ប្រវត្តិ​ដំបូង​នៃការវិធី​ធ្វើ​ក្រឡានរបស់ប្រជាជនខ្មែរ

0
286

ឡាន​ជា​អាហារ​ម៉្យាង​ដែល​ប្រជាជន​ខ្មែរ​ស្ទើរ​ទូទៅ​បាន​ស្គាល់ និង​និយម​ចូល​ចិត្ត ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ វា​គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​អាយុ​កាល​ជា​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​គ្រាន់​តែ​មិន​អាច​កំណត់​ឆ្នាំ​កកើត​បាន​ប៉ុណ្ណោះ។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ដែល​បាន​រៀបចំ​ចងក្រង​ឡើង​ដោយ​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ហើយ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៦៧ ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ នៅ​ត្រង់​ទំព័រ ១០៤ បាន​ធ្វើ​ការ​ពន្យល់​ថា ក្រឡាន​ជា​បាយ​ដំណើប​ចម្អិន​ដោយ​បំពង់​ឫស្សី​ស្រស់​មាន​លាយ​អំបិល និងខ្ទិះ​ដូង​ជា​ដើម។

ទាក់ទង​ទៅ​នឹង​ប្រភព​របស់​អាហារ​ប្រភេទ​នេះ លោក អៀវ សេរី អនុ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ​ដើម​តាមរយៈ​ការ​សិក្សា​របស់​អ្នក​ជំនាញ​ថា ក្រឡាន​ប្រហែល​ជា​បាន​កកើត​ជាមួយ​គ្នា​នឹង​ការ​រក​ឃើញ​លោហ​ធាតុ​ដែរ។

លោក អៀវ សេរី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សម័យ​ដើម យើង​ដុត​ក្រឡាន​ហូប​តាម​ផ្ទះ​អី​ធម្មតា ប៉ុន្តែ​គ្រាន់​តែ​នៅ​តំបន់​ហ្នឹង​មាន​កំណាយ​ផូស៊ីល​បុរាណ មាន​អណ្ដូង​ទឹក​បុរាណ មាន​ប្រាសាទ​បុរាណ មាន​កន្លែង​ជាង​ស្មិត​ពី​ដើម រួច​ដល់​អ៊ីចឹង​ប្រហែល​វា​មាន​តំណ​តាំង​ពី​ដើម​មក​ដែរ តាម​ខ្ញុំ​មើល»

ស្រ្តី​ឈ្មោះ ផល្លា ជា​ប្រជាពលរដ្ឋ​នៅ​ខែត្រ​ក្រចេះ ហើយ​ក៏​ជា​អ្នក​លក់​ក្រឡាន​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​តាមរយៈ​ការ​ចងចាំ​របស់​គាត់​ថា ចំណី​ប្រភេទ​នេះ​កើត​មាន​ឡើង​គឺ​នៅ​ពេល​ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នា​សម័យ​កាល​មុន មិន​ទាន់​មាន​ចាន​ឆ្នាំង​ប្រើប្រាស់ ពួក​គាត់​ក៏​បាន​ប្រើ​បំពង់​ឫស្សី​សម្រាប់​ដាំ​បាយ ដោយ​ដាក់​នៅ​ក្នុង​ភ្នក់​ភ្លើង​មួយ ហើយ​និយម​ហៅ​ថា ក្រឡាន​ចង្រ្កឹង ប៉ុន្តែ​នៅ​ពេល​នេះ នៅ​សល់​ត្រឹម​តែ ក្រឡាន ប៉ុណ្ណោះ។

ស្រី្ត​ឈ្មោះ ផល្លា ថ្លែង​រៀបរាប់​ដូច្នេះ​ថា ៖ «ប្រវត្តិ​ដំបូង​ក្រឡាន​ហ្នឹង គឺ​ជន​ជាតិ​ខ្មែរ​យើង​គេ​ដាំ​បាយ​នឹង​បំពង់​ឫស្សី​ហ្នឹង ហើយ​គេ​ធ្វើ​ភ្នក់ គេ​យក​ឫស្សី​យើង​ហ្នឹង​មក គេ​លាយ​អង្ករ​យើង​សម្រាប់​ដាំ​បាយ​ហ្នឹង ដុត​នឹង​ចំបើង ហើយ​គេ​ដុត​នឹង​ឧស ដែល​គេ​រក​នៅ​ក្នុង​ព្រៃ​ហ្នឹង។ យូរៗ​មក​គេ​ក្លាយ​ហើយ មុន​ដំបូង​គេ​ហៅ​ក្រឡាន​ចង្រ្កឹង វា​ក្រឡឹង​ចង្រ្កាន ដាំ​ជុំវិញ​ចង្រ្កាន»

ដោយសារ​តែ​ក្រឡាន មាន​ប្រវត្តិ​យូរ​លង់​ដូច្នេះ​ហើយ ទើប​អ្នក​ស្រុក​នៃ​ជនជាតិ​ខ្មែរ​តែង​តែ​រក្សា​ទុក​វាតាមរយៈ​ការ​ចេះ​ចាំ​តៗ​គ្នា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ហើយ​សម្រាប់​អ្នក​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែស្រុក​ក្រចេះ ខេត្ត​ក្រចេះ ក៏​បាន​រក្សា​ទំនៀម​នៃ​ការ​ធ្លាប់​ធ្វើ​ក្រឡាន​នេះ​រហូត​មក​ដែរ។

តាមរយៈ​ការ​កត់​សម្គាល់​របស់​ប្រជាពលរដ្ឋ​នៅ​ខែត្រ​ក្រចេះ និង​អ្នក​ទៅ​ពី​ចម្ងាយ ពួក​គាត់​បាន​សម្គាល់​ឃើញ​ថា ក្នុង​ខែត្រ​មាន​កន្លែង​ធ្វើ​ក្រឡាន​ជា​ច្រើន ប៉ុន្តែ​ក្រឡាន​ដែល​ទទួល​បាន​ការ​និយម​ច្រើន​ជាង​គេ គឺ​ក្រឡាន​នៅ​ក្នុង​ភូមិ​ថ្ម​គ្រែ​នេះ​តែ​ម្តង ដោយសារ​តែ​អ្នក​ធ្វើ​មាន​របៀប​ធ្វើ​ពិសេស​ជាងកន្លែង​ដទៃ​ទៀត។

ក្នុង​វ័យ ២៧​ឆ្នាំ គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​ថ្ម​គ្រែ ក្នុង​ខែត្រ​ក្រចេះ ឈ្មោះ អេង លី​កល្យាណ បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​មក​លេង​និង​ប្រជាពលរដ្ឋ​ក្នុង​ខែត្រ គេ​និយម​ក្រឡាន​នៅ​ភូមិ​ថ្មគ្រែ ជាង​កន្លែង​ដទៃ​ដោយសារ​តែ​រស​ជាតិ​ឆ្ងាញ់​របស់​វា។

អេង លីកល្យាណ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «មាន​តែ​នៅ​ភូមិ​ថ្មគ្រែ និង​ភូមិ​រការ​កណ្ដាល។ និយម​ចូល​ចិត្ត​ជាង​គេ​មាន​នៅ​ភូមិ​ថ្មគ្រែ បើ​សិន​ជា​ឮ​ថា ក្រឡាន​ហ្នឹង​ផ្សេង​ពី​ភូមិ​ថ្មគ្រែ គេ​អត់​ទិញ​ទេ ទាល់​តែ​ឮ​ថា ក្រឡាន​ហ្នឹង​មក​ពី​ថ្មគ្រែ បាន​គេ​ទិញ​ព្រោះ​គេ​ល្បី​ថា​ឆ្ងាញ់»

លោក ពេជ្រ កែវ អតីត​អគ្គនាយក​រង​បច្ចេកទេស​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក៏​បាន​ធ្វើការ​កត់​សម្គាល់​ផង​ដែរ​ថា ក្រឡាន​នៅ​ទីនោះ​មាន​រស​ជាតិ​ឆ្ងាញ់​ជាង​កន្លែង​ដទៃ​ទៀត ៖ «បើ​ថា​នៅ​ខាង​ខេត្ត​ក្រចេះ​គឺ​មាន​កន្លែង​មួយ​គេ​ធ្វើ​ឆ្ងាញ់ ផ្លូវ​ទៅ​[ស្រុក]​សំបូរ»

ចំពោះ​ការ​លក់​វិញ ក៏​មាន​លក្ខណៈ​ប្លែក​ដែរ ដោយ​គេ​ថ្លឹង​ជា​គីឡូ គឺ​ក្នុង​មួយ​គីឡូក្រាម​មាន​តម្លៃ​ពី ៦.០០០​រៀល រហូត​ដល់ ៨០០០​រៀល ក៏​មាន គឺ​វា​អាស្រ័យ​ទៅ​តាម​លក្ខណៈ​ពិសេស​របស់​វា។

ទាក់ទង​ទៅ​នឹង​របៀប​ធ្វើ​ក្រឡាន​នេះ ស្ត្រី​វ័យ ៥២​ឆ្នាំ ឈ្មោះ ពៅ ផាត ដែល​បាន​ប្រកប​របរ​នេះ ជាង​៣០​ឆ្នាំ​ទៅ​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា ដើម្បី​ធ្វើ​ក្រឡាន គាត់​ត្រូវ​មាន​ឫស្សី អង្ករ​ដំណើប ស្ករ​ស សណ្តែក ដូង និង​អំបិល ជា​ដើម។ បន្ទាប់​ពី​មាន​សម្ភារៈ​និង​គ្រឿង​ផ្សំ​គ្រប់គ្រាន់​ហើយ ត្រូវ​យក​អង្ករ​ដំណើប​ទៅ​ត្រាំ​ទឹក​ដោយ​ប្រើ​រយៈពេល​ប្រហែល​ប្រាំ​ពីរ​ម៉ោង បន្ទាប់​មក​ស្រង់​វា​យក​ទៅ​លាង​ទឹក​ឲ្យ​ស្អាត បន្ទាប់​មក​ទៀត យក​វា​ទៅ​ច្របល់​ជា​មួយ ខ្ទិះ​ដូង សណ្តែក និង​អំបិល ទៅ​តាម​ទម្លាប់ ដែល​គាត់​ធ្លាប់​លាយ​រួច​យក​វា​ទៅ​ច្រក​ក្នុង​បំពង់​ឫស្សី ត​មក​ទៀត​យក​វា​ទៅ​តម្រៀប​នៅ​ក្នុង​ស្នួ​សម្រាប់​ដុត ៖ «ទី​១ អង្ករ ទី​២ ឫស្សី ទី​៣ ដូង ទី​៤ សណ្ដែក អង្ករ អំបិល»

ចំពោះ​វិធី​ដុត​ក្រឡាន​វិញ ក៏​ត្រូវ​តែ​មាន​ភាព​ប៉ិន​ប្រសប់​ផង​ដែរ ព្រោះ​ថា បើ​មិន​ចេះ​ដុត​ទេ​នោះ វា​នឹង​ធ្វើ​ឲ្យ​ក្រឡាន​ឆៅ ឬ​មិន​ឆ្អិន​ល្អ ហើយ​ពេល​ខ្លះ​ក៏​អាច​ខ្លោច​ផង​ដែរ។

អ្នក​ដុត​ក្រឡាន វ័យ ៤០​ឆ្នាំ ឈ្មោះ ចាន់ ហន បាន​ធ្វើការ​ពន្យល់​ថា ការ​ដុត​ក្រឡាន​គឺ​គេ​ត្រូវ​ដុត​បញ្ឈរ ហើយ​តម្រៀប​វា​ជា​ពីរ​ជួរ និង​ប្រើ​រយៈពេល​ប្រហែល​ពីរ​ម៉ោង ៖ «ក្រឡាន ពេល​យើង​ច្រក​អង្ករ​ក្នុង​បំពង់​រួច​ហើយ យើង​យក​ស្រកី​ដូង​ចុក រួច​បញ្ឈរ​ក្នុង​ស្នួ​ហ្នឹង ហើយ​ដុត​ភ្លើង​បណ្ដើរ។ ពី​ដើម​មក គេ​ដុត​តែ​ស្នួ​មួយៗ​ទេ ដល់​ក្រោយៗ​មក គេ​ដុត​ស្នួ​ពីរ វា​បាន​ច្រើន​សង​ខាង។ ដាក់​បញ្ឈរ​វា។ ពេល​ណា​យើង​ឆ្អិន​មាត់​លើ​ហ្នឹង​ហើយ យើង​ទាញ​បង្វិល​វា​ដាក់​គូទ​ឡើង​លើ​វិញ ពេល​ឆ្អិន​ទៅ​យើង​ផ្ដួល​ទៀត ដើម្បី​ឲ្យ​វា​ស្រស់​ទឹក ឲ្យ​ទុក​បាន​យូរ​កុំ​ឲ្យ​វា​ផ្អូម»

រហូត​មក​ទល់​នឹង​ពេល​នេះ ក្រឡាន​នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដដែល។ ក្រៅ​ពី​ការ​និយម​ចូល​ចិត្ត ក្រឡាន​ក៏​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ថ្មគ្រែ​នៃ​ឃុំ​ថ្មគ្រែ ក្នុង​ស្រុក​ក្រចេះ​របស់​ខែត្រ​ក្រចេះ មាន​ជីវភាព​ធូរធារ​មួយ​កម្រិត​ថែម​ទៀត​ដែរ។

ដោយសារ​តែ​មុខ​របរ​នេះ ទើប​ធ្វើ​ឲ្យ​គ្រួសារ​របស់​ស្រ្តី​ឈ្មោះ អ៊ុំ និរតី សល់​លុយ​កាក់​មួយ​ចំនួន​បន្ថែម​ទៀត​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ៖ «សល់​ពី​ហូប​អី បាន​ត្រឹម ២០​ម៉ឺន​អី អាហ្នឹង​សល់​ហើយ»

អ្នក​ភូមិ​ថ្មគ្រែ​ម្នាក់​ទៀត ឈ្មោះ តាំង សុវណ្ណរ៉ា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា តាមរយៈ​របរ​នេះ គាត់​អាច​រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​កូន​រៀន​សូត្រ​គ្រប់គ្រាន់​និង​ជីវភាព​ក្នុង​គ្រួសារ​កើន​ឡើង​មួយ​កម្រិត ហើយ​វា​ក៏​ជា​របរ​មួយ​ដែល​មាន​ភាព​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ចម្ការ​ដែរ ៖ «វា​គ្រាន់​ជាង​ធ្វើ​ស្រែ​បន្តិច បើ​យើង​ធ្វើ​ស្រែ​មួយ​ឆ្នាំ​ហូប​បាន​តែ​ម្ដង លក់​លើ​ហ្នឹង​ចាយ​លើ​ហ្នឹង»

ដោយសារ​តែ​ក្រឡាន នៅ​ថ្មគ្រែ មាន​រស​ជាតិ​ឆ្ងាញ់​ពិសា​បែប​នេះ​ហើយ ទើប​មាន​អតិថិជន​ជា​ច្រើនបញ្ជា​ទិញ​ពី​អ្នក​ភូមិ​នៅ​ទី​នោះ។ អ្នក​ទទួល​ទិញ​ក្រឡាន​ពី​អ្នក​ភូមិ​ថ្មគ្រែ នៅ​ផ្សារ​អូរឡាំពិក​ម្នាក់ បាន​ឲ្យ​ដឹង​ថា ក្រឡាន​ដែល​យក​មក​ពី​ថ្មគ្រែ គាត់​អាច​លក់​បាន​ក្នុង​មួយ​ថ្ងៃ​ជាង ៤០​គីឡូក្រាម​ឯណោះ។

អ្នក​ភូមិ​នៃ​ឃុំ​ថ្មគ្រែ ក្នុង​ទឹក​ដី​ខែត្រ​ក្រចេះ យល់​ថា កេរ​ដំណែល​របស់​ដូនតា​ដែល​បាន​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មាន​ជីវភាព​ធូរធារ​មួយ​កម្រិត វា​ជា​របរ​មួយ​ដែល​ទទួល​បាន​ចំណូល​ប្រចាំ​ថ្ងៃ ទាំង​អ្នក​ធ្វើ​ក្រឡាន ទាំង​អ្នក​កាប់​ឫស្សី កាប់​អុស និង​អ្នក​លក់​ស្ករ អំបិល សណ្តែក ព្រមទាំង​អ្នក​លក់​ដូង​ផង​ដែរ។ អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ក្រចេះ លោក អៀវ សេរី ចង់​ឲ្យ​ប្រពៃណី​នៃ​ការ​ធ្វើ​ក្រឡាន​នេះ​បន្ត​រក្សា​ទៅ​ទៀត៕

ប្រភព៖ RFA 

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here