អ្នកប្រាជ្ញខ្មែរ ២ រូប ដែលបានលាចាកលោកទៅហើយ តែស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់លោកនៅតែមានបន្តមានជីវិត

0
1035

ក្នុងលោកនេះ មិនមែនអ្នកណាក៏អាចក្លាយខ្លួនជាបុគ្គលអស្ចារ្យ ឬជាអ្នកប្រាជ្ញបានទាំងអស់គ្នាទេ។ ប៉ុន្តែខ្មែរយើង មានបុគ្គលជាអ្នកប្រាជ្ញ កវីនិពន្ធ និងបណ្ឌិតជាច្រើននៅក្នុងប្រទេស កាលពីសម័យអតីតកាល។ តែជាអកុសល នៅសម័យសង្គ្រាមសុីវិល និងរបបខ្មែរក្រហម បានសម្លាប់អ្នកប្រាជ្ញ និងអ្នកចេះដឹងសឹងតែអស់ពីប្រទេស នៅរួចខ្លួនខ្លះៗតែប៉ុណ្ណោះ។

នៅថ្ងៃនេះផងដែរ គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង លើកយកជីវប្រវត្តិខ្លះៗ របស់អ្នកប្រាជ្ញ ២រូប ដែលល្បីល្បាញសុះសាយពេញប្រទេស តាំងពីសម័យលោកនៅមានជីវិត រហូតដល់ពេលបច្ចុប្បន្ន។ អ្នកប្រាជ្ញខ្មែរទាំងពីររូបនោះគឺ សម្តេចសង្ឃរាជ ជួន ណាត (បិតាអក្សរសាស្ត្រ​ខ្មែរ) និង អ្នកប្រាជ្ញ ក្រមង៉ុយ ដែលល្បីខាងវោហាសព្ទតែងកំណាពអប់រំគួរឲ្យស្ញើចសរសើរបំផុត។

Image result for ប្រវត្តិ ជួន ណាត

១. សម្តេចសង្ឃរាជ ជួន ណាត 

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ។ សម្តេចសង្ឃរាជ ជួន ណាត ប្រសូតថ្ងៃទី ១១ ខែមីនា ព.ស.​២៤២៧ ត្រូវនឹង គ.ស.​១៨៨៣ និងសុគតថ្ងៃទី ២៥ ខែកញ្ញា ព.ស.​២៥១៣ ត្រូវនឹង គ.ស.​១៩៦៩) ។ សម្តេចសង្ឃរាជ ជួន ណាត ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ សម្តេចសង្ឃ បានឡើងកាន់​តំណែង​ពី ​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ នរោត្ដម សីហនុ

ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​​​​​​​​​​​​ខែ្មរ​ 

ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖

១. វចនានុក្រម​ខ្មែរ មាន​២​ភាគ ក្នុង​ព.ស.​២៤៦១ គ.ស.​១៩១៧ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍​បាលី) មាន​២​ភាគ តាំង​ពី​ព.ស.​២៤៦២ គ.ស.​១៩១៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។
៣. គហិបដិបត្តិ ក្នុង​ព.ស.​២៤៦៨ គ.ស.​១៩២៦ ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ និង​ព្រះ​ពោធិវ័ង្ស ហួត​ តាត តាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្ម ថោង (ពុទ្ធសាសន​បណ្ឌិត្យ)។
៤. សាមណេរ​វិន័យ ក្នុង​ព.ស.​២៤៦០ គ.ស.​១៩១៧ ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។
៥. បាតិមោក្ខ​សំវរ​សង្ខេប (សម្រាយ) ព.ស.​២៤៧០ គ.ស.​១៩២៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។
៦. កាព្យ​លោក​ធម៌ បោះពុម្ព​ដំបូង ​ក្នុង​ព.ស.​២៥០០ គ.ស.​១៩៥៧។ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.​២៤៧៥ គ.ស.​១៩៣៣។
៨. ព.ស.​២៤៨៤ គ.ស.​១៩៤១ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​វរ្ម័ន
៩. បព្វជ្ជាខន្ធកៈ​ពិស្ដារ
១០. ចីវរក្ខន្ធៈ​ពិស្ដារ
១១. អត្ថបទ ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសន​ បណ្ឌិត្យ តាំង​ពី​ឆ្នាំ​១៩២៦ និង​ឆ្នាំ​ត​ៗ​មក ដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទីនេះ​បាន​ដោយ​ពេល​មមា​ញឹក​ ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។
១២. បាន ​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្ម ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិ បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​ មធ្យម​សិក្សា​ចេញ​រៀងរាល់​ខែ។ ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃ គឺ​ព្រះរាជ​និពន្ធ​ទំនុក​ច្រៀង បទនគររាជ សម្រាប់​ភ្លេង​ជាតិ​ខ្មែរ ទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤១ និង​ទំនុក​ ព្រម​ទាំង​បទ សរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ ​២៥០០។

Related image

២. អ្នកព្រះភិរម្យ ភាសាអ៊ូ ហៅ “ងុយ ឬក្រមង៉ុយ” 

ក្រមង៉ុយ​ ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ទ​ខ្មែរ។

ប្រវត្តិរូប​សង្ខេប

អ្នក​ភិរម្យ​ភាសា​អ៊ូ “ហៅ​ង៉ុយ” ឬ “ក្រមង៉ុយ” យោងតាមឯកសារ​បាន​អះអាងថា លោក​ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ព.ស ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ ខេត្ត​កណ្ដាល ។​ លោកមានឈ្មោះ​ដើមថា​ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ ក្នុង​គ្រួសារ​ប៉ុណ្ណោះ ។​ បិតា​របស់​លោក គឺ​ចៅពញា​ធម្ម​ធារា មេឃុំ​កំបូល នាម​អ៊ុក។ រីឯ​មាតានាម អៀង ជា​បុត្រី​របស់​ចៅពញា​ម៉ុក មេឃុំ​ស្ពានថ្ម ស្រុក​ខេត្ត​ជាមួយគ្នា។

​ក្នុងការ​រស់នៅ​ជា​កសិករ ក្រម​ង៉ុ​យ ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារសព្ទ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀងឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពី​រោះរន្តំ ព្រមទាំង​ចំណេះ​ខាង​ធ​ម៌​អា​ថ៌​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឲ្យ​កសិករ​ឯទៀត​រាប់អានស្រឡាញ់​ទុក​រូបលោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។

ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាពខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី ។ល។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរទេស មាន​ចិន យួន ជាដើម។ សំ​ណួរ​ល្បីល្បាញ​ពី​កវី​សិល្បកររូប​នេះលេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឲ្យទៅ​ច្រៀង​ថ្វាយ​ ស្តេច​ស៊ី​សុ​វ​ត្តិ​ ពេញ​ព្រះទ័យ​បាន​ឲ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា “ព្រះ​ភិរម្យ​ភាសា”។

អ្នក​ភិរម្យ​ភាសា​អ៊ូ​​ ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ហ្លួង​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ​​កវី អ៊ុក អ៊ូ ហៅ​ង៉ុយ អ្នក​​ដែល​​បាន​​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​បាន​​រស់​នៅ​​ក្នុង​​ការ​​ប្រៀន​ប្រដៅ​​បែប​​ប្រជា​ប្រិយ​ដោយ​​ការរួម​បញ្ចូល​​រវាង​​ពុ​ទ្ធោ​វាទ ជា​មួយបរិស្ថាន​​សង្គមកិច្ច​​កម្ពុជា​នា​​សម័យ​កាល​ថ្មី​មួយ។ ​ប្រជាជន​កម្ពុជា​​បាត់បង់​សេរីភាព និង​​ឥស្សរ​ភាព​ជា​ម្ចាស់​​ប្រទេស ដោយ​​ពួក​អាណានិគម​​បារាំង​​បាន​​ចាប់​បង្ខំ​ដាក់​នឹម​​ត្រួតត្រា​។​ ជាមួយនឹង​គោរមងារ​នេះ អ្នកមុខអ្នកកា​រទាំង​ឡាយ​តែង​ហៅ​លោក​ថា​​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ​ ព្រោះ​ដើម្បី​កុំឲ្យ​ច្រឡំ​នឹង​នាយ​ក្រុមវាំង​ម្នាក់​នា​សម័យ​នោះ​ដែល​ មាន​ឈ្មោះ​​ អ៊ូ ដូចគ្នាដែរ។ ក៏ប៉ុន្តែ មានឈ្មោះ​ខ្លី ដែល​អ្នកស្រុក​ចូលចិត្ត​ហៅ​ហើយ​ដែល​បន្ត​ស្ថិតស្ថេរ​មកទល់ពេលនេះ គឺ​ឈ្មោះ ​ក្រម​ង៉ុយ​ ។​

អ្នកភិរម្យ​ភាសា​អ៊ូ លោកបាន​ទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ព​.​ស ២៤៧៩ គ​.​ស ១៩៣៦ ក្នុង​ជន្មាយុ​ ៧១​ឆ្នាំ ដោយ​ជំងឺ​ទល់​លាមក។​

ដូចដែល​បាន​រៀបរាប់​ខាងលើ អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុកសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន៖

– ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)

– ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))

– សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)

– ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)

– បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)

បើតាម​ លោក យី ធន់​ ដែលបានឲ្យដឹងថា នៅ​មានស្នា​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​គឺ​ចម្រៀង​ស្ដីអំពីការប្រែប្រួល​នៃ​ស្រុកទេស​​ កតញ្ញូ​កតវេទី​ ត្រៃ​លក្ខណ៍​ ចម្រៀង ​ស្រី​-​ប្រុស ។​ល។

ជាចុងក្រោយ សូមកូនចៅខ្មែរជំនាន់នេះ និងក្រោយៗទៀត មេត្តាចងចាំនូវកេរ្តិ៍ឈ្មោះរបស់អ្នកប្រាជ្ញទាំងពីររូបនេះ ក៏ដូចជាស្នាដៃផ្សេងៗជាច្រើនរបស់លោកទាំងពីរផងដែរ។ ខ្ញុំសូមឧទ្ទិសកុសលទាំងឡាយដែលខ្ញុំុមានជូនដល់លោកអ្នកប្រាជ្ញទាំងពីរ និងបុព្វបុរសខ្មែរផ្សេងៗជាច្រើនទៀត ដែលបានចំណាយពេលវេលា កម្លាំង កាយចិត្ត ដើម្បីប្រជាជាតិខ្មែរយើង៕

 

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here