ជីវប្រវត្តិបិតាអក្សរសាស្ត្រជាតិ​ខ្មែរ សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត ជោតញ្ញាណោ (ភាគ១)

0
428

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ បានប្រសូត នៅថ្ងៃទី ១១ រោច ខែផល្គុន ព.ស.​២៤២៧ ត្រូវនឹង ថ្ងៃទី ១១ ខែមីនា គ.ស.​១៨៨៣។ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មានកំណើត​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ ២នាក់​ គឺអង្គ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។ សម្តេចសង្ឃរាជសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ព.ស.​២៥១៣ ត្រូវនឹង គ.ស.​១៩៦៩។ សម្តេចសង្ឃរាជ ជួន ណាត ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់ឡើង​កាន់​តំណែង​ពី​ ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ ព្រះនរោត្ដម សីហនុ

Image result for ជួន ណាត

កុមារភាព

សម្ដេច​សង្ឃរាជ ជួន ណាត កាលស្ថិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​ ១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​វ ម៉ន វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។

លុះ​ដល់សម្ដេច ជួន ណាត ​មាន​ព្រះជន្មាយុ​ ១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​ ១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ នៅឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ។ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ ត្រូវនឹង គ.ស.​១៨៩៩។

លុះសម្តេច​បាន​ព្រះជន្មាយុ​គម្រប់ ​២១ ​ព្រះវ​ស្សា បាននិមន្ត​ត្រឡប់​ទៅ​សូម​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ន មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ ត្រូវនឹង គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា “ជោតញ្ញាណោ” លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។

Image result for ជួន ណាត

អំពី​ការ​សិក្សា

សម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសាបារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ បាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ ជួន ណាត ទេ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម។ ការសិក្សារបស់សម្តេចប្រកដ​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។

សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗទេ។ សម្រាប់វិជ្ជា​ខាង​ភាសាបាលី ភាសាសំស្ក្រឹត និង​ភាសាបារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។

សម្ដេច​ទ្រង់​ ជួន ណាត ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសាសៀម ភាសាលាវ និង​ភាសាបារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសប់យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ ​ឲ្យតែ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសាអង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។

ក្នុង​សម័យ​ដែល​សម្ដេចសង្ឃរាជ ​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសាបាលីអាច​និយាយ​ភាសាបាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។

នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។ នៅ ព.ស.​២៤៥៩ ដែលត្រូវនឹង គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលាបាលីជាន់ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យសុរាម្រឹត។

ក្រៅ​ពី​ភាសាខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ។ សម្ដេច​បាន​សិក្សា​ភាសាបាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀងលង្កា ភូមា មន សៀម និង​ លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ ឬភ្លេចឡើយ។

Related image

នៅព.ស.​២៤៦៦ និង ​២៤៦៧ ត្រូវនឹងគ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលាបារាំងសែសចុងបូព៌ាប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។ (រង់ចាំអានភាគបន្ត) 

ដកស្រង់៖ Chuonnat ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ))

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here