ប្រវត្តិសាស្ត្រចិននៃសម័យកាលសាមកុក ដែលមានអាយុកាលជាង ១០០ឆ្នាំ ត្រូវបានបញ្ចប់

0
2867
ក្នុងដំណាក់កាលចាប់ផ្ដើម នគរទាំងបីបានយកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងនគររៀងៗខ្លួន ដោយបានស្ដារស្ថានភាពសង្គមនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនគ្រប់ៗគ្នា។ នគរដែលមានស្នាដៃលេចធ្លោ គឺនគរអ៊ួយ ដែលដឹកនាំដោយ ឆាវឆាវ (Cao Cao) ដែលចាប់ផ្ដើមពីការស្ដារផលិតផលកសិកម្ម ដោយការកេណ្ឌកម្លាំងទាហានដែលប្រចាំតាមតំបន់នីមួយៗ ឲ្យធ្វើកសិកម្មដំាដុះផលិតស្បៀងសម្រាប់ពេលអនាគត។ ការរៀបចំកែប្រែប្រព័ន្ធគ្រប់គ្រង ដែលធ្លាប់ជាចំណុចខ្សោយរបស់រាជវង្សហានខាងកើតត្រូវបានផ្លាស់ប្តូរ។ ពោលគឺ កំណត់អំណាចរបស់ពួកម្ចាស់ដី បោសសម្អាតអំណាចរបស់បណ្ដាមន្ដ្រី និងខ្សែញាតិវង្ស ដើម្បីទាក់ទាញការចូលរួមពីប្រជាជនថ្នាក់កណ្ដាលនិងថ្នាក់ក្រោម មានការបែងចែកមន្ដ្រីគ្រប់គ្រងតំបន់ជា ៩ កម្រិត បើកឱកាសឲ្យមន្ត្រីបម្រើការងារដែលមិនបានកើតក្នុងត្រកូលខ្ពង់ខ្ពស់ឲ្យមានឱកាសចូលមកមានអំណាចផ្នែកនយោបាយ ធ្វើឲ្យកើតស្ថេរភាពផ្នែកនយោបាយ។

សម្តេចអ៊ួយ ឆាវឆាវ (Cao Cao) ត្រូវជាព្រះបិតារបស់ ឆាវភី

ផ្នែកសិល្បៈ និង វិទ្យាសាស្ដ្រ មានការរីកចម្រើនជាខ្លាំង។ ដូចជា “ផ្នែកវិទ្យាសាស្ដ្រ” ចិនបានលេចឡើងបុគ្គលសំខាន់គឺ ហួថួ ឬ ពេទ្យទេវតាហ៊ូតូ ដែលជាអ្នកជំនាញវះកាត់ និងគេនិយាយថាមានការចាប់ផ្ដើមប្រើថ្នាំស្ពឹកក្នុងសម័យនេះដែរ។ ចំពោះសាសនាវិញ ដោយសារលទ្ធិតាវរបស់កងកម្លាំងចោរចងកន្សែងលឿងទទួលបរាជ័យខាងផ្នែកនយោបាយ ទើបធ្លាក់ក្នុងស្ថានភាពទន់ខ្សោយ ខណៈដែលសាសនាព្រះពុទ្ធដែលចូលមកផ្សព្វផ្សាយក្នុងកំឡុងចុងសម័យរាជវង្សហានខាងកើត ក៏ចាប់ផ្ដើមរីកសុះសាយក្នុងក្រុងលួយ៉ាង។

ក្រោយពេលដែលស្តេចអ៊ូយ ព្រះនាម ឆាវភី សោយទីវង្គត យុវក្សត្រឡើងគ្រងរាជ្យបន្តមិនបានយូរប៉ុន្មាន អំណាចកណ្ដាលរបស់នគរអ៊ួយក៏ចាប់ផ្ដើមរង្គោះរង្គើ កើតការប្រយុទ្ធដណ្ដើមអំណាចរវាង ឆាវសួង និង ស៊ឺម៉ាអុី ដែលជាអ្នកសម្រេចរាជការជំនួស។ ឆាវសួង ចាញ់ត្រូវប្រហារជីវិត។ ត្រកូលស៊ឺម៉ា ដែលដឹកនាំដោយស៊ឺម៉ាអុី ជាបិតា ស៊ឺម៉ាស៊ឺ និង ស៊ឺម៉ាចាវ ពីរនាក់បងប្អូន ចូលគ្រប់គ្រងអំណាចបានទាំងស្រុងនាពេលនោះ។ ក្នុងឆ្នាំ គ.ស ២៦៣ នគរអ៊ួយ ក្រោមការដឹកនាំទ័ពរបស់ត្រកូល ស៊ឺម៉ា វាយបង្ក្រាបនគរស៊ូរបស់ លាវបុី។ ក្រោយពេលនោះរយៈពេល ២ឆ្នាំ ស៊ឺម៉ាអៀន បុត្ររបស់ស៊ឺម៉ាចាវ ក៏បង្ខំឲ្យស្តេចនៃនគរអ៊ួយ ដាក់រាជ្យបល្ល័ង្ក និងស្ថាបនារាជវង្សជិនជំនួសមកវិញ។

សុឺម៉ាអុី និង សឺុម៉ាចាវ

នគរស៊ូ ដឹកនាំដោយ លាវបុី បានខុងមិញ (ជូកឺលៀង) ជាទីប្រឹក្សានិងជាសេនាបតីគ្រប់គ្រងនគរ។ ក្នុងកំឡុងពេលមុនក្រោយការស្ថាបនាជានគរស៊ូមិនយូរប៉ុន្មាន លាវបុី ត្រូវបាត់បង់មេទ័ពខ្លាដ៏សំខាន់ ក៏ត្រូវជាបងប្អូនធម៌ស្លាប់រស់ជាមួយគ្នាផងដែរ ពួកគេមានឈ្មោះថា គួនអុី និង ចាងហ្វី ក្នុងពេលខុសគ្នាតិចតួចប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យកម្លាំងធ្លាក់ចុះខ្សោយ គួបផ្សំនឹងការណ៍ដែល លាវបុី មិនស្ដាប់យោបល់របស់ពួកសេនាអាមាត្យ ចង់ធ្វើសង្គ្រាមជាមួយនគរអ៊ូឆាប់ៗ ដើម្បីសងសឹកឲ្យ កួនអុី និង ចាងហ្វី ចុងក្រោយចាញ់សង្គ្រាមយ៉ាងដុនដាបស្ទើរតែបាត់បង់ជីវិតទៀត។ លាវបុី ចាប់ផ្តើមធ្លាក់ខ្លួនឈឺស្លាប់នៅស្រុកយ៉ុងអាន់។ បុត្រារបស់ លាវបុី ឈ្មោះ លាវឆាន ឬហៅថា “អាតៅ” ឡើងគ្រងរាជ្យបន្ដ ដោយមាន ខុងមិញ ជាអ្នកជួយសម្រេចកិច្ចការរាជការ និងគ្រប់គ្រងនគរ។

ស្តេចហាន ព្រះនាម លាវឆាន ឬហៅថា “អាតៅ” និង ខុងមិញ (ជូកឺលៀង)

ខុងមិញ (ជូកឺលៀង) យល់ឃើញថានគរស៊ូ ស្ថិតក្នុងសភាពទន់ខ្សោយ និងលំបាកដោយសារការវាយលុកពីសំណាក់ជុំវិញ ព្រមជាមួយគ្នានោះ តំបន់ភាគខាងត្បូង (បច្ចុប្បន្ន គឺសេឆួននិងយូណានរបស់ចិន) កើតភាពច្រួលច្របល់ ទើបត្រូវចរចារស្ងប់សឹកជាមួយនគរអ៊ូ។ ដល់គ.ស ២៥៥ ខុងមិញ (ជូកឺលៀង) លើកទ័ពចុះទៅខាងត្បូង ធ្វើសឹកយកឈ្នះម៉ឺងហួមេកុលសម្ព័ន្ធក្នុងស្រុក នាំមកនូវសន្ដិភាពមកវិញ។ ក្រោយមក ខុងមិញ (ជូកឺលៀង) បានតែងតាំងជនជាតិដើមក្នុងតំបន់ខ្លះចូលបម្រើរាជការនិងកងទ័ព ថែមទាំងមានការនាំមកជាមួយនូវគោ និង សេះមកប្រើក្នុងជួរកងទ័ពទៀតផង។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងជាមួយក្រុមកុលសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងក៏មានការប្រែប្រួលយ៉ាងច្រើន។ ក្នុងពេលជាមួយគ្នាដែរ ផ្នែកកសិកម្មនិងឧស្សាហកម្មបានទទួលអភិវឌ្ឍន៍យ៉ាងលឿន ស្រុកទេសកាន់តែរឹងមាំ ដើម្បីត្រៀមធ្វើសឹកជាមួយនគរអ៊ួយ រយៈពេលច្រើនឆ្នាំ។  ចុងក្រោយខុងមិញ (ជូកឺលៀង) បានធ្លាក់ខ្លួនឈឺស្លាប់កណ្ដាលទី។ នគរស៊ូ ត្រូវដកថយទ័ពត្រឡប់មកវិញ។ ចាប់ពីពេលនោះមក នគរស៊ូ ត្រូវក្លាយជាអ្នកចាំរងការវាយលុកវិញ (ការពារ)។ ចុងក្រោយក្នុងនៅគ.ស ២៦៣ នគរអ៊ួយ លើកទ័ពចូលមកវាយយកនគរស៊ូបានសម្រច។  បុគ្គលសំខាន់នៅនគរអ៊ូ ពីឆ្វេងទៅស្ដាំ មានដូចជា ស៊ុនចៀន ស៊ុនឆឹ ស៊ុនឈៀន ចូវអុី (ចូវកុងចាង) លូសូ៊ (លូជឺចីង) លូសុីង និង លីមឹង ។ល។

លូសូ៊ និង ចូវអុី
ម្តាយរបស់ ស៊ុនឈៀន ប្អូនស្រី សុីវមុី និង ស៊ុនឈៀន
ស៊ុនចៀន ជាឪពុករបស់ ស៊ុនឆឹ និង ស៊ុនឈៀន
ស៊ុនឈៀន

នគរអ៊ូ កាលដែលកងទ័ពចោរចងកន្សែងលឿងក្រោកឡើងបង្កចលាចល ស៊ុនចៀន ដែលជាមន្ដ្រីមានតួនាទីទៅបង្ក្រាបក្នុងតំបន់ចៀងណាន។  កាលដែលអួនសៀវ និង បក្សពួករួមដៃគ្នាបង្ក្រាបតុងតុ ស៊ុនចៀន ក៏ចូលរួមជាមួយដែរ។ ក្រោយមកពេលស៊ុនចៀនស្លាប់ ស៊ុនឆឹ បុត្រាចូលគ្រប់គ្រងកងទ័ពបន្ដ។ ក្នុងឆ្នាំគ.ស ១៩៤ បានទទួលជំនួយពីមេទ័ព ចូវអុី បន្ថែមកម្លាំងទាហានឲ្យកាន់តែរឹងមាំឡើង ចាប់ផ្ដើមពង្រីកអំណាចចូលចៀងតុងខាងកើតនៃទំនាបទន្លេយ៉ង់សេ (ទន្លេក្រហម)។ ក្រោយមកពេល ឆាវឆាវ គ្រប់គ្រងស្ដេចហានសៀនទី ស៊ុនឆឹ ក៏ងាកមកចូលជាមួយ ឆាវឆាវ និងបានទទួលយសជាអ៊ូហូវ។ ក្រោយពេលស៊ុនឆឹស្លាប់ ស៊ុនឈៀន ជាប្អូនប្រុសចូលបន្ដតំណែង ជាហេតុធ្វើឲ្យ ឆាវឆាវ ថយទៅភាគខាងជើង។ ស៊ុនឈៀន ក៏ចូលគ្រប់គ្រងតំបន់ភាគខាងកើតឆៀងខាងត្បូង កើតជាកម្លាំងនគរបីច្បាំដណ្ដើមអំណាចគ្នាដ៏វែងអន្លាយ។

បញ្ហាដែលនគរអ៊ូ ត្រូវប្រឈម គឺត្រូវចាំប្រឈមនឹងក្រុមកុលសម្ព័ន្ធយេវ ដែលតែងតែបង្កអសន្ដិសុខ និងកម្លាំងសម្ពាធពីកងកម្លាំងនគរអ៊ួយភាគខាងជើង។ ក្នុងគ.ស ២៣៤ ក្រោយយុទ្ធនាការវាយឡោមព័ទ្ធ ធ្វើឲ្យកុលសម្ព័ន្ធយេវដាក់អាវុធព្រមចុះចាញ់។ ក្រោយមក ជនជាតិហាន និងក្រុមកុលសម្ព័ន្ធយេវបានបង្រួបបង្រួមចូលគ្នា។ ចំពោះបញ្ហាកងកម្លាំងនគរអ៊ួយដែលមានសម្ពាធពីខាងជើងវិញ ក៏បានការវាយលុកនិងដកថយឆ្លាស់គ្នាទៅវិញទៅមក។ ក្រោយពេលខុងមិញ (ជូកឺលៀង) ស្លាប់និងនគរអួយ បង្រ្កាបនគរស៊ូបាន នគរអ៊ួយ ក៏បន្ថែមកម្លាំងសម្ពាធមកលើនគរអ៊ូកាន់តែខ្លាំងឡើង តែដោយសារសមត្ថភាពធ្វើសង្គ្រាមផ្លូវទឹករបស់នគរវុយមានកម្រិត ការប្រយុទ្ធបានអូសបន្លាយតទៅទៀតអស់រយៈពេលជាច្រើនឆ្នាំ។

ក្នុងកំឡុងពេល ៥២ ឆ្នាំ នៃការស្ថាបនានគរអ៊ួយ បានមានការរុករានដីថ្មីសម្រាប់ធ្វើកសិកម្ម នយោបាយការគ្រប់គ្រង ក៏មានស្ថេរភាព ដែនដីតំបន់ ចៀងណាន មានការអភិវឌ្ឍន៍ផ្នែកធ្វើនាវា និង ការដឹកជញ្ជូនផ្លូវទឹកយ៉ាងខ្លាំង ទន្លេផ្សេងៗបានតភ្ជាប់គ្នារហូតក្លាយជាផ្លូវគមនាគមន៍សំខាន់ពីដែនដីខាងកើតឆ្ពោះទៅដែនដីខាងត្បូង រហូតមានការធ្វើនាវាចរឡើងទៅជើងដល់ លៀវតុង ខាងត្បូងធ្វើនាវាចរទៅដល់ណាន់ហៃ ឬ តំបន់សមុទ្រខាងត្បូង។ ដល់គ.ស ២៣០ បានមានក្រុមនាវាចរទៅដល់កោះតៃវ៉ាន់ជាលើកដំបូងតាមកំណត់ត្រាប្រវត្ដិសាស្ដ្រ។ ក្រៅពីនេះ រាជទូតពីនគរអ៊ូ បានជិះនាវាចុះទៅខាងត្បូងរហូតដល់ភាគខាងត្បូងនៃវៀតណាម (យួន) និង អាណាចក្រហ្វូណន (ប្រទេសកម្ពុជាសព្វថ្ងៃ) ជាដើម ហើយមានការផ្សព្វផ្សាយព្រះពុទ្ធសាសនាពីឡកយ៉ាងចុះ ទៅដែនដីភាគខាងត្បូង តំណាលគ្នានឹងលទ្ធិសាសនាតាវ។

ស៊ុនឈៀន

ក្រោយពេល ស៊ុនឈៀន ស្លាប់ក្នុងគ.ស ២៥២ នគរអ៊ូ ក៏ចុះខ្សោយ។ ក្នុងខណៈដែលនគរអួ៊យ ដែលដឹកនាំដោយត្រកូល ស៊ឺម៉ា ចេះតែមានការរឹងមាំជាលំដាប់ ក្រោយមកមានការវាយលុកនគរស៊ូ និងបានទទួលជម្នះ នៅក្នុងគ.ស ២៦៣ និងការប្ដូរមកជារាជវង្សជិនក្នុងឆ្នាំគ.ស ២៦៥ រាជវង្សជិននៅវិលវល់ក្នុងការពង្រឹងគ្រឹះរបស់ខ្លួន ជាហេតុធ្វើឲ្យនគរអ៊ូ នៅអាចរក្សាអាទិភាពរបស់ខ្លួនបានមួយរយៈពេលទៀត។ ពេលដល់គ.ស ២៦៩ នគរជិន ទទួលបានអ្នកជំនាញសង្គ្រាមជើងទឹកពីនគរស៊ូ ចាប់ផ្ដើមបង្វឹកកងទ័ពជើងទឹក។ លុះដល់គ.ស ២៧៩ កងទ័ពជិនបានលើកមកវាយភាគខាងជើងទន្លេយ៉ងសេនៃនគរអ៊ូ និងអាចចូលដល់រាជធានីបាន ក្នុងគ.ស ២៨០ នគរអ៊ូ ក៏ដល់ដំណាក់កាលអវសាន្តនៃរាជរង្សនគរអ៊ូ។

នៅក្នុងសម័យសាមកុក ថ្វីបើមានសង្គ្រាមជាប្រចាំ តែសភាពស្រុកទេសមានភាពខុសគ្នាពីភាពច្របូកច្របល់ក្នុងកំឡុងចុងសម័យរាជវង្សហានខាងកើត​ ដោយសារជាសង្គ្រាមដែលប្រជាជននៃនគរនីមួយៗ ប្រាថ្នាចង់បង្រួបង្រួមផែនដីឲ្យមានឯកភាព។ ផ្នែកកម្លាំងយោធា នគរអ៊ួយ ខ្លាំងជាងគេ បន្ទាប់មកគឺ នគរអ៊ូ និងនគរស៊ូ ខ្សោយជាងគេ។ ដូច្នេះភារកិច្ចការបង្រួបបង្រួមប្រទេសចុងក្រោយត្រូវធា្លក់លើនគរអ៊ួយ ឬ ជិន រាប់ចាប់ពីសភាពការច្របូកច្របល់នៅចុងសម័យរាជវង្សហានខាងកើត រហូតដល់ការប្រឈមដាក់គ្នានៃនគរទាំងបីក្នុងសម័យសាមកុក។ នេះជាការវិវត្ដន៍ផ្នែកប្រវត្ដិសាស្ដ្រមួយដំណាក់កាលទៀត តែបើរាប់ជារយៈពេលជាអាយុឃើញថា នគរអ៊ូ មានអាយុដល់ទៅ ៥២ ឆ្នាំ នគរអ៊ួយ ៤៥ ឆ្នាំ និង នគរស៊ូ ៤៣ ឆ្នាំ។ ក្នុងគ.ស ២៨០ ពេលជិនអ៊ូទី នៃរាជវង្សជិនលើកទ័ពបោសសម្អាតនគរអ៊ូ ដែលនៅតែឯងរួចហើយ សម័យសាមកុក ក៏មកពេលត្រូវបញ្ចប់ដែរ។

តាមការយល់ឃើញរបស់អ្នកប្រវត្ដិសាស្ដ្រចិន ទាក់ទងនឹងការបែងចែកកំឡុងពេលនៃសម័យនោះខុសៗគ្នាជា ២ផ្នែក គឺការយល់ឃើញផ្នែកទី១ (គ.ស ២២០-២៦៥) ចាប់ផ្ដើមពីពេលដែល តុងជ័រ ឡើងកាន់អំណាចជំនួសរាជវង្សហាន ក្នុងគ.ស ២២០ និងចុងបញ្ចប់ពេលបង្កើត រាជវង្សជិន ជំនួសឲ្យ រាជវង្សអ៊ួយ ក្នងគ.ស ២៦៥ និងការយល់ឃើញទី២ គឺ (គ.ស ១៩៦-២៨០) ចាប់ផ្ដើមពីពេលដែល តុងជ័រ បង្ខំឲ្យហានសៀនទីហង់តេអាយ៉ងរបស់ខ្លួន ចេញពីរាជជានីលួយ៉ាងទៅស្វីឆាងក្នុងគ.ស ១៩៦ និងចុងបញ្ចប់ក្នុងឆ្នាំ ២៨០ នៃគ.ស ជាពេលដែលរាជវង្សជិនបង្ក្រាបនគរអ៊ូបានសម្រេច និងបង្រួបង្រួមផែនដីនៃប្រទេសចិនឲ្យមានឯកភាពម្ដងទៀត ចាប់ពីពេលនោះមក៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here