ជីវប្រវត្តិបិតាអក្សរសាស្ត្រជាតិ​ខ្មែរ សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត ជោតញ្ញាណោ (ភាគ២)

0
220

កាលពីវគ្គមុន យើងបានរៀបរាប់អំពីជីវិត ការសិក្សា និងកុមារភាពរបស់សម្តេចសង្ឃរាជ ជួន ណាត ខ្លះៗមកហើយ ប៉ុន្តែនៅថ្ងៃនេះ យើងនឹងបន្តកិច្ចសិក្សាស្រាវជ្រាវអំពីជីវប្រវត្តិរបស់បិតាអក្សរសាស្ត្រជាតិខ្មែរ សារជាថ្មីបន្តទៀត។

ការតែងតាំង និងទទួល​បម្រើ​កិច្ចការ

  • នៅ ព.ស.​២៤៦៣ ត្រូវនឹង គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។
  • នៅ ព.ស.​២៤៦៩ ត្រូវនឹង គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។
  • នៅ ព.ស.​២៤៧០ ត្រូវនឹង គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។
  • នៅ ព.ស.​២៤៧១ ត្រូវនឹង គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។
  • ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។
  • នៅ ព.ស.​២៤៧៤ ត្រូវនឹង គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។
  • នៅក្នុង​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។
  • នៅ ព.ស.​២៤៧៦ ត្រូវនឹង គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។
  • នៅ ព.ស.​២៤៧៧ ត្រូវនឹង គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។
  • នៅ ព.ស.​២៤៧៨ ត្រូវនឹង គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។
  • នៅ ព.ស.​២៤៧៩ ត្រូវនឹង គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ខ្ពស់​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។

អំពីឋានន្តរស័ក្តិ

  • នៅ ព.ស.​២៤៨៦ ត្រូវនឹង គ.ស.​១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរជា​ចាងហ្វាង​នៃសាលា​បាលី​ជាន់​ខ្ពស់​ ក្រុង​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។
  • នៅ ព.ស.​២៤៨៨ ត្រូវនឹង គ.ស.​១៩៤៤ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។
  • នៅ ព.ស.​២៤៨៩ ត្រូវនឹង គ.ស.​១៩៤៥ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។
  • នៅ ព.ស.​២៤៩១ ត្រូវនឹង គ.ស.​១៩៤៧ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ នៃ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។
  • នៅ ព.ស.​២៤៩២ ត្រូវនឹង គ.ស.​១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួលតួ​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។
  • នៅ គ.ស.​១៩៦១ រហូត​មក សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ ​ធ្វើ​ជា​ព្រះប្រធាន​នៃ ការសម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុ​ជាតិ​រៀងរាល់​ថ្ងៃ​សុក្រ។
  • នៅ គ.ស.​១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។
  • នៅ គ.ស.​១៩៦៩ ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។

កិច្ចការ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស

  • នៅ​ ព.ស.​២៤៧៥ ត្រូវនឹង គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូនៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ប្រទេស​លាវ ​ផងដែរ ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ​ផង។
  • នៅ ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន កម្ពុជាក្រោម
  • នៅ ​ព.ស.​២៤៨៣ ត្រូវនឹង គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជាទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង
  • នៅ ព.ស.​២៤៨៧ ត្រូវនឹង គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ហើយ​នៅ ​ព.ស.​២៤៩២ ត្រូវនឹង គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។
  • នៅ ព.ស.​២៤៩៤ ត្រូវនឹង គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា​ទ្វីប។
  • នៅ​ ព.ស.​២៤៩៧ ត្រូវនឹង គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។
  • ក្នុង​ឆ្នាំ​ជា​បន្ទាប់ ​នៅ​ព.ស.​២៤៩៨ ត្រូវនឹង គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។
  • កន្លង​មួយ​ឆ្នាំ​ក្រោយ​មក នៅព.ស.​២៤៩៩ ត្រូវនឹង គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។
  • នៅ ព.ស.​២៥០៣ ត្រូវនឹង គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។
  • នៅ ព.ស.​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។ (សូមរង់ចាំអានភាគបន្ត) 

ចុចអាន៖ ជីវប្រវត្តិបិតាអក្សរសាស្ត្រជាតិ​ខ្មែរ សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត ជោតញ្ញាណោ (ភាគ១)

ដកស្រង់៖ Chuonnat ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here