង់បានព្រះរាជានុញ្ញាតឲ្យសាងព្រះបរមរាជវាំងសម្រាប់ទីប្រថាប់។

ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១

ព្រះរាជប្រវត្តិ

ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ មានព្រះនាមដើមថា «ថងដួង» ជាបុត្រទី៤ របស់ព្រះអក្សរសុន្ធរសាស្ត្រ (ថងឌី) ដែលក្រោយមកបានស្ថាបនាឡើងជាសម្ដេចព្រះបឋមបរមមហាជនក។

ព្រះបរមាភិធេយ្យ

នៅគ្រាព្រះអង្គប្រាប្តាភិសេកឡើងជាបឋមក្សត្រិយ៍នៃរាជវង្សចក្រីហើយ ព្រះអង្គមានព្រះនាមចារឹកក្នុងព្រះសុវណ្ណប័ដថា៖

«ព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាធិបតី ស្រីសិន្ទ្របរមមហាចក្រពត្តិរាជាធិបតិន្ទ្រ ធរណិន្ទ្រាធិរាជ រតនកាឝភាឞក្រវង្ស អង្គបរមធិបេឝ ត្រីភូវនេត្រវរនាយក តិលករតនរាជជាតិអាជាវឝៃរ្យ សមុទ័យតរោមន្ត សកលចក្រវាឡាធិបេន្ទ្រ សុរិយេន្ទ្រាធិបតិន្ទ្រ ហរិហរិន្ទ្រាធាតាធិបតី ស្រីវិបូលយគុណអកនិឞដ្ឋ ឫទ្ធិរាមេឝ្វរមហន្ត បរមធម្មិករាជាធិរាជតេជោជ័យព្រហ្មទេពាតិទេពនរបតិន្ទ្រ ភូមិន្ទ្របរមាធិបេឝលោកជេដ្ឋវិសុទ្ធិ រតនមកុដប្រទេឝគតា មហាពុទ្ធាងកូរបរមបពិត្រ»

ដោយមូលហេតុព្រះបរមាភិធេយ្យដែលចារឹកក្នុងព្រះសុវណ្ណប័ដនេះដូចគ្នាទៅនឹងព្រះមហាក្សត្រិ៍៣ ព្រះអង្គរបស់ក្រុងស្រីអយុធ្យា គឺសម្ដេចព្រះរាមាធិបតីទី១ (ព្រះចៅអ៊ូទង), សម្ដេចព្រះរាមាធិបតីទី២ (ព្រះជេដ្ឋា) និងសម្ដេចព្រះរាមាធិបតីទី៣ (សម្ដេចព្រះនារាយណ៍មហារាជ) ដូចនេះព្រះអង្គគឺជា «សម្ដេចព្រះរាមាធិបតីទី៤»។

ក្រោយមកព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ទ្រង់ព្រះរាជានុញ្ញាតឲ្យចេញព្រះនាមព្រះអង្គថា ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក តាមនាមរបស់ព្រះពុទ្ធរូបដែលទ្រង់បានសាងឧទ្ទិសថ្វាយ ហើយព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ បានបន្ថែមព្រះបរមាភិធេយ្យដល់សម្ដេចព្រះបរមអយ្យកាធិរាជថារឹកក្នុងព្រះសុវណ្ណប័ដថា៖

«ព្រះបាទសម្ដេចព្រះបរមោរុរាជមហាចក្រីបរមនាថ នរេស្វរាជវិវឌ្ឍនវង្ស បឋមពង្សាធិរាជរាមាធិបតិន្ទ្រ ស្យាមពិជិតិន្ទ្រវរោត្ដម បរមនាថបពិត្រ ព្រះពុទ្ធយ៉តហ្វាចុឡាលោក»

ក្រោយមកទៀត ព្រះបាទសម្ដេចព្រះមកុដក្លៅចៅយូហួ មានព្រះបរមរាជឱង្ការសង្ខេបព្រះបរមាភិធេយ្យថា «ព្រះបាទសម្ដេចព្រះរាមាធិបតីស្រីសិន្ទ្រមហាចក្រីបរមនាថ ព្រះពុទ្ធយ៉តហ្វាចុឡាលោក» ឬព្រះបាទសម្ដេចព្រះរាមាធិបតីទី១

នៅក្នុងឱកាសស្ថាបនាក្រុងរតនកោសិន្ទ្រគ្រប់ ២០០ឆ្នាំ រដ្ឋាភិបាលថៃនិងប្រជាជនថៃបានព្រមព្រៀងថ្វាយព្រះកិត្តិយសថ្វាយព្រះរាជសមញ្ញា «មហារាជ» បន្តព្រះបរមាភិធេយ្យព្រះនាមព្រះអង្គថា «ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក មហារាជ»

សុវណ្ណគត

ក្រោយពីការឆ្លងសម្ពោធវត្តព្រះស្រីរតនសាស្ដារាម (វត្តព្រះកែវមក៌ត) រួចហើយ ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក ក៏ទ្រង់ព្រះប្រឈួនដោយព្រះរោគជរា និងព្រះអាការទ្រុឌទ្រោមចុះតាមលំដាប់ រហូតដល់ព្រះអង្គចូលសុវណ្ណគតនាថ្ងៃទី៧ ខែកញ្ញា គ.ស.១៨០៩ នាព្រះទីន័ងពៃឝាលទក្សិណរួមព្រះជន្មាយុបាន ៧៣ព្រះវស្សា ស្ដេចគ្រងរាជ្យបាន ២៧ឆ្នាំ៕

ប្រភព៖ sopheak 

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here