យានសាវ៖ កុំយកពាក្យសម្តីថោកទាបរបស់អ្នក ទៅវាយប្រហារសុភាពបុរសឲ្យសោះ…

0
242
សុីយ៉ូវ ដែលជាអ្នកប្រើពាក្យមិនល្អទៅកាន់សុភាពបុរស លាវបុី

ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស គឺត្រូវពឹងលើការប្រាស្រ័យទាក់ទងគ្នា និងមានទំនាក់ទំនងជាដើម។ បើសិនការនិយាយស្តីមិនល្អទៅកាន់អ្នកដទៃ ឬគ្មានសីលធម៌ទេ គឺអាចនឹងនាំឲ្យអ្នកដទៃគេស្អប់ គំគួនដល់យើងបាន រហូតក្លាយជាសត្រូវសុីសាច់ហុតឈាមនឹងគ្នាក៏មានដែរ។

សុីយ៉ូវ ទីប្រឹក្សារបស់ យានសាវ

ចំណែកឯមនស្សដែលមានសីលធម៌ល្អក្នុងការរស់នៅ និងប្រាស្រ័យទាក់ទងគ្នា គេនឹងជាទីគោរពនៃអ្នកផងទាំងឡាយ មិនថានៅទីជិតឬទីឆ្ងាយទេ។ ដូច្នេះមុននឹងស្រដីអ្វីទៅកាន់អ្នកដទៃត្រូវតែគិតបន្តិចចាំនិយាយក្រែងលប៉ះពារដល់អ្នកណាម្នាក់ដោយមិនដឹងខ្លួន អាចនាំកំហុសដល់ខ្លួនបាន។

ការដែលមនុស្សចេះប្រើប្រាស់សម្តីពីរោះពិសា និងមានសីលធម៌ មិនមែនមានតែនៅពេលបច្ចុប្បន្ននេះទេ គឺមានតាំងតែពីបុរាណកាលមកម៉េ្លះ។ ជាក់ស្តែង ដូចជាពាក្យមួយឃ្លានេះ «កុំយកពាក្យសម្តីថោកទាបរបស់អ្នក ទៅវាយប្រហារសុភាពបុរសឲ្យសោះ» ដែលយើងដកស្រង់ពីសម្តីរបស់តួអង្គមួយ យានសាវ នៅក្នុងរឿងភាគចិនដ៏ល្បីល្បាញគឺ រឿងសាមកុក។ គេបាននិយាយពាក្យនេះ នៅខណៈពេលដែលទីប្រឹក្សារបស់ខ្លួន សុីយ៉ូវ បាននិយាយមិនល្អទៅលើសុភាពបុរសម្នាក់ ដែលស្លូតបូត និងមានប្រជារាស្ត្រជាច្រើនគោរពស្រឡាញ់ និងគាំទ្រ ថែមទៀត។

ដូច្នោះ នៅពេលដែលទីប្រឹក្សារបស់គាត់ប្រើសម្តីមិនល្អ អសុរសទៅកាន់មនុស្សល្អ គាត់ស្តាប់មើលទៅដូចជាមិនសម ទើបគាត់ប្រាប់ទីប្រឹក្សារបស់ខ្លួនថា កុំឲ្យប្រើសម្តីមិនល្អ ឬសម្តីថោកទាប ដើម្បីវាយប្រហារដល់មនុស្សល្អឲ្យសោះ ព្រោះវាមិនត្រឹមត្រូវ និងមិនថ្លៃថ្នូរឡើយ។ ដូច្នេះ មិនថានៅក្នុងជួរថ្នាក់ដឹកនាំ ឬឪពុកម្តាយទេ នៅពេលដែលឃើញកូនចៅរបស់ខ្លួន ប្រើពាក្យសម្តីមិនល្អ មិនសមគួរទៅកាន់អ្នកដទៃ ដែលជាមនុស្សល្អ ឬមានវ័យចំណាស់ជាង ត្រូវតែចេះអប់រំទូន្មាន ប្រៀនប្រដៅឲ្យកែទម្លាប់មិនល្អចេញ ដើម្បីកសាងខ្លួនជាថ្មី ជាមនុស្សល្អ និងមានសីលធម៌ល្អក្នុងការប្រាស្រ័យទាក់ទងវាងមនុស្សជុំវិញខ្លួន៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here